Monday, November 18, 2024
Homeតារាខ្មែរមាន សូនីតា រះត្រដែត ក្រោយគ្រងតួឯក "ផ្កាថ្ម"

មាន សូនីតា រះត្រដែត ក្រោយគ្រងតួឯក “ផ្កាថ្ម”

តារាសំឡេងតូចនាងមាន សូនីតា មានរាសី ឡើងខ្ពស់ត្រដែតត្រដឹមតែម្តង ព្រោះភាពយន្តដែលនាងគ្រងតំណែងជាតួឯក រឿង “ផ្កាថ្ម” នោះ ត្រូវបានអ្នកនិយមទស្សនារឿងភាគតាមទូរទស្សន៍មួយចំនួនមានការតាមដាន ហើយពួកគេសរសើរថា នាងសូនីតា ចាប់ដៃគូជាមួយលោកណាខុន សម្តែងស៊ីចង្វាក់គ្នា។

ភាពយន្តដែលហង្សមាស បានព្រមានដល់តារាដែលថតក្នុងរឿងនេះ​ មិនឱ្យប្រាប់អ្នកកាសែត មុនដាក់បញ្ចាំង បើហ៊ានតែល្មើស នឹងពិន័យម្នាក់ៗ 3ម៉ឺនដុល្លារនោះ កាន់តែមានភាពទាក់ទាញថែមទៀត។ នៅពេលដែលមានការចូលរួមសម្តែងពីអតីតតារាសម្តែង2ដួង ដែលបានបោះបង់អាជីពសិល្បៈជាច្រើនឆ្នាំមកហើយ គឺអ្នកនាងឡាយ លក្ខិណា និងឌុច សុភា ផងដែរ ទើបធ្វើឱ្យរឿងមួយនេះ ហាក់មានប្រៀបជាងភាពយន្តខ្មែរនៅប៉ុស្តិ៍ផ្សេងៗទៀត។

ទោះជាយ៉ាងណា តាមការស្ទាបស្ទង់អ្នកទស្សនាភាពយន្តតាមកញ្ចក់ទូរទស្សន៍ ហាក់មានការថយចុះនៅរយៈពេលចុងក្រោយនេះ ដោយសារពួកគេងាកទៅមើលហ្វេសប៊ុកច្រើនជាង ហេតុនេះហើយកម្រមានអ្នកតាមដានមើលរឿងតាំងពីដើមដល់ចប់ណាស់ ក្នុងនោះ មានទាំងរឿង “ផ្កាថ្ម” ផង គឺទស្សនិកជនមើលដោយភាគ។

ដោយឡែក នាងមាន សូនីតា វិញ ត្រូវបានហង្សមាស និងផលិតកម្មផ្សេងៗទៀត ត្រូវការរូបនាងក្នុងការថតកុន ដោយសារតែតារាកំព្រាឪពុកតាំងពីតូចនេះ មានទេពកោសល្យសម្តែងសិល្បៈបានល្អ ទាំងរឿងបុរាណ និងសម័យ ហើយពេលនេះ សូនីតា ដែលមិនជោគជ័យក្នុងការធ្វើជាពិធីការិនីនោះ បានងាកមកសម្រុកថតភាពយន្តភាគវិញ បន្ទាប់ពីមុននេះ ស្រីស្រស់រូបនេះហាក់ផ្តោតលើការដើរកម្សាន្តនៅក្រៅប្រទេស ច្រើនជាងការឈរនៅមុខកាមេរ៉ា៕

RELATED ARTICLES