ខេត្តកំពតៈ ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចពឹងផ្អែកផ្អែកតែលើវិស័យកសិកម្មមួយមុខបានទេ ព្រោះវិស័យកសិកម្មមួយនេះ មិនអាចធ្វើឲ្យកម្ពុជា ក្លាយជាអ្នកមានបានឡើយ ។
សម្ដេចហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មចាក់ចំណូលចូលសេដ្ឋកិច្ច ប្រមាណ២០% វិស័យឧស្សាហកម្ម ប្រមាណ៣២% ក្រៅពីនោះ បានពីវិស័យសេវាកម្ម។
ជាមួយគ្នានោះដែរ សម្តេចហ៊ុន សែន សម្រេចលុបស្ថាប័នភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ដើម្បីកាត់បន្ថយភាពសាំញ៉ាំ និងស្មុគស្មាញក្នុងការធ្វើធុរកិច្ច និងជំរុញការរស់រានសេដ្ឋកិច្ចកម្ពុជា។ មន្ត្រីនៅក្នុងស្ថាប័នកាំសាប នឹងបញ្ចូលទៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការលុបស្ថាប័នកាំសាប ធ្វើឲ្យកម្ពុជា បាត់ចំណូលតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុង១ឆ្នាំ។
ដោយឡែក ជាព័ត៌មានថ្មីមួយទៀត សម្តេចហ៊ុន សែន ក៏បានថ្លែងថា នៅថ្ងៃខាងមុខការិយាល័យនៅតាមស្រុក របស់ក្រសួងមួយចំនួន នឹងត្រូវលុបចោល ទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដី…។
គួរបញ្ជាក់ថា ពិធីជួបសំណេះសំណាលនេះ ត្រូវប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី មកពីខេត្តកំពត ចំនួន១១ ក្នុងនោះ ក្រុងកំពត ចំនួន២ មានកម្មករ និយោជិត ១.១៥៩នាក់, ស្រុកទឹកឈូ ចំនួន៤ មានកម្មករ និយោជិត ចំនួន៤.៣២០នាក់, ស្រុកកំពង់ត្រាច ចំនួន២ មានកម្មករ និយោជិត ចំនួន ២.៨៨៣នាក់, ស្រុកបន្ទាយមាស ចំនួន១ មានកម្មករ និយោជិត ចំនួន៨៥៩នាក់, ស្រុកដងទង់ ចំនួន១ មានកម្មករ និយោជិត ចំនួន១,៦២៩នាក់, កសិដ្ឋានចំការចេក ស្រុកឈូក ចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចម្ការម្រេច ខេត្តកែប ចំនួន១ មានកម្មករ និយោជិត ចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន៩, ថៃ ចំនួន១ និងខ្មែរ ចំនួន២ ។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១, ផលិតស្បែកជើង ចំនួន៣, ដេរកូនបាល់ ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ ចំនួន៣, កសិដ្ឋានចម្ការចេកនាំចេញ ចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនី ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