សុភាសិតសកល មួយថា “ទ្វារគេធ្វើសម្រាប់បើកឬបិទ” (A door must be for either open or shut) មានន័យពាក់ព័ន្ធដល់ឆាកនយោបាយ។ បន្ទាប់ពីលេចធ្លាយព័ត៌មានថា លោកសម រង្ស៊ី លួចទាក់ទងសុំចរចាស្ងាត់ៗ ជាមួយសម្តេចហ៊ុន សែន តាមប្រព័ន្ធ Twitter ប៉ុន្តែបក្សកាន់អំណាច (CPP) បានចាត់ទុក “ជាការបោកប្រាស់” រីឯអតីតមន្ត្រីបក្សប្រឆាំង (CNRP) ចាត់ទុកជា “ការក្បត់គ្នា” នោះ យើងមានទស្សនៈដោយឡែកថា “ទ្វារផ្ទះសម្រាប់តែបើកឬបិទ” គ្មានអ្នកណាសន្ធប់ចោលរាប់សិបឆ្នាំនោះទេ។ យ៉ាងណាមិញ ជម្លោះនយោបាយនៅកម្ពុជា តាំងពីរាជ្យណារាជ្យណីមក “ឈ្នះចាញ់ ដោយការចរចា” ដែល “នគរធំ” សូមគាស់កកាយរឿង “ចរចា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សូមរំឭកថា ទ្វារផ្ទះ ក៏ដូចជាទ្វារនយោបាយ ចាំបាច់ត្រូវតែ “ម្តងបើក ម្តងបិទ” ចៀសមិនរួចឡើយ ប៉ុន្តែនៅក្នុងដំណាក់កាលស្មុគស្មាញ មានសត្វសាហាវ ដើរក្រឡឹង គេត្រូវបិទទ្វារឱ្យជាប់ កុំឱ្យវាចូលបាន លុះសត្វទៅបាត់អស់ ទើបគេបើកទ្វារឱ្យខ្យល់ចេញចូលវិញ។ ការបិទទ្វារ សំដៅដល់ “បិទផ្លូវចរចា” រីឯការបើកទ្វារ គឺ “បើកការចរចា” នេះឯង ដែលព្រះមហាក្សត្រ មេទ័ពជំនាន់មុខ តែងយកមកប្រើ ដើម្បីបញ្ចប់សង្គ្រាមឈាមដាបធរណី។
កម្ពុជា មិនដែលឈ្នះចាញ់គ្នា ដោយមិនចរចានោះទេ ជួនកាលគេប្រើយុទ្ធសាស្ត្របំបែកគូសត្រូវ ឱ្យចែកជាបក្ខពួកសិន ទើបអ្នកឆ្លាត ចាត់មនុស្សជំនិតឱ្យទៅចរចាអូសទាញបក្ខពួកម្ខាងរបស់គូសត្រូវ ឱ្យចុះចូល សន្យាផ្តល់លាភសក្ការៈ បុណ្យស័ក្តិ ក៏ទទួលជ័យជម្នះជាស្ថាពរ។
ករណីបែបនេះ យើងឃើញកាលពីសម័យសង្គ្រាម ដោយសារតែលោកសឺង ង៉ុកថាញ់ “មេចលនាខ្មែរសេរី” ប្រឆាំងខ្លាំងពេក ទើបលោកសេនាប្រមុខ លន់ នល់ បញ្ជូនមនុស្សទៅចរចា អូសទាញលោកសឺង ង៉ុកថាញ់ មកធ្វើនាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋខ្មែរ និងបានបញ្ចប់ចលនាឧទ្ទាមខ្មែរសេរី តាំងពីពេលនោះមក។
ចូលមកដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរបបរដ្ឋកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបង្កើតទ្រឹស្តី យុទ្ធសាស្ត្រមួយគឺ “វាយផង ចរចាផង” ពោលគឺ ថ្ងៃណាក៏ឮស្នូរកាំភ្លើងឆ្លើយឆ្លងគ្នារវាងកងទ័ពរដ្ឋាភិបាល និងឧទ្ទាមខ្មែរក្រហម ក៏ដូចទាហានប៉ារ៉ា សេរីកា ម៉ូលីណាកា ដែលធ្វើសកម្មភាពតាមព្រំដែន។ សង្គ្រាមបង្ហូរឈាមខ្មែរដូចគ្នានោះ មិនឈ្នះ មិនចាញ់ទេ ប៉ុន្តែលុះដល់មាន “កាំភ្លើងបាញ់ចេញទឹក” គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ បន្ទាប់ពីចរចាជាច្រើនលើកច្រើនសា ទើបអ្វីៗស្ងប់ស្ងាត់ទៅ។
កាលពីឆ្នាំ២០០៣ ក្រោយការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៣ ដែលលទ្ធផលបង្ហាញថា CPP ទទួលបាន៧៣អាសនៈ ហ៊្វុនស៊ិនប៉ិច ទទួលបាន២៦អាសនៈ សម រង្ស៊ី ទទួលបាន២៤អាសនៈ លើ១២៣មក សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ និងលោកសម រង្ស៊ី កើតទុក្ខមិនសុខចិត្ត ក៏បានរួមគ្នាបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ” ប្រឆាំង CPP ដោយមានសម្តេច ក្រុមព្រះជាប្រធាន លោកសម រង្ស៊ី ជាអនុប្រធាន ដោយបំផុសសកម្មជនរាប់រយនាក់ ទៅបោះតង់ដេកត្រាំត្រែងនៅទីលានមុខវត្តបទុមវតី បដិសេធមិនចូលប្រជុំរដ្ឋសភា។ ដឹងអី! ស្រាប់តែសម្តេចហ៊ុន សែន បានទៅសួរសុខទុក្ខសម្តេចក្រុមព្រះ នៅព្រះដំណាក់វាលស្បូវ ក្នុងឋានៈជា “បងប្អូនធម៌” ក៏ស្រាប់តែភាគីហ៊្វុនស៊ិនប៉ិច យល់ព្រមចូលប្រជុំសភា ទុកភាគីបក្សសម រង្ស៊ី ឱ្យនៅម្នាក់ឯង។ ជំនាន់នោះ មានការចោទប្រកាន់ថា សម្តេចហ៊ុន សែន និងសម្តេចក្រុមព្រះ “ចរចាគ្នាស្ងាត់ៗ” បណ្តាលឱ្យពួកប្រឆាំងទាំងពីរបក្សនោះ បែកបាក់គ្នា ប៉ុន្តែដោយមិនចង់រស់នៅក្រៅឆាកនយោបាយ លោកសម រង្ស៊ី ក៏បានដឹកនាំសហការី ២៤រូប ចូលប្រជុំសភា នឹងគេដែរ។
ដូច្នេះយើងឃើញថា បើកាលណាពួកប្រឆាំង កំពុងចាប់ដៃគ្នាមិនព្រមបែក លុះត្រាតែបក្សកាន់អំណាច “បើកទ្វារចរចាស្ងាត់ៗ” ជាមួយភាគីណាមួយ ទើបបាន។ សព្វថ្ងៃ ទោះបីជាខ្សែលោកសម រង្ស៊ី និងខ្សែលោកកឹម សុខា និយាយមិនស្របគ្នាក្តី ក៏ពួកគេនៅរក្សាជំហរមិនទទួលស្គាល់សាលដីកាតុលាការកំពូល ដែលកាត់ក្តីរំលាយ CNRP។ ដូច្នេះកាលៈទេសៈនេះ បើ CPP ឆ្លាត អាចលួចចរចាជាមួយខ្សែប្រឆាំងខាងណាក៏បាន តាមទ្រឹស្តីធ្លាប់ធ្វើពីមុន គឺ “វាយផង ចរចាផង”។ “វាយ” សម័យនេះ គ្មានកាំភ្លើង យន្តហោះ រថក្រោះអ្វីទេ តែគេ “វាយប្រយោល” ដោយ “បិទទ្វារនយោបាយ មិនឱ្យពួកប្រឆាំងចូលរួម” លុះមើលជើងព្រួលដឹងថា ពួកប្រឆាំង កំពុងរញ៉េរញ៉ៃ គេត្រូវ “បើកទ្វារនយោបាយ” ឡើងវិញ។
បើកទ្វារនយោបាយ សំខាន់បំផុតត្រង់ការចរចាស្ងាត់ៗនេះឯង ប៉ុន្តែបើធ្វើទៅវាមិនស្ងាត់ “កុំទាន់អាលបើក”។ ករណីលោកសម រង្ស៊ី ត្រូវបានអ្នកនាំពាក្យ CPP បង្ហើបថា “ទាក់ទងសុំចរចាជាមួយសម្តេចហ៊ុន សែន” នោះ អាចជារឿង “មិនស្ងាត់” ឬថាធ្វើឱ្យខ្សែលោកកឹម សុខា បានដឹង ដូច្នេះគួរកុំទាន់អាលចរចា។ ចំណែកបក្សពួកលោកសម រង្ស៊ី ដែលធ្លាប់ចោទប្រកាន់ថា “CPP កំពុងចរចាអូសទាញលោកកឹម សុខា” ក៏ជារឿង “មិនស្ងាត់” ដែរអ‘ចីងឹ “ទ្វារនយោបាយ ត្រូវបិទឱ្យជិតសិន” ប៉ុន្តែបើធ្វើបានដោយសម្ងាត់ ចាំបើកទ្វារនោះឱ្យពួកប្រឆាំងដែលចរចានោះដើរចូល ទើបបានលទ្ធផលល្អ។
នៅក្នុងគម្ពីរជាតក ក្នុងព្រះពុទ្ធសាសនា បានតំណាលពី “ព្រះមហោសថ” តួអង្គព្រះពោធិសត្វ មានយុទ្ធសាស្ត្រនយោបាយឆ្លៀវឆ្លាត គ្មានគូប្រដូច ដោយបានចាត់មនុស្សជំនិត ឱ្យទៅចរចាស្ងាត់ៗ ជាមួយគូបដិបក្ខ។ សូម្បីតែ “សត្វសេក” ក៏អាចប្រើជាចារបុរសទៅចរចា ស៊ើបការសម្ងាត់ពី “នាងសារិកា” បានដែរ។ គ្មានអ្នកដឹកនាំប្រទេសណា ឬប្រធានគណបក្សណា លុបបំបាត់ការចរចាបានឡើយ សូម្បីលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាំបាច់ត្រូវតែបើកការចរចាជាមួយលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពភ័យខ្លាចពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
នៅកម្ពុជា ក៏យ៉ាងនេះដែរ តាំងពីជំនាន់អាចារ្យស្វា ពោធិ៍កំបោរ ក្រឡាហោមគង់ និងក្រោយមកយើងឃើញព្រះបាទនរោត្តម បានចាត់មនុស្សជំនិតទៅចរចាជាមួយមេឧទ្ទាមសំខាន់ៗ ដូចជា វិបុលសង្គ្រាម ស ចក្រីម៉ា ជាដើម តាមសំណើពីពួកបារាំង ខណៈដែលមន្ត្រីខ្មែរ មិនចង់នៅក្រោមអំណាចបារាំង ក៏នាំគ្នារត់ចូលព្រៃ បង្កចលនាតស៊ូ។
