លោក Joachim Loew គ្រូបង្វឹកក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ បាននិយាយថា លោកនឹងមិនកោះហៅកីឡាកររៀមច្បង៣រូប មានដូចជា Thomas Muller, Jerome Boateng និង Mats Hummels ចូលក្នុងក្រុមជម្រើសជាតិ វិញទេ។
លោកបន្តទៀតថា កីឡាករទាំង៣រូប ដែលកំពុងលេងឱ្យក្លឹប Bayern ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ខ្ញុំកំពុងសម្លឹងមើលកីឡាករមុខថ្មី ដែលមានទេពកោសល្យអាចជួយក្រុមបាននៅពេលអនាគត។
កីឡាករទាំង៣រូបបានចូលរួមចំណែកជួយឱ្យអាល្លឺម៉ង់ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ប៉ុន្តែការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង បានធ្លាក់ត្រឹមវគ្គចែកពូល។
គ្រូបង្វឹក Joachim Loew បានជូនដំណឹងដល់កីឡាករទាំង៣រូបនេះរួចហើយ ក៏ប៉ុន្តែរង់ចាំការសម្រេចពីក្រុមប្រឹក្សាទាំងមូល។
ពាក់ព័ន្ធនឹងកំណែទម្រង់ក្រុមជម្រើសជាតិ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ រូបនេះ បានថ្លែងថា ខ្ញុំកំពុងរៀបចំគ្រឹះឱ្យរឹងមាំ ដោយចាប់យកកីឡាករវ័យក្មេងជំនាន់ក្រោយ ជាពិសេស ការចាក់បញ្ចូលឈាមថ្មី ក្នុងគោលបំណងឆ្ពោះទៅរកការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតា៕