ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបន្តចោទប្រកាន់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិថា ជាអ្នកដឹកនាំព្រឹត្តិការណ៍បង្ក អំពើហិង្សានៅផ្លូវវេងស្រេង កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើនេះមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
ទំព័រហ្វេសប៊ុក “យុវជន៧មករា” របស់គណបក្សប្រជាជនកម្ពុជា បានសរសេរនៅថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៩ ថា “អំណាចដែលបានពីប្រជាជន ត្រូវបានការពារ។ ព្រឹត្តិការណ៍ដែលទណ្ឌិតសម រង្ស៊ី និងបក្សពួកមួយក្តាប់តូច បានដឹកនាំបង្កើតអំពើហិង្សានៅផ្លូវវេងស្រេង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាអំពើដែលមិនអាចអត់ឱនឱ្យបានជាដាច់ ខាត។
ប្រឈមមុខចំពោះអំពើល្មើសច្បាប់ដ៏ធ្ងន់នេះ កងប្រដាប់អាវុធ បានចេញអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដាច់ខាតមិនអនុញ្ញាតឱ្យមានគ្រោះមហន្តរាយ ដូចពីអតីតកាល កើតមាននៅកម្ពុជា ជាថ្មីទៀតឡើយ…។ បើគ្មានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ កម្ពុជា មិនបានសុខដូចសព្វថ្ងៃនេះទេ”។
បន្ថែមលើសំណេរហ្វេសប៊ុកខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរំលឹកថា “គួរនាំខ្លួនសម រង្ស៊ី មកកាត់ទោសឱ្យធ្ងន់បំផុត ព្រោះសម រង្ស៊ី និងបក្ខពួកបានធ្វើកុបកម្មដ៏ហិង្សា ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ទណ្ឌិតសម រង្ស៊ី និងបក្សពួក ដែលចង់បំផ្លិចបំផ្លាញកម្ពុជា តាមរយៈផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គួរតែត្រូវបាននាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់បំផុត ដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងរបួសនៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ នោះ”។
លោកសុខ ឥសាន បានបញ្ជាក់តាមរយៈសារ Telegram នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៩ ថា “ពាក្យមិនយកខ្មែរណាធ្វើជាសត្រូវ ជាពាក្យមានខ្លឹមសារ និងអត្ថន័យល្អណាស់ ខ្មែរណាក៏ចូលចិត្ត និងស្វាគមន៍ដែរ។ ប៉ុន្តែបើគ្រាន់តែមានតែទ្រឹស្តី ឯការអនុវត្តផ្ទុយនោះ ក៏មិនអាចយកជាបានការដែរ។ ជាក់ស្តែង អតីតមេដឹកនាំអតីតបក្សប្រឆាំង បានយកពាក្យនេះ ធ្វើជាពាក្យស្លោកក្នុងការតស៊ូនយោបាយរបស់ខ្លួន ប៉ុន្តែពាក្យនេះបានបង្កប់ទៅដោយថ្នាំពុលយ៉ាងមានឥទ្ធិពលបំផុត បើសិនជាមិនយកចិត្តទុកដាក់ពិនិត្យឱ្យបានស៊ីជម្រៅទេនោះ។ ជាសំខាន់ គឺការអនុវត្តជាក់ស្តែងតែម្តង ពួកគេនាំគ្នាស្រែកថា មិនយកខ្មែរណាជាសត្រូវ តែពួកគេបង្គាប់បញ្ជាឱ្យធ្វើអំពើហិង្សា ដោយចាត់ទុកបក្សកាន់អំណាចជាខ្មាំងសត្រូវ ជាអាយ៉ងបរទេស ហើយប្រើមធ្យោបាយផ្តួលរំលំតែម្តង