Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ មេហ្វូងចេញមុន ត្រូវចូលមុន

បរិយាយថ្ងៃនេះ ៖ មេហ្វូងចេញមុន ត្រូវចូលមុន

តាមលក្ខណៈធម្មជាតិតាក់តែងមក មេហ្វូងដំរីព្រៃ បើមានអាសន្នអ្វីកើតឡើង “មេហ្វូង តែងនាំមុខកូនចៅវា រត់ចេញមុន ទៅរកព្រៃមានសុវត្ថិភាព” លុះស្ងប់គ្រោះអាសន្ននោះ មេហ្វូងក៏នាំកូនចៅចូលមកវិញ ដោយនាំមុខដដែល។ សភាវៈធម្មជាតិរបស់មេហ្វូងដំរី ត្រូវបានព្រះមហាក្សត្រ ឬមេទ័ព មេពល មេកង ពីបុរាណ យកមកដាក់ក្នុង “កលយុទ្ធ” គឺបើកាលណាស្រុកទេសមានសង្គ្រាម ឬជាប់ក្នុងការឡោមព័ទ្ធរបស់បច្ចាមិត្រ មេទ័ពត្រូវរត់នាំមុខពលសេនា ចូលទៅប្រទេសជិតខាង លុះស្ថានការណ៍អំណោយផល ក៏លើកទ័ពវិលមកវិញ វាយខ្ទប់សត្រូវ យកជ័យជម្នះ ស្រដៀងនឹងមេហ្វូងដំរី ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីសម័យសង្គ្រាមឆាបឆេះមាតុភូមិកម្ពុជា ជាពិសេសនៅឆ្នាំ១៩៧៣ ខណៈដែលយន្តហោះ បេ៥២ របស់អាមេរិក ចូលមកទម្លាក់គ្រាប់បែករាប់ពាន់តោន ដែលគ្រាប់ទាំងនោះ ភាគច្រើនទម្លាក់នៅតំបន់ភ្នំ បណ្តាលឱ្យដំរីព្រៃភ័យខ្លាច ក៏នាំហ្វូង ហ្វាយវា រត់ទៅជ្រកពួននៅក្នុងព្រៃប្រទេសថៃ ព្រោះកាលនោះ នៅវៀតណាម និងលាវ ក៏មានសង្គ្រាមដែរ ដែលដំរីព្រៃ ចូលពួនមិនកើត ឃើញតែព្រៃព្រឹក្សានៅប្រទេសថៃ ជាជម្រកសុខស្ងប់របស់ពួកវា។ លុះមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបហ្វូងដំរីព្រៃទាំងនោះ នាំគ្នាឆ្លងដែនមកនៅព្រៃកំណើតរបស់ពួកវាវិញ ជាពិសេស នៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងភ្នំកំចាយ។ ការរត់គេចពីអំបែងគ្រាប់បែក B៥២ ក៏ដូចជាគ្រាប់ផ្លោងរបស់ទាហានលន់ នល់ និងទាហានខ្មែរក្រហម ដែលបាញ់តដៃគ្នានៅពេលនោះ បណ្តាលឱ្យមេហ្វូងដំរីភ័យរន្ធត់ ក៏នាំកូនចៅរត់ទៅទិសខាងលិច បានរួចរស់ជីវិត លុះដល់ស្ងប់ស្នូរកាំភ្លើង ទើប “អាស្ត” នាំបរិវារវាវិលមកវិញ ប៉ុន្តែជាអកុសល ហ្វូងដំរី ដែលរត់មកដល់តំបន់ភ្នំឱរ៉ាល់ ក៏មានព័ត៌មានចុះផ្សាយថា មានជនខិលខូចប្រដាប់អាវុធ ស្ទាក់បាញ់ប្រហារ កាត់យកភ្លុក បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ មានការក្តៅក្រហាយ ថ្កោលទោសព្រានព្រៃទាំងនោះគ្រប់គ្នា។

