Saturday, October 19, 2024
Homeព្រឹត្តិការណ៍សង្គមមេបក្ស​​យុវជន​​កម្ពុជា ថា លោក​​សម រង្ស៊ី ជា​​អា​យ៉ង​​សម្តេច​​ហ៊ុន សែន

មេបក្ស​​យុវជន​​កម្ពុជា ថា លោក​​សម រង្ស៊ី ជា​​អា​យ៉ង​​សម្តេច​​ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា ប្រធាន គណបក្សប្រឆាំង លោកសម រង្ស៊ី ជាអាយ៉ង ប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីឆ្នាំ១៩៩៨ មកម៉្លេះ។

ថ្លែងនៅក្នុងវេទិកាជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សកម្មជន អ្នកគាំទ្រគណបក្សយុវជនកម្ពុជា នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សថ្មី មានសកម្មភាពលេចធ្លោមួយ បានលើកឡើងថា សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាអ្នកនយោបាយជួយ ជាតិពិតប្រាកដទេ  គឺគ្រាន់តែជាអាយ៉ងរបស់ សម្តេចហ៊ុន សែន តាំងពីឆ្នាំ១៩៩៨មកម៉្លេះ។  ក្រៅពីនេះ លោកពេជ្រ ស្រស់ ក៏បានរិះគន់ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល ដែរថា បានបោករាស្ត្រខ្មែរអស់រយៈពេលជាង ៣០ឆ្នាំមកហើយ គិតមកដល់ពេលនេះ ។

លោកពេជ្រ ស្រស់ បញ្ជាក់ថា ការដែល លោកហ៊ានរិះគន់លោកសម រង្ស៊ី ជាអាយ៉ង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារ លោកបានសង្កេតមើលតាមសកម្មភាពនយោបាយរបស់លោកសម រង្ស៊ី ហើយកន្លងមក មេបក្សប្រឆាំងរូបនេះ ក៏ធ្លាប់រិះគន់គណបក្សតូច និងបក្សទើបបង្កើតថ្មីថា ជាអាយ៉ងរបស់គណបក្សកាន់អំណាចដែរ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង នគរធំជាមួយលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពី ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៦ 

នគរធំ ៖ ជម្រាបសួរលោកពេជ្រ ស្រស់ ! តើមានហេតុផល អំណះអំណាងយ៉ាងណា ដែល លោកហ៊ាននិយាយថា លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ជាអាយ៉ងរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ?

