Monday, November 25, 2024
Homeនយោបាយលោកគង់ គាំ ថា លោកសម រង្ស៊ី មិនអាចជាប្រធានស្តីទី

លោកគង់ គាំ ថា លោកសម រង្ស៊ី មិនអាចជាប្រធានស្តីទី

ភ្នំពេញ ៖ អតីតប្រធានគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀន) និងជាអតីតទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ លោកគង់ គាំ ដែលមានកូនប្រុសដល់ទៅ2នាក់ ជាអតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំង និងមានកូនប្រុសពៅជាប្រធានគណបក្សឆន្ទៈខ្មែរ បានបន្តរិះគន់លោកសម រង្ស៊ី ថា មិនអាចធ្វើជាប្រធានស្តីទីជំនួសលើលោកកឹម សុខា បានទេ ព្រោះសេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍កុងសង់ស៊ីស គឺមិនត្រឹមត្រូវឡើយ ហើយលោកគឺជាសាក្សីសំខាន់តែមួយគត់របស់លោកសម រង្ស៊ី និងលោកកឹម សុខា សហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិ។

លោកគង់ គាំ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី17 ខែធ្នូ ឆ្នាំ 2018 ថា ៖

-ខ្ញុំជាសាក្សីផ្ទាល់ និងសំខាន់តែមួយគត់ របសសម រង្ស៊ី-កឹម សុខា សហស្ថាបនិក CNRP។ សេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍កុងសង់ស៊ីស ទាំងពីរនាក់រួមគ្នា គឺមិនត្រឹមត្រូវ។ (ភ្លើងឆេះផ្ទះ ម្ចាស់ដែលនៅក្រៅផ្ទះដែរ មិនត្រូវបំបិទសិទ្ធិទេ។ គណៈកម្មាធិការចំពោះកិច្ច និងលក្ខន្តិកៈ CNRP)។

-ពី Atlanta-USA (សន្និសីទ) ដល់ប៉ារីស-បារាំង (វេទិកាសាធារណៈ) (មិនអាចជាប្រធានស្តីទី CNRP ទេ) គឺជារណសិរ្ស សម រង្ស៊ី តែប៉ុណ្ណោះ។ បំផុសការងើបខ្យល់។

-អន្តរជាតិ (ប្រើមុខមាត់ពាក់ព័ន្ធរណសិរ្ស) គឺប្រថុយការជាប់ពាក់ព័ន្ធ និងផុងខ្លួនក្នុងសមរភូមិកម្ពុជា ហើយជួបបរាជ័យដូចនៅទីដទៃជាច្រើនដែរជាមិនខាន”។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកគង់ គាំ បន្ថែមលើ សំណេរតាមហ្វេសប៊ុកខាងលើនេះ នៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ2018 ៖

នគរធំ ៖ ជម្រាបសួរលោកគង់ គាំ! ការដែលលោកលើកឡើងថា លោកសម រង្ស៊ី មិនអាចធ្វើជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បាន តើឈរលើកត្តាអ្វីខ្លះ ?