សព្វថ្ងៃ អ្នកគាំទ្រ CPP ស្អប់លោកសម រង្ស៊ី ខ្លាំងណាស់ តែស្អប់លោកកឹម សុខា ល្មមទេ ទើបអ្នកគាំទ្រទាំងនោះ ចង់ឱ្យ “បើកទ្វារនយោបាយឱ្យពួកប្រឆាំង ១១៨នាក់ ដើរចូល” ប៉ុន្តែចង់ “ខ្ទប់ទ្វារកុំឱ្យលោកសម រង្ស៊ី ចូលបាន”។ គោលបំណងរាំងខ្ទប់មេប្រឆាំងធំជាងគេនោះ បើដូចសម័យ “ស្តេចកន” ទើបអាចធ្វើបាន ប៉ុន្តែសម័យវិទ្យាសាស្ត្រជឿនលឿននេះ ពិបាកធ្វើណាស់ ដោយហេតុថា លោកសម រង្ស៊ី មានខ្នងបង្អែកអន្តរជាតិ ក្រាស់ណាស់។ បើ CPP ចង់យកឈ្នះលោកសម រង្ស៊ី លុះត្រាតែ “ចរចាស្ងាត់ៗ” តាម “យុទ្ធសាស្ត្រផ្សះផ្សា” ឬ “ទ្វារគេធ្វើសម្រាប់បើកឬបិទ” មិនមែនសន្ធប់ជិតឈឹងដូចរូងភ្នំនោះទេ។ ឧបមាថា CPP អាចអូសទាញខ្សែលោកកឹម សុខា ឱ្យចូលរួមក្នុងសង្គមជាតិ បានធ្វើនយោបាយដូចដើម ដោយរុញខ្សែលោកសម រង្ស៊ី ឱ្យនៅក្រៅប្រទេសរហូតនោះ “កុំរំពឹងថា បានសុខ” ព្រោះតែអាមេរិក សហភាពអឺរ៉ុប គាំទ្រលោកសម រង្ស៊ី។ សម័យសង្គមរាស្ត្រនិយម បានផាត់លោកសឺង ង៉ុកថាញ់ ឱ្យនៅក្រៅឆាក បានទាំងប្រកាសកាត់តម្លៃក្បាលគាត់ ១លានដុល្លារផងនោះ ទីបំផុត បានត្រឹម “រដ្ឋប្រហារផ្ទុះឡើង” នៅឆ្នាំ១៩៧០។ លុះលោកសេនាប្រមុខ លន់ នល់ ចរចាអូសទាញលោកសឺង ង៉ុកថាញ់ ឱ្យចូលធ្វើនយោបាយ ទើបចលនាខ្មែរសេរី ស្ងប់រលត់ដោយស្វ័យប្រវត្តិ។ “យុទ្ធសាស្ត្របំបែក” ថ្នាក់ដឹកនាំប្រទេសណាក៏គេយកមកប្រើដែរ លុះមើលឃើញថា ពួកប្រឆាំងបែកគ្នាហើយ គេ “ចរចាស្ងាត់ៗ” អូសទាញភាគី ម្ខាងឱ្យបាន ធ្វើឱ្យចលនាប្រឆាំង ដួលរលំដោយមិនចាំបាច់បង្ក្រាប។
សរុបទៅ “ទ្វារ គេធ្វើសម្រាប់បើកឬបិទ” សំដៅដល់ “ការចរចា” នេះឯង ប៉ុន្តែកាលៈទេសៈបច្ចុប្បន្ន ប្រហែលជាធ្វើមិនទាន់កើតទេ ដោយហេតុថា “ពួកប្រឆាំងដឹងខ្លួនមុន” ដូចទន្សាយរួចពីទ្រុង ដឹងថា គេតាមចាប់ ក៏ព្យាយាមដើរគេចអន្ទាក់។ ចំពោះព័ត៌មានលេចធ្លាយថា លោកសម រង្ស៊ី ចង់ចរចានោះ កំពុងដើរជាន់ប្រវត្តិសាស្ត្រ ព្រោះគ្មានអ្នកនយោបាយណា មិនយកការចរចាមកប្រើនោះទេ ប៉ុន្តែពេលនេះ អ្នកគាំទ្រ CPP ចង់ឱ្យផាត់លោកសម រង្ស៊ី ចេញ ចំណែកអ្នកគាំទ្រ CNRP ក៏មិនចង់ឱ្យ “ប្រធានស្តីទី CNRP” នោះចរចាដែរ ដោយចង់ឱ្យអន្តរជាតិ លូកដៃធ្វើអន្តរាគមន៍។ បើអ្នកគាំទ្រទាំងអស់ មិនចង់ឱ្យមេៗចរចាបែបនេះ “ទ្វារនយោបាយ នៅតែបិទ” ពោលគឺអ្នកដឹកនាំ មិនអាចដើររំលងឆន្ទៈប្រជាពលរដ្ឋបានឡើយ…៕