Tuesday, November 19, 2024
Homeតារាខ្មែរលម្អិត!!! ទេព បូព្រឹក្ស ទទួលយកសំណង១មុឺនដុល្លារ បរិច្ចាគមន្ទីរពេទ្យគន្ធបុប្ផា៣០០០ដុល្លារ

លម្អិត!!! ទេព បូព្រឹក្ស ទទួលយកសំណង១មុឺនដុល្លារ បរិច្ចាគមន្ទីរពេទ្យគន្ធបុប្ផា៣០០០ដុល្លារ

ភ្នំពេញ ៖ ករណីបុរសជើងខ្លាំង ជះនិងគប់កំប៉ុងស្រាបៀរដាក់តារាចម្រៀង ទេព បូព្រឹក្ស ដែលកំពុងច្រៀងនៅលើឆាកតន្ត្រីក្នុង ភោជនីយដ្ឋាន “សមុទ្រ” បានឈានដល់ការសម្របសម្រួលបញ្ចប់វិវាទទាំងស្រុងហើយ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដោយភាគី ជនបង្កឈ្មោះឆេង រស្មី បានយល់ព្រមចេញមុខសុំទោស កញ្ញាទេព បូព្រឹក្ស ជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដោយសំអាងថា បណ្តាលមកពីស្រវឹងស្រាខ្លាំងពេកគ្រប់គ្រងសតិមិនបាន និងបានធ្វើកិច្ចសន្យាមួយបង្ហាញពីជំហរមិនគុំគួន សងសឹក ពិសេសយល់ព្រមសងសំណងជំងឺចិត្តទៅកញ្ញាទេព បូព្រឹក្ស ចំនួន១ម៉ឺនដុល្លារ។

បន្ទាប់ពីគូវិវាទទាំងសងខាងព្រមព្រៀងបញ្ចប់បញ្ហា និងការប្តឹងផ្តល់ជាស្ថាពរហើយនោះ ភាគីទាំងពីរក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយទៅកាន់មហាជនគ្រប់មជ្ឈដ្ឋាន ដែលកំពុងទន្ទឹងរង់ចាំ និងចង់ដឹងពីលទ្ធផលនៃការចចារបញ្ចប់វិវាទមួយនេះ។

