Monday, November 25, 2024
Homeនយោបាយមេធាវីថា លោកសម រង្ស៊ី មិនកំសាកខ្លាចខ្នោះនិងគុក ជ្រើសពេលវិធីល្អចូលស្រុក

មេធាវីថា លោកសម រង្ស៊ី មិនកំសាកខ្លាចខ្នោះនិងគុក ជ្រើសពេលវិធីល្អចូលស្រុក

ភ្នំពេញ ៖ លោកជូង ជូងី មេធាវីរបស់លោកសម រង្ស៊ី បានអះអាងថា លោកសម រង្ស៊ី ជាកូនក្តីរបស់លោកដែលកំពុងរស់នៅក្រៅប្រទេសនោះ មិនកំសាកខ្លាចខ្នោះ និងគុក ដូចការរិះគន់ពីក្រុមអតីតបក្សប្រឆាំង និងក្រុមគណបក្សកាន់អំណាចនោះទេ គឺលោក សម រង្ស៊ី នឹងជ្រើសពេល និងវិធីដែលល្អបំផុត ដើម្បីវិលចូលស្រុកវិញ។

លោកជូង ជូងី បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ថា “លោកប្រធានសម រង្ស៊ី មិនខ្លាចមិនកំសាកទេក្នុងការវិលត្រឡប់មកកម្ពុជា វិញនោះ គឺលោកប្រធាននឹងជ្រើសរើសពេលវេលា និងវិធីដែលល្អបំផុតក្នុងការវិលត្រឡប់មកកម្ពុជាវិញ”។

លោកជូង ជូងី បានសរសេរបន្ថែមថា “អ្នកខិតខំរិះគន់ វាយប្រហារ និងបំផ្លាញលោកសម រង្ស៊ី ហើយ អះអាងថា លោកសម រង្ស៊ី ធ្វើនយោបាយអន់ តាំងពីលោកសម រង្ស៊ី ដឹកនាំបក្ស គឺដណ្តើមអាសនៈសភា បាន១៥, ២៤, ២៦ និង៥៥កៅអី។ បើឆ្នាំ២០១៨ នេះ សង្គ្រោះជាតិ បានចូលរួមបោះឆ្នោតនោះ ១០០ភាគរយ សង្គ្រោះជាតិ ដែលបង្កើតនិងដឹកនាំដោយលោកសម រង្ស៊ី នឹងទៅបង្កើតរដ្ឋាភិបាលដោយពិតប្រាកដ។ ចុះអ្នកដែលរិះគន់លោកសម រង្ស៊ី បានធ្វើអ្វីចេញខ្លះហើយ? តើអ្នកមានចេះពិនិត្យមើលខ្លួនឯងទេ? ខ្ញុំសូមជូនយោបល់ល្អមួយដល់អ្នក គួរតែសុំជ្រកជាមួយស៊ីភីភី ទៅ ដើម្បីបានប្រយោជន៍ និងបុណ្យស័ក្តិ ហើយអាចប្រើអំណាចស៊ីភីភី បំផ្លាញលោកសម រង្ស៊ី ឆាប់មានប្រសិទ្ធភាពផងមែនទេ?”។

លោកជូង ជូងី

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកជូង ជូងី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ថា ថ្វីត្បិតតែលោកសម រង្ស៊ី មិនដែលបានជាប់គុកម្តងណា ក្នុងការធ្វើនយោបាយ ហើយរងបណ្តឹងជាច្រើនកន្លងមកក៏ដោយ ក៏លោកសម រង្ស៊ី មានការប្រឈមនឹងគ្រោះថ្នាក់ខាងនយោបាយច្រើនជាងលោកកឹម សុខា ដែលកំពុងជាប់ឃុំនោះ។ ដូច្នេះមិនមានន័យថា លោកសម រង្ស៊ី ខ្លាចខ្នោះ ខ្លាចគុតនោះទេ គ្រាន់តែមិនទាន់ដល់ពេលដែលលោកត្រូវមកតស៊ូនយោបាយ នៅក្នុងស្រុកវិញ។