ដូចដែលពួកគេបញ្ជាដឹកនាំធ្វើកុបកម្ម នាដើមខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេងនោះ តើជាការមិនយកខ្មែរណាជាសត្រូវឬ? គឺពិតជាយកខ្មែរធ្វើខ្មាំងសត្រូវពិត។ ដូច្នេះបញ្ហា ដ៏គ្រោះថ្នាក់នេះ បើសិនមិនមានវិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាទេនោះ ពាក្យថា មិនយកខ្មែរណាជាសត្រូវ នឹងក្លាយទៅជាមធ្យោបាយផ្តួលរំលំដ៏មានប្រសិទ្ធភាពជាមិនខានឡើយ។ បានន័យថា នេះហើយដែលហៅថា បដិវត្តន៍ពណ៌នោះ មិនបាច់ឆ្ងល់ទេ”។
លោកសុខ ឥសាន បានបញ្ជាក់ទៀតថា “ក្នុងព្រឹត្តិការណ៍ដ៏ហិង្សានេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមាន ហើយគ្រោះមហន្តរាយដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។ មេក្រុមដែលចង់នាំកម្ពុជា ឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះទណ្ឌិតសម រង្ស៊ី និងបក្សពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធអ្នកស្លាប់ និងរបួស”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ម្នាក់ទៀត លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ថា រឿងព្រឹត្តិការណ៍នៅផ្លូវវេងស្រេង ក៏ដូចជានៅទីលានប្រជាធិបតេយ្យ គឺជាអំពើជាក់ស្តែងនៃបដិវត្តន៍ពណ៌ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា។ ដូច្នេះបញ្ហានេះ គឺជាភ័ស្តុតាងបញ្ជាក់នៅក្នុងដំណើរការតុលាការ និងការរកយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការការពារនូវសុខសន្តិភាព។ ដូច្នេះហើយបានឃើញហើយ ជាភ័ស្តុតាងក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយរបស់បរទេស ជាពិសេស គឺជាអង្គការចាត់តាំងដោយបដិវត្តន៍ពណ៌ដឹកនាំដោយលោកកឹម សុខា លោកសម រង្ស៊ី ហើយលោកកឹម សុខា ក៏កំពុងជាប់ពិរុទ្ធភាពនៃបទក្បត់ជាតិ ឯលោកសម រង្ស៊ី ក៏នៅជាប់ ក្នុងសំណុំរឿងជាច្រើនទៀត ដូច្នេះមិនមែនមានន័យថា បទដឹកនាំធ្វើកុបកម្មនៃចលនាបដិវត្តន៍ពណ៌នៅផ្លូវវេងស្រេង ក៏ដូចជានៅទីលានប្រជាធិបតេយ្យនោះ ត្រូវបានផុតរលត់ទេ គឺរឿងនេះមិនទាន់ចប់ទេ នៅដំណើរការនៅឡើយ។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “ដូច្នេះយើងគិតថា នឹងមានបន្តទៀត ដែលអាចមានសាក្សីជាច្រើន នឹងមកបង្ហាញនៅតុលាការ ពាក់ព័ន្ធទៅនឹងជារួមសំណុំរឿងនៃកុបកម្ម នៃចលនាបដិវត្តន៍ពណ៌ហ្នឹងឯង។ ហើយយើងដឹងហើយ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ កឹម សុខា-សម រង្ស៊ី ហ្នឹងហើយ ដឹកនាំចលនាបដិវត្តន៍ពណ៌ ហើយរហូតដល់មានអំពើហិង្សាកើតមានឡើង។ ដូច្នេះរឿងនេះ អត់ទាន់ផុតរលត់ទេ គឺនៅបន្ត ហើយនិងមានការកោះអញ្ជើញសាក្សីនៅក្នុងរឿងហ្នឹងជាបន្តបន្ទាប់ទៀត។ បានន័យថា រឿងលោកសម រង្ស៊ី មានសំណុំរឿងផ្លូវច្បាប់ច្រើនណាស់ ទី១ សំណុំរឿងផ្លូវច្បាប់ ដែលតុលាការបានកាត់ទោសចូលជាធរមានស្ថាពរហើយ អាហ្នឹងត្រូវចូលពន្ធនាគារ ឯរឿងផ្សេងៗទៀត កំពុងដំណើរការក្តី អាហ្នឹងបើលោកសម រង្ស៊ី វិលមក គឺគាត់ជាទណ្ឌិតផង ហើយគាត់ក៏ជាប់ចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងៗទៀត គាត់ក៏ត្រូវមកបំភ្លឺនៅតុលាការទៀត។ បានន័យថា មិនមែនគ្រាន់តែជាទណ្ឌិតនៅក្នុងពន្ធនាគារទេ គឺជាបុគ្គលជាប់ក្នុងសំណុំរឿងផ្សេងទៀត នេះបើលោកសម រង្ស៊ី វិលមកកម្ពុជាវិញ”។