លោកពេជ្រ ស្រស់ ៖ បាទ ! ដើមឡើយ  ខ្ញុំអត់ចង់វាយប្រហារបកទៅលើ លោកសម រង្ស៊ី ទេ ពីព្រោះគាត់ជាព្រឹទ្ធាចារ្យនយោបាយ ហើយ គាត់ក៏ជាមេដឹកនាំមួយរូប ដែលខ្ញុំមិនទាន់ដឹងក្តី ប៉ុន្តែដល់ពេលខ្ញុំដឹងក្តី ធ្វើនយោបាយ ខ្ញុំមើល ចរិតគាត់ៗបានលាបពណ៌មកបក្សតូចៗជាហូរជាហែថា គណបក្សតូចៗហ្នឹងជាអាយ៉ងរបស់ ហ៊ុន សែន។ ពេលនោះខ្ញុំបានសម្លឹងទៅមើល ជីវភាពនយោបាយគាត់វិញ ខ្ញុំក៏បានរកឃើញ ចំណុចដែលគាត់ជាអាយ៉ងហ៊ុន សែន តាំងពី៩៨ នោះ មានន័យថា ឱ្យតែគេបើកគណបក្ស គាត់ ជេរគេអាយ៉ង ដូចជាខ្ញុំពេជ្រ ស្រស់ ចង់បម្រើ ជាតិដូចលោកសម រង្ស៊ី ដែរ ប៉ុន្តែគ្រាន់ថា ខ្ញុំ អត់អាចចូលរួមជាមួយលោកសម រង្ស៊ី បានទេ ព្រោះឃើញចរិតដឹកនាំរបស់គាត់ មិនអាចសម នឹងអ្វីដែលខ្ញុំរៀនចេះដឹង ហើយអ្វីដែលខ្ញុំយល់ ពីសង្គម ដឹកនាំរបៀបម៉េច ខ្ញុំអត់ចូលជាមួយ គាត់ មានន័យថា អត់ស៊ីមេទ្រីគ្នា អារបៀប ដឹកនាំ ហើយរបៀបធ្វើការផ្ទៃក្នុង មានន័យថា គាត់ប្រើអំណាចគាបសង្កត់អី៘និង៘  អ៊ីចឹងបានខ្ញុំចេញមកបើកគណបក្សខ្លួនឯង។ ដល់ពេលបើកគណបក្សខ្លួនឯង គាត់លាបពណ៌ ទាំងអស់ មិនមែនតែគណបក្សយុវជនកម្ពុជា ទេ ថា ជាអាយ៉ងរបស់លោកហ៊ុន សែន។ អ៊ីចឹង ខ្ញុំសុំឆ្លើយតបទៅវិញ លោកសម រង្ស៊ី ខ្លួនគាត់ ហ្នឹងឯង ជាអាយ៉ងហ៊ុន សែន តាំងពី៩៨ មក ម៉្លេះ កាលនោះយើងដឹងហើយថា គណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចពី៩៣ មក កំពុងស៊ីសាច់ហុតឈាមគ្នា ដើម្បីដឹកនាំ ប្រទេសអ្នកណាៗក៏ដឹងដែរ រហូតដល់លោក សម រង្ស៊ី កាលនោះនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច តែហេតុអី លោកសម រង្ស៊ី នៅពេលគេដក  ចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គាត់ចេញមក បើកគណបក្សមួយ ហើយអ៊ីចឹងទៀត ពេល នោះដែរហ៊្វុនស៊ិនប៉ិច កំពុងប្រមូលកម្លាំង ដើម្បី ប្រកួតប្រជែងជាមួយបក្សប្រជាជន ចុះហេតុអី បានជាសម រង្ស៊ី ចេញពីហ៊្វុនស៊ិនប៉ិច? ពីព្រោះ ពេលនោះ គាត់នៅជាមួយហ៊្វុនស៊ិនប៉ិច។ ដូច្នេះ លោកសម រង្ស៊ី ខ្លួនឯងហ្នឹង គឺជាអាយ៉ងហ៊ុន  សែន តាំងពីកាលណោះ ពីព្រោះតែកាលណា គាត់ចេញពីហ៊្វុនស៊ិនប៉ិច មានន័យថា បើកដៃ ឱ្យលោកហ៊ុន សែន ឈ្នះឆ្នោតនៅ៩៨ ឬក៏ ២០០៣៘និង៘ អ៊ីចឹងទៅ ដោយសារ តែលោកសម រង្ស៊ី គឺជាមនុស្សម្នាក់ដែលហ៊ាន រិះគន់ដែរឬ? ប៉ុន្តែគាត់ចេញពីហ៊្វុនស៊ិនប៉ិច ខ្សោយដល់រាល់ថ្ងៃហ្នឹង ដោយសារតែលោក សម រង្ស៊ី ផងដែរ។

នគរធំ ៖ តើលោកហ៊ានប្រឈមនឹងការ ប្រតិកម្មពីគណបក្សទាំង២ ឬទេ នៅពេលមាន ការលើកឡើងបែបនេះ?

លោកពេជ្រ ស្រស់ ៖ ការលើកឡើងរបស់ខ្ញុំ នេះអត់មានអីភ័យព្រួយ ពីព្រោះរឿងនេះជា រឿងពិត។ រឿងពិតនៅកម្ពុជា យើងមើល ឃើញទៅថា វាអ៊ីចឹងមែន! អ៊ីចឹងខ្ញុំបាទពេជ្រ ស្រស់ និយាយតែរឿងពិតទេ អារឿងមិនពិត ខ្ញុំអត់និយាយពីលោកសម រង្ស៊ី ទេ។ លោក សម រង្ស៊ី មិនពិត ក៏និយាយដែរ តែខ្ញុំនិយាយ រឿងពិត។ ឥឡូវសួរព្រឹទ្ធាចារ្យនយោបាយទៅ ក្រោយវិញទៅ តើលោកសម រង្ស៊ី ពិតជាអ៊ីចឹង មែនអត់? ពិតចេញពីគណបក្សហ៊្វុនស៊ិនប៉ិច  មកបើកគណបក្ស អំឡុងពេលដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនបិចប្រកួត ប្រជែងគ្នា ដើម្បីយកសន្លឹកឆ្នោតដឹកនាំប្រទេស មែនអត់? បើសិនជាមានពេជ្រ ស្រស់ និយាយ ពិត យើងទៅខ្លាចអី។

