ភ្នំពេញ ៖ អតីតទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសម រង្ស៊ី ព្រមទាំងជាអតីតសហការីលោកសម រង្ស៊ី យ៉ាងជិតស្និទ្ធបំផុត បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងវាយប្រហារថា លោកនិងកូនប្រុស (គង់ បូរ៉ា) ជាមនុស្សក្បត់២នាក់ ក្នុងចំណោមអតីតថ្នាក់ដឹកនាំ១១៨នាក់ ដែលជាប់បម្រាមនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីលោកនិងកូនប្រុស (គង់ បូរ៉ា) បានប្រកាសថា នឹងសុំសិទ្ធិធ្វើនយោបាយវិញ នៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន។
លោកគង់ គាំ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ថា ៖
– គង់គាំ និងគង់ បូរ៉ា (ឪពុក និងកូន) ស្រលាញ់មាតុភូមិកម្ពុជា គោរពរដ្ឋធម្មនុញ្ញ (ច្បាប់នានា) និងគោរពប្រជាពលរដ្ឋខ្មែរទៀង- ទាត់ណាស់។
-សម រង្ស៊ី ទទួលស្គាល់ថាខ្លួនជាទណ្ឌិត ទើបបានប្រកាសបញ្ចប់សមាជិកភាព និងលះបង់តួនាទីប្រធាន CNRP តើមិនមែនដោយសារអានុភាពច្បាប់របស់ប្រទេសទេឬ?
-CNRP ក៏ទទួលស្គាល់ច្បាប់របស់ប្រទេសដែរតើ បានជាមិនប្រើរូបសញ្ញាទណ្ឌិត សម រង្ស៊ី-កឹមសុខា ចាប់ដៃគ្នានោះ។
-SRP ក៏ធ្វើសមាជប្តូរឈ្មោះទណ្ឌិតសម រង្ស៊ី ចេញទៅជាគណបក្សភ្លើងទៀន វិញ គឺដោយសារតែច្បាប់។
-គង់ គាំ ដែលបានដកឃ្លានៅឆ្នាំ២០១៥ ដោយហេតុផលសុខភាព រួចបានបញ្ចប់សមាជិកភាព និងតួនាទីប្រធាន SRP និងសុំចូលនិវត្តន៍ពីការងារព្រឹទ្ធសភា នៅឆ្នាំ២០១៦ មុនបញ្ចប់នីតិកាល ហើយមិនព្រមឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភា តាមការរៀបចំរបស់ CNRP នៅឆ្នាំ២០១៧នោះ គឺខ្ញុំ គង់ គាំ មិនស្ថិតក្នុងរចនាសម្ព័ន្ធ CNRP ទៀតនោះទេ។
-គង់ គាំ ជាប់បម្រាមរបស់សាលដីកាតុលាការកំពូល ដោយគ្មានហេតុផលជាក់ស្តែង ដូចនេះការទទួលយុត្តិធម៌ ដើម្បីមានសម្បទាធ្វើនយោបាយឡើងវិញ គឺគ្មានពាក់ព័ន្ធ CNRP ទេ។ សូមកុំលាបព័ណ៌ទាំងបំពាន និងមានចេតនាបង្កាច់បង្ខូចតាមមារយាទសពូជឱ្យសោះ។
-ប្រធាន CNRP ដែលរំលាយដោយច្បាប់ ហើយថ្នាក់ដឹកនាំដែលល្មើសសាលដីកាតុលាការកំពូល ប្រើតួនាទី និង CNRP ក្រៅច្បាប់ នាំអន្តរជាតិបំផ្លាញកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាកត្តាដែលគង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។ បម្រើប្រទេស និងបម្រើប្រជាពលរដ្ឋភាគច្រើន មិនបញ្ច្រាសចរន្តទេ។
-សមាសភាព (អង់តែន CNRP) លិចធ្លោនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាននិងកំពុងរង់ចាំការចូលស្រុករបស់ “ប្រធានស្តីទី Everywhere” រួចហើយ សូមអ្នកក្លាហានប្រវត្តិសាស្ត្រ កុំក្រលាស់សម្តី។ ឆ្លងឆ្នាំថ្មីសកល មិនចូល ពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃក្លាហានកាន់តែចុះខ្សោយទៅៗ (រហូតមានឈ្មោះជាមេដឹកនាំនយោបាយកុហក បោកប្រាស់ គ្មានគូរប្រៀបក្នុងប្រវត្តិសាស្ត្រ)។
-រង់ចាំជួបគ្នានៅសមរភូមិនយោបាយថ្មីដែលលែងជាមិត្តជិតស្និទ ប៉ុន្តែជាគូបដិបក្ខដ៏ខ្លាំងក្លា នឹកស្មានមិនដល់ឡើយ”។
ជាមួយគ្នានេះ កូនប្រុសរបស់លោកគង់ គាំ គឺលោកគង់ បូរ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលលោកសម រង្ស៊ី ហៅថាជាមនុស្សក្បត់ទី២ នោះ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ថា “ខ្ញុំ គង់ បូរ៉ា សូមបញ្ជាក់ជាថ្មី ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ ខ្ញុំ គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។ បម្រើប្រទេស និងបម្រើប្រជាពលរដ្ឋភាគច្រើន មិនបញ្ច្រាសចរន្តទេ”។
គួរបញ្ជាក់ថា លោកគង់ គាំ និងលោកគង់ បូរ៉ា ជាកូនប្រុស បានបញ្ចោញសារប្រតិកម្មឆ្លើយតបលោកសម រង្ស៊ី ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានចោទលោកទាំងពីរនាក់ឪពុកកូន ថាមនុស្សក្បត់តែ២នាក់គត់ ក្នុងចំណោមអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ១១៨នាក់ ដែលជាប់បម្រាម នយោបាយ។
លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ ជាអត្ថបទដំណឹងខ្លីៗថា “…មានមនុស្សក្បត់តែ២នាក់ទេ ក្នុងចំណោមមន្ត្រី គណបក្សសង្គ្រោះជាតិ ១១៨នាក់។ លើកលែងតែមនុស្សថោកទាប ល្ងង់មើលខ្លី តែពីរនាក់ប៉ុណ្ណោះ មន្ត្រីគណបក្សសង្គ្រោះជាតិ ១១៦នាក់ លើ១១៨នាក់ ដែលត្រូវបានគេដកសិទ្ធិធ្វើនយោបាយ មិនចាញ់បោក ឬមិនលក់ខ្លួនឱ្យហ៊ុន សែន ទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅស្មោះត្រង់ទាំង១១៦នាក់នោះ យល់ច្បាស់ថា មិនដឹងជាទៅសុំសិទ្ធិធ្វើនយោបាយពីហ៊ុន សែន បានប្រយោជន៍អ្វីទេ នៅពេលដែលគណបក្សសង្គ្រោះជាតិ មិនទាន់អាចដំណើរការឡើងវិញ ហើយប្រធានគណបក្ស គឺលោកកឹម សុខា មិនទាន់ទទួលបានសេរីភាពពេញលេញនៅឡើយ។ មន្ត្រីទាំងអស់នោះ ក៏យល់ដែរថា បើទៅធ្វើនយោបាយក្នុងកាលៈទេសៈបែបនេះ គឺគ្រាន់តែទៅធ្វើនយោបាយដើម្បីបម្រើប្រយោជន៍លោកហ៊ុន សែន ដោយផ្ទាល់ ឬ ដោយប្រយោលតែប៉ុណ្ណោះ”។
លោកសម រង្ស៊ី បានសរសេរបន្តថា “យើងទាំងអស់គ្នា ត្រូវដឹងថា ហ៊ុន សែន មិនអាចទ្រាំនឹងសម្ពាធពីសហភាពអឺរ៉ុប បានទេ ដែលនឹងដាក់ទណ្ឌកម្មពាណិជ្ជកម្ម ធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ជួបប្រទះវិបត្តិដ៏ធ្ងន់ បើហ៊ុន សែន មិនធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុប នេះទេ។ ការទាមទារចម្បងរបស់សហភាពអឺរ៉ុប គឺត្រូវតែដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងត្រូវតែបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ ពេលនោះ មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨នាក់ នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ជាស្វ័យប្រវត្តិ និងដោយថ្លៃថ្នូរថែមទៀត ហើយសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សារាជធានី សរុបមានជាង ៥៦០០នាក់ ក៏នឹងទទួលបានតំណែងរបស់ខ្លួនវិញ ជាស្វ័យប្រវត្តិ ក្រោយពីគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ”៕ កុលបុត្រ