រឿង ”សង្សារខ្ញុំក្រមុំកូន១” ដែលជាវណ្ណកម្មទី៣ របស់ផលិតកម្ម Red Picture បានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ ហើយតាមការឲ្យដឹងពីអ្នកនិពន្ធ និងដឹកនាំរឿង លោកឌៀប សុណ្ណតារា ថា ក្រោយពេលចេញ Trailer ខ្សែរឿងរយៈពេល៣ថ្ងៃ មានអ្នកមើល Like និង shared ជាង១លាននាក់។
នៅក្នុងពិធីសម្ពោធរឿង ”សង្សារខ្ញុំក្រមុំកូន១” នៅរោងភាពយន្ត Legend ផ្សារស្ទឹងមានជ័យថ្មី ដែលមានអ្នកសិល្បៈ ក្រុមផលិតករ និងអ្នករងចាំទស្សនា យ៉ាងច្រើនកុះករ លោកឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម អ្នកនិពន្ធ និងដឹកនាំសម្ដែងបានថ្លែងឲ្យដឹងថា រឿងនេះជាស្នាដៃទី៣ របស់ Red Picture និងមានរសជាតិថ្មីប្លែកពីរឿងមុនៗ ដែលឆ្លុះបញ្ចាំងពីឈុតឆាកស្នេហា ល្បិចកល បាញ់ប្រហារ និងកំប្លែងសើចសប្បាយ តាំងពីដើមរហូតដល់ចប់។
លោកឌៀប សុវណ្ណតារា បន្ថែមថា លោកមិនទាន់ហ៊ានសន្និដ្ឋានថា មានអ្នកគាំទ្រចូលរួមទស្សនាប៉ុន្មាននោះទេ ប៉ុន្តែតាមរយៈការបញ្ចេញ Trailer រឿងនៅតាមបណ្ដាញសង្គម រយៈពេល៣ថ្ងៃកន្លងមកនេះ គឺមានអ្នកចូលមើល Like និង shared ជាង១លាននាក់ គឺមានសន្ទុះគាំទ្រខ្លាំងជាងរឿង ”ភូមិអត់មនុស្ស” និងរឿង ”ទង់ព្រលឹង” ទៅទៀត។
លោកសុវណ្ណតារា បញ្ជាក់ថា ”ចំពោះរឿង ”ភូមិអត់មនុស្ស” និងរឿង ”ទង់ព្រលឹង” អំឡុងពេលដាក់បញ្ចាំង គឺរឿងនីមួយៗមានអ្នកចូលមើលតែខ្ទង់កន្លះលានអ្នកទេ ខណៈដែលមានអ្នកមើល Like និង shared Trailerរឿងខ្ទង់កន្លះលាននាក់ដែរ តែសម្រាប់រឿងនេះ គឺមានសន្ទុះគាំទ្រខ្លាំងជាងរឿងមុនៗគុណនឹង២ឯណោះ ដូច្នេះខ្ញុំរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើន”។
រឿង ”សង្សារខ្ញុំក្រមុំកូន១” មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗជាច្រើនដួងដូចជាអ្នកនាងសារ៉ាយ សក្ខណា, នាយពាក់មី, លោកគន្ធ តារាវណ្ណ, Dj big, នាយក្រូច, នាយគ្រឿន, នាយចឺម, លោកស៊ឹម សុភ័ណ្ឌ, លោ ជា សុវណ្ណរិទ្ធ, នាយក្រឹប និងកូនប្រុសរបស់នាយពាក់មី ផងដែរ ហើយរឿងនេះបានប្រើពេលផលិតជាង៣ខែ និងប្រើទុនផលិតជាង៥ម៉ឺនដុល្លារ ហើយចាប់ផ្ដើមដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦ តទៅ៕ សុខ ស៊ីឡាង