នគរធំ ៖ អ៊ីចឹងជាទិដ្ឋភាពយ៉ាងណាដែរ ដែលលោកចង់ឱ្យប្រជាពលរដ្ឋពិចារណាលើ ចំណុចទាំងអស់នេះ?

លោកពេជ្រ ស្រស់ ៖ ឱ្យប្រជាពលរដ្ឋពិចារណាលោកសម រង្ស៊ី គ្រាន់តែតួអង្គមួយដែល លោកហ៊ុន សែន ជួលតាំងពីដើមទីម៉្លេះ ឱ្យធ្វើ តួជំនួសសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទេ ពីព្រោះឱ្យដើរតួប្រឆាំង ដើម្បីកៀងគររកមធ្យោបាយយ៉ាងណាដើម្បីឱ្យមានបក្សស្រប ឱ្យមាន  បក្សប្រឆាំង ក្នុងលិទ្ធប្រជាធិបតេយ្យ ដើម្បីឱ្យ អាមេរិកអី គេពេញចិត្ត ឬក៏ឱ្យលោកសម រង្ស៊ី   ទៅក្រឡុកអុកឡុកនូវនយោបាយបរទេស។ ល។និង៘ ប៉ុន្តែផ្ទុយទៅវិញ ២នាក់ហ្នឹង ត្រូវគ្នាតាំងពី៩៨ម៉្លេះ ត្រូវគ្នាហើយ គេធ្វើការ ជាមួយគ្នាទៀតនៅក្រោយខ្នង។ ឥឡូវយើង ឃើញហើ់យ គ្រោះអន្តរាយដល់លោកកឹម សុខា។ លោកកឹម សុខា កាលដើមឡើយ ក៏នៅខាង បក្សប្រជាធិបតេយ្យដែរ ប៉ុន្តែក្រោយមក លោក សម រង្ស៊ី ចោទថា លោកកឹម សុខា ជាអាយ៉ង ហ៊ុន សែន ដែរ។ ប៉ុន្តែក្រោយមកទៀត គាត់ ចាប់ដៃជាមួយកឹម សុខា រហូតដល់ថ្ងៃនេះ ហើយគាត់បាន៥៥កៅអី។ អ៊ីចឹងប្រជាពលរដ្ឋ គួរតែមើលជំហរលោកសម រង្ស៊ី វិញ តើជាតួអង្គស្នេហាជាតិពិតប្រាកដ ឬក៏ជាតួអង្គគ្រាន់តែគេជួលឱ្យធ្វើនយោបាយ ក្នុងឆាកជីវិតរបស់ គាត់ក្នុងជាតិនេះ? ពីព្រោះយើងមើលឃើញ ហើយ ថ្មីៗនេះ លោកសម រង្ស៊ី បានប្រកាស ទៀត រុញកម្ពុជាឱ្យធ្លាក់ក្នុងជ្រោះមរណៈ។ រុញ កម្ពុជាឱ្យធ្លាក់ជ្រោះមរណៈយ៉ាងម៉េច? គឺមិន ទាន់គណៈកម្មការអចិន្ត្រៃយ៍សម្រេចថា ថ្ងៃណា ផង គាត់បានប្រកាសពីបារាំងមកថា បាតុកម្ម នឹងមាននៅថ្ងៃទី២៣ ខែតុលា។ ដល់ពេល ក្រោយមកទៀត លោកសុន ឆ័យ បានធ្វើសន្និសីទសារព័ត៌មានមួយទៀតថា បាតុកម្មមិនទាន់ កំណត់ថ្ងៃនៅឡើយទេ នៅពេលដែលគេចាប់ លោកកឹម សុខា បានបាតុកម្មកើតឡើង។ ដូច នេះយើងគ្រានតែមើលរូបភាពហ្នឹង លោក សម រង្ស៊ី គ្រាន់តែជាអ្នកស៊ីឈ្នួលនយោបាយ នៅកម្ពុជា ឱ្យប្រឆាំងឡប់ឡែៗ ឬជួលកូនក្មេង ឱ្យយំឡាំប៉ាទេ។ ប៉ុន្តែជាក់ស្តែង លោកសម រង្ស៊ី មិនដែលធ្វើការងារឱ្យជាតិរុងរឿង និង ឱ្យប្រជាពលរដ្ឋបានសុខទេ។

