យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា វាសនារបស់លោក Maurizio Sarri ជាមួយក្លឹប Chelsea អាចនឹងអស់ត្រឹមថ្ងៃអាទិត្យនេះ ប្រសិនបើដឹកនាំការប្រកួតចាញ់ក្លឹបមេឃខៀវ Man City វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅពហុកីឡដ្ឋាន Wembley នារាត្រីថ្ងៃអាទិត្យ នេះ។
ចំណែកឯកីឡាករក្លឹបតោខៀវ Chelsea មានជំនឿចិត្តថា លោក Sarri អាចនឹងត្រូវបណ្តេញចេញពីតំណែងនៅសប្តាហ៍ក្រោយ ពេលទទួលភ្ញៀវ Tottenham។
គ្រូបង្វឹករូបនេះ ស្ទើរតែរបូតចេញពីតំណែងកៅអីគ្រូបង្វឹកម្តងរួចទៅហើយ កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលដែលក្លឹបរបស់លោកចាញ់ Man City យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៦ទល់នឹង០ ។
លោក Sarri មានភារកិច្ចសំខាន់មួយទៀត គឺដឹកនាំក្លឹប Chelsea ប្រកួតយូរ៉ូប៉ាលីក ប៉ះជាមួយក្លឹប Malmo នៅរាត្រីថ្ងៃព្រហស្បត៍ នេះ។
ប្រសិនបើក្លឹប Chelsea បណ្តេញលោក Sarri ចេញមែននោះ អតីតគ្រូបង្វឹកក្លឹប Real Madrid លោកហ្ស៊ីដាន អាចនឹងចូលមកដឹកនាំវិញ៕