លោកគង់ គាំ ៖ បាទ! ប្រភពដែលលើកឱ្យលោកប្រធានសម រង្ស៊ី ជាប្រធានស្តីទីហ្នឹង ពីសន្និសីទកម្រិតពិភពលោក នៅអាត្លង់តា សហរដ្ឋអាមេរិក នោះម្តង ហើយបន្ទាប់មក ទុកពេលឱ្យលោកស្រីមួរ សុខហួរ បញ្ចុះបញ្ចូលហ្នឹង ប៉ុន្តែអត់បានលទ្ធផលទេ ហើយមកធ្វើវេទិកាសាធារណៈនៅបារាំង ហាក់ដូចថា ប្រកាសឱ្យទៅជាផ្លូវការ ទៅជាប្រធានស្តីទី ប៉ុន្តែទាំងនៅអាត្លង់តា ទាំងនៅប៉ារីស ប្រទេសបារាំង ហ្នឹង ប្រតិកម្មពីអ្នករួមអតីតសមាជិកគណបក្សសង្គ្រោះជាតិ ជាពិសេស អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហ្នឹង មានការមិនឯកភាពទេ។  មិនឯកភាពទី1 គឺថា ពេលដែលហៀបនឹងបាត់បង់ថ្នាក់ដឹកនាំទៅហ្នឹង គឺមានរៀបចំឱ្យមានគណៈកម្មការចំពោះកិច្ចមួយ ហើយមួយទៀត លក្ខន្តិកៈរបស់គណបក្ស ក៏ដូចលោកប្រធានសម រង្ស៊ី ឬក៏អនុប្រធានបានបកស្រាយ អ៊ីចឹងថា កាលៈទេសៈហ្នឹងវាមិនអាចជួបជុំគ្នា ឬក៏អនុវត្តតាមលក្ខន្តិកៈបានទេ។ ខ្ញុំមិនយល់ឃើញអ៊ីចឹងទេ គឺថា សមាសភាពគណៈកម្មការចំពោះកិច្ច មិនសុទ្ធតែនៅក្នុងប្រទេសទេ គឺភាគច្រើននៅក្រៅប្រទេសហើយ។ ដូច្នេះមិនបានស្វះស្វែងការមូលមតិគ្នាទេ ហើយលក្ខន្តិកៈហ្នឹង គឺថា យើងមើលទៅ គឺច្បាស់ណាស់ហើយថា មួយឆ្នាំជាងទៅហើយ ទើបតែសាកល្បងថា ប្រធានចលនា មិនអាចជួយសង្គ្រោះជាតិបាន ហើយមកស្រវាប្រធានស្តីទីអីអ៊ីចឹង ដោយគ្មានការគាំទ្រដដែលជាដដែលអ៊ីចឹង ខ្ញុំគិតថា ខ្ញុំបានហៅការជួបជុំនៅអាត្លង់តាក្តី ហើយការធ្វើវេទិកាសាធារណៈនៅប៉ារីសក្តី វាគ្រាន់តែជារណសិរ្សរបស់លោកសម រង្ស៊ី តែឯកឯងតែប៉ុណ្ណោះទេ វាមិនអាចទៅជាគណបក្សសង្គ្រោះជាតិ បានទេ។ ដូច្នេះការដែលរណសិរ្សសម រង្ស៊ី បំផុសឱ្យប្រជាជនងើបឡើងអី ហើយនិងផែនការវិលចូលស្រុកអីទាំងអស់នេះ ខ្ញុំមើលទៅវាជាផែនការខ្យល់។ ខ្ញុំចង់និយាយថា ខ្យល់ហ្នឹងសាបខ្យល់ ហើយផលវានឹងទទួលព្យុះ ដូចជាយុទ្ធសាស្ត្រដេកផ្ទះឈ្នះឯង ឬក៏យុទ្ធសាស្ត្រម្រាមដៃស្អាតអីហ្នឹង មានរឿងមិនទានចប់ផង។ សកម្មជននៅបាត់ដំបង រងការចោទប្រកាន់ រងការផាកពិន័យអីជាដើម មិនទាន់ឃើញជួយគ្នាទេ ដូច្នេះមកងើបឡើងដើម្បីអីណា ធ្វើឱ្យរដ្ឋាភិបាលសព្វថ្ងៃដែលកើតចេញពីការបោះឆ្នោតដែរនេះ ដែលខ្ញុំគិតថា កំពុងតែមានស្ថិរភាព ហើយនិងដំណើរការទៅមុខដែរ នេះហើយមានអន្តរជាតិអីធ្វើការទំនាក់ទំនងសហប្រតិបត្តិការជាហូរហែដែរនេះ។ ដូច្នេះការ ធ្វើនៅអាត្លង់តា ប៉ារីស ជារណសិរ្សសម រង្ស៊ី បំផុសការងើបការលើកគ្នាចូលមកឱ្យអ្នកក្នុងប្រទេសងើប ដើម្បីយកជ័យជម្នះផ្លាស់ប្តូរអីហ្នឹង គឺវាមិនអាចទៅរួច។ ដូច្នេះខ្ញុំឃើញថា ការដែលវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ បើកច្រកឱ្យ 118 អាចទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញ រៀបចំខ្លួនដើម្បីនឹងឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ2022 ឬ2023នោះ ជាច្រកតែមួយគត់។

 

នគរធំ ៖ អ៊ីចឹងលោកអាចរំលឹកឡើងវិញបានទេថា កាលគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន កាលពីឆ្នាំ2012 លោកបានចូលរួមដែរ?