នគរធំ ៖ ក្នុងន័យនេះ តើលោកយល់ថា លោកសម រង្ស៊ី អាចទទួលបានការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រី ក្នុងការចុះហត្ថលេខា ទូលថ្វាយសុំលើកលែងទោសទៅព្រះមហាក្សត្រ ឬទេ?

លោកពេជ្រ ស្រស់ ៖ ខ្ញុំមើលសេណារីយោ ហ្នឹងគឺដដែល ដូចឆ្នាំ២០១៣ដែរ នៅពេលដែល លោកសម រង្ស៊ី កកូរកកាយឱ្យកម្ពុជា គេស្គាល់ តាមរយៈសេណារីយោរបស់លោកហ៊ុន សែន។ តាមពិតអត់ខឹងគ្នាទេ តាមខ្ញុំមើលទៅ គាត់នៅ ធ្វើលេសមួយ ដើម្បីស៊ីញេឱ្យសម រង្ស៊ី ចូលស្រុក វិញ ហើយគាត់បានចំណេញ។ ចំណេញទាំង លោកសម រង្ស៊ី ចំណេញទាំងលោកហ៊ុន សែន  អ្នកដែលខាតគឺប្រជាពលរដ្ឋនេះឯង។ ខ្ញុំជឿជាក់់ ថា លោកសម រង្ស៊ី នឹងចូលស្រុកវិញ ព្រោះថា ២នាក់ហ្នឹងគេត្រូវគ្នា គេអត់មានឈ្លោះគ្នាផង  គ្រាន់តែថា ក្នុងឆាកនយោបាយ ដើម្បីបន្លំ ប្រជាពលរដ្ឋ គេឈ្លោះគ្នាឱ្យគេឃើញថា ឈ្លោះ គ្នាពិតប្រាកដ ប៉ុន្តែខ្ញុំមើលទៅ ២នាក់ហ្នឹងត្រូវគ្នាតាំងពីដើមទីមក។ ដូច្នេះប្រជាពលរដ្ឋគួរតែ ពិចារណារើសរកមេដឹកនាំណាពិតប្រាកដ ដើម្បី ឱ្យជាតិរុងរឿង កុំឱ្យរើសប៉ះតែអ្នកស៊ីឈ្នួល នយោបាយ។

នគរធំ ៖ បើនយោបាយរបស់លោកសម រង្ស៊ី បែបហ្នឹង តើរងគ្រោះដល់គណបក្សសង្គ្រោះជាតិ ឬលោកកឹម សុខា ឬទេ ?

លោកពេជ្រ ស្រស់ ៖ លោកកឹម សុខា តាម ខ្ញុំមើលទៅ គាត់ជាអ្នករងថ្មបាក់ពីលោកសម រង្ស៊ី ទេ។ តាមពិតវាមានគ្រោះធំដល់គណបក្ស សង្គ្រោះជាតិ  អាចរលាយ ឬក៏អាចលោកកឹម  សុខា ដើរចេញ បើកបក្សថ្មីមួយទៀត ដើម្បី តជីវិតនយោបាយរបស់គាត់ ពីព្រោះថា លោក សម រង្ស៊ី នៅពេលហ្នឹងគឺគាត់ហ៊ានប្រើអំណាច មេបក្ស កម្ចាត់កឹម សុខា ចេញពីបក្ស។ មាន ន័យថា ប្រើអំណាចមេបក្ស នៅពេលគាត់ចូល ស្រុក គឺមានលក្ខខណ្ឌមួយជាមួយលោកហ៊ុន សែន ត្រូវតែកម្ចាត់លោកកឹម សុខា ចេញ។ ដូច្នេះការកម្ចាត់លោកកឹម សុខា គឺយកទឡ្ហីករណ៍តែមួយគត់ គឺគាត់មានទោសទណ្ឌ ដែល តុលាការសម្រេចជាស្ថាពរ នៅខ្វះ២ដំណាក់កាល ទៀតហ្នឹង។ អ៊ីចឹងគណបក្សសង្គ្រោះជាតិ នឹង បែកបាក់ដូចគណបក្សហ៊្វុនស៊ិនប៉ិច ដដែល។

នគរធំ ៖ ចុះការដែលលោកថា គណបក្ស ប្រជាជនកម្ពុជា បោករាស្ត្រខ្មែរ អស់រយៈពេល ជាង៣០ឆ្នាំនោះ មានន័យយ៉ាងណាដែរ?

លោកពេជ្រ ស្រស់ ៖ យើងឃើញហើយ  គាត់បោករបៀបណា? គាត់បោកហ្នឹងត្រង់ ចំណុចថា គាត់អួតប្រទេសយើងអភិវឌ្ឍន៍គ្រប់ វិស័យ គាត់អួតថា ប្រជាពលរដ្ឋយើងធូរធារ ហើយ ប៉ុន្តែជាក់ស្តែង យើងមើលកសិកម្មខ្មែរ យើង ប្រជាពលរដ្ឋ កសិករ កំពុងតែយំអត់ចេញ ទេ អ្នកខ្លះហ្នឹងកំពុងពិបាកចិត្ត អាចឈឺដល់ ស្លាប់ទៀត ពីព្រោះយកលុយធនាគារទៅធ្វើ ចម្ការ ដល់ពេលផលដំណាំមក ថ្លៃមិនអាច ហៅ ហើយដូច្នេះគាត់បោកមហាជនថា ប្រជាកសិករមានជីវភាពរុងរឿង ប៉ុន្តែផ្ទុយទៅវិញ អត់មានរុងរឿងទេ គឺជំពាក់ធនាគារគ្រប់ផ្ទះ  ហើយមិនអាចរកអ្វីដោះបំណុលទៀត ហើយ មួយទៀត គាត់បោកអន្តរជាតិថា កម្ពុជាកំពុង តែរីកចម្រើនលទ្ធិប្រជាធិបតេយ្យ តាមពិត កម្ពុជាគ្រាន់តែពាក់មុខលទ្ធិប្រជាធិបតេយ្យទេ ផ្ទៃក្នុងគឺគ្មានទេ ពីព្រោះគាត់គាបសង្កត់តាំងពី សង្គមស៊ីវិល តាំងពីមន្ត្រីការពារសិទ្ធិមនុស្ស គាបសង្កត់តាំងពីមន្ត្រីចូលរួមនយោបាយ សកម្មជន៘និង៘ តើសិទ្ធិមនុស្សនៅឯណា? លទ្ធិប្រជាធិបតេយ្យនៅឯណា? បើបញ្ចោញ មតិប៉ះខ្លួនបន្តិច ចាប់គេដាក់គុក នេះគឺថា គាត់ បោករហូត បោកដល់រាល់ថ្ងៃហ្នឹង ឥឡូវបោក ទៀតថា គាត់ប្រើកម្លាំងកងទ័ព គឺការពារសន្តិភាព តើប្រជាពលរដ្ឋមានកាំភ្លើងឯណាទៅច្បាំង ជាមួយគាត់? ដូច្នេះគឺយកអំណាច ហើយយក លេសមួយ គឺការពារសន្តិភាពកម្ពុជា ប៉ុន្តែក្នុង ន័យគាត់បង្ក្រាបសត្រូវរបស់គាត់តែប៉ុណ្ណឹង។ គាត់ខ្ចីដៃទ័ពមកប្រើទេ និយាយឱ្យអស់ ខ្ចីធនធានរដ្ឋ ខ្ចីកម្លាំងញើសឈាមប្រជាពលរដ្ឋ មក វ៉ៃប្រជាពលរដ្ឋវិញ។

នគរធំ ៖ ជាចុងក្រោយ តើលោកមាន អ្វីបញ្ជាក់បន្ថែមលើបរិបទនយោបាយនេះ?