បើយករឿង “មេហ្វូងចេញមុន ចូលមុន” មកប្រៀបធៀបនឹងស្ថានការណ៍នយោបាយយើងឃើញថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺជា “មេហ្វូងដំរី” រីឯលោកកឹម សុខា ជា “មេដំរីបណ្តើរកូន”។ បន្ទាប់ពីមានគ្រោះអាសន្ន ដោយការចាប់ខ្លួនមេដំរីកឹម សុខា និងរំលាយ CNRP មក មេហ្វូងសម រង្ស៊ី ក៏រត់ទៅប្រទេសក្រៅ បន្ទាប់មកក៏មានសហការីឯទៀត រត់ទៅតាមជាបន្តបន្ទាប់ ព្រោះតែភ័យខ្លាចមានការចាប់ខ្លួនដូច “ដំរីញី កឹម សុខា” មានតែបោលតាមដំរីឈ្មោល ស្ត មានតែចែ អត់ភ្លុកនោះ។ ដំរីស្តនោះ ត្រូវជាប់ចោទជាច្រើនករណី ធ្លាប់នាំបរិវារកាច់អំពៅអ្នកស្រុក មិនហ៊ានចូលមកវិញទេ ប៉ុន្តែថ្មីៗនេះ ម្ចាស់ចម្ការអំពៅ (CPP) បានធ្វើច្បាប់អនុគ្រោះដល់ហ្វូងដំរី ដែលធ្លាប់កាច់អំពៅស៊ីនោះ បានចូលមករស់នៅក្នុងព្រៃកំណើតវិញ ដោយមិនយកទោសទណ្ឌអ្វីឡើយ។

រឿងបើកផ្លូវឱ្យពួកប្រឆាំងក្រៅស្រុក ក៏ដូចនៅក្នុងស្រុក បានចូលប្រឡូកក្នុងឆាកនយោបាយវិញនេះ ទំនងជាបើកឱ្យតែបុគ្គលមួយចំនួនដែលមិនសូវត្រូវធាតុជាមួយ “មេហ្វូងសម រង្ស៊ី” ឯបុគ្គលភាគច្រើនដែលស្មោះត្រង់នឹងមេហ្វូង ប្រហែលជាមិនអាចចូលរួម។ ពិសេសបំផុត សូម្បីតែ “មេដំរី បណ្តើរកូន” ដែលជាប់ក្នុងក្រោល ជាង១ឆ្នាំនោះ ក៏មិនត្រូវដោះលែងភ្លាមៗដែរ អ៊ីចឹងវាសនា “ដំរីស្ត ជាមេហ្វូង” កំពុងសំងំនៅស្រុកបារាំងនោះ ពិតជាមិនអាចចូលស្រុកបានឡើយ។

ដូច្នេះយើងឃើញថា អ្វីៗវាពាំត្រណោតត្រង់ “បើមេហ្វូងចេញមុន ត្រូវចូលមុន” ប៉ុន្តែបើត្រៀម “អន្ទាក់ ព្រ័ត្រ ប្រកាំ” ចាំទាក់មេហ្វូងនោះ ទោះជាកូនហ្វូងដើរចូល ក៏មិនបានសុខដែរ។ ក្បួន “កលយុទ្ធ” ពីបុរាណបានតម្រូវឱ្យ “មេទ័ព រត់នាំមុខពលសេនា និងចូលមកវិញក៏នាំមុខ” ប៉ុន្តែបើចូលប្រឡូកគ្នា ក្នុងសមរភូមិ “មេទ័ពនៅបញ្ជាពីក្រោយរហូត” ដោយរុញពលសេនា ឱ្យចូលមុន។

