Thursday, May 15, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ជាន់កចិន លៀនអណ្តាតខ្មែរ

បរិយាយថ្ងៃនេះ ៖ ជាន់កចិន លៀនអណ្តាតខ្មែរ

ករណីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ធមិត្តមួយចំនួន យកពន្ធលើទំនិញនាំចូលរបស់ប្រទេសចិន ក៏ដូចជាទប់ឥទ្ធិពលចិន មកលើកម្ពុជា កំពុងដើរជាន់ពាក្យស្លោកចាស់ថា “ជាន់កចិន លៀនអណ្តាតខ្មែរ” ដោយហេតុថា សង្គ្រាមពាណិជ្ជកម្ម និងគំនាបនយោបាយសង្កត់កចិន នោះ មិនសូវមានប្រសិទ្ធភាពទេ ផ្ទុយទៅវិញ កម្ពុជា នឹងរងផលប៉ះពាល់ពីការប្រទង់ប្រទាញគ្នានេះ ដែល “នគរធំ” មើលឃើញស្ថានការណ៍កាន់តែដុនដាប ក៏លើកករណីខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

មហាអំណាចចិន ក្នុងអាណត្តិលោកប្រធានាធិបតី ស៊ី ជិនពីង ត្រូវអ្នកវិភាគមើលឃើញថា កំពុងបញ្ចោញឥទ្ធិពលឱបក្តាប់សេដ្ឋកិច្ចពិភពលោក សូម្បីតែកម្លាំងយោធា ក៏មិនធម្មតាដែរ ជាហេតុនាំឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានការព្រួយបារម្ភ ក៏ព្យាយាមទប់ទល់តាមរយៈការដំឡើងពន្ធ ប្រមាណ២៥ភាគរយ លើទំនិញចិន ដែលនាំចូលទៅអាមេរិក។ ជាការឆ្លើយតបវិញ ចិន ក៏ដំឡើងពន្ធលើមុខទំនិញអាមេរិក ដែលនាំចូលទៅចិនដែរ រហូតមានអរិភាពជាមួយួគ្នា។ ទន្ទឹមនោះ សហភាពអឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដែលមើលឃើញឥទ្ធិពលចិន កាន់តែខ្លាំងទៅលើប្រទេសតូចៗ នៅអាស៊ី អាហ្វ្រិក រួមមានកម្ពុជា ផងដែរនោះ ក៏ព្យាយាមទប់ឥទ្ធិពលចិន តាមរយៈ “ដាក់ទណ្ឌកម្មសេដ្ឋក្ឋិច្ច”។

ចំណុចនេះ អ្នកវិភាគមើលឃើញថា អាមេរិក អឺរ៉ុប មិនចង់ធ្វើបាបកម្ពុជា នោះទេ តែគេចង់ “ជាន់កចិន” តែម្តង ប៉ុន្តែ ចិន ខ្លាំងពូកែដែរ មិនងាយឱ្យអ្នកណាជាន់បាននោះទេ ក៏ក្រឡាស់ខ្លួនឆាល់ មក “លៀនអណ្តាតខ្មែរ” ឯណេះ។ ពីមុន មិនអ៊ីចឹងទេ ពោលគឺកាលពីអាណត្តិលោកប្រធានាធិបតីចិន ហ្សាង ស៊ីមិន អាមេរិក អឺរ៉ុប មិនសូវទប់ឥទ្ធិពលចិនទេ សូម្បីអតីតបក្សប្រឆាំង ដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា ក៏គាំទ្រចិន ដែរ ខណៈដែលចិន ទាស់គ្នាជាមួយវៀតណាម ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លុះដល់ CNRP ត្រូវរំលាយចោល ហើយចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបក្សកាន់អំណាច (CPP) ធ្វើឱ្យមានការប្រឆាំងចិន លេចឡើងយ៉ាងក្តៅគគុក។ ករណីអាមេរិក អឺរ៉ុប ព្រួតគ្នាដំឡើងពន្ធ និងទប់ឥទ្ធិពលចិន មកលើកម្ពុជា កំពុងផ្តល់ផលវិបាកដល់កម្ពុជា ដែលយើងសូមដកស្រង់ព័ត៌មានខ្លះៗ មកបង្ហាញនៅពេលនេះ ៖

បន្ទាប់ពីអាមេរិក ដំឡើងពន្ធ ២៥ភាគរយនោះមក ទំនិញចិន ឡើងថ្លៃនៅអាមេរិក ជាហេតុនាំឱ្យពលរដ្ឋអាមេរិក មិនហ៊ានទិញ ក៏ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញ បណ្តាលឱ្យថៅកែចិន មួយួចំនួនប្រឈមបញ្ហា “ក្ស័យធន” ក៏ដករោងចក្រ សហគ្រាស ក្រុមហ៊ុន ចេញទៅវិនិយោគនៅបណ្តាប្រទេសតូចៗ ក្នុងនោះ ក៏មានកម្ពុជា ផងដែរ។ ចំនួនក្រុមហ៊ុនចិន នៅកម្ពុជា កាន់តែច្រើនទៅៗ ស្របពេលដែលជនអន្តោប្រវេសន៍ចិន ក៏ចូលមកកម្ពុជា យ៉ាងគំហុក។ តាមតួលេខធ្លាយចេញពីមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិចិន ទាំងស្របច្បាប់ និងមិនស្របច្បាប់ បានមករស់នៅកម្ពុជា ប្រមាណ២១ម៉ឺននាក់ ក្នុងនោះខេត្តព្រះសីហនុ មានជនជាតិចិន ប្រមាណ៧ម៉ឺន ៨ពាន់នាក់ គឺច្រើនលើសលប់ បណ្តាលឱ្យក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បារម្ភដល់ការខូចទឹកសមុទ្រ។

តាមព័ត៌មានថា សព្វថ្ងៃ ក្រុមហ៊ុនចិនខ្លះ ដែលបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល បានឈូសឆាយព្រៃ លុបបឹងត្រពាំង ចង់អស់ហើយនៅខេត្តព្រះសីហនុ រហូតភ្លៀងធំម្តងៗ មានជំនន់ទឹកភ្លៀងលិចផ្លូវ និងភូមិឋានប្រជាពលរដ្ឋ។ ភាពអនាធិបតេយ្យផ្សេងៗ បង្កដោយជនជាតិចិន ដូចជាជួញគ្រឿងញៀន ចែកខិត្តប័ណ្ណអាសអាភាសលើមុខរបរជួញដូរផ្លូវភេទ ការចាប់ជំរិត វាយតប់គ្នាក្នុងហាងស៊ីផឹក លួចប្លន់ បាញ់សម្លាប់ចិនដូចគ្នា ធ្វើឱ្យសមត្ថកិច្ចខេត្តព្រះសីហនុ ឈឺក្បាលវិលមុខ ព្រោះបង្ក្រាបមិនឈ្នះ។

ប្រឈមបញ្ហានេះ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជូនក្រុមការងារក្រសួង ចំនួន៤អង្គភាព ឱ្យចុះទៅជួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្ក្រាបជនជាតិចិន ខុសច្បាប់ ដែលកំពុងធ្វើភ្លៀងផ្គរ នាំឱ្យប្រជាពលរដ្ឋខ្មែរ ក្តៅក្រហាយ។ កន្លងមក អគ្គនាយដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចាប់បញ្ជូនជនជាតិចិនខុសច្បាប់ ឱ្យវិលទៅស្រុកវិញ រាប់មិនអស់ ប៉ុន្តែ”ចាប់ណាស់ ចូលណាស់” ឬថា ចំនួនចិន ជាង៧ម៉ឺននាក់ នៅខេត្តព្រះសីហនុ ឃើញថា មិនតិចទេ ចង់ច្រើនជាងប្រជាពលរដ្ឋខ្មែរ ម្ចាស់ស្រុកទៅទៀត។

គួរបញ្ជាក់ថា ជនជាតិចិន ពីជំនាន់ដូនតាយើង មិនច្រើនយ៉ាងនេះទេ ពេលចូលមកដល់ស្រុកខ្មែរ ក៏ព្យាយាមរកស៊ីលក់ដូរ “អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន” រហូតក្លាយជាអ្នកមានស្តុកស្តម្ភ។ ថៅកែចិនខ្លះ បានក្លាយជាម្ចាស់បំណុល មានលុយឱ្យខ្មែរខ្ចី ហើយបើខ្មែរមិនសង ចិនមានសិទ្ធិចាប់ចងវាយធ្វើបាបតាមច្បាប់បុរាណ ដូច “សាស្ត្រាច្បាប់ប្រុស” សរសេរថា “ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។ ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឱ្យបានឆាប់។ មើលមុខល្អតិចអ្វី មិនខ្មាសស្រីផ្សារឈរស្តាប់មុខ មិញដូចគេស្លាប់ មាត់ស្ញេញស្ញាញពេបដូចក្មេង។ ស្រែកថ្ងូរអេះអូយអើយ អាចិកអើយអាណិតលែង អញរកប្រាក់សងឯង ឱ្យអាចិកស្អែកនេះបាន។ ចិនឮព្រមស្រាយមក បណ្តើររកប្រាក់សន្តាន តឹងទារទាល់តែបាន ទ្រព្យឱ្យទៅទើបវាលែង…”។ ឃ្លោងឃ្លានេះ ជាកញ្ចក់ឆ្លុះមើលអតីតកាល បង្ហាញថា ខ្មែរជំពាក់លុយចិន ក៏ត្រូវចិនចាប់ចងផ្ចាលឱ្យខ្មាសគេ ដោយសារច្បាប់បារាំង គាំទ្រអ្នកមានទ្រព្យ។ មានន័យថា បារាំង ត្រួតត្រាទារពន្ធដារពីដង្ខៅ អុងប៉ាង កុងស៊ី ថៅកែចិន ដោយមិនយោគយល់ លុះចិនតបតវិញ បានត្រឹម “សង្កត់កចិន លៀនអណ្តាតខ្មែរ” យ៉ាងនេះទៅ។

