Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមផ្អើល​លោក​សម រង្ស៊ី រុះរើ​ក្បាល ម៉ា​ស៊ីន បក្ស ដក​លោក​កឹម សុខា ដាក់​លោក​គង់ គាំ

ផ្អើល​លោក​សម រង្ស៊ី រុះរើ​ក្បាល ម៉ា​ស៊ីន បក្ស ដក​លោក​កឹម សុខា ដាក់​លោក​គង់ គាំ

ភ្នំពេញ ៖ ស្របពេលដែលបានឮគណបក្ស  សង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្ម  បើគ្មាន ដំណោះស្រាយនយោបាយនោះ មានព័ត៌មាន ចចាមអារ៉ាមក្រៅផ្លូវការផ្អើលដល់មជ្ឈដ្ឋាន មហាជនថា គណបក្សប្រឆាំងមួយនេះ ដែល មានលោកសម រង្ស៊ី ជាប្រធាន គ្រោងធ្វើការ រុះរើក្បាលម៉ាស៊ីនដឹកនាំបក្ស ដោយនឹងតែង តាំងលោកគង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី ជាអនុប្រធានគណបក្ស ជំនួសលោកកឹម សុខា។ រីឯលោកកឹម សុខា នឹងត្រូវតែងតាំង ជាប្រធានកិត្តិយសគណបក្ស។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ មាន ព័ត៌មានលេចឮផ្អើលដល់មជ្ឈដ្ឋានមហាជន និង អ្នកតាមដាននយោបាយថា ប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិ ស្និទ្ធនឹងលោកសម រង្ស៊ី ប្រធាន គណបក្សបានបង្ហើបថា ដើម្បីស្រោចស្រង់គណបក្សសង្គ្រោះជាតិ ដែលកំពុងលិចលង់ក្នុងវិបត្តិ នយោបាយផ្ទៃក្នុងបក្ស ខណៈមេដឹកនាំកំពូល ទាំង២រូប គឺលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានបក្ស កំពុងជាប់ទោស ប្រឈមនឹងនីតិវិធីតុលាការនោះ លោកសម រង្ស៊ី ប្រធានគណបក្សដែលកំពុងស្ថិតនៅក្រៅប្រទេស បានត្រៀមរៀបចំកែសម្រួលក្បាលម៉ាស៊ីនដឹកនាំ បក្សជាថ្មី ដោយពិចារណាដកលោកកឹម សុខា ពីអនុប្រធានគណបក្ស ឬប្រធានស្តីទីគណបក្ស ទៅជាប្រធានកិត្តិយសគណបក្ស ហើយតំណែង អនុប្រធានគណបក្សនេះ ត្រូវដាក់ជំនួសដោយ លោកគង់ គាំ អតីតសមាជិកសភាគណបក្ស សម រង្ស៊ី និងជាអតីតប្រធានគណបក្សសម រង្ស៊ី។

ប្រភពដដែលនោះ បានបញ្ជាក់ថា ការដែល គណបក្សសង្គ្រោះជាតិ ចង់រុះរើក្បាលម៉ាស៊ីន ដាក់លោកគង់ គាំ ជំនួសលោកកឹម សុខា ដោយសារតែមើលឃើញថា ក្រៅពីលោកគង់ គាំ ពុំមានមន្ត្រីណាដែលអាចទាញការគាំទ្រពីប្រជាពលរដ្ឋបានទេ។ ចំណែកលោកកឹម សុខា អាច ប្រឈមនឹងការជាប់ពន្ធនាគារក្រោយចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ      “បដិសេធក្នុងការចូលខ្លួន

សម្រាប់មជ្ឈដ្ឋានតាមដានសង្គម និង សង្គមស៊ីវិលមួយចំនួន បើទោះបីយល់ថា ព័ត៌មាន នោះ មិនទាន់អាចសន្និដ្ឋានថា ជាការពិតក៏ បានបញ្ចោញទស្សនៈថា ក្នុងកាលៈទេសៈនេះ បើគណបក្សសង្គ្រោះជាតិ គិតគូរដល់ការធ្វើ កំណែទម្រង់ ឬរុះរើក្បាល់ម៉ាស៊ីនដឹកនាំថ្មី ក៏ល្អ ម៉្យាងដែរ ដើម្បីឱ្យគណបក្សប្រឆាំងនេះ មាន ភាពរឹងមាំទៅមុខ តែបើគ្មានការកែទម្រង់ផ្ទៃក្នុង អាចនឹងមិនទទួលបានជោគជ័យ ឬទទួលបាន ការផ្លាស់ប្តូរ ដូចដែលថ្នាក់ដឹកនាំគណបក្សនេះ បានប្រកាសនោះទេ ព្រោះគណបក្សប្រឆាំង នេះបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពដូចពស់ដាច់ ក្បាល ឬញញួរបាក់ដង។

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានបញ្ជាក់ថា លោកគាំទ្រ បេក្ខភាពលោកគង់ គាំ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈលោកកឹម សុខា គួរ ធ្វើជាប្រធានកិត្តិយសរបស់គណបក្សសង្គ្រោះជាតិ ស័ក្តិសមជាង បើចង់ឱ្យគណបក្សសង្គ្រោះជាតិ មានលទ្ឋភាពឈ្នះឆ្នោត នាពេលខាងមុខ។

លោករស់ សារ៉ុម មានប្រសាសន៍ថា យើង ឃើញថា មួយរយៈដែលឯកឧត្តមសម រង្ស៊ី អត់ នៅខាងក្នុង នៅខាងក្រៅហ្នឹង គឺគណបក្ស ក្រោម ការដឹកនាំរបស់ឯកឧត្តមកឹម សុខា ហ្នឹង វាអត់ ទៅមុខត្រង់ ទោះបីជាមានរឿងកើតឡើងយ៉ាង ម៉េចក៏ដោយ បើសិនជាមេដឹកនាំម្នាក់ ដែលខ្លាំង ពិតប្រាកដហ្នឹង គឺប្រឈមមុខដោះស្រាយ មិន មែនទុកឱ្យស្ថានភាពដាបដូចរាល់ថ្ងៃនេះទេ។ អ៊ីចឹងយើងមើលឃើញថា ដើម្បីកុំឱ្យសម្ព័ន្ធហ្នឹង វាប្រេះឆានឹងគ្នាយ៉ាងម៉េចនោះ មានមនុស្ស ម្នាក់ទៀត បើសិនយើងគិតពីរឿងកូតា អាហ្នឹង មិនមែនរឿងជាតិទេ រឿងដើម្បីអំណាចផ្ទាល់ ខ្លួនទេ។ អ៊ីចឹងបើយើងគិតពីរឿងជាតិ គណបក្ស ប្រឆាំង គួរតែដាក់បេក្ខភាពឯកឧត្តមគង់ គាំ វិញ ព្រោះឯកឧត្តមគង់ គាំ បទពិសោធន៍ដែល គាត់ដឹកនាំគណបក្សសម រង្ស៊ី កន្លងទៅ នៅ ពេលដែលឯកឧត្តមសម រង្ស៊ី អត់នៅ ក៏គណបក្សហ្នឹង នៅតែរឹងមាំដែរ វាមិនដាបដូចបច្ចុប្បន្នទេ។ អ៊ីចឹងយើងឃើញថា បេក្ខភាពរបស់ ឯកឧត្តមគង់ គាំ ហ្នឹងពិតជាស័ក្តិសមជាងឯកឧត្តមកឹម សុខា ឆ្ងាយ។ អ៊ីចឹងពាក់ព័ន្ធនឹងបញ្ហា នេះ ខ្ញុំស្នើទៅឯកឧត្តមសម រង្ស៊ី ក្នុងនាមគាត់ ជាប្រធានគណបក្ស សុំឱ្យគាត់គិតឱ្យបានវែង ឆ្ងាយពីបញ្ហាហ្នឹង ហើយក៏ដូចជាឯកឧត្តមកឹម   សុខា ដែរ កុំយកបញ្ហាបុគ្គល មកធ្វើឱ្យបក្ស ដុនដាបដោយសារខ្លួន បើពិតជាស្នេហាជាតិ ពិតប្រាកដ យកការងារជាតិជាធំ។ អ៊ីចឹងការ រុះរើក្បាលម៉ាស៊ីន ការកែទម្រង់តាំងពីលើដល់ ក្រោមហ្នឹង ត្រូវតែធ្វើ ឈប់គិតរឿងកូតាទៅ គិតរឿងជាតិវិញ