លោកជូង ជូងី បានមានប្រសាសន៍ថា “បើកាលណាគាត់កំសាក គាត់អត់ធ្វើនយោបាយទេ ហើយក្នុងប្រវត្តិ បទពិសោធន៍ដែល គាត់ឆ្លងកាត់កន្លងមក គឺជូរចត់ ហើយនិងប្រឈមខ្លាំងណាស់ ដែលឆ្លងកាត់រួចទៅហើយៗដែល រហូតដល់ពេលនេះ គឺខ្ញុំអត់ឃើញថា អ្នកនយោបាយប្រឆាំងណាដែលប្រឈមដូចគាត់ ហើយដែលធ្វើនយោបាយទៅបានជោគជ័យជាង គាត់ ពីព្រោះលទ្ធផលនៃការតស៊ូនយោបាយរបស់គាត់ៗ ដឹកនាំគណបក្ស តាំងពី១៥កៅអី ២៤កៅអី ២៦កៅអី រហូតដល់ចុងក្រោយ ក្នុងក្របខ័ណ្ឌសង្គ្រោះជាតិ គាត់បាន៥៥កៅអី ហើយអ្នកខ្លះរិះគន់ថា គាត់ធ្វើនយោបាយចាញ់។ តើអ្នកដែលរិះគន់គាត់ថា ធ្វើនយោបាយចាញ់ហ្នឹង កំណត់ថា ទាល់តែឈ្នះបានកាន់អំណាច ឬក៏ម៉េច? បើឈ្នះទៅកាន់អំណាច មិនមែនភ្លែតទៅ បាន៦៣កៅអី ឬមួយបាន៥០%បូក ១តែម្តងទេ វាត្រូវចាប់ផ្តើមពីមួយកៅអី ពីរកៅអី រហូតបាន៥០%បូក១ ហើយក្រៅពីគណបក្សគាត់ អត់ឃើញគណបក្សផ្សេងទៀត ធ្វើបានជោគជ័យដូចគាត់។ អ៊ីចឹងទី១ ស្នាដៃដែល គាត់បង្ហាញឃើញថា គាត់ពូកែជាងអ្នកនយោ-បាយាប្រឆាំងផ្សេងទៀត ហើយឆ្លងកាត់បទពិសោធន៍ដែលគាត់បានប្រឈមកន្លងមក ក៏ខ្ញុំមើលឃើញថា គាត់ប្រឈមជាងអ្នកនយោបាយផ្សេងៗទៀតដែរ។ អ៊ីចឹងខ្ញុំជឿថា គាត់មិនមែនអ្នកនយោបាយកំសាក ដូចអ្នកមួយចំនួនដែលមើលឃើញគាត់តាមផ្លូវអវិជ្ជមានអ៊ីចឹងទេ ប៉ុន្តែជាទូទៅ ក្នុងការចូល គាត់មិនមែនចូលៗតាមអ្នកដែលឱ្យចូលអ៊ីចឹងទេ គាត់ត្រូវជ្រើសរើសថាចូលពេលណា? ហើយរបៀបថាចូលរបៀបណា? មិនមែនចូលតាមនឹកឃើញ ឬចូលតាមប្រថុយ គឺមិនទេ គឺចូលពេលណាដែលល្អបំផុត ដែលសុវត្ថិភាពបំផុតសម្រាប់គាត់ ហើយចូលរបៀបណាដែលល្អបំផុត ដែលគាត់ចូលមក គឺមានប្រយោជន៍ចេញពីការចូលរបស់គាត់ហ្នឹង។ ខ្ញុំជឿថាអ៊ីចឹង ទើបខ្ញុំបញ្ចោញទស្សនៈហ្នឹង”។

លោកជូង ជូងី បន្តថា “ខ្ញុំយល់ថា អ្នកដែលរិះគន់ថា គាត់ជាល្បែងកំសាក ឬក៏គាត់ធ្វើនយោបាយមិនកើត អន់ហ្នឹង អ្នកដែលរិះគន់គាត់ហ្នឹង បានតែរិះគន់ទេ ប៉ុន្តែអ្នកដែលរិះគន់នោះ សួរថា គាត់បានធ្វើអ្វីខ្លះ? បានកែប្រែរបៀបដឹកនាំគណបក្សកាន់អំណាចរបៀបណាខ្លះ? ហើយបានធ្វើឱ្យរាស្ត្រហ្នឹងមានជំនឿទៅ លើអ្នករិះគន់ហ្នឹងកម្រិតណាខ្លះ? គឺកាលណា ធ្វើអត់ទាន់ល្អស្មើលោកសម រង្ស៊ី បែរទៅរិះគន់គាត់ អាហ្នឹងទៅជាបំផ្លាញគាត់ ឬរាំងស្ទះដល់គាត់ទៅវិញទេ។ ក្នុងចំណុចនេះ ខ្ញុំបញ្ជាក់ឡើងវិញថា បទពិសោធន៍ដែលខ្ញុំមើលឃើញ ដែលគាត់ឆ្លងកាត់កន្លងមកហ្នឹង គឺប្រឈមខ្លាំង ដែលថា ខ្ញុំមើលទៅ អ្នកនយោបាយប្រឆាំងផ្សេងទៀត អត់ឃើញអ្នកនយោបាយណាដែលប្រឈមជាងគាត់ ទោះបីលោកប្រធាន កឹម សុខា ប្រឈមទៅដល់ជាប់គុកក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំមើលឃើញថា ការប្រឈមជាប់គុក លោកកឹម សុខា ក៏មិនទាន់ប្រឈមដូចលោកសម រង្ស៊ី ដែលឆ្លងកាត់ប្រវត្តិអតីតកាលកន្លងមកដែរ ហើយដល់ពេលប្រឈមទៅអនាគត គឺខ្ញុំមើលឃើញថា បើគាត់រើសពេលវេលាមិនត្រូវ ឬរើសរបៀបចូលមិនត្រូវ គឺប្រឈមធ្ងន់មែនទែន ហើយការប្រឈមធ្ងន់យ៉ាងណានោះ ខ្ញុំគិតថា កុំនិយាយ វាល្អជាងនិយាយ ហើយយើងជាប្រជាពលរដ្ឋ ក៏យើងយល់ថា គាត់ជាមេដឹកនាំល្អ យើងគួរតែស្តាប់ ឬគួរតែស្វែងយល់ពីជំហរនយោបាយ និងឥរិយាបថនយោបាយរបស់គាត់ ត្រៀមចាំចូលរួមជាមួយគាត់ទៅ ប៉ុន្តែបើយើងយល់ថា គាត់មិនមែនជាអ្នកនយោបាយល្អ មានតែយើងយល់ថា សម្តេចហ៊ុន សែន ជាអ្នកនយោបាយល្អ គាំទ្រគណបក្សប្រជាជនទៅ ពីព្រោះរាស្ត្រខ្មែរយើង មានសេរីភាពក្នុងការជ្រើសរើសមេដឹកនាំ ឬក៏ជ្រើសអ្នកនយោបាយដែលខ្លួនយល់ថាល្អ។