លោកគង់ គាំ ៖ បាទ! ខ្ញុំបានចូលរួម ហើយខ្ញុំបានលើកជាព័ត៌មានឱ្យសមាជិក ឱ្យប្រជាពលរដ្ឋជ្រាបថា ខ្ញុំនេះជាសាក្សីផ្ទាល់ ហើយសំខាន់តែមួយគត់ក្នុងការដែលសហស្ថាបនិក សម រង្ស៊ី-កឹម សុខា ហ្នឹងមានការប្តេជ្ញាជាមួយគ្នាហ្នឹង ដោយឈរលើគោលការណ៍កុងសង់ស៊ីស គឺថា សម្រេចអី គឺរួមគ្នា ប៉ុន្តែនៅអាត្លង់តា សហរដ្ឋអាមេរិក ហើយនិងនៅបារាំង ហ្នឹងមិនការឯកភាពគ្នាទេ មិនមានការរួមគ្នាទេ។ ដូច្នេះ ខ្ញុំយល់ថា កិច្ចការហ្នឹងវាអត្តនោម័ត វាខុសឆ្គង វាមិនយកជាការបានទេ។

នគរធំ ៖ តើមានន័យយ៉ាងណាដែរ ដែលលោកថា ភ្លើងឆេះផ្ទះ ម្ចាស់ដែលនៅក្រៅផ្ទះដែរ មិនត្រូវបំបិទសិទ្ធិទេនោះ?

លោកគង់ គាំ ៖ បាទ! លោកប្រធានសម រង្ស៊ី គាត់ផ្តល់សម្ភាសន៍ទៅ VOA លោក ខេមរា នោះ លោកលើកឧទាហរណ៍ គឺថា ឥឡូវនេះកុំគិតលក្ខន្តិកៈ កុំគិតស្អីទាំងអស់អ៊ីចឹងទៅ គឺភ្លើងវាឆេះផ្ទះហើយៗម្ចាស់ផ្ទះនៅខាង ក្នុងហ្នឹងហើយ ដូច្នេះអ្នកនៅខាងក្រៅហ្នឹង គឺត្រូវតែកុំចាំបាច់ប្រមូលមតិអីច្រើន ត្រូវហៅឡានពន្លត់អគ្គិភ័យអី មកជួយពន្លត់អ៊ីចឹងទៅ។ ប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍មួយដែលមិនបានឆ្លុះបញ្ចាំងថា ម្ចាស់ផ្ទះហ្នឹងក៏នៅខាងក្រៅផ្ទះដែរ ហើយគេអាចនឹងជូនយោបល់ថា ឥឡូវផ្ទះទើបនឹងឆេះតែខាងមុខទេ ម៉េចក៏ទម្រាំតែ ហៅឡានពន្លត់អគ្គិភ័យហ្នឹង មនុស្សហ្នឹង វាគ្រោះថ្នាក់ហើយ ដូច្នេះមានសោ មានទ្វារច្រកក្រោយអី សួរយោបល់គ្នាអ៊ីចឹងទៅ វាបានជួយសង្គ្រោះអគ្គិភ័យហ្នឹងទៅកើត។ ដូច្នេះខ្ញុំចង់ និយាយថា ឧទាហរណ៍របស់គាត់ វាសម្រាប់តែតម្រូវការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់ ហើយនិងក្រុមគាត់តែប៉ុណ្ណឹង ប៉ុន្តែក្រុមម្ចាស់ផ្ទះដែលនៅខាងក្រៅអគ្គិភ័យដូចគ្នាដែរ មិនបានជូនយោបល់អីទាំងអស់។

នគរធំ ៖ ចុះគណៈកម្មការចំពោះកិច្ច និងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ តើលោកចង់បកស្រាយយ៉ាងម៉េចវិញ ?

លោកគង់ គាំ ៖ បាទ! គឺថា ឃើញក្រុមដែលមាននិន្នាការលោកប្រធានកឹម សុខា ហ្នឹង គាត់ផ្អែកអ៊ីចឹង គាត់ផ្អែកពីគណៈកម្មការចំពោះកិច្ច មាន5រូបអីអ៊ីចឹងទៅ ហើយខ្ញុំមើលទៅ5រូបហ្នឹង ក៏នៅខាងក្រៅប្រទេសដូចៗគ្នាហ្នឹង ដែរហ្នឹង។ ដូច្នេះលក្ខន្តិកៈនៅតែជាលក្ខន្តិកៈទេ គួរតែដើរតាមលំអានដែលលក្ខន្តិកៈហ្នឹងកំណត់ទៅ ព្រោះថា មិនអាចនឹងបោះបង់ចោលច្បាប់គោលការណ៍របស់គណបក្សទាំងស្រុងអ៊ីចឹងទេ។ អ៊ីចឹងហើយបានជាខ្ញុំថា បើចង់បោះបង់ចោលអ៊ីចឹង ជាគំនិតផ្ទាល់របស់លោកប្រធាន សម រង្ស៊ី ហើយជាក្រុមរបស់គាត់ ហៅថាជារណសិរ្សសម រង្ស៊ី ទៅ វាត្រឹមត្រូវជាង។

