សុភាសិតខ្មែរ ជាពាក្យរៀល១ល្បះថា “សម៉មិនដែលទុំ ក្រមុំមិនដែលស្ងួត ចង្កូតមិនដែលត្រង់” មានអត្ថន័យជ្រាលជ្រៅ ណាស់ ជាលក្ខណៈប្រៀបធៀបទៅនឹងសកម្មភាពអ្នកនយោបាយដែលចេះបត់បែនកាច់កុងមើលមិនធ្លុះ។ បើអ្នកដឹកនាំប្រទេស ឬដឹកនាំបក្ស ដើរត្រង់ភ្លឹងនោះ ច្បាស់ជាមិនឈ្នះគេទេ ប៉ុន្តែបើដើរវៀចខ្លាំងពេក ក៏មិនល្អដែរ ដែល “នគរធំ” សូមលើកយក តែចំណុច “ចង្កូតមិនដែលត្រង់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាទូទៅ យានជំនិះគ្រប់ប្រភេទសុទ្ធតែមានចង្កូត ដូចជា ទូក សំពៅ កប៉ាល់ យន្តហោះ រថយន្ត ម៉ូតូ កង់ សូម្បីឡាន ជ័រសម្រាប់ក្មេងលេង ក៏មានចង្កូតដែរ។ “ចង្កូត” គឺជាគ្រឿងប្រដាប់សម្រាប់ឆ្កូត កាច់បំបែរតម្រង់ទៅរកទិសដៅ ទើបគេ មិនអាចធ្វើត្រង់ភ្លឹងបានឡើយ គឺចង្កូតខ្លះមានរាងមូល ខ្លះទៀតរាងកន្ធែកទៅតាមលក្ខណៈរបស់យានជំនិះ។ ទោះជាចង្កូត ប្រភេទណា ក៏អាចកាច់តម្រង់បត់បែនទៅដល់គោលដៅបានដូចគ្នា ដោយទាញបង្វែរចៀសភក់ជ្រាំ ថ្លុកជង្ហុក ឬទាញឱ្យភ្លូក ក្រឡាប់ក៏បាន អាស្រ័យលើអ្នកកាន់ចង្កូតនោះប៉ិនប្រសប់ ឬស្រវឹង។
យ៉ាងណាមិញ អ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស ប្រៀបបាននឹងចង្កូតនេះឯង មិនដែលត្រង់ទេ ដែលអ្នកដឹកនាំខ្លះវៀច ក្រឡេចក្រឡុច បាតដៃជាខ្នងដៃ ម្តងអ៊ីចេះម្តងអ៊ីចុះ ដេញជើងមិនទាន់។ រឿងវៀចដូចចង្កូតនោះ គេត្រូវធ្វើយ៉ាងប្រុងប្រយ័ត្ន បំផុត មិនឱ្យប្រទេសជាតិ ឬគណបក្សធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ឬធ្លាក់ការគាំទ្របានឡើយ ដែលអ្នកដឹកនាំកម្ពុជា ក៏ដូចបណ្តា ប្រទេសនានាលើពិភពលោក ត្រូវតែចេះធ្វើដូចចង្កូតទើបបាន។
សម្តេចឪ ព្រះបរមរតនកោដ្ឋ ក៏មានការដឹកនាំដូចចង្កូតដែរ ខណៈព្រះអង្គកាន់អំណាចនាសម័យសង្គមរាស្ត្រនិយម ជាពិសេសក្រោយប្រទេសទទួលបានឯករាជ្យពីអាណានិគមបារាំង។ យុទ្ធសាស្ត្រនយោបាយព្រះអង្គបត់បែនកាច់កុងមើល មិនធ្លុះ ជួនកាលឈ្លោះជាមួយអាមេរិក រហូតដល់ផ្តាច់ចំណងការទូត លុះក្រោយមកក៏ភ្ជាប់មិត្តភាពវិញ។ ព្រះអង្គងាក ទៅចាប់ដៃហូ ជីមិញ និងអនុញ្ញាតឱ្យកងទ័ពវៀតកុង-វៀតណាមខាងជើង បោះទីតាំងក្នុងទឹកដីខ្មែរ ដើម្បីយកពួកនេះធ្វើ របាំងការពារ ខណៈដែលរដ្ឋការក្រុងព្រៃនគរ ដែលមានការគាំទ្រពីអាមេរិក ឈ្លានពានទឹកដីខ្មែរ។ ព្រះអង្គធ្លាប់ទប់ស្កាត់ សកម្មភាពពួកខ្មែរក្រហម ប៉ុន្តែ ក្រោយមកបានយល់ព្រមធ្វើជាព្រះប្រធានចលនាត្រីភាគី ដែលមានសមាសភាពខ្មែរក្រហម នៅក្នុងនោះដែរ ដើម្បីប្រឆាំងកងទ័ពកុម្មុយនិស្តវៀតណាម ម្តងវិញ។ ព្រះអង្គ ក៏ធ្លាប់ទប់ស្កាត់មនោគមន៍វិជ្ជា “ម៉ៅនិយម” មិនឱ្យសាបព្រោះចូលកម្ពុជា តាមរយៈសាលារៀនចិន ដែរ តែក្រោយមកបានចាប់ដៃមហាមិត្តចិន យ៉ាងស្និទ្ធស្នាលបំផុត ដែលស្តែងឱ្យឃើញថា “ចង្កូតមិនដែលត្រង់” នេះឯង។
ដោយឡែក លោកសេនាប្រមុខលន់ នល់ អតីតប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ ក៏មាននយោបាយបត់បែន មើលមិនធ្លុះ ដូចជាធ្លាប់បញ្ជាឱ្យចាប់ខ្លួនលោកសឺង ង៉ុកថាញ់ ដែលរត់ទៅបង្កើតចលនាខ្មែរសេរី ប៉ុន្តែ ទីបំផុតបានហៅលោក សឺង ង៉ុកថាញ់ មកធ្វើនាយករដ្ឋមន្ត្រី ទៅវិញ។
រីឯសមមិត្តប៉ុល ពត មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ពូកែបត់បែនបំផុត ជាប្រភេទចង្កូតមូលដូចរថយន្ត ដែល មុនដំបូងបើកបរលើផ្លូវប្រជាធិបតេយ្យ មានប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដី ស្រាប់តែគាត់បួងចង្កូតធ្លាក់ជ្រោះ បណ្តាលឱ្យ កម្ពុជា រងគ្រោះប្រល័យពូជសាសន៍យ៉ាងអសោចអប្រិយ។
ចំណែកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏មានការដឹកនាំមិនធម្មតាដែរ ព្រោះជាង៣០ឆ្នាំ កន្លងមកនេះ យើងឃើញ ស្រាប់ហើយ បើសម្តេចមិនខ្លាំង មិនធ្វើដូចចង្កូត ក៏មិនអាចរក្សាតំណែងមកទល់ពេលនេះដែរ។ របត់នយោបាយចុងក្រោយ នេះ សម្តេចហ៊ុន សែន ហាក់កំពុងព្យាយាមស្រង់កេរ្តិ៍ឈ្មោះមកវិញ ខណៈដែលពួកប្រឆាំងចោទថា គ្រប់គ្រង “របបតិរច្ឆាន” ជាពិសេស សម្តេចប្រឹងបង្ហាញសាធារណជនថា “មិនមែនជាអាយ៉ងយួន” តាមរយៈការចេញបញ្ជាទៅក្រសួងការបរទេស បញ្ជូនកំណត់ទូតតវ៉ារឿងវៀតណាម សង់ប៉ុស្តិ៍ និងផ្លូវចូលប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរ ក៏ដូចជាការបញ្ជាក់តាមទំព័រ ហ្វេសប៊ុក ឆ្លើយតបទៅជនជាតិវៀតណាម។ ការចាប់បញ្ជូនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់រាប់រយពាន់នាក់ ឱ្យទៅ ស្រុកវិញនោះ គឺចង់បង្ហាញពីលក្ខណៈ “មិនរណបវៀតណាម” ជាពិសេស សម្តេចហ៊ុន សែន បង្ហាញគោលជំហរថា “អ្វីដែល យើងចង់បាននៅតាមព្រំដែននោះ គឺមិនមែនបញ្ហាសង្គ្រាមទេ”។ មានន័យថា នាយករដ្ឋមន្ត្រីកម្ពុជា មានយុទ្ធសាស្ត្រនយោ- បាយបត់បែនមែនទែន ជាលក្ខណៈ “ចង្កូតមិនដែលត្រង់”។
សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងបច្ចុប្បន្នជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ជា ប្រភេទ “ចង្កូតទូក-ង” មិនមូលដូច “ចង្កូតកប៉ាល់” នោះទេ។ ចង្កូតទូក-ង រាងសំប៉ែត អាចបំបែរទូកទៅស្តាំ ទៅឆ្វេងបាន ដូចគ្នា ដែលថ្មីៗនេះ យើងឃើញសេចក្តីបំភ្លឺរបស់គណបក្សហ៊្វុនស៊ិនប៉ិច ថា “ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបានជ័យជម្នះ ដែលពេលនោះស្ថានការណ៍នយោបាយមានសភាពតានតឹង ប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង អាចឈានដល់ការបង្ហូរឈាមខ្មែរនិងខ្មែរសាជាថ្មី និងការបង្កើតតំបន់អបគមន៍ បែងចែកទឹកដីខាងកើតទន្លេមេគង្គ ទើប ព្រះអង្គម្ចាស់រណប្ញទ្ធិ សុខចិត្តដង្ហែតាមព្រះរាជតម្រិះសម្តេចឪ បែងចែកអំណាចឱ្យគណបក្សប្រជាជនកម្ពុជា ដែលចាញ់ ឆ្នោត”។ សេចក្តីបំភ្លឺនេះ ធ្វើឱ្យហ៊្វុនស៊ិនប៉ិច ចំណេញនយោបាយសន្ធឹក តាមរយៈ “ចង្កូតមិនដែលត្រង់” នេះឯង។
លោកសម រង្ស៊ី និងលោកកឹម សុខា ទោះមិនធ្លាប់កាន់អំណាច ក៏មានយុទ្ធសាស្ត្រនយោបាយមិនធម្មតាដែរ ពោលគឺ ជាប្រភេទ “ចង្កូតមិនដែលត្រង់” ដូចគ្នា។ ពួកលោក “ម្តងចូល ម្តងចេញ” ពោលគឺ កាលនាំគ្នីគ្នា៥៥នាក់ ចូលអង្គុយកៅអី រដ្ឋសភា ក៏មានការរិះគន់ថា លោកសម រង្ស៊ី លេបលុយ២០លានដុល្លារ ក្បត់ឆន្ទៈអ្នកគាំទ្រ។ លុះមិនបានប៉ុន្មាន មេបក្ស ប្រឆាំងទាំងពីរនេះក៏នាំគ្នាដើរចេញពីរដ្ឋសភា ក្លាយទៅជាជនជាប់ចោទ ក្រោមការប្តឹងផ្តល់ពីមន្ត្រីបក្សកាន់អំណាច។ ទោះ នៅក្រៅប្រទេស និងឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្ស ក៏លោកសម រង្ស៊ី និងកឹម សុខា នៅតែអាចធ្វើនយោបាយបាន និង កាន់តែបត់បែនមើលមិនធ្លុះ។
នៅមានអ្នកនយោបាយជើងខ្លាំងមួយចំនួនទៀត ដូចជា លោកសួន សេរីរដ្ឋា លោកពេជ្រ ស្រស់ ជាដើម ក៏ជាប្រភេទ “ចង្កូតមិនដែលត្រង់” ដូចរៀមច្បងជើងចាស់ដែរ ហើយក៏ពិបាកវាស់ស្ទង់ដឹងពីគោលជំហររបស់ពួកគាត់ ខណៈដែលមជ្ឈដ្ឋាន មួយចំនួនសង្ស័យថា លោកទាំងពីរនេះ ជា “កូនអុករបស់បក្សកាន់អំណាច” ព្រោះទោះជាលោកសួន សេរីរដ្ឋា រិះគន់ធ្ងន់ៗ យ៉ាងណា ក៏ ជភភ មិនប្តឹង ផ្ទុយពីមន្ត្រីបក្សសង្គ្រោះជាតិ ថាមិនបានទេ សូម្បីរឿងដែលថា កសិករយកដីជួលឱ្យវៀតណាម ធ្វើស្រែតាមព្រំប្រទល់ ក៏ម្ចាស់ដីមានគម្រោងដាក់ពាក្យបណ្តឹងពីបទ “រាយការណ៍ប្រឌិតកេងចំណេញនយោបាយ”។ ជាទូទៅ អ្នកនយោបាយ មិនសូវទុកចិត្តអ្នកដទៃក្រៅពីខ្លួនទេ ដូច “ច្បាប់កេរ្តិ៍កាល” ថា “ទុកចិត្តខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង ប្រើកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ”។ ការមិនទុកចិត្តនេះ គឺខ្លាចធ្លាយការសម្ងាត់តែម្តង ខណៈដែលអ្នកនយោ- បាយកំពុងធ្វើសកម្មភាព “ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ”។
សរុបទៅ “ចង្កូតមិនដែលត្រង់” មានន័យយ៉ាងនេះឯង ដែលអ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស ត្រូវតែចេះធ្វើដូចចង្កូត។ ការដឹកនាំរហូតដល់ភ្លាត់ចង្កូត បណ្តាលឱ្យរថយន្តភ្លូកក្រឡាប់ ធ្លាក់ជ្រោះព្រោះស្រវឹង ឬថា កំពុងស្រវឹងនឹងបុណ្យស័ក្តិ លាភ- សក្ការៈ ការបញ្ចើចបញ្ចើ ក៏មិនល្អដែរ។ ចាំបាច់ត្រូវតែចាប់យកផ្លូវ “មជ្ឈិមប្បដិបទា” ឬផ្លូវកណ្តាល ទើបអាចដឹកនាំសង្គម ឬគណបក្ស ក៏ដូចអនាគតមាតុភូមិ មានសុខសន្តិភាពជានិរន្តរ៍ និងអភិវឌ្ឍន៍៕
ដោយ ៖ អាចារ្យថាំ