Monday, December 23, 2024
Homeបរិយាយសង្ឃ​ចេះ​វិ​ន័យ មិន​ខ្លាច​អា​​បត្តិ

សង្ឃ​ចេះ​វិ​ន័យ មិន​ខ្លាច​អា​​បត្តិ

សុភាសិតខ្មែរ ១ឃ្លាថា “ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអាបត្តិ” មានន័យត្រង់ភ្លឹង មិនបញ្ឆិតបញ្ឆៀងពិបាកយល់ នោះទេ ប៉ុន្តែ “ចេះច្បាប់មិនខ្លាចក្តី” យើងធ្លាប់បរិយាយម្តងរួចមកហើយ ដល់ពេលនេះសូមលើកយក “ចេះវិន័យមិនខ្លាច អាបត្តិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះម្តងវិញ ក្នុងន័យបញ្ជ្រាបពីវិន័យសិក្ខាបទខ្លះៗក្នុងព្រះពុទ្ធសាសនា ចែកជូនមិត្ត អ្នកអាន ខណៈដែលព្រះសង្ឃមួយចំនួន បានបួសរៀនចេះដឹងជ្រៅជ្រះណាស់ ប៉ុន្តែ ព្រះអង្គមិនខ្លាចត្រូវអាបត្តិ…។

កាលពីពេលថ្មីៗនេះ លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ព្រះតេជគុណប៊ុត ប៊ុនតិញ ពី “បទបរិហារកេរ្តិ៍”។ ជុំវិញ ការប្តឹងផ្តល់នេះ អាចពាក់ព័ន្ធនឹង “អាបត្តិ” ក្នុងព្រះពុទ្ធសាសនា ហើយក៏ជាចម្ងល់មួយ ដែលមហាជនចង់ដឹងផងដែរ។

ពាក្យថា “អាបត្តិ” ជាភាសាបាលី មានន័យថា “ទោសដែលភិក្ខុត្រូវ ព្រោះកន្លង ឬល្មើសពុទ្ធប្បញ្ញត្តិ”។ នៅក្នុងវិន័យ បិដកពុទ្ធប្បញ្ញត្តិ មានរហូតដល់២២៧សិក្ខាបទឯណោះ ដោយចែកជា២ទៀត គឺ “គរុកាបត្តិ” (អាបត្តិធ្ងន់) និង “លហុកាបត្តិ” (អាបត្តិស្រាល)។ ក្នុងចំណោមទោសកំហុសទាំង២២៧នេះ ព្រះសង្ឃងាកប៉ះៗ សូម្បីពេលភ្លៀងទើបនឹងរាំង បើ ភិក្ខុនិមន្តកាត់ថ្លុកជង្ហុកដក់ទឹកថ្មីៗនោះ ក៏ត្រូវអាបត្តិដែរ ព្រោះនៅក្នុងទឹកដក់នោះ មានដង្កូវ ជន្លេន ឬមេភ្លៀងវាកើតមក។ ព្រះសង្ឃកាច់មែកឈើ ចូកចាំងជម្រះស្មៅ ក៏ត្រូវអាបត្តិដែរ តែជាអាបត្តិស្រាល គ្រាន់តែអុជធូបលុតជង្គង់មុខព្រះពុទ្ធប្បដិមា សុំខមាទោស ក៏អាចរួចពីអាបត្តិនោះហើយ។ ផ្ទុយទៅវិញ “អាបត្តិបារាជិក” ចាំបាច់ត្រូវតែផ្សឹកចេញ ដោយសារកំហុស៤យ៉ាង គឺសម្លាប់មនុស្សសត្វ, លួចទ្រព្យគេ, សេពមេថុនធម្ម និងពោលអួតគុណវិសេសថា គ្មានអ្នកណាស្មើខ្លួន។

