ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ ទើបតែចេញពីកន្លែងផឹកសុី ទាំងស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកម៉ូតូ និងកង់៣ឥណ្ឌាជាច្រើនគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួ៦នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមិថុនានេះ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមរបាយការណ៍របស់សមត្ថកិច្ចចរារណ៍ បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-1668 បើកបរដោយជនមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ មុខរបរជាមេញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ បើកបរក្នុងស្តានភាពស្រវឹង បានបើកបរថយន្តតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតមកលិច បើកបញ្ច្រាសរបាំងពុះចែកទ្រូងផ្លូវ និងមិនឈប់ភ្លើងស្តុប បានជ្រុកទៅបុករះម៉ូតូចំនួន៤គ្រឿង និងរងរបួសមនុស្សចំនួន៤នាក់ (ប្រុស) សំរាកព្យាបាលនៅគ្លីនិកហុងហាក់។
របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ជនបង្កមិនព្រមសហការជាមួយសមត្ថកិច្ច និងមិនបានផ្តល់អាសយដ្ឋានរស់នៅសព្វថ្ងៃនោះទេ។
ដោយឡែក បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់គ្រាន់តែដឹងថា ជាមន្ត្រី PM ពាក់សក្តិ៤កន្លះ ទើបចេញពីកន្លែងផឹកសុី ទាំងអាការស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបមួយគ្រឿង ម៉ាកឡិចស៊ីស 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-1668 តាមបណ្តោយផ្លូវ R6 បឹងកក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើ បានបើកលឿនដូចហោះ ជ្រុលចង្កូតចូលផ្លូវម្ខាងទៀត បុករះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌា១គ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ រងរបួសធ្ងន់២នាក់ និងស្រាល៤នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនបង្ក ហើយបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ហុងហាក់ ចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែង រួចដឹកយកទៅនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