ឧទាហរណ៍ កាល “ឃុនហ្លួងព្រះស្តេចកន” រត់រួចពីសេចក្តីស្លាប់ ទៅកទ័ពនៅខេត្តបាភ្នំ បានឃោសនាថា ព្រះបាទស្រីសុគន្ធបទ ត្រាស់បង្គាប់មកកេណ្ឌទ័ពទៅច្បាំងនឹងព្រះចន្ទរាជា ដែលចង់ជ្រែករាជ្យពីព្រះរៀម។ កាលនោះ ព្រះចន្ទរាជា ទ្រង់ជ្រាបសភាពការណ៍មិនស្រួល ក៏នាំពលរេហ៍ភៀសព្រះកាយទៅគង់នៅស្រុកសៀម មួយរយៈ។ លុះបានដំណឹងថា ព្រះបាទស្រីសុគន្ធបទ ជាព្រះរៀម ត្រូវបក្ខពួកស្តេចកន ចូលលុកធ្វើគុត ហើយស្តេចកន បានឡើងគ្រងរាជសម្បត្តិ ទើបព្រះចន្ទរាជា លើកទ័ពចូលមកកម្ពុជាវិញ ផ្ទុះសង្គ្រាម១៤ឆ្នាំ ទើបផ្តួលស្តេចកន បាន។ ចំណុចនេះ ចង់បង្ហាញថា “ព្រះចន្ទរាជា ចេញនាំមុខគេ ចូលនាំមុខគេ” ប៉ុន្តែបើចូលប្រឡូកក្នុងសមរភូមិ ព្រះអង្គនៅបញ្ជាពីក្រោយ។ ដោយឡែក សម្តេចឪ ព្រះបរមរតនកោដ្ឋ បានភៀសព្រះកាយទៅគង់នៅប្រទេសចិន មុនគេ បន្ទាប់ពីមានរដ្ឋប្រហារកើតឡើង ហើយក្រោយមកទៀត ទើបមានព្រះរាជវង្សានុវង្ស ក៏ដូចជារាជសហការីសំខាន់ៗ រត់ទៅតាម រួមគ្នាបង្កើតជា “រណសិរ្សរួបរួមជាតិកម្ពុជា”។ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបសម្តេចឪ យាងចូលស្រុកមុនគេ ដោយមានសម្តេចហ៊ុន សែន ទៅទទួល និងនាំផ្លូវផង។ លុះដល់សម្តេចឪ ចូលប្រទេស ទើបព្រះរាជវង្សានុវង្ស ក៏ដូចរាជសហការីទាំងអស់ ចូលតាមពីក្រោយ ជាបន្តបន្ទាប់ តាមលក្ខណៈធម្មជាតិ ដូចមេហ្វូងដំរី។

អ៊ីចឹងករណីលោកសម រង្ស៊ី និងលោកកឹម សុខា ដែលអ្នកវិភាគមើលឃើញថា មិនអាចចូលរួច និងមិនអាចដោះលែង ភ្លាមៗនោះ បើសហការីឯទៀត ចូលមុនមេ អាចរកសេចក្តីសុខមិនឃើញ។ ជួនកាលអាចរងគ្រោះដូចហ្វូងដំរី នៅភ្នំឱរ៉ាល់ ដែលត្រូវកាសែតចុះផ្សាយថា មានព្រានព្រៃលួចបាញ់យកភ្លុក អស់ប្រមាណ៧០ក្បាល កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលវត្តមាន “អ៊ុនតាក់ នៅកម្ពុជា”។ លោកសម រង្ស៊ី ជាប់បណ្តឹង ជិត១០ករណីឯណោះ ត្រូវមានឈ្មោះជា “ទណ្ឌិត” ប៉ុន្តែ គាត់រួចខ្លួនរហូត មិនខុសពីមេហ្វូងដំរី នាំកូនចៅទៅកាច់អំពៅអ្នកស្រុក ប៉ុន្តែម្ចាស់ចម្ការមិនអាចបាញ់ ឬទាក់ដំរីស្តនោះបាន ក៏ចងគំនុំ។ ដូច្នេះបើមេហ្វូងសម រង្ស៊ី ហ៊ានចូលដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយនោះ សូម្បីតែមួយជំហាន ក៏ជាន់ទឹកដីខ្មែរមិនបានផង ច្បាស់ជាជាប់អន្ទាក់រើខ្លួនមិនរួច។ ដំរីស្ត ជាមេនោះ ក៏មិនល្ងង់ដើរចូលអន្ទាក់នោះដែរ បានទាំងព្រមានកូនចៅជាបរិវារ “កុំជឿតាមការអូសទាញ” ទៀតផង។ រីឯ “មេដំរី បណ្តើរកូន កឹម សុខា” ក៏ម្ចាស់ចម្ការអំពៅ មិនអាចដោះលែងភ្លាមៗនោះដែរ ព្រោះបើហ៊ានដោះលែងច្បាស់ជាដំរីញីនេះ រត់ទៅរួមមេត្រីនឹងដំរីឈ្មោលនោះដដែល។ ក្នុងស្ថានភាព “ពាំត្រណោត” បែបនេះ បើកូនដំរីឯទៀត ឬកូនហ្វូងហ៊ានចូលមុនមេ ក៏ចេះតែបានហើយ ប៉ុន្តែ “ខ្វះភាពកក់ក្តៅ” ព្រោះតែម្ចាស់ចម្ការ “មិនទុកចិត្ត” ខ្លាចស៊ីអំពៅទៀត ឬបង្កបញ្ហាអ្វីមួយប៉ះពាល់ដល់សណ្តាប់ធ្នាប់។

សព្វថ្ងៃ អ្នកតាមដាននយោបាយ មើលឃើញថា កូនដំរីខ្លះដែលរត់ចោលព្រៃ ទៅតាមដំរីស្ត សម រង្ស៊ី កំពុងនឹករលឹកដំរីញី កឹម សុខា ដែលធ្លាប់បណ្តើរកូនដើររកស៊ីតាមព្រៃល្បាស់ ក្នុងនោះមានកូនដំរីកឹម មនោវិទ្យា កឹម សម្មាធីតា យ៉ែម បុញ្ញប្ញទ្ធិ មុត ចន្ថា ជាដើម ក៏ចង់ចូលមកវិញឆាប់ៗ ដោយភ្លេចគិតថា “កាលរត់នោះ បាក់ទៅតាមមេហ្វូងសម រង្ស៊ី”។ ដូច្នេះ បើចូលមកវិញ មុនមេហ្វូង ក្រែងព្រានព្រៃដាក់អន្ទាក់ ឬដាក់ប្រកាំ ត្រូវគេយកទៅផ្សាំងប្រើឱ្យអូសឈើហុប។ អ្វីដែលល្អសម្រាប់ កូនហ្វូង លុះត្រាតែមេហ្វូងចូលមុន និងដោះលែងដំរីញីឱ្យរួចពីក្រោលសិន ទើបបាន ព្រោះអ្វីៗបើដើរមិនស្រប “កលយុទ្ធបុរាណ” ដែលមានចារទុកក្នុងក្រាំងប្រវត្តិសាស្ត្រ មិនសូវល្អទេ។

សរុបទៅ “បើមេហ្វូងចេញមុន ត្រូវចូលមុន” ជាការបង្ហាញពីសកម្មភាព ឬសភាវៈធម្មជាតិរបស់មេហ្វូងដំរី ក៏ដូចជា មេទព័ បើជួបគ្រោះអាសន្នអន់ក្រកើតឡើង ត្រូវនាំកូនចៅរត់ឱ្យរួចជីវិតសិន។ លុះសំងំមើលស្ថានការណ៍ហុចឱ្យមេទ័ព ឬ មេហ្វូង ត្រូវនាំមុខបរិវារវិលមកវិញ ជាការចាំបាច់។ ការលើកឡើងពី “កលយុទ្ធបុរាណនេះ” ទោះជាយកមកប្រើក្នុង “យុទ្ធសាស្ត្រនយោបាយ” នាបច្ចុប្បន្ន ក៏មិនខុសប៉ុន្មានដែរ ចាត់ទុកជាបរិបទសម្រាប់ “កូនហ្វូង CNRP” ពិចារណា…៕

RELATED ARTICLES