ជាកិច្ចចាប់ផ្តើមនៃសន្និសីទសារព័ត៌មាន កញ្ញាធីម សុភាព ជាមេធាវីរបស់កញ្ញាទេព បូព្រឹក្ស បានបញ្ជាក់ឱ្យដឹងថា រឿងរ៉ាវដែលបាន កើតឡើងទៅលើកញ្ញាទេព បូព្រឹក្ស ដោយមានការជះ និងគប់កំប៉ុងស្រាបៀរទៅលើកញ្ញាទេព បូព្រឹក្ស ខណៈដែលគាត់កំពុងតែច្រៀងនៅលើឆាក កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងហាងសមុទ្រ ក្នុងនាមជាមេធាវីការពារឱ្យកញ្ញាទេព បូព្រឹក្ស បានធ្វើការសម្របសម្រួល ចរចា ពន្យល់នូវមូលដ្ឋានច្បាប់ និងរកដំណោះស្រាយជាច្រើន ទាំងការជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ Hite ក៏ដូចជាជួបជាមួយភាគីជនបង្ក ភាគីម្ចាស់ហាង ក៏ដូចជាលោកស្រីម្នាក់ទៀតឈ្មោះសៀក ឡេង ដែលបានឡើងទៅលើឆាក ប្រើកាយវិការទះទៅលើក្រុមរាំរបស់កញ្ញាទេព បូព្រឹក្ស ពោលគឺជួបជាមួយគ្រប់ភាគីទាំងអស់ដើម្បីរកដំណោះស្រាយ ព្រោះត្បិតថា ការគប់កំប៉ុងស្រាបៀរ មិនមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយ តែរឿងនេះបានល្បីសុសសាយទូទាំងប្រទេស និងមានមតិចូលរួមជាច្រើន។ ក្នុងនោះ ក្នុងនាមជាមេធាវី ក្រៅពីពន្យល់ទាក់ទងនឹងមូលដ្ឋានច្បាប់ យើងបានព្យាយាមស្វែងរកដំណោះស្រាយ រហូតចុងក្រោយ មានកិច្ចព្រមព្រៀងមួយរវាងកញ្ញាទេព បូព្រឹក្ស ជាមួយភាគីបង្កទាំង៣ (ជនបង្កឈ្មោះចេង រស្មី ម្ចាស់ហាងដែលបានអះអាងថាជាម្ចាស់ហាង និងទម្លាក់កំហុសថាកញ្ញាទេព បូព្រឹក្សមកយឺត និងស្ត្រីឈ្មោះសៀក ឡេង) ដើម្បីបញ្ចប់វិវាទមួយនេះ។ ជាលទ្ធផល ទី១-ជនបង្កទាំង៣រូប យល់ព្រមទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈតាមរយៈសន្និសីទកាសែត ដើម្បីជាសក្ខីភាព បង្ហាញពីការទទួលស្គាល់កំហុសរបស់ខ្លួន ទី២-ភាគីបង្កយល់ព្រមសងសំណងជំងឺចិត្ត ដែលជាការខាតបង់របស់កញ្ញាទេព បូព្រឹក្ស រាប់តាំងពីការខាតបង់ពាក់ព័ន្ធនឹងស្មារតី កិត្តិយស កេរ្តិ៍ឈ្មោះ ពេលវេលាតាំងពីថ្ងៃកើតរឿង រហូតមកដល់ថ្ងៃនេះ និងទី៣-ភាគីបង្កសន្យាថា នឹងមិនធ្វើការគុំគួន ឬក៏សងសឹកគ្រប់រូបភាព ប៉ះពាល់ដល់សុវត្ថិភាព ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កញ្ញាទេព បូព្រឹក្ស។ សម្រាប់កញ្ញាទេព បូព្រឹក្ស ក្រោយពីទទួលបានកិច្ចព្រមព្រៀងមួយនេះ ក៏សម្រេចដកពាក្យបណ្តឹងដែលបានដាក់ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ហើយដោយសារតែបទល្មើសមួយនេះជាប្រភេទបទលហុ ហេតុនេះ ការបញ្ចប់វិវាទ តាមរយៈសំណងរដ្ឋប្បវេណី ក៏ដូចជាការជួសជុលផ្លូវចិត្តឱ្យ ជនរងគ្រោះ ហើយ បណ្តឹងអាជ្ញាក៏ត្រូវរលត់ទៅតាមនោះផងដែរ។

ចំណែកជនបង្កឈ្មោះឆេង រស្មី និស្សិតផ្នែកគ្រប់គ្រងឆ្នាំទី៤ ដែលបានជះ និងគប់កំប៉ុងស្រាបៀរទៅលើតារាចម្រៀងទេព បូព្រឹក្ស បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំសូមចូលរួមសោកស្តាយ និងសុំទោសទៅដល់កញ្ញាទេព បូព្រឹក្ស តាមពិតទៅ ខ្ញុំអត់ដឹងថាកញ្ញាគាត់មក ច្រៀងម៉ោងប៉ុន្មានទេ ហើយនៅក្នុងកម្មវិធីនេះ ជាកម្មវិធីជប់លៀងថ្ងៃបុណ្យគ្រីសស្មាស់ ហើយក៏ញ៉ាំគ្រឿងស្រវឹងរហូតដល់ស្រវឹងខ្លាំង រហូតខ្ញុំអត់បានចាំថាបានធ្វើអ្វីទៅលើកញ្ញាខ្លះដែរ ហើយជាថ្មីម្តងទៀត សុំទោសដល់កញ្ញាទេព បូព្រឹក្ស ហើយក៏បានសន្យាថា មិនមានការអីគុំគួនកញ្ញា ហើយក៏មិនមានការប្តឹងផ្តល់កញ្ញា ហើយក៏មិនមានការរំខានអីដល់កញ្ញាទៀតដែរ ហើយខ្ញុំសូមសុំទោសដល់កញ្ញាទេព បូព្រឹក្ស ម្តងទៀត…”។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលចោទសួរពីមូលហេតុ ដែលជះ និងគប់កំប៉ុងស្រាបៀរទៅលើកញ្ញាទេព បូព្រឹក្ស ថាតើមកពីការមិនចូលចិត្ត គុំគួន ឬមកពីមានបញ្ហាអ្វី? ជនបង្កឈ្មោះឆេង រស្មី បានឆ្លើយតបថា “ដោយសារពេលចូលរួមកម្មវិធីហ្នឹង ខ្ញុំញ៉ាំគ្រឿងស្រវឹងច្រើន ហើយខ្ញុំអត់បានចាំថាខ្ញុំ ធ្វើអ្វីកន្លងមកទេ…ខ្ញុំទៅចូលរួមកម្មវិធីហ្នឹង ក្នុងនាមជាភ្ញៀវធម្មតា ទង្វើបែបនេះខ្ញុំមិនដែលបានធ្វើលើបុគ្គលផ្សេងទេ សរុបទៅខ្ញុំចូលរួមសោកស្តាយ និងសុំទោសចំពោះការប្រព្រឹត្តរបស់ខ្ញុំកន្លងមក…”។

រីឯលោកកុំ ម៉ារី ជាម្ចាស់ហាងសមុទ្រ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខាងលើដែរថា “និយាយទៅ វាពាក់ព័ន្ធទៅនឹងការយល់ច្រឡំពេលវេលា ដោយសារការយល់ច្រឡំហ្នឹង វាធ្វើឱ្យកើតរឿងហ្នឹងមក ដោយសារខ្ញុំអត់ដឹងថាគាត់មកច្រៀងនៅម៉ោងប៉ុន្មានឱ្យពិតប្រាកដទេ ចឹងធ្វើឱ្យមានការយល់ច្រឡំ និងកើតបញ្ហាហ្នឹងឡើងមក ធ្វើឱ្យកំហឹងក្នុងខ្លួន ធម្មតាក្នុងការគ្រប់គ្រងពេលភ្ញៀវមកច្រើន ណាមួយមានជាតិអាល់កុលក្នុងខ្លួនតិចដែរ ចឹងវាធ្វើឱ្យការគ្រប់គ្រងហ្នឹងបាត់បង់ ដោយសារកម្មវិធីថ្ងៃហ្នឹង មានភ្ញៀវមកច្រើនមែនទែន ដោយសារកញ្ញាទេព បូព្រឹក្ស ជាតារាល្បី ហេតុនេះ មានភ្ញៀវមកច្រើនមែនទែន ធ្វើឱ្យការគ្រប់គ្រងក្នុងហាងវាពិបាក ចំណែករឿងខ្ញុំស្គាល់គាត់ (ជនបង្ក) គឺធម្មតាខ្ញុំជាម្ចាស់ហាង ចំណែកគាត់ជាភ្ញៀវ ពេលគាត់មកហាងខ្ញុំ គឺខ្ញុំត្រូវតែទទួល ទោះបីបងៗទាំងអស់គ្នាមកហាងខ្ញុំ ក៏ខ្ញុំទទួលដូចគ្នា… ក្នុងនាមខ្ញុំជាម្ចាស់ហាង ខ្ញុំមានការសោកស្តាយ ចំពោះទេព បូព្រឹក្ស ព្រោះគាត់ជាតារាចម្រៀងដែលល្បី ហើយមកមានបញ្ហាកន្លែងខ្ញុំ ហ្នឹងហើយជាអ្វីដែលខ្ញុំសោកស្តាយមែនទែន ហើយខ្ញុំមានតែការសុំទោសកញ្ញាទេព បូព្រឹក្ស ដែលមកកន្លែងខ្ញុំហើយ បង្កើតឱ្យមានបញ្ហា គេមកធ្វើបាបលើគាត់បែបនេះ ព្រោះខ្ញុំជាម្ចាស់ហាង គឺខ្ញុំទាមទារឱ្យមានការសប្បាយទាំងអស់គ្នាដែរ ទាក់ទងនឹងកាមេរ៉ាសុវត្ថិភាពមានមែន តែកាមេរ៉ាហ្នឹងវាថតអត់បាន ដោយសារវាពេញហាដឌីសទៅហើយ…”។

ដោយឡែក កញ្ញាទេព បូព្រឹក្ស បានលើកឡើងថា “ជាដំបូង ខ្ញុំសូមគោរពបងៗដែលនៅទីនេះទាំងអស់ ពាក្យក្នុងចិត្តដែលខ្ញុំចង់និយាយបំផុត គឺមានតែម្រាមដៃដប់ សូមអរគុណដល់ពុកម៉ែបងប្អូន ពូមីងទាំងអស់គ្នា សិល្បករសិល្បការនី សមត្ថកិច្ច ពិសេស អ្នកសារព័ត៌មានទាំងអស់ ដែលបានជួយលើកទឹកចិត្ត និងឈឺឆ្អាលជួយរកយុត្តិធម៌ដល់នាងខ្ញុំ ថ្ងៃនេះ នាងខ្ញុំព្រមឯកភាពទទួលយកសំណងពីខាងបងប្រុសជាជនបង្ក ដោយសារនិយាយទៅ បងប្រុសដែលគាត់បានជះ និងគប់នាងខ្ញុំនោះ គាត់ក៏ជានិស្សិត មនុស្សដែលមានការចេះដឹងមួយរូបដែរ ប៉ុន្តែដោយសារបងពិសាគ្រឿងស្រវឹង ទើបមិនអាចគ្រប់គ្រងអារម្មណ៍បាន ជ្រុលជ្រួសមកលើខ្ញុំ តាមពិត តាំងពីដំបូងនាងខ្ញុំមិនដែលចង់បានសំណងជំងឺចិត្តអីនោះទេ នាងខ្ញុំគ្រាន់តែចង់ឱ្យមកសុំទោស ខ្ញុំឱ្យគាត់ដោះស្រាយតែប៉ុណ្ណឹងទេ បើហើយខ្ញុំមិនប្តឹងផ្តល់អ្វីទាំងអស់ ព្រោះថា យើងរស់នៅក្រោមដំបូលតែមួយ ជាជនជាតិខ្មែរដូចគ្នា អ៊ីចឹងហើយរឿងអស់នេះគឺវាងាយនិយាយគ្នាណាស់ ព្រោះយើងនិយាយស្តាប់គ្នាយល់ ចឹងពេលគាត់មកសុំទោសខ្ញុំ គឺរឿងហ្នឹងវា ចប់ហើយ ដូចថ្ងៃច្រៀងនោះចឹង ដោយសារបងប្រុស (ម្ចាស់ហាង) គាត់អត់ដឹងម៉ោងពេល គឺខ្ញុំបាននិយាយជាមួយក្រុមហ៊ុនថា មកច្រៀងនៅម៉ោង១០ ហើយដោយសារតែមានការយល់ច្រឡំហ្នឹងហើយ បានមានរឿងហ្នឹងកើតឡើងអ្វីទាំងអស់នេះ ខ្ញុំគិតថាអត់មានអីវែងឆ្ងាយទៀតទេ ព្រោះបងក៏ព្រមសុំទោសខ្ញុំ គាត់ផ្តល់កិត្តិយសឱ្យខ្ញុំហើយ ចឹងខ្ញុំសង្ឃឹមថា នឹងមិនមានអំពើ ឬទង្វើបែបនេះ កើតឡើង មិនចំពោះតែរូបនាងខ្ញុំ ឬសិល្បករ សិល្បការិនីទេ គឺចំពោះមនុស្សទូទៅគ្រប់គ្នា កុំឱ្យមានរូបភាពបែបចឹងៗ ព្រោះថារឿងរស់នៅក្នុងដំបូលតែមួយ ក្រោមមេឃតែមួយ…”។

