Monday, November 18, 2024
Homeតារាខ្មែរគង់ សុជាតិ គ្រូតៃវ៉ាន់២នាក់ បង្រៀនជំនាញបន្ថែម

គង់ សុជាតិ គ្រូតៃវ៉ាន់២នាក់ បង្រៀនជំនាញបន្ថែម

គង់ សុជាតិ ដែលមានជំនាញ និងបើកហាងរក្សាសម្រស់​ជាង២០ឆ្នាំមកហើយនោះ ពិធីការិនីល្បីល្បាញឈ្មោះរបស់ហង្សមាស រូបនេះ បានអះអាងថា ការរៀនសូត្រគ្មានថ្ងៃបញ្ឈប់ឡើយ គឺរៀនរហូតដល់ថ្ងៃចុងក្រោយ ព្រោះមនុស្សយើងមិនអាចចេះអស់នោះទេ ហេតុនេះហើយទើបអ្នកនាងបានចូលស្ដាប់ផង និងធ្វើជា MC ផង ក្នុងកម្មវិធីវគ្គសិក្សាខ្លី ស្ដីពី ”ការធ្វើចិញ្ចើម និងបបូរមាត់” នៅហាងបែឡា ក្បែរផ្សារកាប់គោ រៀបចំដោយក្រុមហ៊ុន EMT។

ពិធីការិនីដែលមានរូបសម្រស់នៅតែក្មេងជាងវ័យរូបនេះ បានឲ្យដឹងថា “អ្នកនាងមានជំនាញធ្លាប់បានរៀនពីគ្រូជំនាញខាងរក្សាសម្រស់នៅប្រទេសជិតខាង ជាច្រើនមកហើយ តែការដែលអ្នកនាងមករៀនផ្នែកចិញ្ចើម និងបបូរមាត់ នាព្រឹកនេះ ដោយសារតែខាង EMT បានអញ្ជើញអ្នកជំនាញតៃវ៉ាន់ ដែលធ្លាប់បានពានអូស្កាពិភពលោក ដល់ទៅ២នាក់ មកបង្ហាញពីវិធីធ្វើចិញ្ចើម និងបបូរមាត់ ហេតុនេះហើយ ទោះជាអ្នកនាងមានបទពិសោធន៍ផ្នែកនេះច្រើនយ៉ាងណាក៏ដោយ ត្រូវតែឆ្លៀតមកចូលរួមហើយ ដើម្បីបានចំណេះដឹងថ្មីៗផ្ទាល់ខ្លួនឯងឲ្យកាន់តែរីកចម្រើនថែមទៀតផង ព្រោះនេះជាឱកាសដែលយើងអាចទទួលបានចំណេះដឹងល្អៗពីអ្នកជំនាញបរទេស។

គង់ សុជាតិ បានធ្វើជា MC នៅចំពោះមុខម្ចាស់ហាងរក្សាសម្រស់ទាំងឡាយ ដែលបានចូលរួមជាង១២០នាក់ ហើយអ្នកនាងបានអត្ថាធិប្បាយណែនាំទៅម្ចាស់ហាងទាំងឡាយថា ការដែលយើងមករៀនថ្ងៃនេះ គឺជាចំណេះដឹងខ្លួនយើងសម្រាប់យកទៅអនុវត្តន៍សមត្ថភាពខ្លួនឯង ឲ្យដឹងកាន់តែច្បាស់ទៅលើផ្នែកចិញ្ចើម និងបបូរមាត់ ដែលពេលយើងចេះឲ្យច្បាស់ទៅ ស្រួលរកលុយឲ្យបានច្រើនថែមទៀត ព្រោះការរៀនសូត្រ គឺយើងធ្វើរហូតដល់ដង្ហើមចុងក្រោយ មិនមែនយើងអាងធ្វើម្ចាស់ហាង ហើយមិនស្វែងយល់ចំណេះដឹងបន្ថែមទៀតនោះទេ។

អ្នកស្រីអឹង មួយទៀង អ្នកគ្រប់គ្រង EMT បានឲ្យដឹងដែរថា “ចំពោះអ្នកចូលរួមសិក្ខាសាលាថ្ងៃនេះ មិនមានការបង់ប្រាក់ទេ គឺការរៀបចំ និងការអញ្ជើញអ្នកគ្រូមកពីតៃវ៉ាន់ ទាំង២រូប គឺផ្នែកចិញ្ចើម Yu Zi និងផ្នែកបបូរមាត់ Fan Wen Wen នោះ គឺ EMT ជាអ្នកចំណាយទាំងអស់។

អ្នកស្រីមួយទៀង អះអាងផងដែរថា សិក្ខាសាលាទាំងមូលផ្ដោតទៅលើការធ្វើចិញ្ចើម និងបបូរមាត់ ដែលមានអ្នកគ្រូមកពីតៃវ៉ាន់ទាំង២ ដែលមានបទពិសោធន៍ផ្នែកនេះ ៩ឆ្នាំ និងធ្លាប់ទាំងទទួលបានពានអូស្កាពិភពលោក ទៀតផង ហើយអ្នកដែលចូលរួមនាព្រឹកនេះ សុទ្ធសឹងជាជាងប្រចាំហាងនីមួយៗ ដូចជា អ្នកបងគង់ សុជាតិ ជាដើម គាត់ជាពិធីការិនីល្បីឈ្មោះ ហើយជាម្ចាស់ហាងរក្សាសម្រស់សុជាតិ ជាច្រើនឆ្នាំមកហើយ ក៏បានចូលរួមដែរ ហើយ EMT ដំណើរការជាង៣ឆ្នាំមកហើយ ដែលមានសាខានៅតាមបណ្ដារខេត្តក្រុង ជាច្រើនផ្ដោតទៅលើទឹកថ្នាំចិញ្ចើម , បបូរមាត់ និងរោមភ្នែក ជាដើម។

គង់ សុជាតិ បានឲ្យដឹងទៀតថា “សម្រាប់ហាង ”សុជាតិ” របស់អ្នកនាង ក៏មានការបង្រៀនផ្នែកផ្លុំចិញ្ចើម ប៉ាក់ចិញ្ចើម ដែលមានការអនុវត្តផ្ទាល់ផងដែរ ហើយការដែលអ្នកនាងមកចូលរួមសិក្ខាសាលាព្រឹកនេះ ធ្វើឲ្យអ្នកនាងកាន់តែបានស្វែងយល់ និងទទួលបានចំណេះដឹងបន្ថែមទៀត ដោយមានការណែនាំពីគ្រូតៃវ៉ាន់ ល្បីឈ្មោះទាំង២នាក់នេះ”៕

RELATED ARTICLES