Friday, April 26, 2024
Homeបរិយាយស្ថាប័ន​អព្យា​ក្រឹត ត្រូវ​ប្រយ័ត្ន​៣​យ៉ាង

ស្ថាប័ន​អព្យា​ក្រឹត ត្រូវ​ប្រយ័ត្ន​៣​យ៉ាង

អង្គព្រះមហាក្សត្រ ព្រះសង្ឃ ចៅក្រម កងទ័ពជាតិ ប៉ូលិសជាតិ ក៏ដូច គ.ជ.ប គឺជាមនុស្ស ឬស្ថាប័នអព្យាក្រឹត ចាំបាច់ ត្រូវតែមានការ “ប្រុងប្រយ័ត្នឥរិយាបថ៣យ៉ាង”។ ការប្រុងប្រយ័ត្នខ្ពស់ នឹងនាំមកនូវសិរីសួស្តី ជ័យមង្គល សម្រាប់មនុស្ស អព្យាក្រឹតជានិច្ច ប៉ុន្តែ បើកាន់មិនជាប់ ឬថ្លោះធ្លោយដោយប្រការណាមួយនោះ ធ្វើឱ្យបាត់បង់កិត្យានុភាពបុគ្គល ឬស្ថាប័ន ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ស្ថាប័ន គ.ជ.ប បានបំពេញតួនាទីយ៉ាងសកម្មក្នុងការចុះឈ្មោះ បោះឆ្នោត ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស តម្រូវឱ្យអ្នកដឹកនាំស្ថាប័ននេះ មានការប្រុងប្រយ័ត្ន៣យ៉ាង។ ការប្រុងប្រយ័ត្ន ទាំងនោះមាន ៖ ទី១-ប្រយ័ត្នសម្តី ទី២-ប្រយ័ត្នគំនិត និងទី៣-ប្រយ័ត្នចិត្ត ដែលយើងសូមបកស្រាយដោយលម្អិត ដូចខាង ក្រោម ៖

១-ប្រយ័ត្នសម្តី ៖ ធម្មតា ស្ថាប័នអព្យាក្រឹត គឺជាអង្គភាពកាន់មាគ៌ាកណ្តាល មិនផ្អៀងទោរទន់ទៅតាមបក្ខពួក ឬលាភ- សក្ការៈ តម្រូវឱ្យអ្នកដឹកនាំប្រយ័ត្នបំផុតនូវសេចក្តីថ្លែងការណ៍ ឬបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន។ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាស្ថាប័នអព្យាក្រឹត ត្រូវបានរដ្ឋសភា បោះឆ្នោតអនុម័តជាផ្លូវការ ដោយជ្រើសមនុស្ស សំខាន់ៗពីគណបក្សដែលមានអាសនៈក្នុងសភា និងអង្គការក្រៅរដ្ឋាភិបាល មកដឹកនាំ ទោះមន្ត្រីទាំងនោះមាននិន្នាការ នយោបាយខុសគ្នា ក៏ពេលចូលធ្វើការក្នុងស្ថាប័នអព្យាក្រឹត ត្រូវតែមានជំហរអព្យាក្រឹតជាដាច់ខាត ស្តែងចេញតាមរយៈ ពាក្យសម្តីរបស់ខ្លួន ព្រោះបើនិយាយខុស ធ្វើឱ្យថយគុណតម្លៃមនុស្សអព្យាក្រឹតមិនខានឡើយ។ កាលពីប៉ុន្មានថ្ងៃមុន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងថា “លោកសម រង្ស៊ី មិនអាចចុះឈ្មោះបោះឆ្នោតបានឡើយ ព្រោះជាទណ្ឌិត” ខណៈដែលលោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លើកឡើងខុសគ្នាថា “លោកសម រង្ស៊ី មានសិទ្ធិបោះឆ្នោត ប៉ុន្តែ ប្រជាពលរដ្ឋមានសិទ្ធិប្តឹងជំទាស់”។ លុះមកដល់ថ្ងៃចុះឈ្មោះបោះឆ្នោត ប្រធាន គ.ជ.ប បាននិយាយខុសពីមុនថា “លោក សម រង្ស៊ី មានសិទ្ធិចុះឈ្មោះបោះឆ្នោត ប៉ុន្តែ ត្រូវបំពេញលក្ខខណ្ឌ៣យ៉ាង” ខណៈដែលលោកគួយ ប៊ុនរឿន ថ្លែងការពារថា “ឯកឧត្តមប្រធាន គាត់និយាយពីគោលការណ៍ច្បាប់ទេ ប៉ុន្តែ មានសារព័ត៌មានខ្លះ បានចុះពន្លើសបន្ថែម…” ដូច្នេះមានន័យ ថា ថ្នាក់ដឹកនាំទាំងពីររូបនេះ “ចេះប្រយ័ត្នសម្តី” ដើម្បីការពារស្ថាប័នអព្យាក្រឹត ដោយហេតុថា មនុស្សកណ្តាល មិនអាច វាយប្រហារដោយពាក្យសម្តីទៅលើអ្នកនយោបាយណាបានឡើយ។ ការនិយាយខុស ឬជ្រុលជ្រួស អាចដើរស្របនឹងសុភា- សិតបារាំង១ឃ្លាថា “សុន្ទរកថា មិនស្របពេលវេលា ដូចគ្នានឹងបទក្លងខែក ក្នុងពេលហែខ្មោច” (Un discours à contretemps est comme une musique pendant le deuil)។ បើយើងមិនភ្លេចទេនោះ សម្តេចឪ ព្រះបរមរតនកោដ្ឋ កាលនៅជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) បានមានព្រះបន្ទូលទៅកូនចៅព្រះអង្គថា “សន្លឹកឆ្នោតឪ មិនបាន ការទេកូនចៅ! ជាសន្លឹកឆ្នោតស” មានន័យថា ទោះជាព្រះអង្គមិនបោះឆ្នោត ព្រោះគង់នៅជាកណ្តាល ក៏ទ្រង់មានព្រះបន្ទូល បែបនេះ ដើម្បីរក្សាព្រះកិត្តិយសអព្យាក្រឹតនេះឯង។

២-ប្រយ័ត្នគំនិត ៖ អ្នកដឹកនាំស្ថាប័នអព្យាក្រឹត មុននឹងធ្វើអ្វីមួយត្រូវពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ដោយមិនអាចលូក ដៃចូលឆាកនយោបាយ ឬបង្អោនខ្លួនទៅតាមទំនាញអ្វីបានឡើយ។ កាលលោករ៉ុង ឈុន ដែលជាសមាជិក គ.ជ.ប អផ្សុក ទៅចូលធ្វើអន្តរាគមន៍ជាមួយអង្គការសង្គមស៊ីវិលមួយនោះ ក៏ត្រូវគេព្រមានជុំទិស ប៉ុន្តែ សព្វថ្ងៃបានបម្រើតួនាទីក្នុងតំណែង អព្យាក្រឹតបានល្អ មិនដែលឃើញភ្លាត់ទៀតទេ។ បើច្បាប់ចែងយ៉ាងណា ត្រូវតែអនុវត្តយ៉ាងនោះ ប៉ុន្តែ បើច្បាប់នោះមាន ចន្លោះប្រហោងត្រូវពិគ្រោះគ្នា ចៀសវាងសម្រេចអ្វីតាមអត្តនោម័ត ឬទោរទន់ទៅតាមការអូសទាញរបស់អ្នកនយោបាយ។

៣-ប្រយ័ត្នចិត្ត ៖ អ្នកដឹកនាំស្ថាប័នអព្យាក្រឹត ត្រូវបើកចិត្តឱ្យទូលាយ នៅពេលមានអ្នកកាសែត ចង់ដឹងបញ្ហាអ្វីមួយ គួរបកស្រាយពន្យល់ឱ្យគ្នាអស់មន្ទិលសង្ស័យផង។ បើមានអ្នកកាសែតសួរ ស្រាប់តែគាត់បិទចិត្ត ឬប្រាប់ថា “ជាប់រវល់” ឬថា “សួរអីឆ្កួតៗអ៊ីចឹង” នឹងធ្វើឱ្យស្ថាប័នអព្យាក្រឹត ថយតម្លៃមិនខានឡើយ។

ការប្រុងប្រយ័ត្នទាំង៣យ៉ាងនេះ សំខាន់បំផុតគឺ “ប្រយ័ត្នសម្តី” ព្រោះថា “សម្តីជាឯក លេខជាទោ អក្សរជាត្រី” ឬថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងព្រោះអណ្តាត” ធម្មតា ពាក្យសម្តីអ្នកធំ ឬថ្នាក់ដឹកនាំស្ថាប័នអព្យាក្រឹត គេចង់ស្តាប់ បំផុត បើគាត់និយាយជ្រុលជ្រួស ឬថ្លែងការណ៍ មិនស្គាល់ពេលវេលា ឬកាលអាកាស ក៏នាំឱ្យថយតម្លៃដែរ។ ឧទាហរណ៍ ព្រះគ្រូចៅអធិការវត្តមួយនោះ បន្ទាប់ពីឆាន់ព្រឹករួច ក៏ចាប់ក្បាលមីក្រូសម្តែងធម៌ទេសនា ដោយគ្មានអ្នកសូត្រអារាធនា។ ចង្ហាន់ដែលព្រះអង្គឆាន់សល់នៅពោរពាស មានទាំងបង្អែម ចម្អាប ខ្លះដាក់ចានស្រាក់ ខ្លះដាក់ចានធម្មតា ត្រូវរុយរោមអែអុក ខណៈដែលឧបាសក ឧបាសិកា ជាម្ចាស់ចង្ហាន់ អង្គុយបត់ជើងឱ្យត្រៀបទាំងរមូលពោះគ្រូកៗ ព្រោះតែលោកគ្រូសង្គ្រាជ សម្តែង ធម៌ជិត១ម៉ោងឯណោះ។ តាមពិត រសព្រះធម៌ គួរត្រងត្រាប់ចាប់យកមិនខុសទេ ប៉ុន្តែ ករណីលោកគ្រូទេសនាមិនស្គាល់ ពេលវេលា ធ្វើឱ្យពុទ្ធបរិស័ទដែលកំពុងរង់ចាំលើកចង្ហាន់សល់មកហូបនោះ ស្តាប់ធម៌មិនចូលត្រចៀក ទៅជាគ្មានតម្លៃទៅ វិញ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំ គ.ជ.ប មុននឹងថ្លែងការណ៍ គួរមើលពេលវេលា ឬកាលអាកាសផង ជាពិសេសមិនគួរនិយាយអ្វី ដែលមានលក្ខណៈវាយប្រហារអ្នកនយោបាយ ទោះធ្ងន់ក្តី ស្រាលក្តី។ ករណីប្រធាននិយាយយ៉ាងនេះ អនុប្រធាននិយាយ យ៉ាងនោះ មិនស៊ីខ្សែគ្នានោះ អាចធ្វើឱ្យមានមន្ទិលសៅហ្មងដល់ស្ថាប័នអព្យាក្រឹត ឬអាចនឹងរងការរិះគន់ពីមហាជនថា អព្យា- ក្រឹតតែឈ្មោះ ប៉ុន្តែ សកម្មភាពអត់អព្យាក្រឹត។

បើយើងមិនភ្លេចទេនោះ កាលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ដែលមានលោកយ៉ាស៊ូស៊ី អាកាស៊ី ជនជាតិជប៉ុន ជាប្រមុខ ជួយចាត់ចែងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ នោះ គេមិនដែលឮលោកប្រមុខអ៊ុនតាក់ នោះ និយាយប៉ះពាល់ដល់គណបក្សណាទេ គឺគាត់នៅតែស្ងៀម។ សូម្បីពេលអ៊ុនតាក់ ប្រកាសលទ្ធផលបោះឆ្នោត ដោយមានការតវ៉ាពីគណបក្សប្រជាជនកម្ពុជា ក៏លោកអាកាស៊ី ប្រកាន់ជំហរម៉ឺងម៉ាត់ និយាយ ស្តីមិនផ្អៀងទៅតាមនិន្នាការនយោបាយបក្សណាឡើយ។ ដូច្នេះ បើស្ថាប័នអព្យាក្រឹត ចេះប្រយ័ត្នសេចក្តីថ្លែងការណ៍ នឹង អាចរក្សាកិត្យានុភាពរបស់ខ្លួនបាន ទោះជាមានការចោទប្រកាន់ ក៏មិនអាចធ្វើឱ្យស្ថាប័ននេះរង្គោះរង្គើ។ ឆ្លងកាត់ការបោះឆ្នោត អាណត្តិក្រោយៗមកទៀត ដោយហេតុថា ស្ថាប័ន គ.ជ.ប មិនសូវចេះប្រុងប្រយ័ត្នសេចក្តីថ្លែងការណ៍ ដែលជួនកាលថ្នាក់- ដឹកនាំ គ.ជ.ប និយាយកាន់ជើងឥស្សរជននយោបាយណាមួយ លុះពេលប្រកាសលទ្ធផលឆ្នោត ក៏មានបាតុកម្ម កើតទុក្ខ មិនសុខចិត្ត ដោយអ្នកតវ៉ាទាំងនោះបានចោទប្រកាន់ គ.ជ.ប ថា គ្មានភាពអព្យាក្រឹត។ ហេតុនេះអ្វីដែលជាបទពិសោធន៍ មិនល្អ មិនគួរឱ្យមានទៀតទេ ជាពិសេស ប្រធាននិងអនុប្រធាន គ.ជ.ប គួរប្រុងប្រយ័ត្នសម្តីឱ្យដល់កម្រិត កុំនិយាយស្តីអ្វី ប៉ះពាល់ដល់អ្នកនយោបាយ ដោយយកគំរូតាមអង្គព្រះមហាក្សត្រជាទីសក្ការៈ ដែលព្រះអង្គបានដាក់ព្រះកាយគង់នៅឆ្ងាយ ពីនយោបាយ ទើបធានាថា ស្ថាប័ន គ.ជ.ប នឹងក្លាយជាស្ថាប័នអព្យាក្រឹតពិតៗ។

សរុបទៅ “ស្ថាប័នអព្យាក្រឹត ត្រូវប្រយ័ត្ន៣យ៉ាង” គឺត្រូវប្រយ័ត្នសម្តី ឬសេចក្តីថ្លែងការណ៍ ជាឥរិយាបថធំជាងគេ បង្អស់។ រឿងនយោបាយ ទុកឱ្យអ្នកនយោបាយគេធ្វើទៅ ចំណែក គ.ជ.ប ដឹងតែបំពេញតួនាទីស្នូលរបស់ខ្លួនទៅ កុំពាក់ព័ន្ធ នឹងនយោបាយ ទើបប្រជាពលរដ្ឋជឿជាក់ ជាពិសេស ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ផ្ទុយទៅវិញ បើ គ.ជ.ប មិនចេះប្រយ័ត្នសម្តី និយាយប៉ះពាល់ដល់អ្នកនយោបាយនោះ ពេលប្រកាសលទ្ធផលឆ្នោត ច្បាស់ជាមានការតវ៉ាទៀត ដែល ជាគន្លឹះប្រត្យក្សភាពសម្រាប់ពិចារណា៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES