រយៈពេលជាង១ឆ្នាំហើយ ដែលសុគន្ធ និសា បានក្លាយទៅជាភរិយាស្របច្បាប់របស់លោកពៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរ មកពីសហរដ្ឋអាមេរិក រដ្ឋឡូវែល៍ ហើយពេលនេះជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife ប្រចាំនៅកម្ពុជា បន្ទាប់ពីពួកគេបានដឹកដៃគ្នាក្រាបផ្ទឹម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
សុគន្ធ និសា ដែលត្រូវគេរំពឹងថា អាចនឹងលាឈប់ពីសិល្បៈ ព្រោះមានស្វាមីជាអ្នកជំនួញទ្រព្យស្ដុកនោះ បែរជាត្រូវប្ដីឲ្យនៅបន្ដអាជីពចាស់ដដែល ហើយបើទោះជាលោកសាំបា រំអុកចង់បានកូនយ៉ាងណា ក៏នាងមិនអាចបំពេញបំណងនេះបានឡើយ។
សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនិងស្វាមីពិតជាចង់បានកូនមែន តែពេលនេះមិនទាន់អាចយកកូនបាន ដោយសាររង់ចាំវីសាពីស្ថានទូតអាមេរិក ជាមុនសិន ហើយនាងចង់យកកូនតាមគម្រោង មិនមែនយកកូនដោយចៃដន្យនោះទេ។
តាមរយៈការអះអាងបែបនេះ បញ្ជាក់ថា សុគន្ធ និសា ចង់ពពោះលើទឹកដីអាមេរិក ហើយពេលកូនរបស់នាងសម្រាល គឺបានសញ្ជាតិអាមេរិក តែម្ដង ដែលពេលនោះហើយ នាងត្រូវចាកចេញពីអាជីពសិល្បៈ ដើម្បីទៅផ្ដល់កំណើតឲ្យកូនរបស់នាង ជាលើកដំបូង លើដីអាមេរិក។ យ៉ាងណា និសា ថា អាជីពសិល្បៈដែលនាងបានតស៊ូ រយៈពេលជាង១០ឆ្នាំមកហើយនោះ មិនអាចបោះបង់ទៅវិញងាយៗទេ ព្រោះថា នាងស្រលាញ់អាជីពមួយនេះខ្លាំងណាស់ ហើយចំណុចទាំងនេះ ស្វាមីរបស់នាងក៏ធ្លាប់បានដឹងអស់ហើយដែរ តាំងពីមុននាងរៀបការម្ល៉េះ។
សុគន្ធ និសា ទោះជាមានស្វាមីទៅហើយក្ដី តែតារាតូចច្រឡឹងរូបនេះ នៅរក្សារសម្រស់បានស្វែលស្អាតដូចមុនដដែល ដោយតាមបណ្ដាកម្មវិធីសិល្បៈមួយចំនួន អ្នកខ្លះបានហៅនិសា ថា ”កញ្ញា” ទៀតផង បើទោះជានិសា មិនចង់ឲ្យគេហៅថា នាងបែបនេះក្ដី តែម្ចាស់កម្មវិធីថា មិនមែនចង់លាក់បាំងរឿងនាងស្វាមីទេ តែដោយសារសម្រស់និសា មិនធ្លាក់ចុះ នៅតែដូចមិនទាន់រៀបការ ហេតុនេះហើយបានជាគេហៅនាងថា “កញ្ញាៗ” នោះ ទោះជាប្ដីនាងនៅមុខជ្រងោៗក្ដី។ ថ្វីត្បិតតែនិសា ត្រូវបានគេថា នាងស្អាតមិនចាញ់ក្រមុំក្ដី តែតារាហង្សមាស រូបនេះ មានការព្រួយបារម្ភខ្លាំងទៅលើសុខភាពផ្ទាល់ខ្លួន ដោយសារតែនាងមានជំងឺក្រពះជាច្រើនឆ្នាំមកហើយ។
និសា បានឲ្យដឹងដែរថា ជំងឺក្រពះនោះ ពេលខ្លះធ្វើទុក្ខខ្លាំង ដែលអាចប៉ះពាល់ទៅដល់ការប្រើប្រាស់សំឡេងច្រៀងរបស់នាងថែមទៀតផង គឺចុះខ្សោយជាងមុន។
យ៉ាងណា សុគន្ធ និសា ថា ជំងឺក្រពះរបស់នាងនោះ មិនដល់ថ្នាក់ដឹកទៅព្យាបាលនៅក្រៅប្រទេសទេ គឺព្យាបាលនៅក្នុងស្រុកប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅ នាងត្រូវងាកមកថែទាំសុខភាពឲ្យបានច្រើនជាងមុន បើទោះជាជំងឺនេះបានកើតមានសម្រាប់តារាសិល្បៈ ស្ទើរតែទូទៅហើយក្ដី។
សុគន្ធ និសា ស្ថិតក្នុងចំណោមតារាល្បីៗ ដែលយកប្ដីអាណិកជនខ្មែរ នៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី , គឹម លក្ខិណា , វ៉េត រតនា, សារ៉ាយ សក្ខណា ជាដើម ដែលពេលនេះពួកគេបានបោះបង់អាជីពសិល្បៈស្ទើរតែទាំងស្រុងអស់ទៅហើយ។
ដោយឡែក សុគន្ធ និសា ឬប៊ុន សុគន្ធា វិញ បានសម្រុកថតភាពយន្ដដល់ទៅ៣រឿង គឺរឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ” និងរឿង ”ព្រះវេស្សន្ដរជាតក” មុនពេលដែលនាងចេញទៅរស់នៅអាមេរិក និងយកកូនតាមគម្រោង៕