Friday, August 22, 2025
Homeព័ត៌មានជាតិខឹងគប់បែកកញ្ចក់ឡាន ២នាក់ប្តីប្រពន្ធបើកដេញបុកដួលបែកមុខ

ខឹងគប់បែកកញ្ចក់ឡាន ២នាក់ប្តីប្រពន្ធបើកដេញបុកដួលបែកមុខ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានអះអាងថា ត្រូវក្មេងស្ទាវ២នាក់ ជិះម៉ូតូយកដុំថ្មគប់កញ្ចក់រថយន្តរបស់ខ្លួនផ្នែកខាងក្រោយ បណ្តាលឱ្យបែក ទើបធ្វើឱ្យពួកខ្លួនបានបើករថយន្តប្រដេញតាមកាក់ពីមុខ បណ្តាលឱ្យដួលម៉ូតូរងរបួសបែកមុខមាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៩៥ កែងនឹងផ្លូវម៉ៅសេទុងដែលស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ភាគីខាងរថយន្តមានគ្នា២នាក់ប្តីប្រពន្ធ បើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-4842។ ចំណែកភាគីម៉ូតូជិះគ្នា២នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-4331។

តាមសម្តីភាគីរថយន្ត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលពួកគេ២នាក់ប្តីប្រពន្ធកំពុងបើករថយន្ត តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មកដល់ចំណុចស្តុបអគារ៤២ជាន់ (ស្តុបពេទ្យចិន) ស្រាប់តែភាគីខាងម៉ូតូ មានគ្នា២នាក់ បានយកដុំថ្មគប់បំបែកកញ្ចក់ខាងក្រោយរថយន្តរបស់ពួកគេ បណ្តាលឱ្យបែក ទើបពួកគេបានបើករថយន្តដេញតាម តាំងពីចំណុចកន្លែងកើតហេតុ (ស្តុបពេទ្យចិន) រហូតមកដល់ចំណុចផ្លូវ៩៥ កែងនឹងផ្លូវម៉ៅសេទុងដែលស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបពួកគេបើករថយន្ត កាក់ពីមុខម៉ូតូ បណ្តាលឱ្យដួលហើយ ក៏កើតជាហិង្សាបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសបែកចិញ្ចើមម្នាក់ហូរឈាមស្រោចខ្លួនតែម្តង។

ដោយឡែកភាគីម៉ូតូវិញ បានអះអាងថា ពួកគេមិនបានដឹងរឿងអ្វីឡើយ ហើយក៏មិនបានដឹងដែរថា អ្នកណាជាអ្នកគប់កញ្ចក់រថយន្តរបស់គេឱ្យបែកនោះទេ ហើយនៅមុនពេលកើតហេតុ ពួកគេទើបតែជិះម៉ូតូចេញពីកោះពេជ្រ ក៏ស្រាប់តែត្រូវរថយន្តនោះបើកដេញតាមពួកគេ រហូតធ្វើឱ្យគ្នាពួកគេភ័យ ជិះម៉ូតូគេចដើម្បីរកកន្លែងមានសុវត្ថិភាព រហូតមកចំណុចខាងលើ ក៏ត្រូវរថយន្តកាមរីបាឡែននោះ បើកបុកពួកគេ បណ្តាលឱ្យដួល ហើយចុះមកវាយពួកគេថែមទៀត ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់តែម្តង។

ក្រោយកើតហេតុ ភាគីទាំងសងបានបានជជែកយកតែត្រូវរៀងខ្លួនអស់រយៈពេលជិត១ម៉ោង ទើបសមត្ថកិច្ចជំនាញខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ដើម្បីមកទទួលយកករណីដែលកើតឡើងនេះ យកទៅធ្វើការដោះស្រាយ ព្រោះកន្លែងកើតហេតុដំបូង ស្ថិតក្នុងមូលដ្ធានសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ទាំងរថយន្ត និងម៉ូតូ រួមទាំងម្ចាស់ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរ និងដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចតុមុខ៕

RELATED ARTICLES