ភ្នំពេញៈ ព្រឹកមិញនេះ ថ្លែងចំពោះមុខមហាជនយ៉ាងច្រើនកុះករក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤០ឆ្នាំ (៧មករា ១៩៧៩-៧មករា ២០១៩) នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទិវាជ័យជម្នះ៧មករា ជាការបើកឡើងនូវទំព័រសករាជថ្មី គឺសករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កម្សត់ បានផ្ដល់ជូនប្រជាជនកម្ពុជា នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។
ក្នុងសុន្ទរកថាកម្រាស់១០ទំព័រ ក្នុងពិធីមិទ្ទិញរំលឹកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា នោះ សម្ដេចហ៊ុន សែន កាលពី៤០ឆ្នាំមុន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវពានផ្ដូលរំលំដោយកម្លាំងមហាសាមគ្គីជាតិនៃប្រជាជនកម្ពុជា ដែលបានក្រោកឈរប្រយុទ្ធយ៉ាងអង់អាចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ។ មហាជ័យជាជម្នះជាប្រវត្តិសាស្រ្តនេះ បានបើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្ថិសាស្រ្តកម្ពុជា សម័យទំនើប ដែលធ្វើឲ្យមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ និងមាននូវការជឿជាក់ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន ។ ទិវាប្រវត្តិសាស្រ្តនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសុន្ទរកថានោះថា “ជ័យជម្នះ៧មករា បានសង្រ្គោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជា រាប់លាននាក់ ដែលនៅរង់ចាំតែសេចក្ដីស្លាប់ បានធ្វើឲ្យរាល់តម្លៃទាំងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុតស្ទើររលាយសាបសូន្យបាត់អស់ នៅក្នុងរបបប្រល័យពួជសាសន៍ប៉ុល ពត គ្រានោះ រស់ឡើងមកវិញ បានបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា ហើយបើកឡើងនូវប្រវត្តិសករាជថ្មី គឺសករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កម្សត់នៃយើង បានផ្ដល់ជូនប្រជាជនកម្ពុជា នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ លើសពីនេះទៅទៀត ជ័យជម្នះ ៧មករា ១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ ។ ប្រជាជនកម្ពុជា បានប្រសិទ្ធិនាមថា ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ ។ ជាការពិត ជ័យជម្នះ៧ មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាននៃការគួបផ្សំយ៉ាងស្អិតរមួតរវាងកម្លាំងពីរ គឺកម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថមយ៉ាងធំធេង ទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ។ បើគ្មានការគួបផ្សំនៃកម្លាំងទាំងពីរនេះទេ គឺពិតជាមិនអាចមានជ័យជម្នះ ៧ មករា ១៩៧៩ បានឡើយ ។ លើមូលដ្ឋាននេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ជូនចំពោះបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពួជសាសន៍ និងបានបន្តជួយទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកវិញបាន ។ គុណូបការៈដ៏ថ្លៃថ្លានេះ ត្រូវបានចារឹកទុកជានិច្ចនៅក្នុងប្រវត្តិជាតិកម្ពុជា… “ ៕