នគរធំ ៖ និយាយឱ្យចំទៅ រណសិរ្សសម រង្ស៊ី ជាពិសេសពាក្យថា បំផុសការងើបខ្យល់ហ្នឹង តើលោកអាចពន្យល់លម្អិតយ៉ាងណា?

លោកគង់ គាំ ៖ បាទ! ដូចគគ្រឹកគគ្រេងណាស់ ដូចជាថា នឹងលើកគ្នាមកប្រទេសជិតខាង ហើយមកកម្ពុជា នាំគ្នាអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសងើបឡើង ស្រុះគ្នាឡើងអីអ៊ីចឹង ខ្ញុំមើលទៅ គឺទន្ទឹមនឹងថា ការអំពាវនាវឱ្យអន្តរជាតិជួយ អន្តរជាតិបែបមិនហ៊ានពាក់ព័ន្ធ។ ដូច្នេះវាមិនមែនជាសង្គ្រោះជាតិ វាទៅជារណសិរ្សសម រង្ស៊ី ហើយផែនការនេះ វាមិនមែនផែនការដែលអាចនឹងថា ពិគ្រោះជាមួយនឹងរាជរដ្ឋាភិបាលភ្នំពេញ ដែលកើតចេញពីការបោះឆ្នោតអីកើតទេ។ ដូច្នេះអានេះ ប្រើកម្លាំងប្រជាពលរដ្ឋម្តងទៀតហើយ ដូច្នេះប្រើកម្លាំងប្រជាពលរដ្ឋ ដើម្បីចង់ឱ្យហ៊ុន សែន ចុះចេញពីអំណាច កាលពីបោះឆ្នោត 2013 នោះ ម្តង ឥឡូវនេះគឺថា ដួចជាផែនការម្តងទៀត ដូចលោកបំភ្លេចចោលនូវការដាក់គោលការណ៍ 5ខ ថាត្រូវតែផ្តល់អត្តសញ្ញាណឱ្យគណបក្សសង្គ្រោះជាតិឡើងវិញ ទម្លាក់ចោលការចោទប្រកាន់ដល់អ្នកនយោបាយទាំងអស់ ដោះលែងកឹម សុខា ឡើងវិញ ហើយប្រគល់សងអំណាច អ្នកជាប់ឆ្នោតឡើងវិញ បោះឆ្នោតឡើងវិញ អីទាំងអស់ហ្នឹង វេទិកាសាធារណៈនៅប៉ារីស ហ្នឹងនិយាយផ្សេងពីហ្នឹងទៀតហើយ គឺថា ចង់លើកមកធ្វើឱ្យចលាចល ធ្វើឱ្យវឹកវរ ធ្វើឱ្យមានការផ្លាស់ប្តូរតាមកម្លាំងប្រជាពលរដ្ឋងើបអ៊ីចឹង។

នគរធំ ៖ ចំពោះចំណុចដែលលោកលើកឡើងថា អន្តរជាតិប្រើមុខមាត់ ពាក់ព័ន្ធរណសិរ្ស គឺប្រថុយការជាប់ពាក់ព័ន្ធ និងផុងខ្លួនក្នុងសមរភូមិកម្ពុជា ហើយជួបបរាជ័យដូចនៅទីដទៃជាច្រើនដែរជាមិនខាននោះ តើយ៉ាងណាដែរ?

