ភ្នំពេញៈ អ្នកជំនាញវិស័យកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិតយ៉ង សាំងកុមារ បានលើកឡើងថា ចំពោះវិធានការរបស់សហភាពអឺរ៉ុប ក្នុងការយកពន្ធអង្ករ នាំចេញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប អាចនឹងមិនត្រូវបានអនុវត្ត។
លោកយ៉ង សាំងកុមារ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “ នៅពេលសហភាពអឺរ៉ុប អនុវត្តន៍វិធានការការពារវិស័យស្រូវ អង្ករ របស់គេ (Safeguard clause) ខ្មែរត្រូវបង់ពន្ធអង្ករ ជិត២០០ដុល្លារ ក្នុងមួយតោន ពេលនាំទៅអឺរ៉ុប។ ការនាំចេញស្រូវ អង្កររបស់ខ្មែរ នឹងថយចុះខ្លាំង អាចជិត៤០ភាគរយ ដែលប៉ះពាល់ចំណូលជាតិ ការងារនិងជីវភាពកសិករ។ ដំណោះស្រាយ គឺបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈគាំទ្រដល់កសិករ និងវិស័យឯកជន ក្នុងការកាត់បន្ថយចំណាយថ្លៃដើម បង្កើនតម្លៃនៃការកែច្នៃអង្កាម កន្ទក់ បង្កើនគុណភាពស្រូវអង្ករ និងការគាំទ្រដល់ការដាំដុះបន្លែផ្លែឈើ និងចិញ្ចឹមសត្វជំនួសការនាំចូល។ សូមបញ្ជាក់ថា ការអនុវត្តន៍វិធានការការពារវិស័យស្រូវអង្ករនេះ គឺទាក់ទងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ចំនួន៨ គឺមិនទាន់សំដៅទៅលើការដកអនុគ្រោះពន្ធ EBA ទេ។ គេគ្រោងអនុវត្តន៍វិធានការនេះ៣ឆ្នាំ ហើយប្រទេសអ៊ីតាលី ជាអ្នកដឹកនាំការទាមទាររឿងនេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅសង្ឃឹមថា វិធានការមិនត្រូវបានអនុវត្តន៍ក្នុងពេលឆាប់ៗនេះ ព្រោះមានប្រទេសជាច្រើនដែលជាសមាជិកសហភាពអឺរ៉ុប បានបោះឆ្នោតប្រឆាំងដែរ “ ។
លោកយ៉ង សាំងកុមារ ក៏បានលើកយោបល់៩ចំណុច ផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនសមត្ថភាពកសិករខ្មែរ និងអ្នកនាំចេញ ។
លោកថា ប្រសិនបើរាជរដ្ឋាភិបាល ជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា នោះកសិករខ្មែរ និងមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ បានយ៉ាងងាយ ។
យោបល់៩ចំណុចរបស់លោកយ៉ង សាំងកុមារ នោះគឺៈ
១. កាត់បន្ថយតម្លៃ និងបញ្ហាទាក់ទងអគ្គិសនី
២. កាត់បន្ថយការប្រាក់ និងបង្កើនទុនសម្រាប់រោងម៉ាស៊ីនប្រើប្រាស់ក្នុងការប្រមូលទិញស្រូវ
៣. កាត់បន្ថយចំណាយលើការដឹកជញ្ជូន
៤.កាត់បន្ថយចំណាយលើការនាំចេញ
៥. ជួយដល់សហគមន៍ក្នុងការរៀបចំឲ្យមានកន្លែងសម្ងួតស្រូវតាមមូលដ្ឋាន
៦. រដ្ឋធ្វើការប្រមូលទិញស្រូវខ្លះមកស្តុកទុក ដើម្បីជួយទប់កុំឲ្យតម្លៃធ្លាក់ចុះ
៧. រដ្ឋជួយវិស័យឯកជនក្នុងការពង្រីកទីផ្សារទៅប្រទេសនិងតំបន់ផ្សេង
៨. ជួយដល់កសិករបង្កើនគុណភាពស្រូវ និងកាត់បន្ថយថ្លៃដើមផលិត តាមរយៈកម្មវិធីពូជល្អ បច្ចេកទសកសិកម្មល្អ គ្រូកសិកម្មល្អ និងងាកមករកកសិកម្មសរីរាង្គឲ្យបានច្រើន
៩. ពង្រឹកពង្រីកការងារធារាសាស្រ្ត ៕
(រង់ចាំអានព័ត៌មានពិស្ដារ នៅលើការសែត “នគរធំ”)