Monday, November 25, 2024
Homeនយោបាយលោកគង់ គាំ ក្លាយជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ

លោកគង់ គាំ ក្លាយជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ

ភ្នំពេញៈ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយវិញ លោកគង់ គាំ អតីតប្រធានគណបក្សសម​ រង្ស៊ី និងជាអតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ព្រមទាំងធ្លាប់ជាអតីតសហការីជិតស្និទ្ធនឹងលោកសម រង្ស៊ី នោះ បានក្លាយជាប្រធានកិតិ្តយសគណបក្សឆន្ទៈខ្មែរ ដែលមានលោកគង់ មុនីកា កូនប្រុសពៅរបស់លោកជាប្រធាន និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឋានស្មើទេសរដ្ឋមន្រ្តី។

យោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សឆន្ទៈខ្មែរ លេខ០០១/១៩ គ ឆ ខ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា គណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ ក្រោមអធិបតីភាពលោកគង់ មុនីកា ប្រធានគណបក្ស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ (ចាប់ពី៨ៈ៣០ ដល់១១ៈ០០នាទីព្រឹក ) បានចូលរួមប្រជុំ និងពិភាក្សាលើបញ្ហាមួយចំនួន រួមមាន៖ ១. ធ្វើបច្ចុប្បន្នភាព និងកែសម្រូលក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្នាក់ជាតិរបស់គណបក្ស ។ ២. ត្រួតពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់គណបក្ស៣. សម្រេចផ្ដល់តូនាទីជាក់ស្ដែង និងផ្លូវការជូនលោកគង់ គាំ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបានមកចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ  ។

អង្គប្រជុំគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ បានពិភាក្សា និងសម្រេចរៀបចំថា្នក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងបរិយាកាសឯកភាព និងមោទនភាពខ្ពស់ ។ ជាពិសេស អង្គប្រជុំគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ សម្រេចផ្ដល់តូនាទីជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ជូនលោកគង់ គាំ ដោយមតិឯកច្ឆ័ន្ទ ។

ប្រធានគណបក្សឆន្ទៈខ្មែរ លោកគង់ មុនីកា បានបញ្ជាក់ប្រាប់”នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ថា ការផ្ដល់តូនាទីជាក់ស្ដែង និងផ្លូវការ ដល់លោកគង់ គាំ ឪពុករបស់លោកជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដោយសារមើលឃើញថា លោកគង់ គាំ ជាព្រឹទ្ធាចារ្យផ្នែកនយោបាយមួយ ដែលបានឆ្លងកាត់នូវរបបនយោបាយច្រើនជំនាន់មកហើយៗក៏បានឆ្លងកាត់ការបំពេញតួនាទីបម្រើប្រជាជាតិច្រើនដែរ ។ ដូចគ្នានេះដែរ គាត់ក៏ធ្លាប់ជាឧត្តមទីប្រឹក្សា នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ។

លោកគង់ ម៉ូនីកា បានមានប្រសាសន៍ថា “យោងតាមបទពិសោធន៍ដ៏ច្រើននេះ យើងបានមូលមតិស្នើគាត់ឲ្យជួយធ្វើជាប្រធានកិត្តិយសនៃគណបក្សឆន្ទៈ តែខ្ញុំសូមជម្រាបបញ្ជាក់ផងដែរថា ក្នុងនាមងារជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ឯកឧត្តមគង់ គាំ មិនគ្រប់គ្រងចាត់ចែងលើការងាររបស់គណបក្សទេ ។ តូនាទីរបស់គាត់ជាប្រធានកិត្តិយសនេះ គ្រាន់តែជាតួនាទីក្នុងការផ្ដល់នូវមតិយោបល់ ការជួយវៀបចំនូវយុទ្ធសាស្រ្ត ផែនការផ្សេងៗរបស់គណបក្ស ក៏ដូចជាចុះជួបជាមួយសកម្មជន អ្នកគាំទ្ររបស់គណបក្សឆន្ទៈខ្មែរ ដើម្បីជំរុញឲ្យមានកំណើនគាំទ្រ និងឈានទៅរកជ័យជម្នះនៅពេលខាងមុខ”។

លោកគង់ ម៉ូនីកា បន្តថា “បាទ! យើងខ្ញុំដែលជាអ្នកនយោបាយប៉ូលថ្មី និងជាអ្នកនយោបាយជំនាន់ក្រោយនេះ យើងនៅខ្វះបទពិសោធន៍ច្រើន ។ ដូច្នេះពួកខ្ញុំជឿជាក់ថា តាមរយៈការទទួលបាននូវដំបូន្មាន អនុ សាសន៍ពីអ្នកនយោបាយនយោបាយជើងចាស់ ដែលបានស្វែងយល់នូវរបត់នយោបាយរបស់កម្ពុជា ពីសម័យ មួយទៅសម័យមួយនេះ នឹងអាចផ្ដល់នូវមតិយោបល់ ដំបូន្មានល្អ និងផ្ដល់នូវយុទ្ធសាស្រ្តល្អ ដើម្បីអាចឲ្យពួកខ្ញុំដែលជាអ្នកជំនាន់ក្រោយនេះអនុវត្តតាម ហើយយើងជឿជាក់ថា គណបក្សរបស់យើងកាន់តែរឹងមាំ ហើយទទួលបានការគាំទ្រ និងចូលរួមកាន់តែច្រើនកុះករ ។ យើងខ្ញុំនឹងចាប់ផ្ដើមចុះទៅជួបសកម្មជន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សឆន្ទៈខ្មែរ ហើយយើងក៏ឆ្លៀតឱកាសនេះចង់អំពាវនាវទៅដល់អតីតសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ផងដែរ ដែលសព្វថ្ងៃកំពុងរស់នៅដោយការភ័យព្រួយអំពីសុវត្ថិភាពរបស់ខ្លួន ខ្លាចថា អាជ្ញាធរធ្វើការគាបសង្កត់ ចោទប្រកាន់ក្នុងករណីណាមួយនោះ គឺថា សូមឲ្យចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលជាជម្រើសថ្មី ជាឱកាសថ្មី សម្រាប់ការផ្លាស់ប្ដូរថ្មី ។ ដូច្នេះហើយយើងនឹងបន្តដំណើររបស់យើងតទៅទៀត ដើម្បីឈានទៅរកការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា”។

ដោយឡែក លោកគាំ គង់ សុំការបញ្ជាក់ពីអារម្មណ៍ពិតរបស់លោក នៅពេលបានក្លាយជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នេះបានទេ កាលពីម្សិលមិញ ដោយសារលោកបានវះកាត់អញ្ចាញធ្មេញ មិនទាន់អាចនិយាយបាន ប៉ុន្តែមុននេះ លោកបានបញ្ជាក់ច្បាស់ហើយ នៅពេលដែលលោកមានសិទ្ធិធ្វើនយោបាយឡើ ងវិញ លោកនឹងមកជួយគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសលោក ឥឡូវបំណងរបស់គាត់បានសម្រេចហើយ៕

RELATED ARTICLES