លោកគង់ គាំ ៖ បាទ! ខ្ញុំឃើញថា អន្តរជាតិជាប់ដៃជាប់ជើងនៅប្រទេសជាច្រើនតំបន់ ជាច្រើននៅលើពិភពលោកហើយ ជាអាទិ៍សហរដ្ឋអាមេរិក ដែលនាំមុខហ្នឹង នៅស៊ីរី ក្តី នៅយេមែន ក្តី នៅអាហ្វហ្គានីស្ថាន ក្តី ហើយនៅមីយ៉ាន់ម៉ា អីទៀតក្តី គឺថា មិនឃើញថា អន្តរជាតិហ្នឹងអាចនឹងដោះស្រាយកើត ក្រៅតែពីអ្នកគ្រប់គ្រងអំណាចរបស់ប្រទេស ហើយអ្នកមានភាគីជម្លោះហ្នឹងដោះស្រាយជាមួយគ្នានោះទេ។

នគរធំ ៖ ជាចុងក្រោយ តើលោកមានអ្វីបញ្ជាក់រួមលើបញ្ហាទាំងអស់នេះ ជាពិសេស ពាក់ព័ន្ធនឹងព័ត៌មានចុងក្រោយ ដែលអតីតគណបក្សសង្គ្រោះជាតិ ក្រុមលោកសម រង្ស៊ី រួមមានលោកស្រីមួរ សុខហួរ អនុប្រធានគណបក្ស និងលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សបានប្រកាសសុពលភាពលោកសម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលជាធរមាននោះ?

លោកគង់ គាំ ៖ បាទ! គឺប្រហែលជាអនុប្រធានទាំងពីរនិយាយកន្លងមកហើយថា ត្រូវតែរើសឥស្សរជនថ្មី ហើយសំដៅថាជាសហស្ថាបនិក ប៉ុន្តែនេះនៅតែមិនទទួលបានការគាំទ្ររបស់មេដឹកនាំដែលនៅក្នុងសមាសភាពអនុប្រធានទាំងអស់ ហើយនិងសមាសភាពគណៈកម្មការចំពោះកិច្ចនោះទេ។ ដូច្នេះអ្វីដែលហៅតួនាទីសម រង្ស៊ី ប្រធានស្តីទីហ្នឹង គឺជាការស៊ុមគ្រលុំបក្ខពួកគ្នាឯងតែប៉ុណ្ណោះទេ។

នគរធំ ៖ ក្នុងន័យនេះ បានន័យថា ក្រុមលោកកឹម សុខា ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស មិនទទួលស្គាល់លោកសម រង្ស៊ី ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ជំនួសលើលោកកឹម សុខា មែនទេ?

លោកគង់ គាំ ៖ បាទ! អាស្រ័យលើថ្នាក់ដឹកនាំ ហើយនិងប្រជាពលរដ្ឋវិនិច្ឆ័យចុះ ប៉ុន្តែ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា ប្រធានស្តីទីនេះ មិនត្រូវធ្លាក់ទៅលើលោកប្រធានសម រង្ស៊ី ទេ។ ការដែលរើសដូច្នេះ គ្រាន់តែប្រធានរណសិរ្ស ក្រុមលោកសម រង្ស៊ី ដែលចង់បម្រើយុទ្ធសាស្ត្រ និងគោលដៅរបស់ខ្លួន របស់ក្រុមខ្លួនតែប៉ុណ្ណោះ។ បានន័យថា ខ្ញុំនៅតែទទួលស្គាល់លោកកឹម សុខា ជាប្រធានគណបក្ស ស្របតាមលក្ខន្តិកៈ និងសមាជវិសាមញ្ញគណបក្ស ព្រោះខ្ញុំប្រាកដ ហើយថា ប្រធានកឹម សុខា ពិតមែនតែស្ថិត នៅក្នុងទីឃុំឃាំង ហើយមាននីតិវិធីច្បាប់ ប៉ុន្តែ ប្រធានកឹម សុខា ហើយនិងអន្តរជាតិ ហើយ និងសកម្មជន ប្រជាជន អ្នកគាំទ្រ នៅតែទុកគាត់ថា ជាប្រធានស្របច្បាប់ត្រឹមត្រូវ។ សូម្បីតែសម រង្ស៊ី ខ្លួនឯង ក៏ថានឹងធ្វើឆ្ពោះទៅប្រគល់តួនាទីហ្នឹងឱ្យប្រធានកឹម សុខា វិញអ៊ីចឹងដែរ គាត់ជាប្រធានបណ្តោះអាសន្ន ឬក៏ជាប្រធាន ដែលក្រុមគាត់ទទួលស្គាល់ ប៉ុន្តែក្រុមដទៃទៀត មិនទទួលស្គាល់តែប៉ុណ្ណោះ៕                                                          កុលបុត្រ

RELATED ARTICLES