ចំពោះព្រះតេជគុណប៊ុត ប៊ុនតិញ ព្រះប្រធានបណ្តាញសង្ឃឯករាជ្យ ដែលបានរៀនសូត្រចេះដឹងរហូតថ្នាក់ “អនុបណ្ឌិត” នោះ សម្រាប់អ្នកចេះវិន័យមើលឃើញថា ព្រះអង្គត្រូវអាបត្តិច្រើនណាស់ ប៉ុន្តែ “ចេះវិន័យមិនខ្លាចអាបត្តិ”។ អាបត្តិដែល ព្រះអង្គត្រូវនោះ មានដូចជា មិនចូលគង់ចាំវស្សាក្នុងវត្តណាឱ្យប្រាកដ ព្រោះពុទ្ធប្បញ្ញត្តិ តម្រូវឱ្យភិក្ខុសង្ឃចូលវស្សា ចាប់ ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ ខែអស្សុជ ជាកំហិត។ រយៈពេល៣ខែនេះ ភិក្ខុសង្ឃ មិនអាចចេញផុតពីអាវាសលើស ពី៧ថ្ងៃបានឡើយ បើចេញហួសកំណត់ វិលមកវត្តវិញមិនទាន់ ឈ្មោះថា “ដាច់សត្តាហៈ” ឬ “ដាច់វស្សា” មិនអាចទទួលសំពត់ កឋិនបានឡើយ។ សង្ឃដាច់សត្តាហៈ សូម្បីព្រះមហាក្សត្រ ក៏ជួយមិនបានដែរ ឧទាហរណ៍ កាលព្រះបាទស៊ីសុវត្ថិ យាងទៅ ធ្វើបុណ្យនៅប្រាសាទអង្គរវត្ត នាឆ្នាំ១៩០៧ រាជការបាននិមន្តព្រះសង្ឃចេញពីខេត្តបាត់ដំបង ១០អង្គ ទៅចាំថ្វាយធម៌ជយន្តោ ដល់ព្រះមហាក្សត្រ។ លោកគង់នៅសៀមរាប រហូត១០ថ្ងៃ ក៏ដាច់សត្តាហៈ បណ្តាលឱ្យលោកស័ក្តិ៣ ព្រះរាជអាជ្ញាអាណិត អាសូរ ក៏ក្រាបបង្គំសុំព្រះរាជសិទ្ធិលើកលែងសត្តាហៈ ប៉ុន្តែ ស្តេចមិនហ៊ានល្មើសព្រះពុទ្ធដីកា ដូចកំណាព្យ “និរាសនគរវត្ត” របស់ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ សរសេរថា “ព្រោះក្រែងដាច់វស្សាការសៅហ្មង តាមទំនងសត្តាហៈប្រាំពីរថ្ងៃ លោកស័ក្តិបីទទួល គិតកែខៃ សុំអំណាចក្សត្រថ្លៃគ្រងវស្សា។ ចក្រពង្សពុំទ្រង់ឱ្យអំណាច ក្នុងព្រះទ័យខ្លាចក្រែងខុសសិក្ខា តែសត្តាហៈព្រះដំបង ហួសហើយណា ហ្លួងនឹកថាក្រែងលោទើបដល់ថ្មី។ ពុំជ្រាបហេតុព្រះសង្ឃព្រះដំបង មកនៅចាំរ៉ាប់រងព្រះចក្រី តាំងពីខ្នើត មួយកើតចូលតិថី ដប់មួយសៅរីហួសកំណត់។ សត្តាហៈបានតែប្រាំពីរថ្ងៃ នេះហួសផុតនិស្ស័យសិក្ខាបទ ថ្ងៃហ្លួងដល់ដប់មួយ កើតប្រាកដ បើកំណត់សត្តាហៈហួសបួនថ្ងៃ។ ហេតុដូច្នេះព្រះសង្ឃព្រះដំបង ដាច់វស្សាហើយហោងកុំសង្ស័យ ខ្ញុំឮច្នោះ អាណិត លោកពេកក្រៃ ឱ! ម្ចាស់ថ្លៃគ្រងកឋិនឃើញថាខាត…”។