លោកឈឹម ផលវរុណ បន្តថា “នេះគឺចង់ឱ្យប្រជាពលរដ្ឋខ្មែរបានយល់ឱ្យច្បាស់ថា ការញុះញង់ អុជអាល ឱ្យបងប្អូនប្រជាពលរដ្ឋងើបបះបោរពីសំណាក់លោកកឹម សុខា លោកសម រង្ស៊ី នេះ គឺផ្តល់នូវសតិសម្បជញ្ញៈឱ្យយើងចងចាំថា ឈប់ចាញ់បោកពួកទាំងអស់នេះទៀត ហើយមិនមែនត្រឹមតែនាំមកនូវវិនាសកម្ម បាត់បង់នូវជីវិត បាត់បង់នូវទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន ក៏ដូចជារបួស រូបរាងកាយរបស់បុគ្គលទេ គឺការចូលរួមតាមការញុះញង់អុជអាលពីកឹម សុខា-សម រង្ស៊ី ក្នុងចលនាបដិវត្តន៍ពណ៌បែបនេះ វាធ្វើឱ្យបង្កអសន្តិសុខដល់សង្គមជាតិ បំផ្លាញនូវសន្តិភាព អស្ថិរភាព ហើយនិងធ្វើឱ្យខាតបង់ជាច្រើនដល់សេដ្ឋកិច្ច និងធ្វើឱ្យខូចនូវទិដ្ឋភាពរបស់ប្រជាពលរដ្ឋ ធ្វើឱ្យមានការព្រួយបារម្ភ ជាពិសេស ប៉ះពាល់ដល់ទេសចរណ៍ និងកិត្យានុភាពជាតិ ទៀត។ អ៊ីចឹងយើងជាប្រជាពលរដ្ឋ ទោះបីជាមានជំនឿ ឬមាននិន្នាការនយោបាយខុសៗគ្នាក៏ដោយ យើងគួរតែប្រើសិទ្ធិនយោបាយប្រកបដោយសន្តិវិធី និងក្នុងន័យស្ថាបនាជាតិ ឈរលើការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ មិនត្រូវធ្លាក់ក្នុងឧបាយកលឃោសនាពីមេដឹកនាំចលនាបដិវត្តន៍ពណ៌ ដែលធ្វើតាមបញ្ជារបស់បរទេសនោះទេ។ អ៊ីចឹងឈប់ធ្លាក់ក្នុងឧបាយកលនេះតទៅទៀត កុំឱ្យយើងចាញ់បោកសម រង្ស៊ី-កឹម សុខា តទៅទៀត”។
ជុំវិញបញ្ហានេះ លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណារាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកមានការសោកស្តាយចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ដែលការបាញ់សម្លាប់ជនស្លូតត្រង់ក្រៅច្បាប់បែបនោះ ហើយគួរតែពិនិត្យស៊ើបអង្កេតឡើងវិញ ដើម្បីយកជនដៃដល់មកកាត់ទោសទៅតាមច្បាប់ ព្រោះនេះជាការកាប់សម្លាប់នៅក្រៅច្បាប់។
លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ខ្ញុំគិតមិនគួរឱ្យមានកើតឡើងនៅក្នុងប្រទេសយើងទេ វាអាក្រក់ណាស់ ហើយខ្ញុំគិតថា អានេះវាជារឿងបាតុកម្ម ហើយវាអត់ពាក់ព័ន្ធអីនឹងគណបក្សសង្គ្រោះជាតិទេ រឿងកម្មករទាមទារប្រាក់ខែ រឿងស្អីៗ រឿងរបស់លោកទេ មិនពាក់ព័ន្ធនឹងសង្គ្រោះជាតិ ហើយបើសិនជាយល់ថា អាហ្នឹងវាពាក់ព័ន្ធ ចោទអ្នកណាដែលមានអំពើហិង្សា ស្អីៗហ្នឹង យើងកុំឱ្យខ្លាច យើងធ្វើការស៊ើបអង្កេតទៅ ស្រាវជ្រៅទៅ តើអ្នកណាខ្លះពាក់ព័ន្ធនឹងរឿងហ្នឹង? ហើយអ្នកណាខ្លះដែលដៃដល់បាញ់ប្រហារជនស្លូតត្រង់បែបហ្នឹង យកមកដាក់ទោសទៅ ហើយអ្នកពាក់ព័ន្ធរុញឱ្យមានអំពើហិង្សាហ្នឹង យើងស៊ើបអង្កេតទៅ។ ដូច្នេះខ្ញុំចង់ឃើញអារបៀបអ៊ីចឹង ខ្ញុំចង់ឃើញរបៀបប្រើប្រាស់ច្បាប់ របៀបប្រើប្រាស់ស្អីដែលជា នីតិវិធីត្រឹមត្រូវ កុំឱ្យយើងចេះតែបិទបាំង យើងចេះតែចោទគ្នាទៅវិញទៅមក ហើយអាហ្នឹងមិនបានប្រយោជន៍អីទេ យើងធ្វើឱ្យសង្គមមួយហ្នឹង អ្នកខូចនៅតែរួចខ្លួនអ៊ីចឹង បើរបៀបហ្នឹង នៅតែមានក្នុងប្រទេសកម្ពុជាហ្នឹង”។
លោកអ៊ូ ច័ន្ទរ័ត្ន បានបន្តថា “ចំពោះថា ព្រឹត្តិការណ៍រាជរដ្ឋាភិបាល គឺជាអ្នកទទួលខុសត្រូវទាំងស្រុងនោះ អាហ្នឹងវាជាការពិត ព្រោះអ្នកកាន់អំណាច ត្រូវតែទទួលខុសត្រូវ។ គណបក្សកាន់អំណាចហ្នឹង លោកអ្នកដឹកនាំរដ្ឋាភិបាល ហើយលោកជាអ្នកបញ្ជាអ្នកដែលប្រើអាវុធហ្នឹង ហើយជាទូទៅ ក្នុងពិភពលោក វាដូច្នោះហើយ អ្នកដែលរំលោភបំពានរឿងសិទ្ធិមនុស្សហ្នឹង គេធ្វើច្បាប់ដើម្បីការពារអ្នកកាន់អំណាចហ្នឹង កុំឱ្យបំពានលើប្រជាពលរដ្ឋខ្លួនឯងហ្នឹង។ អាច្បាប់អស់ហ្នឹង សំដៅលើអ៊ីចឹង មិនដែលមានអ្នកណាដែលអត់មានអំណាច អត់មានអាវុធ អត់មានអីហើយ ទៅបំពានអ្នកខ្លាំងជាង វាអត់មានទេ មានតែអ្នកខ្លាំងទៅបំពានអ្នកខ្សោយ”។
ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី រាប់ពាន់នាក់ ក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ចោទថា ការបង្ហូរឈាមនៅផ្លូវវេងស្រេង នោះ គឺបង្កឡើងដោយអតីតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសម្តេចអះអាងថា សកម្មភាពនេះមិនបានកើតឡើងទៀតឡើយ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅ ដោយសារតែគ្មានវត្តមានបក្សប្រឆាំង ហើយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះ ក៏ត្រូវចាប់ឃុំខ្លួនរួចទៅហើយដែរ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ជាភ័ព្វសំណាងរបស់កម្ពុជាណាស់ ដែលមិនមានការបង្ហូរឈាម និងមិនមានចលាចល បន្ទាប់ពីការបោះឆ្នោត។ ឆ្នាំ២០១៣ ពិតជាមានការបង្ហូរឈាម ហើយអ្នកដែលបង្កឱ្យមានការបង្ហូរឈាមនោះ យើងបានចាប់ខ្លួនរួចហើយ ព្រោះពួកគេអ្នកបានសាងអំពើបាប ទាំងនេះ។ ដូច្នេះផ្លូវច្បាប់ត្រូវតែបន្តនីតិវិធីតទៅទៀត ដើម្បីដោះស្រាយបញ្ហាទាំងអស់។ ទ្រព្យសម្បត្តិឯកជន និងសាធារណៈមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញ ពួកគេត្រូវមានការទទួល ខុសត្រូវ”។
គួររំលឹកថា ករណីបង្ក្រាបបាតុកម្មហិង្សានៅមុខរោងចក្រ យ៉ាក ជីន ក្នុងសង្កាត់កំបូល កាលពីថ្ងៃទី០២ និងការបង្ក្រាបកម្មករ នៅផ្លូវវេងស្រេង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ដែលស្នើសុំដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ ក្នុងមួយខែ ខណៈប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយនៅពេលនោះ កម្លាំងរដ្ឋាភិបាល មានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែលបានបាញ់ និងវាយទៅលើកម្មករ ដែលបង្កហិង្សា កាលពីថ្ងៃទី២-៣ មករា នៅមុខរោងចក្រយ៉ាក ជីន និងផ្លូវវេងស្រេង បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងរបួសជិត៤០នាក់។ កងកម្លាំងរបស់រដ្ឋាភិបាលក៏បានចាប់ខ្លួនមនុស្ស២៣នាក់ផ្សេងទៀត ពីបទបង្កហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា ក្នុងនោះ មានអ្នកការពារសិទ្ធិមនុស្សចំនួន៣នាក់ គឺលោកវន់ ពៅ លោកថេង សាវឿន និងលោកចាន់ ពុទ្ធិស័ក្តិ។
សង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ព្រមទាំងជនរងគ្រោះ ដោយការវាយប្រហារ និងបង្ក្រាបនៅមុខរោងចក្រ យាកជីន និងនៅមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ពីសំណាក់កម្លាំងសមត្ថកិច្ចនោះ ចង់ឱ្យមានការចងចាំព្រឹត្តិការណ៍កាលពី៥ឆ្នាំមុននេះ។ ដូច្នេះហើយ ទើបពួកគេត្រូវរៀបចំពិធីរំលឹកខួប៥ឆ្នាំ នៃព្រឹត្តិការណ៍នោះ ដោយមានធ្វើជាពិធីសូត្រមន្តបង្សុកូល នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នេះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកវន់ ពៅ ឱ្យដឹងថា ការរៀបចំពិធីជួបជុំនិងសូត្រមន្តនេះ ដើម្បីរំលឹកការចងចាំរឿងរ៉ាវដ៏អាក្រក់កាលពី៥ឆ្នាំមុន និងដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់កាលពីឆ្នាំ២០១៤ នោះ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោកថេង សាវឿន បានលើកឡើងថា ហេតុការណ៍បង្ក្រាបរបស់សមត្ថកិច្ច មកលើសកម្មជនសិទ្ធិមនុស្ស និងកម្មករ កាលពីឆ្នាំ២០១៤ ពលរដ្ឋខ្មែរត្រូវចងចាំ ដើម្បីចៀសវាងមិនឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងជាថ្មីទៀត។ ព្រោះ៥ឆ្នាំមកហើយ ដែលលោកមានឈ្មោះជាទណ្ឌិត បណ្តាលមកពីភាពអយុត្តិធម៌។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោកស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវទទួលការខុសត្រូវចំពោះ ព្រឹត្តិការណ៍កាលពីដើមឆ្នាំ២០១៤ នោះ ដោយថា កម្លាំងបង្ក្រាប រហូតធ្វើឱ្យមានមនុស្សបាត់បង់ជីវិត គឺជាកម្លាំងរបស់រដ្ឋាភិបាល តែព្រឹត្តិការណ៍បែបនេះ អាជ្ញាធរមិនចង់ឱ្យរំលឹកការចងចាំនោះទេ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោកអំ សំអាត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឱ្យឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ មិនមែនការចោទប្រកាន់ទៅលើក្រុមណាមួយ ហើយជំរុញឱ្យទទួលខុសត្រូវនោះ មិនមែនជាដំណោះស្រាយល្អឡើយ។
ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកមេត មាសភក្តី បានបញ្ជាក់ថា ព្រឹត្តិការណ៍នៅផ្លូវវេងស្រេង ជាសកម្មភាពខុសច្បាប់។ ដូចនេះ លោកថា គ្មានហេតុផលណាដែលត្រូវចងចាំនូវការបង្ក្រាបនៃសកម្មភាពដែលខុសច្បាប់ឡើយ៕ កុលបុត្រ