ទោះបីយាងណា ទាំងអ្នកនាំពាក្យ និង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង ថា  ពេលនេះគណបក្សសង្គ្រោះជាតិ រឹងមាំ ហើយ មិនចាំបាច់ធ្វើការកែទម្រង់ថ្នាក់ដឹកនាំ ឬ រុះរើក្បាលម៉ាស៊ីនអីនោះទេ។ ដូច្នេះគណបក្ស សុំច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា គណបក្សនឹងដកលោកកឹម សុខា ពីអនុប្រធានគណបក្ស ហើយដាក់លោកគង់ គាំ ជំនួសនោះ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថាព័ត៌មាននេះមិន ពិតទេ អត់មានអ្នកណាគិតគូររឿងនេះទេ។ ខ្ញុំមិនដឹងថា អ្នកហ្នឹងគេមានចេតនាអ្វីទេ ខ្ញុំ គ្រាន់តែអាចបញ្ជាក់បានថា ព័ត៌មាននេះមិន ពិត។ ខ្ញុំអត់ចង់និយាយអីទេ ពីព្រោះសព្វថ្ងៃ នេះពិបាកណាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខ្លះ អត់មានក្រមសីលធម៌ទេ ជួនកាលបង្កើតប្រភព ខ្លួនឯង ចុះផ្សាយទៅ អាហ្នឹងយើងមិនអាចទេ ប៉ុន្តែខ្ញុំមិនមានពេលវេលានឹងជជែកអំពីក្រមសីលធម៌របស់អ្នកសារព័ត៌មានទាំងអស់នោះ ទុកឱ្យប្រជាពលរដ្ឋគេវិនិច្ឆ័យទៅ ប៉ុន្តែគ្រាន់តែ ខ្ញុំអាចបញ្ជាក់បានថា ព័ត៌មាននេះ មិនពិតតែ ប៉ុណ្ណឹងឯង

ជាមួយគ្នានោះដែរ លោកប៉ុល ហំម ប្រធាន សមាជិកគណៈកម្មាធិការនាយកគណបក្ស សង្គ្រោះជាតិ បានបញ្ជាក់យ៉ាងខ្លីថា លោកអត់ ដឹងរឿងនេះទេ លោកឈឺពីរបីថ្ងៃនៅផ្ទះ។ ដូច្នេះ លោកអត់បានដឹងព័ត៌មានចចាមអារ៉ាមនេះ ទេ។

ចំណែកអភិបាលរងនៃក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តតកែវ លោកអ៊ូ ច័ន្ទរ័ត្ន បានមាន ប្រសាសន៍ប្រាប់ នគរធំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ថា ខ្ញុំមិនយល់ពីព័ត៌មាននេះ ហើយ មុនដំបូងហាក់ដូចចេញពីឯកឧត្តមគង់ បូរ៉ា ផង ប៉ុន្តែខ្ញុំមិនទាន់បានស្តាប់ឱ្យយល់ពីបញ្ហាហ្នឹង ប៉ុន្តែនៅផ្ទៃក្នុងយើងអត់ទាន់មានការជជែកគ្នា អីទាំងអស់ មានសំណើពីអ្នកណាអ្នកណីអី គឺ អត់មានទាំងអស់។ ខ្ញុំជឿថាវាមិនមែនជាពេល ដែលត្រូវរុះរើក្បាលម៉ាស៊ីនគណបក្សនោះទេ ហើយ ខ្ញុំជឿថា វាមិនមែនជារឿងដែលល្អសម្រាប់បក្ស ទេ ព្រោះនៅក្នុងខណៈនេះយើងកំពុងតែប្រឈម នឹងការតស៊ូមតិ ប្រឈមនឹងស្ថានភាពនយោបាយរាល់ថ្ងៃនេះ។ ដូច្នេះយើងមិនអាចគិតពី រឿងរុះរើ ឬក៏តែងតាំងក្បាលម៉ាស៊ីននោះទេ។ ខ្ញុំសុំឱ្យសាធារណជនកុំឱ្យគិតពីបញ្ហាហ្នឹង អ្វី ដែលយើងត្រូវគិតគឺគិតពីបញ្ហាដោះស្រាយនូវអ្វី ដែលយើងកំពុងប្រឈមនេះទៅវិញ