ដូច្នេះយើងឃើញថា សូម្បីអំណាចព្រះមហាក្សត្រ ក៏មិនអាចជួយសង្ឃដាច់វស្សាបានដែរ ដែលកាលនោះ ព្រះសង្ឃពី ខេត្តបាត់ដំបង (ព្រះដំបង) ១០អង្គនេះដឹកនាំដោយព្រះវិន័យធរ គង់នៅវត្តតាមិម។ បើអ៊ីចឹងនោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏ដាច់វស្សាដែរ ព្រោះព្រះអង្គនិមន្តទៅអាមេរិក ហួសកំណត់សត្តាហៈ ទៅហើយ ឯការមិនចូលវស្សា ត្រូវ “អាបត្តិទុក្កដ”។ ដោយឡែក អាបត្តិផ្សេងៗទៀត ដូចជា និមន្តទៅសិងក្នុងសណ្ឋាគារ ឬគេហដ្ឋានដែលមានដំបូលរួមគ្នា ជាមួយស្ត្រីភេទ នឹងត្រូវអាបត្តិ “បាចិត្តិយៈ” ចៀសមិនរួចឡើយ។ ចំពោះពាក្យបណ្តឹងពី “បទបរិហារកេរ្តិ៍” អាចជំពប់នឹងអាបត្តិ “ទុព្ភាសិត” ដែលបណ្តាលមកពីសង្ឃពោលពាក្យរោយរាយឥតប្រយោជន៍ ប៉ះពាល់ ដល់អ្នកដទៃ រាប់ចូលក្នុង “អកុសលកម្មបថ១០” ក្នុងមែកធាង “វចីកម្ម៤យ៉ាង” រួមមាន ១-មុសាវាទ (កិរិយាពោលនូវពាក្យកុហក ២-បិសុណាវាចា (កិរិយាពោលនូវ ពាក្យញុះញង់ស៊កសៀតបំបែកបំបាក់អ្នកដទៃ) ៣-ផរុសវាចា (កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម) ៤-សម្ជប្បលាប (កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍)។ ករណីព្រះតេជគុណប៊ុត ប៊ុនតិញ មានថេរដីកាថា “បើតាដូ ជាប្រធានបក្សខ្លាចអីការរិះគន់ មិនគួរធ្វើជាអ្នកនយោបាយទេ” ដូច្នេះពាក្យនេះជាពាក្យ រោយរាយឥតប្រយោជន៍ (សម្ជប្បលាប) នេះឯង ដែលព្រះភិក្ខុសង្ឃគួរវៀរចាក។

យោងតាមការឃ្លាំមើល ព្រះសង្ឃសម័យនេះ ទោះមិនធ្វើនយោបាយ ក៏ “ងាកប៉ះៗ” ព្រោះវិន័យសិក្ខាបទ២២៧ឯណោះ មិនប៉ះឯណាបាន? ឧទាហរណ៍ព្រះសង្ឃខ្លះ មិនចាប់មូសចេញពីក្នុងមុងទេ ក៏ទះផាច់ៗ (មានន័យថា សម្លាប់សត្វ) ឯព្រះ សង្ឃខ្លះទៀត សង្កើចខាំពេក ក៏យកកន្ទេលទៅហាលថ្ងៃ ឬបេះស្លឹកសាវម៉ាវព្រៃ ទៅដាក់ក្រោមកន្ទេល ឱ្យងាប់សង្កើច ក៏ មានឈ្មោះថា សម្លាប់សត្វដែរ។ ព្រះសង្ឃសិងលើគ្រែពូក ហួសពីកម្ពស់៨ធ្នាប់ព្រះសុគត (ប្រហែល៣តឹក) ក៏ត្រូវអាបត្តិ កាន់ទូរស័ព្ទទំនើប មើលហ្វេសប៊ុក ដែលមានរូបស្រីស្អាតៗក្នុងនោះក៏ត្រូវអាបត្តិ។ ករណីសង្ឃត្រូវអាបត្តិធ្ងន់ តែលាក់អាបត្តិ មិនសម្តែងកំហុស ពីមុខជំនុំសង្ឃ ពេលសុគត នឹងទៅកើតនៅឋាននរក តែបើត្រូវអាបត្តិស្រាល នឹងទៅកើតជាសត្វតិរច្ឆាន ដូចរឿង “កាឡនាគរាជ”។

កាលពីសម័យព្រេងនាយ ព្រះសង្ឃខ្លាចត្រូវអាបត្តិណាស់ ដោយសារមានគណៈសង្ឃដឹកនាំម៉ឺងម៉ាត់ ឧទាហរណ៍ “សម្តេច ព្រះសុគន្ធាមហាសង្ឃរាជាគណាធិបតី ព្រះនាមប៉ិម” គង់នៅវត្តអ្នកតាសិង នាក្រុងឧដុង្គមានជ័យ មានការដឹកនាំវិស័យពុទ្ធ- សាសនារឹងមាំណាស់។ ព្រះអង្គជាព្រះរាជគ្រូ និងជាព្រះឧបជ្ឈាយ៍បំបួសព្រះបាទស្រីធម្មរាជា ហៅព្រះរាជសម្ភារ ដោយ បង្ហាត់បង្រៀនព្រះមហាក្សត្រអង្គនេះឱ្យក្លាយទៅជារាជកវីដ៏ឆ្នើម នាសតវត្សរ៍ទី១៧ (សម័យតេជោមាស តេជោយ៉ត)។ សម្តេចព្រះសង្ឃរាជអង្គនេះ មានញាណពិសេស មើលឃើញភ្លើងឆេះស្រុកចិន។ ព្រះអង្គចិញ្ចឹមឆ្កែឈ្មោល១ ឈ្មោះ “អាម៉ៅ” លុះវាងាប់ទៅ ក៏ត្រូវគេយកទៅកប់នៅក្បែរគុម្ពប្ញស្សី។ ខ្មោចអាម៉ៅ បានទៅចាប់ជាតិជា ស្តេចស្រុកចិន ពេលឡើងសោយ- រាជ្យ ចេះតែឈឺព្រះសិរ (ក្បាល) ហោរាក៏ទាយថា ពីជាតិមុន ព្រះអង្គ ជាឆ្កែសម្តេចព្រះសង្ឃរាជខ្មែរ ត្រូវគេយកទៅកប់ ក្បែរគុម្ពប្ញស្សីរបងវត្ត ក៏មានប្ញសប្ញស្សីចាក់ដោតក្បាលខ្មោចឆ្កែនោះ លុះត្រាតែលើងខ្មោចឆ្កែធ្វើបុណ្យ ទើបស្តេចបានជា សះស្បើយ។ ស្តេចខ្ញាល់ណាស់នឹងទំនាយនេះ ក៏ត្រាស់បង្គាប់ឱ្យចាប់ហោរាទៅឃុំឃាំង និងបញ្ជាពលសេនាឱ្យតាមស៊ើបសួរ រឿងនេះដល់ក្រុងឧដុង្គ ចូលគាល់សម្តេចព្រះសង្ឃរាជប៉ិម។ សម្តេចព្រះសង្ឃរាជ ក៏ទាយដូចហោរាចិនដែរថា ឆ្កែព្រះអង្គ បានទៅចាប់ជាតិជាស្តេចចិន លុះចាត់ចែងលើងខ្មោចឆ្កែ ធ្វើបុណ្យទក្ខិណានុប្បទាន និងពូនផ្នូរជាថ្មីរួចរាល់ ព្រះចៅក្រុងចិន ក៏បាត់ឈឺព្រះសិរនោះទៅ។ សម្តេចប៉ិម បានទុកស្នាព្រះហស្តជាកំណាព្យ “ច្បាប់ក្រម” ទុកទូន្មានមនុស្សស្រករក្រោយ ដូច សេចក្តីផ្តើមថា “នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយ ប្រណិប័តន៍”។

នៅក្នុងរជ្ជកាលព្រះបាទអង្គតន់ ក៏មានមហាថេរ១អង្គ គង់នៅវត្តស្បែង ក្រុងឧដុង្គមានជ័យ ទ្រង់ព្រះនាម “សម្តេច ព្រះសុគន្ធាធិបតីជិម” ជាព្រះរាជគ្រូព្រះមហាក្សត្រ។ ព្រះមហាថេរអង្គនេះ មានញាណពិសេស លុះមានព្រះជន្ម៩៥វស្សា ដឹងថាចៀសសោយទិវង្គតមិនរួច ក៏យល់ព្រមមកចាប់ជាតិក្នុងឧទរ “អ្នកម្នាងជៃកវែង” ដែលជាព្រះស្នំក្មេងជាងគេរបស់ ព្រះបាទអង្គតន់ តាមការស្នើសុំពីព្រះមហាក្សត្រ ដែលគ្មានបុត្រប្រុសស្នងរាជ្យ។ លុះប្រសូតមកក៏មានព្រះនាមថា “ព្រះអង្គ អេង” ទ្រង់បានឡើងសោយរាជ្យស្នងព្រះបិតា តែមិនបានយូរទេ ព្រោះមុនសោយទិវង្គត សម្តេចព្រះសង្ឃរាជជិម បានផ្តាំថា ព្រះអង្គ ជួយដឹកនាំប្រទេសមិនបានយូរទេ ប្រញាប់ទៅភពខាងមុខទៀត ទើបព្រះបាទអង្គអេង មានព្រះជន្មត្រឹម៤៤វស្សា ក៏សោយព្រះទិវង្គតទៅ។