លោកសម រង្សុី

លោកជូង ជូងី បានបន្ថែមថា “ឥរិយាបថ ជំហរ និងសកម្មភាពរបស់គាត់កន្លងមក បង្ហាញឱ្យឃើញ ឱ្យខ្ញុំមើលឃើញច្បាស់ថា គាត់អត់ខ្លាចគុកច្រវាក់អីហ្នឹងទេ ប៉ុន្តែសំខាន់ថា តើគាត់អាចប្រើជីវិតក្នុងមួយជីវិតរបស់គាត់ជួយជាតិនោះ ក្នុងការប្រឡូកនយោបាយនោះ មានប្រយោជន៍ដល់ជាតិបំផុតត្រឹមកម្រិតណា? បើសិនក្នុងមួយជីវិតរបស់គាត់ធ្វើទៅមានប្រយោជន៍បានតិចដល់ជាតិ អាហ្នឹងវាខាត។ អ៊ីចឹងគាត់ប្រាកដជារើសពេលវេលា ហើយនិងរើសវិធីដែលត្រូវចូលមកឱ្យមានប្រយោជន៍ដល់ជាតិបំផុត ដែលអាចទៅរួចនោះ។ ចំពោះខ្ញុំក្នុងនាមជាមេធាវី ខ្ញុំបានការពារក្តីឱ្យគាត់ច្រើនករណី រួចហើយៗទៅអនាគត បើថា ស្ថានភាពតម្រូវយ៉ាងណា ខ្ញុំនៅតែស្ម័គ្រការពាររឿងក្តីជូនគាត់តទៅទៀត”។

គួរបញ្ជាក់ថា លោកមេធាវី ជូង ជូងី បានលើកឡើងខាងលើនេះ គឺធ្វើឡើងក្រោយ ពេលកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា បានលើកឡើងថា លោកសម រង្ស៊ី នឹងមិនហ៊ានចូលស្រុកនៅឆ្នាំ២០១៩ នេះ ដូចដែលលោកបានប្រកាសនោះទេ បើសម្តេចហ៊ុន សែន ត្រៀមខ្នោះ និងគុក រង់ចាំទទួលបែបនេះ។

កញ្ញាកឹម មនោវិទ្យា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាងថ្មីៗនេះថា “ឈប់ ភូតកុហកទៀតទៅ! នេះមិនមែនជាលើកទី១ ទេ ដែលលោកសម រង្ស៊ី ប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះ ប្រកាសច្រើនដង ហើយតាំងពីចុងឆ្នាំ២០១៥ តែមិនដែលឃើញអើតមុខមកទេ។ តើហ៊ានមកឬអត់ បើរដ្ឋាភិបាលត្រៀមខ្នោះ និងគុកដាក់ដូច្នេះ? ទំនងច្បាស់ជាមិនហ៊ានមកទេ ព្រោះលោកសម រង្ស៊ី គ្មានភាពក្លាហានគ្រប់គ្រាន់នឹងវិលមកវិញទេ គឺរកតែលេសដើម្បីគេចចេញពីបញ្ហា មិនហ៊ានជាប់គុកទេ ទុកឱ្យអ្នកដទៃរងទុក្ខជំនួសខ្លួន”៕

RELATED ARTICLES