លោកពេជ្រ ស្រស់ ៖ ខ្ញុំគ្មានមហិច្ឆតាឯណា ឬក៏អំណាចឯណាទៅកែការដឹកនាំរបស់គេទេ។ ក៏ប៉ុន្តែគ្រាន់តែថា សុំឱ្យអ្នកទាំងអស់គ្នា អ្នក នយោបាយជើងចាស់ ធ្វើសកម្មភាពនយោបាយ គិតដល់ប្រជាពលរដ្ឋក្រីក្រយើងផង គិតដល់ ប្រទេសដ៏កម្សត់យើងផង ព្រោះមានសង្គ្រាម រ៉ាំរ៉ៃរហូត ហើយឈ្លោះគ្នាគ្រប់ប្រវត្តិសាស្ត្រ រហូតដល់ថ្ងៃនេះ កុំឱ្យឈ្លោះគ្នាតទៅទៀត បើសិនជាអ្ននយោបាយស្រលាញ់ជាតិ មេត្តា យកជាតិជាធំ ហើយពួតដៃគ្នាអភិវឌ្ឍជាតិ មិនខ្វល់ថា បក្សណាៗទេ ឱ្យតែនិយាយទៅត្រូវ និយាយទៅរីកចម្រើនប្រទេសកម្ពុជា និងជីវភាព ប្រជាពលរដ្ឋកើនឡើង យើងយកយោបល់គេ ទៅអនុវត្តទៅ យើងកុំគិតថា យោបល់នេះ មិនកើត យោបល់នោះមិនកើត ។ ជាពិសេស  សុំឱ្យលោកសម រង្ស៊ី និងកឹម សុខា ហើយនិង លោកហ៊ុន សែន ពីព្រោះគាត់មានអាសនៈ សំឡេងខ្ពស់ ចាប់ដៃគ្នាអភិវឌ្ឍកម្ពុជាយើងឱ្យ រីកចម្រើន ដូចពាក្យអស់លោកបាននិយាយ  ហើយលោកសម រង្ស៊ី ឈប់ស៊ីឈ្នួលនយោបាយ ប្រឆាំងទៅ បែរមកបញ្ចោញកម្លាំងកាយចិត្តឬ គំនិតដែលគាត់ចេះ មកធ្វើការឱ្យជាតិរីកចម្រើន និងជួយដោះទុក្ខប្រជាពលរដ្ឋវិញ ពីព្រោះលោក សម រង្ស៊ី ខ្ញុំចាំបានថា លោកជាបណ្ឌិតសេដ្ឋកិច្ច អ៊ីចឹងសុំឱ្យលោកធ្វើគំរូតាមលោកថាក់ស៊ីន យើងអាចធ្វើជាអ្នកប្រឆាំងផ្នែកសេដ្ឋកិច្ចឱ្យ ប្រជាពលរដ្ឋ ទៅរកដំណោះស្រាយឱ្យប្រជាពលរដ្ឋ រកដំណោះស្រាយឱ្យរដ្ឋាភិបាល។ ទោះបី យើងប្រឆាំងក្តី ប៉ុន្តែយើងត្រូវមានគន្លឹះឱ្យ រដ្ឋាភិបាល ដែលគាត់ញញើត ធ្វើមិនចេញនោះ  យើងគួរជួយធ្វើគាត់ ហើយក្នុងនាមបក្សប្រឆាំង គឺប្រឆាំងឱ្យរីកចម្រើន មិនមែនប្រឆាំងរត់ចោលស្រុក ហើយស៊ីឈ្នួលនយោបាយរបស់លោក ហ៊ុន សែន ទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES