Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ រាជវង្សធ្វើនយោបាយ

បរិយាយថ្ងៃនេះ ៖ រាជវង្សធ្វើនយោបាយ

តាំងពីបុរាណមក ប្រជារាស្ត្រខ្មែរ គោរពសែរាជវង្ស ដោយមិនហ៊ានប៉ះពាល់ ទោះជាកងទ័ពរដ្ឋាភិបាល ចាប់បានរាជវង្ស ដែលបង្កចលនាប្រឆាំង ក៏រាស្ត្រសាមញ្ញមិនហ៊ានធ្វើទារុណកម្មចំណាប់ខ្មាំងរាជវង្សនោះទេ។ ករណីនេះ គឺមកពីរាជវង្ស ធ្វើនយោបាយ ក៏មានការចាប់ខ្លួន ប៉ុន្តែសម័យនេះ ទោះបីរាជវង្សដកថយពីឆាកនយោបាយ ក៏នៅសល់អង្គខ្លះ មិនលះបង់នយោបាយ កើតជាការប្រទូសរ៉ាយជាមួយគូប្រជែង ដូចករណីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិតោ ដែលធ្វើនយោបាយប្រឆាំង មិនប្រែប្រួល ដោយរក្សាគោលជំហរស្មោះត្រង់នឹងលោកសម រង្ស៊ី ដែល “នគរធំ” សូមលើកពី “រាជវង្សធ្វើនយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីបុរាណ អំណាចគ្រប់បែបយ៉ាងនៅលើព្រះមហាក្សត្រ ជាហេតុនាំឱ្យមានរាជវង្សខ្លគះ “ជ្រែករាជ្យ” ឬបង្កចលនា ឧទ្ទាមកម្ម វាយដណ្តើមរាជបល្ល័ង្ក ដែលយើងឃើញសកម្មភាពយ៉ាងច្បាស់ តាមរយៈឯកសារប្រវត្តិសាស្ត្រ។ សែរាជវង្សសំខាន់ៗ ដែលជាមេចលនាបះបោរ កាលកំពុងធ្វើសកម្មភាព ក៏ត្រូវជាប់ឈ្មោះថា ជា “រាជវង្សក្បត់ជាតិ” ប៉ុន្តែនៅពេលស្រុកទេសផ្លាស់ប្តូររបប ឬផ្លាស់ប្តូរអ្នកដឹកនាំ រាជវង្សទាំងនេះ ក៏ក្លាយជា “វីររាជវង្សាស្នេហាជាតិ”។ ដូចករណីព្រះអង្គម្ចាស់ ស៊ីវត្ថា ដែលធ្វើសកម្មភាពប្រឆាំងបារាំង លុះស្រុកទេសបានឯករាជ្យ ព្រះនាងមព្រះអង្គត្រូវគេលើកតម្កើងយកទៅដាក់ជាឈ្មោះ វិថីក្នុងរាជធានី គឺ “ដងវិថីស៊ីវត្ថា”។ រីឯព្រះអង្គម្ចាស់ នរោត្តម យុគន្ធរ ដែលប្រឆាំងបារាំងខ្លាំងបំផុត បានភៀសព្រះកាយទៅគង់នៅប្រទេសសិង្ហបុរី រួចសុគតនៅទីនោះ ប៉ុន្តែព្រះនាមព្រះអង្គត្រូវយកទៅដាក់ជាឈ្មោះ សាលារៀន គឺ “វិទ្យាល័យព្រះយុគន្ធរ” រហូតដល់សព្វថ្ងៃ។

ចូលមកដល់សម័យនេះ យើងឃើញសែរាជវង្សប៉ុន្មានអង្គ បានចូលប្រឡូកក្នុងឆាកនយោបាយយ៉ាងពេញបន្ទុក ដូចជា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ជាដើម។ ឥឡូវទ្រង់រណឫទ្ធី ដូចជាស្ងប់ស្ងាត់ទៅហើយ បន្ទាប់ពីហ៊្វុនស៊ិនប៉ិច បែកបាក់សាមគ្គីគ្នា ចំណែកព្រះអង្គសម្តេចក្រុមព្រះ រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ទាំងព្រះជាយា ជាទីស្រលាញ់ទៀតផង។ សព្វថ្ងៃឃើញនៅសល់តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅបន្តនិន្នាការប្រឆាំង ស្មោះត្រង់នឹងលោកសម រង្ស៊ី មិនប្រែក្រឡាស់។ ក្រោយពេល CNRP ត្រូវរំលាយចោលមក ទ្រង់ធម្មិកោ ក៏ត្រូវដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែរាល់សំណេរតាមហ្វេសប៊ុក និងបន្ទូលរបស់ព្រះអង្គបានបង្ហាញថា ជា “រាជវង្សធ្វើនយោបាយប្រឆាំង” មិនព្រមចុះញ៉មបក្សកាន់អំណាច។ នៅពេលថ្មីៗនេះ បន្ទាប់ពីរដ្ឋសភា រៀបចំវិសោធនកម្មច្បាប់ “ស្តីពីគណបក្សនយោបាយ” ដោយបើកផ្លូវឱ្យអតីតមន្ត្រី CNRP ១១៨រូប បានធ្វើនយោបាយវិញនោះ ទ្រង់ធម្មិកោ បានបង្ហាញគោលជំហរបែបចំអកឱ្យទៅវិញ។ ទ្រង់បានសរសេរក្នុងគណនីហ្វេសប៊ុកថា “គេឱ្យយើងធ្វើនយោបាយវិញ ហើយគេចិត្តល្អ គេទុកបក្សឱ្យយើងទៀត ទោះកនយើង!”។ បន្ថែមពីនេះទៀត ព្រះអង្គបានសរសេរថា “១១៨នាក់+៥៥នាក់់+៥០០៧នាក់ ទើបគ្រប់ទ្រព្យរបស់យើង” និងបង្ហាញនិន្នាការច្បាស់ៗថា “…ផ្តល់សិទ្ធិឱ្យ១១៨នាក់នេះ ធ្វើនយោបាយវិញ គឺត្រឹមជាល្បិចជំរុញឱ្យអ្នកទាំងអស់ចែកផ្លូវគ្នាដើរតែប៉ុណ្ណោះ”។

ដូច្នេះរាល់សំណេរខាងលើនេះ បញ្ជាក់ថា ទ្រង់ធម្មិកោ មិនងាយចូលធ្លុងជាមួយ CPP នោះទេ និងនៅសល់តែមួយអង្គហ្នឹង ដែលពិបាកអូសទាញបំផុត។ កាលពីឆ្នាំ១៩៩៤ ព្រះអង្គម្ចាស់នរោត្តម សេរីវុឌ្ឍ ជាព្រះអនុជរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ក្រោយពេលព្រះអង្គលាតំណែងពីរដ្ឋមន្ត្រីក្រសួងការបរទេស ទៅតាមនយោបាយលោកសម រង្ស៊ី ដែលត្រូវដកហូតតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កូតាហ៊្វុនស៊ិនប៉ិច) កាលនោះ សម្តេចក្រុមឃុនសេរីវុឌ្ឍ រងការចោទប្រកាន់ថា បានរៀបគម្រោងធ្វើឃាតសម្តេចហ៊ុន សែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ពេលនេះ សម្តេចឪ បានប្រើ “ព្រះរាជសិទ្ធិ” ក្នុងព្រះឋានៈជាព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យដោះលែងព្រះអនុជភ្លាមៗ និងឱ្យបញ្ជូនទៅស្រុកបារាំង។ ករណីចាប់ខ្លួនរាជវង្សឃុំឃាំង តាំងពីបុរាណមក មិនសូវមានទេ លុះត្រាតែព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យចាប់ ទើបកងតម្រួតហ៊ានចាប់ តែបើគ្មានការត្រាស់បង្គាប់ ទោះជាកងទ័ពមានអាវុធច្រូងច្រាង ក៏មិនហ៊ានប៉ះពាល់រាជវង្សដែរ ទោះជារាជវង្សប្រឆាំងក៏ដោយ។

ប្រទេសសៀម ក៏គោរពរាជវង្សដែរ សូម្បីធ្វើសង្គ្រាមឈ្នះខ្មែរ និងចាប់បានរាជវង្ស ក៏មិនហ៊ានចង ឬដាក់ខ្នោះឃ្នាង ដូចរាស្ត្រសាមញ្ញ គ្រាន់តែបញ្ជូនទៅបង្ខាំងទុកស្នងប្រាសាទ ដូចករណី “ព្រះចៅនរេសូរ” ស្តេចសៀម ពេលវាយបែកបន្ទាយលង្វែក បានបញ្ជូន “ព្រះស្រីសុរិយោពណ៌” ជាមហាឧបរាជខ្មែរ ទៅគង់នៅក្រុងអយុធ្យា ដោយមិនហ៊ានធ្វើបាបទេ។ ផ្ទុយទៅវិញ កងទ័ពយួនអណ្ណាម មិនគោរពរាជវង្សខ្មែរនោះឡើយ សូម្បី “ព្រះរាមាធិបតីចន្ទ ឬព្រះរាមចូលសាសន៍” ជាព្រះមហាក្សត្រខ្មែរ ក៏ត្រូវកងទ័ពយួនអណ្ណាម ចាប់ដាក់ទ្រុងដែក រហូតដល់ក្ស័យព្រះជន្ម។ រីឯម្ចាស់ក្សត្រី “អង្គប៉ែន” ដែលមាននិន្នាការប្រឆាំងយួនអណ្ណាម ក៏ត្រូវកងទ័ពយួន ចាប់ជ្រមុជទឹកបឹង ក្ស័យព្រះជន្មទៅ។

ងាកមកមើលសកម្មភាព “រាជវង្សខ្មែរ ធ្វើនយោបាយ” វិញ យើងឃើញថា សព្វថ្ងៃនៅសល់តែទ្រង់ធម្មិកោ តែមួយអង្គប៉ុណ្ណោះ ដែលបង្ហាញជំហរមិនចូលធ្លុងជាមួយរាជរដ្ឋាភិបាល។ ព្រះអង្គមិនធ្វើសកម្មភាពខ្លាំងទេ ប៉ុន្តែការសកគន្លឹះនយោបាយតាមហ្វេសប៊ុក បានធ្វើឱ្យតាៗញៀនកាហ្វេមួយចំនួន ចាប់អារម្មណ៍។ តាញៀនកាហ្វេម្នាក់នោះ បាននិយាយថា “ទ្រង់ធម្មិកោ ប្រឆាំងជាង២០ឆ្នាំហើយ មិនប្តូរគោលជំហរទេ បើព្រះអង្គទាមទារទ្រព្យដែល CNRP ធ្លាប់មានពីមុន ច្បាស់ជាទារហើយ”។ តាម្នាក់ទៀត លើកឡើងថា “ទ្រង់ធម្មិកោ គាំទ្រលោកសម រង្ស៊ី រហូត បើលោកសម រង្ស៊ី ថា ការបើកផ្លូវឱ្យមន្ត្រី១១៨នាក់ បានចូលធ្វើនយោបាយវិញ ជាការចែកផ្លូវគ្នាដើរ ទ្រង់ធម្មិកោ ក៏ចាក់បណ្តោយតាម”។