ឥឡូវអ៊ីចឹងទៀតហើយ ដោយសារអាមេរិក អឺរ៉ុប ធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយចិន និងទប់ឥទ្ធិលពលនយោបាយចិន មកលើកម្ពុជា បានត្រឹមប្រជាពលរដ្ឋខ្មែរ ធុញទ្រាន់ពិបាករស់ជាមួយជនអន្តោប្រវេសន៍ចិន។ កាលពីជំនាន់ ប៉ុល ពត ចិន បានបញ្ជូនអ្នកជំនាញការរាប់ពាន់នាក់ មកឱបក្តាប់សេដ្ឋកិច្ចខ្មែរ សូម្បីតែស្រូវដែលខ្មែរ ផលិតបាន “១ហិកតារ ៣តោន” បានត្រឹមប្រមូលដឹកកប៉ាល់យកទៅស្រុកចិន បណ្តាលឱ្យអ្នកធ្វើស្រែ ហុតបបររាវកក្លូក។ តាមព័ត៌មានដែលថា ជនជាតិចិនអន្តោប្រវេសន៍ កើនឡើងប្រមាណ២១ម៉ឺននាក់ និងកំពុងកកកុញជាង៧ម៉ឺននាក់ នៅខេត្តព្រះសីហនុ មិនមែនជារឿងធម្មតាទេ ពោលគឺបើសិនជាចេះតែបន្ថែមមកទៀត ទោះបីជាសមត្ថកិច្ចព្យាយាមបង្ក្រាបយ៉ាងណាក៏គ្មានប្រសិទ្ធភាពដែរ។ ដូចលើកឡើងខាងលើរួចហើយថា ព្រោះតែអាមេរិក ដំឡើងពន្ធសង្កត់កចិន ទើបថៅកែចិន ត្រូវប្រឈមនឹងការក្ស័យធន ក៏ដករោងចក្រ សហគ្រាស ក្រុមហ៊ុន ពីស្រុកចិន បង្វែរមុខព្រួញទៅរកស៊ីនៅបណ្តាប្រទេសក្រីក្រ ក្នុងទ្វីបអាហ្វ្រិក រួមទាំងកម្ពុជា ផងដែរ។ បើអាមេរិក កុំដំឡើងពន្ធ ក៏ចិន មិនធ្វើចំណាកស្រុកភ្លូកទឹកភ្លូកដីយ៉ាងនេះដែរ លុះចិន មកដល់ស្រុកខ្មែរ ដែលមានតែ “សម្ពាយ ម្នាក់១” នោះ មានមួយចំនួនបែកគំនិតធ្វើចោរ។ នៅស្រុកចិន បើប៉ូលិសចាប់ចោរប្លន់សម្លាប់បាន “នឹងត្រូវទទួលទោសប្រហារជីវិត” ប៉ុន្តែនៅកម្ពុជា គ្មានទោសប្រហារជីវិតទេ ទើបចិន ចំណាកស្រុកខុសច្បាប់ មិនញញើតក្នុងការបង្កអនាធិបតេយ្យ រហូតដល់ក្រសួងមហាផ្ទៃ ចាត់ក្រុមការងារឱ្យចុះបង្ក្រាប។

សរុបទៅ “ជាន់កចិន លៀនអណ្តាតខ្មែរ” គ្រាន់តែចង់បង្ហាញថា ជនជាតិចិន មិនងាយឱ្យអ្នកណាជាន់ស្រួលៗនោះឡើយ ដោយចេះក្រឡាស់ខ្លួនយ៉ាងប៉ិនប្រសប់។ កាលពីជំនាន់បារាំង អាជ្ញាធរបារាំង បានយកពន្ធធ្ងន់កពីថៅកែចិន ប៉ុន្តែអ្នករកស៊ី ចងការប្រាក់ ឬថៅកែចិន មានសិទ្ធិចាប់ខ្មែរជាកូនបំណុល ផ្ចាលឱ្យខ្មាសគេ។ ឥឡូវអាមេរិក ដំឡើងពន្ធ សង្កត់កចិន ចំណែកអឺរ៉ុប ព្រួតគ្នាទប់ឥទ្ធិពលនយោបាយចិន បានត្រឹម “ខ្មែរលៀនអណ្តាត” យ៉ាងនេះឯង….៕

RELATED ARTICLES