ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងចេញទៅអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លូន ស្របពេលដែលមជ្ឈដ្ឋាននយោបាយប្រឆាំង និងសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានលើកឡើងថា កម្ពុជា នៅមានការរំលោភសិទ្ធិមនុស្ស ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា លោកកែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីចូលរួមសម័យប្រជុំលើកទី៣២ នៃ “UPR Working Group” របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ដីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (URP) ជុំទី១ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
កម្ពុជា បានដាក់របាយការណ៍ជាតិលើកទី៣ កម្រាស់២០ទំព័រ ស្ដីពីការពិនិត្យជាសកល តាមកាលកំណត់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ។ ការពិនិត្យជាសកលតាមកាលកំណត់ ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ដែលត្រូវធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង សម្រាប់តាមដាន និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសទាំងអស់ដែលជាសមាជិករបស់ អ.ស.ប ។
របាយការណ៍ដែលកម្ពុជាបានដាក់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨នោះ មានរៀបរាប់លម្អិតពីការកែលម្អលើការអនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ច្បាប់យុត្តិធម៌អនីតិជន យុទ្ធនាការប្រឆាំងនឹងពលកម្មកុមារ ការអប់រំ សេរីភាពបញ្ចេញមតិ និងបញ្ហាផ្សេងៗទៀត។ របាយការណ៍នោះ ក៏មានបញ្ជាក់ដែរថា កម្ពុជា នៅមានបញ្ហាប្រឈមក្នុងវិស័យជាច្រើននៃសង្គម ដូចជានៅក្នុងវិស័យអប់រំ កសិកម្ម សេវាសាធារណៈនៅក្នុងវិស័យរដ្ឋបាល និងយុត្តិធម៌ និងសេវាគាំពារសុខភាព។
ការដាក់របាយការណ៍របស់កម្ពុជា ក៏ដើម្បីជាផ្នែកមួយតទល់ទៅនឹងរបាយការណ៍របស់សង្គមស៊ីវិល និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត ផងដែរ។ របាយការណ៍របស់ក្រុមទាំង២ មានលើកឡើងផ្ទុយពីរបាយការណ៍របស់រាជរដ្ឋាភិបាល ទាក់ទងនឹងការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សង្គមស៊ីវិល និងករណីចាប់ និងឃុំខ្លួនអ្នកនយោបាយ ដូចជាលោកកឹម សុខា ជាដើម ៕