កញ្ញាទេព បូព្រឹក្ស បន្តថា “ចំពោះនាងខ្ញុំតាំងពីដើម គឺអត់ចង់បានលុយទេ ដែលខ្ញុំនិយាយពាក្យថា១០ម៉ឺនដុល្លារ ដោយសារការពិតខ្ញុំចាំដល់ពេលព្រឹក ឱ្យបងប្រុសទាំងពីរគាត់ចូលមកបកស្រាយ ដោះស្រាយជាមួយនាងខ្ញុំ តែពេលបានដោះស្រាយចចារគ្នាហើយ គាត់ក៏ប្រាប់ថា គាត់មានលទ្ធភាពត្រឹមតែប៉ុណ្ណឹង (១ម៉ឺនដុល្លារ) ក៏នាងខ្ញុំអូខេភ្លាមដែរ ព្រោះថាយើងអត់ត្រូវយករឿងហ្នឹង (លុយ) មកតថ្លៃគ្នាដូចការលក់ដូរ ឬប្រកបអាជីវកម្មអីទេ ចឹងលុយទាំងអស់នេះ ពេលដែលនាងខ្ញុំបាន ទោះជា១ម៉ឺន ១០ម៉ឺន ៥ពាន់ ឬក៏ប៉ុន្មានក៏ដោយ ក៏នាងខ្ញុំនៅតែយកលុយនេះ ទៅធ្វើឱ្យវាទៅជាសេចក្តីល្អ នាងខ្ញុំនឹងយកលុយនេះ ទៅបរិច្ចាគឱ្យមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយកុមារទូទាំងប្រទេស ហើយមួយចំនួនទៀត យកទៅជួយអ៊ំៗសិល្បករសិល្បការិនីចាស់ៗដែលកំពុងឈឺ អត់មានកម្លាំងធ្វើការងារអ្វី ពោលគឺនឹងយកលុយនេះ ធ្វើឱ្យទៅជាសេចក្តីល្អសម្រាប់ទាំងអស់គ្នា មិនចំពោះនាងខ្ញុំ តែក៏ចំពោះពួកគាត់ (ជនបង្ក) ផងដែរ…”។

កញ្ញាទេព បូព្រឹក្ស បានអះអាងថា “នាងខ្ញុំនឹងបរិច្ចាគជូនទៅមន្ទីរពេទ្យគន្ធបុប្ជាចំនួន៣ពាន់ដុល្លារ ហើយនៅសល់៧ពាន់ទៀត នាងខ្ញុំនឹងធ្វើការផូសនៅលើផេករបស់នាងខ្ញុំផ្ទាល់ នៅរាល់ពេលដែលនាងខ្ញុំចុះទៅជួបអ៊ំៗសិល្បករសិល្បការិនីចាស់ៗ ឬក៏នាងខ្ញុំយកទៅជូនដល់មណ្ឌល កុមារកំព្រា ឬចាស់ជរាណាមួយ ឬអាចតាមរយៈបងស្រីចនច័ន្ទ ដែលគាត់ជាប្រធានសមាគមសិល្បៈ…”។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលបានដឹងពីករណីកញ្ញាទេព បូព្រឹក្សនេះ ខាងសមាគមបានទាក់ទងទៅកញ្ញាទេព បូព្រឹក្ស ភ្លាមៗដើម្បីសួរនាំពីដំណើររឿងឱ្យបានច្បាស់លាស់ពិតប្រាកដ ព្រោះសមាគមមានជំហរជួយការពារអ្នកសិល្បៈដែលរងភាពអយុត្តិធម៌ ប៉ុន្តែបើជាជនបង្កវិញ គឺសមាគមសុំមិនជួយការពារនោះទេ។ ប៉ុន្តែក្រោយសួរនាំ ទើបដឹងថា កញ្ញាទេព បូព្រឹក្ស ពិតជាជនរងគ្រោះមែន ទើបខាងសមាគមខ្នះខ្នែង ជួយទាំងស្មារតី និងផ្លូវច្បាប់ដល់កញ្ញាទេព បូព្រឹក្ស និងបានជួយធ្វើការសម្របសម្រួល ដើម្បីឈានដល់ការបញ្ចប់វិវាទឱ្យបានឆាប់ និងមានការផ្តល់យុត្តិធម៌ពិតជូនកញ្ញាទេព បូព្រឹក្ស។ ទីបំផុត ក្រោមការខិតខំសហការគ្នាជាមួយគ្រប់ភាគី ទើបករណីវិវាទមួយនេះ បានឈានដល់ការសម្របសម្រួលបញ្ចប់ដោយរលូន និងប្រកបដោយការយោគយល់គ្នាក្នុងនាមជាខ្មែរ។

លោកចាន់ ទ្រា តំណាងភាគីស្រាបៀរ Hite បានបញ្ជាក់ឱ្យដឹងផងដែរថា “ខ្ញុំជឿថា រឿងនេះល្បីសុសសាយ ហើយក៏ចូលរួមចំណែកនៅក្នុងក្រុមហ៊ុនខ្ញុំបាទដែរ ព្រោះកម្មវិធីថ្ងៃនោះ គឺជាកម្មវិធីរបស់ស្រាបៀរ Hite យើងធ្វើចំថ្ងៃគ្រីសស្មាស់ ហើយយើងបានអញ្ជើញតារាចម្រៀងទេព បូព្រឹក្ស មក ចឹងវាមិនមែនជាលើកទី១ ដែលយើងធ្វើកម្មវិធីទេ តែយើងធ្លាប់ធ្វើច្រើនដងមកហើយ ហើយក៏មិនដែលមានបញ្ហាដែរ ទើបតែលើកនេះមានបញ្ហា ហេតុនេះ ខ្ញុំពិតជាសូមចូលរួមសោកស្តាយមែនទែន និងសុំអធ្យាស្រ័យពីប្អូនស្រីបូព្រឹក្ស ក៏ដូចជាអរគុណចំពោះការជួយសម្រុះសម្រួលពីគ្រប់ភាគី ធាតុពិតទៅ បើសិនជាយើងមិនបានសម្របសម្រួលគ្នាទេ វាហ្នឹងច្បាស់ជាធំ ហើយខ្ញុំក៏បានចូលរួមមួយផ្នែកក្នុងការសម្របសម្រួល ធ្វើឱ្យរឿងនេះបញ្ចប់ទៅដោយរលូននៅពេលនេះ…”។

គួររំលឹកថា រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានយីហោ “សមុទ្រ” ដែលមានទីតាំងនៅក្បែរមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះនិងគប់កំប៉ុងស្រាបៀរដាក់ ខណៈដែលនាងកំពុងច្រៀងនៅលើឆាកតន្ត្រីក្នុងភោជនីយដ្ឋានមួយ នោះ។

កញ្ញាទេព បូព្រឹក្ស បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងត្រូវបានគេអញ្ជើញឱ្យមកច្រៀង និងសម្តែងនៅក្នុងកម្មវិធី Hite X’mas Edition Party ដែលប្រព្រឹត្តទៅយប់ថ្ងៃអង្គារិ៍ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន “សមុទ្រ” ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Hite របស់ប្រទេសកូរ៉េ ហើយនាងបានត្រៀមចម្រៀងចំនួន៦បទ ដើម្បីយកទៅសម្តែងក្នុងកម្មវិធីមួយនេះ ចំណែកម៉ោងដែលនាងត្រូវឡើងច្រៀងនៅវេលាម៉ោង១០យប់ ហើយនាងបានទៅដល់ហាងនៅវេលាម៉ោង៩និង៥០នាទីយប់ ពោលគឺមុនកម្មវិធីចាប់ផ្តើម១០នាទី ស្រាប់តែម្ចាស់ហាងខឹង ប៉ុន្តែមិននិយាយអីនោះទេ លុះពេលដែលនាងកំពុងឡើងច្រៀងនៅលើឆាក ស្រាប់តែលេចមុខបុរសម្នាក់ដើរមកជះ និងគប់ កំប៉ុងស្រាបៀរដាក់នាង នៅចំពោះមុខភ្ញៀវពេញក្នុងហាងតែម្តង។

ដោយសារតែទទួលរងការអាម៉ាស់ និងកើតទុក្ខមិនសុខចិត្តចំពោះទង្វើមិនគប្បីរបស់បុរសរូបនោះ ទើបកញ្ញាទេព បូព្រឹក្ស បានធ្វើការឡាយវីដេអូតាមហ្វេសប៊ុកផ្ទាល់ខ្លួន រហូតមហាជនអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាទេព បូព្រឹក្ស បានស្រែកទ្រហោយំខ្លាំងៗ តាមរយៈការឡាយក្នុងហ្វេសប៊ុក។

បន្ទាប់មក នៅក្នុងវីដេអូឡាយរបស់កញ្ញាទេព បូព្រឹក្ស គេបានស្តាប់លឺសំឡេងស្ត្រីម្នាក់ ដែលអះអាងថាជាម្ចាស់ហាង បានព្យាយាម និយាយទៅកាន់កញ្ញាទេព បូព្រឹក្ស ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា រឿងគេយកកំប៉ុងស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញាបូព្រឹក្ស មិនព្រមសម្រួលទេ ព្រោះពេលនាងកំពុងតែស្រែកច្រៀងសុខៗ ស្រាប់តែមានគេយកកំប៉ុងស្រាបៀរគប់លើនាង ធ្វើឱ្យនាងខ្មាសគេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឱ្យតម្លៃមកលើនាងជាតារាចម្រៀង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស បានប្រកាសឱ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យនាងរួចរាល់ហើយ ដោយប្តឹងទៅលើបុរសជើងខ្លាំងរូបនោះ ឱ្យចេញមុខមកដោះស្រាយ និងទទួលខុសត្រូវ ហើយនៅក្នុងពាក្យបណ្តឹងនោះ នាងបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។

កញ្ញាទេព បូព្រឹក្ស បានរៀបរាប់ថា “ខ្ញុំដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤ អ្នកដែលគប់លើខ្ញុំហ្នឹងដោយចេតនា ហើយនឹងម្ចាស់ហាង ដែលគ្មានទំនួលខុសត្រូវ គឺហាងគាត់អសន្តិសុខខ្លាំងបំផុត ដែលសូម្បីតែកាមេរ៉ាសុវត្ថិភាព នៅពេលដែលនាងខ្ញុំ ខាងក្រុមគ្រួសារនាងខ្ញុំចង់ឆែកមើល គឺគាត់ថាខូច ដល់ពេលប៉ូលិសទៅដល់ ក្នុងរយៈពេល១ម៉ោង គាត់ឱ្យគេឆែកមើលអត់មាន គឺលុបទិន្នន័យចោលអស់ គឺមានត្រឹមថ្ងៃទី១៤ ហ្នឹង ហើយអ៊ីចឹងគឺខ្ញុំប្តឹងមួយទៀត គឺទៅលើអ្នកដែលរៀបចំកម្មវិធីហ្នឹង គឺមិនយកចិត្តទុកដាក់លើសន្តិសុខរបស់នាងខ្ញុំ ដែលនាងខ្ញុំជាតារាចម្រៀងទៅ សម្តែងឱ្យក្នុងផលិតផលរបស់គាត់ហ្នឹង ហើយមួយទៀត គឺម្នាក់ស្រីដែលគាត់ឡើងទៅអះអាងថា គាត់ហ្នឹងជាម្តាយអ្នកដែលគប់មកលើខ្ញុំហ្នឹង គាត់អះអាងថាជាម្តាយ ហើយគាត់បានលើកដៃទះ Dancer (អ្នករាំ) របស់ខ្ញុំចំនួន៣ដៃ…”។

 

កញ្ញា ទេព បូព្រឹក្ស បន្តថា “យប់នោះ បើសិនជាគាត់ មកសុំទោសខ្ញុំជាសាធារណៈ គឺអូខេ ខ្ញុំបញ្ចប់រឿងហ្នឹងចុះ ប៉ុន្តែគឺគេអត់ព្រមទេ គឺគេបណ្តោះគ្នាចេញទៅអស់ហើយ អ៊ីចឹងគឺនៅក្នុងថ្ងៃនេះ ខ្ញុំសូមប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ សម្រាប់ជំងឺចិត្តខ្ញុំ តែ១០ម៉ឺនដុល្លារនេះអ្នកឯង ចាំឱ្យច្បាស់ ខ្ញុំយកមកខ្ញុំយកទៅបរិច្ចាគឱ្យមន្ទីរពេទ្យគន្ធបុប្ជាខ្លះ ឬក៏មណ្ឌលចាស់ជរា ឬក៏កន្លែងណាដែលសិល្បករចាស់ៗដែល ឥឡូវហ្នឹងគាត់កំពុងតែឈឺ គាត់មិនមានការងារធ្វើ ១០ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់ប៉ះពាល់លុយអ្នកឯងទេ គឺខ្ញុំយកមកបរិច្ចាគអ៊ីចឹង…”៕

សូមទស្សនាវីដេអូខាងក្រោម ៖

តារាចម្រៀងទេព បូព្រឹក្ស ធ្វើសន្និសីទកាសែតជុំវិញរឿងត្រូវគេគប់ និងជះស្រាបៀរនៅហាងសមុទ្រ កាលពីយប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៨ !ទេព បូព្រឹក្ស បំភ្លឺរឿងប្ដឹងបុរសជះស្រាដាក់ដោយទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ

Posted by Angkorthom Magazine on Friday, 28 December 2018

RELATED ARTICLES