លោក Jose Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលដែលក្លឹប Real Madrid ធ្លាក់ចេញពីកៅអីយូហ្វាឆេមពានលីក ត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹប Ajax កាលពីរាត្រីថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ ថា លោកចង់វិលត្រឡប់មកដឹកនាំ Real Madrid វិញ បើទោះជាកាលពីប៉ុន្មានថ្ងៃមុន លោកធ្លាប់ថ្លែងប្រាប់អ្នកកាសែតថា នឹងទៅដឹកនាំក្លឹប Paris SG។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ DAZN គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះ បាននិយាយថា “វាគ្មានបញ្ហាអ្វីទេ ប្រសិនបើខ្ញុំវិលត្រឡប់មកដឹកនាំក្លឹប Real Madrid ផ្ទុយទៅវិញ វាកាន់តែមានមោទនភាពចំពោះខ្ញុំ ប្រសិនបើ Real Madrid ផ្តល់ឱកាសឱ្យដឹកនាំនៅទីនោះ”។
គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្លឹបស្តេចស Real Madrid ក្នុងចន្លោះ២០១០-២០១៣ មុនពេលដែលលោកក្លាយជាគ្រូបង្វឹកក្លឹបតោខៀវ Chelsea (២០១៣-២០១៥) និងចុងក្រោយ ចូលមកដឹកនាំក្លឹប Man Utd បានរយៈពេល២ឆ្នាំ (២០១៦-២០១៨)។ លោក Jose Mourinho ត្រូវបានក្លឹប Man Utd បណ្តេញចេញកាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
គួររំឭកថា ការដឹកនាំ Real Madrid លោក Jose Mourinho បាននិយាយថា “ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាមួយក្លឹបគូប្រជែង Barcelona។ នៅទីនោះ ខ្ញុំអាចមានគូប្រជែងខ្លាំងជាងនៅក្របខណ្ឌប្រឺមីញេលីក”។
ទោះបីជាគាត់មានទំនាក់ទំនងល្អជាមួយលោក Florentino Perez ប្រធានក្លឹប Real Madrid ពេលគាត់ដឹកនាំបាន៣រដូវកាល ក៏ប៉ុន្តែឥឡូវនេះ ក្លឹប Real Madrid បាត់បង់កីឡាករសំខាន់ៗដែលពិបាកក្នុងការស្វែងរកជ័យជម្នះ៕