លោក Rudi Gutendorf ដែលជាប់កំណត់ត្រាពិភពលោក ជាគ្រូបង្វឹកដឹកនាំក្លឹបបាល់ទាត់ច្រើនជាងគេ បានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់គាត់ ប្រាប់ BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៦ ខែសីហា ឆ្នាំ២០១៩។
ប្រភពព័ត៌មានខាងលើមិនបានបង្ហើបឲ្យដឹងលម្អិតពីមូលហេតុ និងទីកន្លែងដែលគាត់ស្លាប់នោះទេ។
ក្រុមគ្រួសាររបស់លោក Rudi Gutendorf បាននិយាយថា ការលាចាករបស់ គាត់ដែលធ្លាប់ផ្តល់ភាពកក់ក្តៅ និងភាពរីករាយដល់គ្រួសារ គឺជាការបាត់បង់កម្លាំងចិត្តដ៏ធំ។
ចំណែកលោក Dr Rainer Koch អនុប្រធានបាល់ទាត់អាល្លឺម៉ង់ បានហៅលោក Rudi Gutendorf ថាជាអគ្គរដ្ឋទូតបាល់ទាត់ដ៏អស្ចារ្យម្នាក់។
លោកRudi Gutendorf ធា្លប់ដឹកនាំក្លឹបចំនួន៥៥ និងក្រុមជម្រើសជាតិចំនួន៣២ នៅក្នុងទ្វីបទាំង៥ ។ លោកបានចំណាយពេលវេលាពាក់កណ្តាលសតវត្សរ៍នៅក្នុងអាជីពដឹកនាំបាល់ទាត់។
ក្លឹបបាល់ទាត់ដំបូងដែលលោកដឹកនាំ គឺក្លឹប Zurich របស់ស្វីស កាលពីឆ្នាំ ១៩៥៥។ ឆ្នាំ២០០៣ លោកបញ្ចប់អាជីពពីគ្រូបង្វឹកបាល់ទាត់ ដែលពេលនោះ លោកដឹកនាំក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ Samoa។
លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិ ចំនួន៧ នៅក្នុងទ្វីបអាហ្វ្រិក រួមមាន ប្រទេស Botswana, Tanzania , Sao Tome, Ghana, Mauritius, Zimbabwe និង Rwanda ។
ចំណែកនៅតំបន់អាស៊ី លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិ អូស្ត្រាលី និងហ្វីជី៕
កែសម្រួលដោយ ៖ ដេត
រូបថត ៖ BBC