ដូច្នេះយើងឃើញថា ភាពប្រឆាំងប្រទើសពិបាកដើរទៅមុខរបស់បក្សកាន់អំណាច គឺនៅត្រង់សែរាជវង្សសំខាន់ និងអ្នកនយោបាយប្រឆាំងថ្នាក់កំពូល មិនព្រមចូលធ្លុងជាមួយ។ បើនៅមានលោកសម រង្ស៊ី និងទ្រង់ធម្មិកោ ធ្វើបង្គោល ទោះជាក្រុមលោកកឹម សុខា ដើរចូលក៏ពិបាកក្នុងការគ្រប់គ្រង ព្រោះតែ “គ្មានឯកភាពជាតិ”។ អ្នកវិភាគមើលឃើញថា វិសោធនកម្ម បើកផ្លូវឱ្យអតីតមន្ត្រីប្រឆាំង១១៨រូប ចូលធ្វើនយោបាយនោះ អាចចូលតែកូនស្រីលោកកឹម សុខា និងមនុស្សជំនិតលោកកឹម សុខា ប៉ុន្មាននាក់ ប៉ុន្តែលោកកឹម សុខា មិនអាចត្រូវដោះលែងភ្លាមៗបានឡើយ នៅមុនដំណាច់ខែមីនា ឆ្នាំ២០១៩ ព្រោះតែរឿងភ្នាល់គ្នារវាងសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី។ ចំណែកលោកសម រង្ស៊ី ក៏មិនអាចលើកលែងទោសឱ្យចូលស្រុកវិញបានដែរ ព្រោះមានការ “សន្យាកាត់ដៃ” ដែលជាឧបសគ្គនៃការបង្រួបបង្រួមជាតិ។ អ៊ីចឹងបើលោកសម រង្ស៊ី ចូលស្រុកមិនរួច លោកកឹម សុខា ក៏មិនត្រូវដោះលែងឆាប់ៗ អាចធ្វើឱ្យទ្រង់ធម្មិកោ មិនព្រមចូលធ្លុងដដែល ព្រោះព្រះអង្គស្មោះត្រង់នឹងលោកសម រង្ស៊ី តែក៏មិនចោលលោកកឹម សុខា។ សែរាជវង្ស នៅតែមានតម្លៃក្នុងសង្គម ដែលរាស្ត្រសាមញ្ញ ពិបាកប៉ះពាល់ សូម្បីតែលោកសេនាប្រមុខលន់ នល់ ក៏មិនហ៊ានធ្វើបាបសែរាជវង្សនោះដែរ ខណៈដែលលោកដឹកនាំរដ្ឋប្រហារ បានសម្រេចក៏បញ្ជូនព្រះរាជវង្សានុវង្សឱ្យចេញពីភ្នំពេញ ទៅគង់នៅប្រទេសចិន គ្មានសល់ វៀរលែងតែរាជវង្សដែលចូលរួមជាមួយរបបសាធារណរដ្ឋខ្មែរ។

សរុបទៅ “រាជវង្សធ្វើនយោបាយ” ដូចព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បើរាស្ត្រសាមញ្ញោជរប្រទេចប្រមាថដល់ពូជពង្ស ធ្វើឱ្យប៉ះពាល់ដល់ព្រះមហាក្សត្រ។ ដូចលើកឡើងរួចមកហើយថា កងទ័ពសៀម គោរពសែរាជវង្សខ្មែរ ដោយមិនហ៊ានធ្វើទារុណកម្មអ្វីទេ បានត្រឹមយកទៅចិញ្ចឹមឱ្យគង់ក្នុងប្រាសាទ ប៉ុន្តែកងទ័ពយួន បើចាប់បានរាជវង្សខ្មែរ ដែលប្រឆាំងខ្លួន ច្បាស់ជាចាប់ដាក់ទ្រុងដែក ឬជ្រមុជទឹក ដូចអ្វីដែលប្រវត្តិសាស្ត្របានចារទុក។ ទោះយ៉ាងណា ដើម្បីឯកភាពជាតិ បើបក្សកាន់អំណាច មានវិធីសាស្រយ៉ាងណា ឱ្យរាជវង្សនៅក្រៅឆាកនយោបាយ ជាការល្អ ប៉ុន្តែបើអូសទាញមិនបាន មានតែទុក ព្រោះថា សេចក្តីស្នេហា ធ្វើឱ្យម្ចាស់ក្សត្រីជប៉ុន ហ៊ានលះបង់រាជវង្ស ទៅយកស្វាមីជារាស្ត្រ ចំណែកនយោបាយក៏អ៊ីចឹងដែរ ខណៈដែលទ្រង់ធម្មិកោ សុខចិត្តឱ្យគេជេរប្រមាថ ដើម្បីបម្រើនយោបាយ៕

RELATED ARTICLES