ពេជ្រ សោភា ក្លាយជាតួអង្គសំខាន់របស់ក្រុមហ៊ុន Oppo កាលពីរាត្រីថ្ងៃទី២៤ ខែសីហា នៅពេលដែលក្រុមហ៊ុនទូរស័ព្ទមួយនេះ បានសម្ពោធផលិតផលថ្មីរបស់ខ្លួន F9 ហើយសោភា បានដឹកដៃសិស្សប្អូនរួមទ្រនំ២នាក់ផ្សេងទៀត គឺនាងរ៉េត ស៊ូហ្សាណា និងលោក Step ឃោសនាឱ្យក្រុមហ៊ុននេះ។
តាមការអះអាងរបស់តារាចម្រៀងជើងចាស់នៅផលិតកម្មហង្សមាស រូបនេះ បានប្រាប់មុននេះថា នាងមានការកុងត្រារយៈពេល៣ឆ្នាំ ជាមួយក្រុមហ៊ុនទូរស័ព្ទមួយនេះ ជាមួយតម្លៃខ្លួនខ្ពស់ គឺ១ឆ្នាំ ៥ម៉ឺនដុល្លារ ឬ៣ឆ្នាំ ១៥ម៉ឺនដុល្លារ។ នេះគឺជាតម្លៃខ្លួនខ្ពស់នាំមុខគេមួយរបស់ពេជ្រ សោភា ក្នុងការថតស្ពតពាណិជ្ជកម្ម ពោលគឺឡើងស្មើតម្លៃខ្លួនរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែរ ហើយមិនមែនតែនាងថតស្ពតឱ្យ Oppo មួយទេ តែសោភា ត្រូវបានក្រុមហ៊ុនធំៗផ្សេងទៀត បានហៅនាងធ្វើជាទូតសុច្ឆន្ទៈក្នុងពេលតែមួយនេះដែរ មានដូចជា ម្សៅស៊ុបខ្នរ, សាប៊ូសាន់ស៊ីល និងឡេលាបស្បែក Citra ជាដើម ដែលធ្វើឱ្យសោភា ឡើងកូដកើបលុយពីស្ពតទាំងនេះបានរាប់សែនដុល្លារ នៅឆ្នាំ២០១៧-២០១៨នេះ។
ពេជ្រ សោភា ធ្លាប់អះអាងថា នាងមិននឹកស្មានថា ការងារសិល្បៈរបស់នាងលោតឡើងវិញសឹងមិនគួរឱ្យជឿយ៉ាងនេះទេ ព្រោះថា ពេលនេះតារាចម្រៀងកាន់តែមានច្រើន តែបែរជាបណ្តាក្រុមហ៊ុនទាំងឡាយបានផ្តល់ទំនុកចិត្តដល់រូបនាង ដែលធ្វើឱ្យនាងកាន់តែមានការប្រឹងប្រែងថែមទៀត។
ទោះជាយ៉ាងណា សោភា ថា អាជីពសិល្បៈមិនមែនចេះតែលោតឡើងគ្រប់ពេលនោះទេ ហេតុនេះហើយពេលនាងចាស់ទៅ ច្រៀងលែងមានការគាំទ្រ នាងចង់ឃើញធនធានរបស់តារាវ័យក្មេងៗរបស់ហង្សមាស ហក់ឡើងបន្តវេន ដែលក្នុងនោះ នាងកត់សម្គាល់ថា មាននាងរ៉េត ស៊ូហ្សាណា ម្នាក់ ដែលអាចក្លាយជាតារាស្នងតំណែងតារាស្រីខ្លាំងៗនៅហង្សមាស នាពេលអនាគត។
ថ្វីត្បិតតែពេជ្រ សោភា បានធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឡើងវិញ ក្រោយពីធ្លាក់ចុះយ៉ាងគំហុក កាលពីឆ្នាំ២០១៤ និង២០១៥ មែន តែពេលនេះ សោភា ជោគជ័យតែច្រៀងប៉ុណ្ណោះ ចំពោះរឿងស្នេហាវិញ នាងហាក់មិនសូវសមប្រកបឡើយ។
ពេជ្រ សោភា បានក្លាយទៅជាស្ត្រីមេម៉ាយ ក្រោយពេលដែលនាងបានលែងលះជាមួយអតីតប្តីអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ទើបធ្វើឱ្យអ្នកខ្លះយល់ថា ការច្រៀងសម្តែងរបស់សោភា នៅលើឆាកតន្ត្រីយ៉ាងសប្បាយរីករាយនោះ គ្រាន់តែជាការបន្លប់ទុក្ខស្នេហ៍ប៉ុណ្ណោះ ព្រោះសោភា បានបែកបាក់គូស្នេហ៍ប្រុសខ្មែរ នៅអាមេរិក ២លើកផ្ទួនៗគ្នាមកហើយ។ យ៉ាងណា ពេជ្រ សោភា ហាក់មិនខ្វល់គេថា នាងជាតារាអភ័ព្វស្នេហ៍នោះឡើយ ដោយពេលនេះនាងបានងាកទៅបង្ហាញស្អិតល្មួតស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហា លោកឆឹម សក្កដា ដូចប្តីប្រពន្ធអ៊ីចឹង ដោយអះអាងថា ចិត្តមួយថ្លើមមួយទៀតផង។ ប៉ុន្តែចំណងស្នេហ៍ថ្មីរបស់សោភា មិនត្រូវបានមហាជនជឿជាក់ថា ជាស្នេហ៍ពិតឡើយ ព្រោះតែគេយល់ថា សោភា គ្រាន់តែសម្តែងស្នេហាក្លែងក្លាយ ដើម្បីបំភ័ន្តភ្នែកមហាជន ក្នុងគោលបំណងឱ្យលោកសក្កដា ល្បីឈ្មោះប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា លោកសក្កដា គ្មានអារម្មណ៍ស្រលាញ់ភេទឡើយ ហេតុនេះហើយបានជាសោភា ទុកចិត្តខ្លាំង រហូតដល់ឱ្យសក្កដា កៀកកើយទាំងយប់ថ្ងៃ មិនខ្លាចសក្កដា កេងចំណេញ។ ពួកគេស្មគ្រ័ចិត្តឱ្យសារព័ត៌មានផ្សាយថា មានស្នេហាជាមួយគ្នា តែអ្នកដែលស្និទ្ធតារាទាំង២ បែរជាអះអាងទាំងហួសចិត្តថា សោភា និងសក្កដា គ្មានអារម្មណ៍ស្នេហាជាមួយគ្នាប៉ុនក្រចកដៃឡើយ៕