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានមានប្រសាសន៍ប្រាប់នគរធំនៅ ថ្ងៃដដែលនោះថាបាទ! ចំពោះព័ត៌មាននេះ ដែលលេចឡើងយ៉ាងនេះ ជាផ្លូវការ ឬក្រៅ ផ្លូវការ ចំពោះខ្ញុំអត់ដឹងទេ។ កាលស្មារតីនៃ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ កាលពីម្សិលម៉្ងៃនេះ គឺអត់បានលើករឿងហ្នឹងទេ អត់បានជជែក គឺ យើងជជែកថា បើគ្មានដំណោះស្រាយទេ យើង ក៏គ្មានជម្រើសអីក្រៅពីរៀបចំការធ្វើបាតុកម្ម អហិង្សាហ្នឹងដែរ ឯចំណែកការពិភាក្សារចនាសម្ព័ន្ធថ្នាក់ដឹកនាំហ្នឹង គឺអត់មានទេ ទី១។ ទី២ បើមានរឿងនេះ ចេញមកជាចេតនានយោបាយ មិនល្អហើយ ពីព្រោះអ្នកណាក៏ដឹងដែរថា ឯកឧត្តមប្រធានស្តីទីកឹម សុខា កំពុងតាំងជំហរ យ៉ាងរឹងមាំ  ដើម្បីធ្វើយ៉ាងណា ដើម្បីឱ្យមាន ដំណោះស្រាយផ្នែកនយោបាយឱ្យមានសភាព ធូរស្រាលមកវិញ គឺថាលោកអត់បានតាំងចិត្ត ចេញទៅក្រៅប្រទេស ឬក៏លោកមានការភ័យ ព្រួយនៅក្នុងការដែលអាជ្ញាធរទៅចាប់លោក ទៅដាក់នៅពន្ធនាគារ។ ដូច្នេះស្មារតីនេះ ជំហរ នេះ ទទួលបានការកោតសរសើរពីសំណាក់ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយើងខ្ញុំ ក្នុងនាមជា សហការីរបស់លោក។ អ៊ីចឹងចំពោះព័ត៌មានដែល ថា តែងតាំងលោកគង់ គាំ ជំនួសអី គឺអត់ទេ

គួរបញ្ជាក់ដែរថា មុនមានព័ត៌មាននេះ  លោកគង់ បូរ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តព្រៃវែង និងជាកូនប្រុសរបស់ លោកគង់ គាំ តាមរយៈបណ្តាញសង្គមហ្វេស ប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦ លោកបានលើកឡើងថា សម្រាប់ដំណាក់ កាលថ្មី គួរតែផ្តល់តួនាទីឱ្យលោកគង់ គាំ ជា តំណាងកិត្តិយសរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីពេលនេះតទៅ ។

លោកគង់ បូរ៉ា បានសរសេរនៅពេលនោះ ថាអ្នកវិភាគសង្គម និងប្រជាពលរដ្ឋមួយចំនួន បានបង្ហាញនូវការព្រួយបារម្ភអំពីស្ថានភាពនយោបាយជាទូទៅនៅក្នុងប្រទេស អាច ប្រឈមនឹងភាពតានតឹង ឬអំពើហិង្សា ដែល អាចកើតឡើងរវាងកម្លាំងប្រដាប់អាវុធ និង សមាជិកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ខណៈ CNRP រងការចោទប្រកាន់ បន្ទាប់ពីមាន តុលាការបានកាត់ទោសដាក់ពន្ធនាគារមកលើ មេដឹកនាំទាំងពីរ តាមយុទ្ធសាស្ត្រថ្មីមួយ ដែល  CPP គេបំបែកបំបាក់ផ្ទៃក្នុង ហើយឈានទៅ កាត់ក្បាលម៉ាស៊ីនមេដឹកនាំនយោបាយ គឺ លោកប្រធានសម រង្សូី និងលោកប្រធានស្តីទី  កឹម សុខា។ ប៉ុន្តែយុទ្ធសាស្ត្រនេះមិនបានទទួល ជោគជ័យទេ ព្រោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានឆន្ទៈរួមចំណែកពង្រឹងពង្រីកឯកភាព សាមគ្គីភាព លើកកម្ពស់ស្មារតីផ្ទៃក្នុង  របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។  ក្នុងសកម្មភាពចំពោះមុខ និងក្នុងយុទ្ធនាការ របស់គណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧ និង ឆ្នាំ២០១៨ សូមសម្តែងការគោរព និងមាន មោទនភាពបំផុត អំពីគំនិតឯកឧត្តមយ៉ែម បុញ្ញប្ញទ្ធិ ដែលបានផ្តល់តម្លៃ និងកិត្តិយសចំពោះ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី អំពី គម្រោងវេទិកានយោបាយគណបក្សសង្គ្រោះជាតិទូទាំងប្រទេស។ ដើម្បីឱ្យការចូលរួមចំណែក របស់លោកគង់ គាំ ក្នុងបរិបទថ្មី មានតម្លៃជា ផ្លូវការ និងទទួលការសហការពីថ្នាក់ដឹកនាំ គណបក្យសង្គ្រោះជាតិ គ្រប់ថ្នាក់ ពីសកម្មជន ពីអ្នកគាំទ្រ និងពីប្រជាពលរដ្ឋទូទៅ គួរតែមាន ការប្រកាសពីលោកប្រធានសម រង្ស៊ី លោក ប្រធានស្តីទីកឹម សុខា និងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្យសង្គ្រោះជាតិ សម្រាប់ ដំណាក់កាលថ្មី ផ្តល់តួនាទីឱ្យលោកគង់ គាំ ជា តំណាងកិត្តិយសរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីពេលនេះតទៅ 

យ៉ាងណាក៏ដោយ លោកគង់ គាំ បាន បញ្ជាក់ប្រាប់ នគរធំនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែរថា លោកមិនអាចទទួលតំណែង អនុប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក កឹម សុខា បានទេ បើទោះបីមានការកែសម្រួល រុះរើក្បាលម៉ាស៊ីនក៏ដោយ គឺលោកគ្រាន់តែមាន ឈ្មោះជាតំណាងកិត្តិយសគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

លោកគង់ គាំ មានប្រសាសន៍ថាបាទ! ខ្ញុំមិនទាន់បានទទួលព័ត៌មានហ្នឹងជាផ្លូវការ ហើយ ច្បាស់លាស់នៅឡើយទេ គឺខ្ញុំគ្រាន់តែបានទទួល បានការយកចិត្តទុកដាក់ពីឯកឧត្តមយ៉ែម បុញ្ញប្ញទ្ធិ ដែលទទួលខុសត្រូវនៅព្រៃវែង និងស្វាយរៀង កំពត ហើយលោកបានណែនាំទៅគង់ បូរ៉ា កូនរបស់ខ្ញុំនេះ ឱ្យរៀបចំវេទិកា ហើយជួយ អញ្ជើញរូបខ្ញុំទៅជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសកម្មជនប្រជាពលរដ្ឋ អ្នកគាំទ្រអី ហើយខ្ញុំថា ខ្ញុំទៅក្នុងតួនាទីអ្វី? សុំ ឱ្យគណបក្សផ្តល់តួនាទីច្បាស់លាស់ឱ្យខ្ញុំក្នុង ស្ថានភាពដែលលោកប្រធាន លោកប្រធានស្តីទី មិនអាចនឹងជួបតាមវេទិកាផ្ទាល់ជាមួយនឹង សកម្មជន ប្រជាពលរដ្ឋផ្ទាល់អ៊ីចឹង។ ដូច្នេះខ្លួន ខ្ញុំទេ តាមដែលយោបល់មិញ ខ្ញុំបានឮប្រហែល ជាមជ្ឈដ្ឋានខ្លះក្នុងថ្នាក់ដឹកនាំហ្នឹង ចង់ឱ្យខ្ញុំទៅ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែខ្ញុំ ពីយូរមកហើយ ខ្ញុំមិនចង់ចូលទៅទទួលខុសត្រូវ ក្នុងការដឹកនាំសម្រេចគោលនយោបាយ ឬរៀបចំ រចនាសម្ព័ន្ធអីទេ គឺថាខ្ញុំចង់បានត្រឹមតែជាតំណាង កិត្តិយសរបស់គណបក្សសង្គ្រោះជាតិ ដើម្បីនឹង មានវត្តមានក្នុងវេទិកានានា ឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ តែប៉ុណ្ណោះ ទេ។ បានន័យថា ខ្ញុំអត់ចង់បានទេ ដោយសារ សំខាន់សុខភាពមិនស្ថិរភាពទេ

លោកគង់ គាំ មានប្រសាសន៍បន្តថា ខ្ញុំ យល់ឃើញថា មានក្រុមមនុស្សមួយចំនួន ដែល អាចទៅជាការគិតគូរការដឹកនាំ ដូច្នេះខ្ញុំគ្រាន់តែ ចង់បានជានិមិត្តរូប ដើម្បីមានការប្រាស្រ័យ ទាក់ទង សម្របសម្រួល ពង្រឹងឧត្តមគតិ ពង្រឹង គោលជំហរ ពង្រឹងឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋ ចំពោះគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES