Monday, November 25, 2024
Homeនយោបាយដាក់ជីវិតចូលស្រុក!!! លោកជុំ កុសល ថាច្បាស់ណាស់ លោកសម រង្ស៊ី មកដឹកនាំបដិវត្តន៍ពណ៌

ដាក់ជីវិតចូលស្រុក!!! លោកជុំ កុសល ថាច្បាស់ណាស់ លោកសម រង្ស៊ី មកដឹកនាំបដិវត្តន៍ពណ៌

ភ្នំពេញ ៖ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការដែលលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សប្រឆាំង បានប្រកាសថា ឆ្នាំ២០១៩ នេះ ជាឱកាសដែលលោកត្រូវដាក់ជីវិតចូលស្រុក ផ្លាស់ប្តូរសម្តេចហ៊ុន សែន ចេញឱ្យបាននោះ គឺច្បាស់ណាស់ថា លោកសម រង្ស៊ី នឹងចេញមុខយកជីវិតធ្វើដើមទុន ដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ថា ចំណុចនេះ លោកផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃសង្គមយើង ព្រោះពាក្យថាយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិនេះ គឺសម្តេចហ៊ុន សែន បានប្រើប្រាស់ក្នុងកាលៈទេសៈដែលប្រទេសយើងស្ថិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ដោយសារតែផ្តើមចេញពីសម្តេចយកជីវិតទៅធ្វើដើមទុននោះហើយ ទើបបានជាធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពួជសាសន៍ប៉ុល ពត និងបានមកដល់ដំណាក់កាលនេះ ដែលមានសន្តិភាព ការអភិវឌ្ឍ។ ចំណែកលោកសម រង្ស៊ី ពេលដែលប្រើពាក្យដាក់ជីវិតធ្វើដើមទុនរំដោះប្រទេស វាខុសកាលៈទេស ពីព្រោះកម្ពុជា មានសន្តិភាព ដូច្នេះលោកសម រង្ស៊ី ភាសាហ្នឹង សួរថា គាត់យកជីវិតធ្វើជាដើមទុនទៅរំដោះអី? វាមានតែតាមរួបភាពបំបះបោរឱ្យប្រជាពលរដ្ឋងើបឡើងធ្វើបដិវត្តន៍តាមរយៈហិង្សា ព័ត៌មានញុះញង់ ក្លែងបន្លំ ជាដើម។

លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន

លោកជុំ កុសល បានមានប្រសាសន៍ថា “ធម្មតាភាពស្របច្បាប់របស់រាជរដ្ឋាភិបាល គឺកើតចេញពីឆន្ទៈប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ហើយបើគាត់ហ៊ានរហូតដល់គាត់ដាក់ជីវិត ដើម្បីធ្វើដើមទុនរំដោះប្រទេសចេញពីការដឹកនាំរបស់សម្តេចហ៊ុន សែន វាមានតែដឹកនាំធ្វើបដិវត្តន៍ខុសច្បាប់ ហើយតែកាលណា ខុសច្បាប់ អាហ្នឹងកម្លាំងប្រដាប់អាវុធ គេត្រូវតែប្រើភាពស្របច្បាប់របស់រាជរដ្ឋាភិបាល តាមរដ្ឋធម្មនុញ្ញ គេត្រូវតែកម្ទេចហើយអាហ្នឹង គឺខ្ញុំផ្តោតលើអ៊ីចឹងទេ។ បានន័យថា ការដែលគាត់យកជីវិតធ្វើដើមទុនហ្នឹង គឺដើមទុនដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ហ្នឹង វាមានតែក្នុងន័យហ្នឹងទេ ពីព្រោះប្រទេសជាតិបច្ចុប្បន្ន អត់មានត្រូវរំដោះអីទៀតទេ ដោយសារប្រទេសមានសន្តិភាព មានអ្វីគ្រប់យ៉ាងទៅហើយ។ ពាក្យរបស់លោកសម រង្ស៊ី នេះដែរ អាចជាការគំរាមកំហែងមួយ ពីព្រោះខ្ញុំមើលទៅជាភាពគឃ្លើនក្នុងការប្រើពាក្យពេចន៍របស់សម រង្ស៊ី នេះ វាស្របទៅនឹងសភាពការណ៍នៅវេណេហ្ស៊ុយអេឡា ដែលកំពុងតែក្តៅគគុក ហើយអាមេរិក លោកដូណាល់ ត្រាំ គាំទ្រមេបក្សប្រឆាំងអី ដើម្បីឱ្យឡើងជាប្រធានាធិបតីស្របច្បាប់អីហ្នឹង វាអាចថា សម រង្ស៊ី គាត់ភ្ជាប់សភាពការណ៍កម្ពុជា ទៅវេណេហ្ស៊ុយអេឡា ដែលពេលមេបក្សប្រឆាំង គេត្រូវបានគាំទ្រដោយអាមេរិកអីអ៊ីចឹង ខ្ញុំមើលឃើញទម្រង់វាទៅអ៊ីចឹងៗវាជារឿងខុសច្បាប់ វាអត់ស្របច្បាប់ទេ”។

លោកជុំ កុសល បានបន្តថា “ទោះបីយ៉ាងណា លោកសម រង្ស៊ី មិនអាចធ្វើដូចមេបក្សប្រឆាំងនៅប្រទេសវេណេហ្ស៊ុយអេឡា ទេ ដោយសារកត្តាទី១ សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលគេហៅថា ប្រឆាំងក្នុងក្របខ័ណ្ឌតូចចង្អៀតមួយ ដែលវាមិនមែនជាតួអង្គសំខាន់ ល្បីល្បាញទៅដល់ពិភពលោក។ យើងនិយាយឱ្យខ្លី វាមិនស្ថិតនៅក្នុងក្រសែភ្នែករបស់ប្រទេសមហាអំណាចទេ ហើយវាក៏មិនមែនជាតួអង្គប្រជាធិបតេយ្យ ដែលមហាអំណាច ឬប្រទេសប្រជាធិបតេយ្យ គេយកចិត្តទុកដាក់ ដូចជាលោកស្រីអ៊ុង សានស៊ូជី អីអ៊ីចឹងដែរ។ អ៊ីចឹងអ្វីដែលគាត់តាំងខ្លួនអ្នកប្រជាធិបតេយ្យ អីហ្នឹង វាគ្រាន់តែជាការតាំងខ្លួនដោយខ្លួនឯង ប៉ុន្តែប្រទេសបិតាប្រជាធិបតេយ្យ គេអត់ដែលមានទំនាក់ទំនងជាមួយលោកសម រង្ស៊ី អីផងហ្នឹង វាមានតែបុគ្គលអ្នកនយោបាយនៅក្នុងរដ្ឋសភា ព្រឹទ្ធសភាអាមេរិក អីជាលក្ខណៈឯកជន វាមាន ក៏ប៉ុន្តែបើឱ្យជាជំហរមេដឹកនាំប្រទេសអី ដែលគេយកចិត្តទុកដាក់ វាអត់មានទេ។ អ៊ីចឹង សម រង្ស៊ី មិនអាចទៅប្រៀបធៀបជាមួយមេដឹកនាំប្រឆាំង បក្សប្រឆាំងវេណហ្ស៊ុយអេឡា ឬក៏បក្សប្រឆាំងដទៃទៀតទេ ដែលនៅក្នុងពិភពលោក ដែលអាមេរិក គេស្គាល់នោះ។ ដូច្នេះខ្ញុំគ្រាន់តែផ្តាំថា អ្វីដែលលោកសម រង្ស៊ី លើកឡើងហ្នឹង វាបង្ហាញឱ្យឃើញអំពីវិសាលភាពនៃគំនិតបំផ្លាញសន្តិភាពរបស់សម រង្ស៊ី ហ្នឹង កាន់តែឃើញច្បាស់ហើយ។ អ៊ីចឹងប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព គេមិនអាចទទួលយកបានទេ។ អ៊ីចឹងសុំផ្តាំលោកសម រង្ស៊ី ល្មមបញ្ចប់នូវមហិច្ឆតាបំផ្លាញសន្តិភាពនៅកម្ពុជា ទៅឱ្យទម្លាក់ចោលនូវអាគំនិតទុច្ចរិត ភាសាទុច្ចរិតហ្នឹងចោលទៅ”។

ដូចគ្នានេះដែរ លោកជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន មួយរូបទៀត បានលើកឡើងនៅថ្ងៃដដែលនោះថា សូមជនរួមជាតិពិចារណា គឺសម្តេចហ៊ុន សែន យកជីវិតធ្វើដើមទុនឆ្លងកាត់សមរភូមិជាង១០៥លើក ដើរកាត់ចម្ការមីន ដើម្បីរកជំនួយរំដោះប្រទេសទៅតំបន់ខ្មែរក្រហម ដើម្បីបង្រួបបង្រួមខ្មែរ៘ រីឯលោកសម រង្ស៊ី យកជីវិតធ្វើដើមទុន អង្គុយលេងហ្វេសប៊ុកនៅប៉ារីស ផឹកស្រាក្រហម ដេកឱបស្រី ឆ្កឹះឆ្កៀលឱ្យខ្មែរ បែកបាក់ ឱ្យបរទេសដក EBA។ មានន័យថា ការយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ របស់លោកសម រង្ស៊ី គ្រាន់តែជារឿងមួយភូតកុហកបោកប្រាស់ ហើយជាពិសេសនោះ គាត់នឹងបានលុយជាច្រើនពីអ្នកដែលគាំទ្រគាត់។

លោកជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន

លោកជា ច័ន្ទបរិបូណ៌ បានមានប្រសាសន៍ ថា “ការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ គឺបានសេចក្តីសុខមកដល់យើងបច្ចុប្បន្ន។ រីឯការយកជីវិតធ្វើដើមទុនរបស់សម រង្ស៊ី  វាគ្រាន់តែជាពាក្យភូតកុហក ហើយមិនស័ក្តិសមនឹងយកខ្លួនមកប្រៀបធៀបយកជីវិតធ្វើជាដើមទុននៅក្នុងសម័យបច្ចុប្បន្ននេះទេ។ សម័យបច្ចុប្បន្ននេះ ដូចខ្ញុំនិយាយអ៊ីចឹងថា វាមិនមែនជាដំណាក់កាលយកជីវិតធ្វើដើមទុនទេ ដំណាក់កាលដែលមានជីវិតរួចហើយ យើងត្រូវតែរក្សានូវអ្វីដែលជាស្ថិរភាពសង្គម។ និយាយទៅ ជីវិតធ្វើដើមទុនរបស់សម្តេចតេជោ មានតម្លៃរកអ្វីមកប្រៀបផ្ទឹមពុំបាន ពីព្រោះការសង្គ្រោះជីវិតមនុស្ស គឺជារឿងថ្លៃថ្លាបំផុត គ្មានអ្វីថ្លៃជាងសង្គ្រោះជីវិតមនុស្សទេ។ អ៊ីចឹងទេ ការសង្គ្រោះជីវិតមនុស្សឱ្យរស់រានមានជីវិតពីសេចក្តីស្លាប់នោះ គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានទេ”។

លោកជា ច័ន្ទបរិបូណ៌ បន្តថា “សម រង្ស៊ី ទៅដល់ទីណា ធ្វើអ្វីមួយ គឺសុទ្ធសឹងប្រមូលលុយបានធ្វើ អ៊ីចឹងទេ អ្វីដែលសម រង្ស៊ី និយាយបែបនេះ គ្មានអ្វីក្រៅតែពីនឹងបានលុយបន្ថែមពីអ្នកដែលងប់ងុល ជឿជាក់លើគាត់ទេ។ ជារួម សម្រាប់ទង្វើរបស់លោកសម រង្ស៊ី គឺមិនអាចប្រើពាក្យថា យកជីវិតធ្វើដើមទុនទេ ពីព្រោះអីសម រង្ស៊ី កំពុងតែបំផ្លាញជីវិតខ្មែរយើង រាល់ថ្ងៃនេះ ដូចជាដើរឆ្កឹះឆ្កៀលនៅអឺរ៉ុប យកលុយទៅឱ្យគេសរសេរសម្អុយពីកម្ពុជា៘ និង៘ អ៊ីចឹងលោកសម រង្ស៊ី អាចនិយាយបានថា សម រង្ស៊ី កំពុងតែវ៉ៃបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជា។ ជាពិសេស បងប្អូនកម្មករ-កម្មការិនី និងកសិករ ហើយអ្វីមួយដែលសំខាន់បំផុតនោះ គឺថា គាត់មិនខ្វល់ដល់អតីតភាពអ្នកធ្លាប់គាំទ្រគាត់ទេ ឬក៏ធ្លាប់បោះឆ្នោតឱ្យគាត់ទេ គឺគាត់ធ្វើយ៉ាងម៉េចឱ្យតែសមដូចបំណងរបស់គាត់”។

គួរបញ្ជាក់ថា ថ្លែងក្នុងពិធីជួបជុំសមាជិកគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោកសម រង្ស៊ី បានប្រកាសថា នៅឆ្នាំ២០១៩ នេះ គឺជាឱកាសអំណោយផលបំផុតសម្រាប់លោកវិលចូលស្រុក ដាក់ជីវិតធ្វើជាដើមទុន ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅប្រទេសកម្ពុជា ឱ្យទាល់តែបាន។

លោកសម រង្ស៊ី បានមានប្រសាសន៍នៅពេលនោះថា “មិនមែនពាក់កណ្តាលនគរទេបងប្អូន ជាងពាក់កណ្តាលនគរឆ្ងាយណាស់ រង់ចាំការផ្លាស់ប្តូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ គឺមកដល់ឆ្នាំ២០១៩ នេះ។ ខ្ញុំសូមប្តេជ្ញាចិត្ត បើខ្ញុំហ៊ានដាក់ជីវិតហើយ គឺធ្វើឱ្យទាល់តែបាន ឱ្យមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩ នេះ…”៕ កុលបុត្រ         

RELATED ARTICLES