Monday, November 25, 2024
Homeនយោបាយដំណើរវិលត្រឡប់មកមាតុភូមិរបស់លោកសម រង្ស៊ី មានអ្នកប្រកាសអមដំណើរ និងទទួលស្វាគមន៍

ដំណើរវិលត្រឡប់មកមាតុភូមិរបស់លោកសម រង្ស៊ី មានអ្នកប្រកាសអមដំណើរ និងទទួលស្វាគមន៍

ក្នុងនោះ លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៩ថា “ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីជូនដំណើរលោកប្រធានសម​ រង្ស៊ី វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ទោះបីជនផ្ដាច់ការគំរាមចាប់ដាក់គុកក៏ដោយ​ សូមផ្ដាំទៅជនផ្ដាច់ការផងថា ដើរសុំទានគេយកលុយមកធ្វើគុកផង ព្រោះអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ កន្លះប្រទេស “។

លោកគង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ និងជាកូនប្រុសរបស់លោកគង់ គាំ ដែលមុននេះ បានប្រកាសថា លោកសម រង្ស៊ី នឹងវិលចូលប្រទេសវិញក្នុងពេលឆាប់ៗ ហើយលោកនឹងអមដំណើរមកជាមួយនោះ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកដែរថា “ ការវិលត្រឡប់ចូលមាតុប្រទេសវិញរបស់លោក​ប្រធា​ន សម​ រង្ស៊ី គឺជាលះបង់ដ៏ធំធេង និងគ្រោះថ្នាក់បំផុតសម្រាប់ជិវិតរបស់គាត់។ ប៉ុន្ដែដើម្បីជាតិមាតុភូមិ លោកត្រូវតែសម្រេចចិត្តបែបនេះ​ ព្រោះ​ថា ប្រទេសយើងកំពុងរងគ្រោះក្រោមការដឹកនាំបែបផ្តាច់ការ​។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋខ្មែរ​អ្នក​ស្នេហា​ជាតិទាំងអស់​ ​ត្រៀម​ខ្លួន​លះបង់ពេលវេលាទៅទទួលលោកប្រធាន​សម​​ រង្ស៊ី ឲ្យបានរាប់លាន​នាក់ ដើម្បីកែប្រែវាសនាមាតុភូមិដ៏កម្សត់របស់យើង “ ។

លោកគីមសួរ ភីរិទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៃអតីតគណបក្សសង្រ្គោះជាតិ និងជាអតីតសហការីជិតស្និទ្ធរបស់លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដែរថា លោកគ្មានយោបល់អីទេ មានតែការគាំទ្រនូវសេចក្ដីសម្រេចចិត្តរបស់លោកសម រង្ស៊ី ហើយស្វាគមន៍រង់ចាំទទួលគាត់ ចំពោះការប្រឈមទាំងឡាយដែលគាត់វិលត្រឡប់មកមាតុភូមិវិញ។

លោកគីមសួរ ភីរិទ្ធិ បានមានប្រសាសន៍ថា “ខ្ញុំដូចជាអត់មានអីចម្លែកទេ ពីព្រោះគាត់ក៏ដឹងខ្លួនគាត់ថា គាត់នឹងប្រឈមបញ្ហាអីខ្លះ នៅពេលដែលគាត់ត្រឡប់មកវិញ។ សំខាន់គឺសេចក្ដីសម្រេចចិត្តរបស់គាត់ និងសេចក្ដីកា្លហានរបស់គាត់ ដើម្បីធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរសម្រាប់មាតុភូមិកម្ពុជា។ ដូច្នេះ អាការព្រួយបារម្ភពីសុវត្ថិភាព វាចេះតែមានហើយ ប៉ុន្តែការធ្វើនយោបាយ វាអាស្រ័យទៅលើឆន្ទៈ និងការសម្រេចចិត្ត សេចក្ដីក្លាហាន។ ដូច្នេះ ខ្ញុំមានតែគាំទ្រសេចក្ដីសម្រេចចិត្តរបស់គាត់ ព្រោះគាត់ជាជាតិខ្មែរ ជាអ្នកនយោបាយខ្មែរ ហើយខ្ញុំនឹងត្រៀមខ្លួនចាំទទួលគាត់ ការវិលត្រឡប់របស់គាត់មកប្រទេសកម្ពុជាវិញ។ បានន័យថា រឿងដីកាតុលាការ ប្រគល់ឲ្យក្រសួងមហាផ្ទៃនោះ អត់ចាប់អារម្មណ៍ផង ពីព្រោះខ្ញុំមើលទៅការចោទប្រកាន់ការសម្រេចរបស់តុលាការ វាគ្រាន់តែជារឿងនយោបាយ។ ដូច្នេះ ឆន្ទៈនយោបាយ ជាការសម្រេចរបស់គាត់ហ្នឹង គឺដើម្បីប្រឈមនឹងបញ្ហានយោបាយ ជារឿងត្រឹមត្រូវ”។

ហ៊ី សុខជា ប្រធានយុវជនគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកលោកថា លោកនឹងដឹកនាំយុវជនក្នុងខេត្តព្រៃវែង ទៅទទួលលោកសម រង្ស៊ី ពេលដែលលោកវិលត្រឡប់ចូលមាតុប្រទេស នឹងទៅទទួលស្វាគមន៍លោកកឹម សុខា ពេលដែលលោកទទួលបានសេរីភាពពេញលេញ…៕

RELATED ARTICLES