ដោយឡែក សម្តេចព្រះសង្ឃរាជជួន ណាត ក៏ល្បីមានទិព្វញ្ញាណចេះស្តាប់ភាសាសត្វដែរ ដោយមានការតំណាលតៗ គ្នាថា ថ្ងៃមួយ មានសត្វគ្រលេងគ្រលោង វាយំលើដើមស្វាយ ក្បែរសម្បុកអង្ក្រង។ សម្តេចជួន ណាត ឮសត្វយំកឹក! កឹកៗ មិនហើរទៅណា ក៏ប្រាប់សិស្សគណថា “នុ៎ះ! អាគ្រលេងគ្រលោងវាចង់ស៊ីស្វាយទុំ” សិស្សគណ ក៏សួរព្រះអង្គថា “ផុតរដូវ ស្វាយទុំទៅ ហើយមានស្វាយឯណានៅសល់?” ព្រះអង្គក៏ប្រាប់សិស្សថា “នៅសល់ផ្លែស្វាយពៅគេ ត្រូវអង្ក្រងធ្វើសម្បុកព័ទ្ធ ឥឡូវវាទុំ ទើបសត្វវាធុំក្លិនចង់ស៊ី តែវាខ្លាចអង្ក្រង” សិស្សគណក៏ឡើងទៅកាច់សម្បុកអង្ក្រងមើល ក៏ឃើញស្វាយទុំ១ផ្លែ ប្រាកដមែន ទើបជឿថា សម្តេចព្រះសង្ឃរាជជួន ណាត ចេះស្តាប់ភាសាសត្វ ព្រោះព្រះអង្គជាអ្នកប្រាជ្ញអក្សរសាស្ត្រគ្មាន គូប្រដូច។

ដូច្នេះ បើកាលណាព្រះសង្ឃរាជចេះខ្លាំង ខ្លាចត្រូវអាបត្តិណាស់ ដោយដឹកនាំព្រះពុទ្ធសាសនាឱ្យរុងរឿងថ្កុំថ្កើងជានិរន្តរ៍។ ប៉ុន្តែ ក្នុងករណីខ្លះ ដូចព្រះតេជគុណប៊ុត ប៊ុនតិញ ជាដើម ក៏ចេះដែរ ប៉ុន្តែ “ចេះវិន័យមិនខ្លាចអាបត្តិ” ព្រោះតែបុព្វហេតុយក តាមគំរូព្រះអាចារ្យហែម ចៀវ។

សរុបទៅ “សង្ឃចេះវិន័យមិនខ្លាចអាបត្តិ” គឺមានន័យយ៉ាងនេះឯង សំដៅដល់ការប្តឹងផ្តល់ពាក់ព័ន្ធដល់រឿងនយោបាយ។ អ្នកវិភាគមើលឃើញថា ព្រះអង្គប៊ុត ប៊ុនតិញ ធ្វើខុសវិន័យក៏ពិតមែន ប៉ុន្តែ ពិបាកផ្សឹក ដោយហេតុថា ព្រះអង្គមិនខុសដល់ ថ្នាក់ “បារាជិក”។ តុលាការគ្រហស្ថ ក៏ពិបាកចាត់ការចំពោះព្រះសង្ឃដែរ គឺមានតែគណៈថេរសភាសង្ឃប៉ុណ្ណោះ ដែលអាច សម្រេចរឿងព្រះសង្ឃបាន។ អាស្រ័យហេតុនេះ សូមមិត្តអ្នកអានដែលមិនសូវច្បាស់រឿងវិន័យសង្ឃ មេត្តាជ្រាប និងពិចារណា ស្រាវជ្រាវបន្ថែមតាមការគួរ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES