ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីរបស់នាង លោកអ៊ឹង សុខលី ជូនទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ហើយលទ្ធផលបង្ហាញថា សុខភាពកូនប្រុសក្នុងផ្ទៃរបស់នាងមានសភាពល្អប្រសើរ។
ក្រុមអ្នកគាំទ្រតារាចម្រៀងសុគន្ធកញ្ញា បានជូនពរប្អូនថ្លៃថៅកែហង្សមាស រូបនេះ ឲ្យមានសុខភាពល្អ ហើយពួកគេនិយាយថា នៅសល់មិនដល់២ខែទៀតទេ សុគន្ធកញ្ញា នឹងបានកូនង៉ាបីប្រលែងលេងហើយ។

ទោះជាយ៉ាងណា អ្វីដែលគេចាប់អារម្មណ៍ គឺស្វាមីរបស់ឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី កាន់តែបង្ហាញកាយវិការថ្នាក់ថ្នមភរិយារបស់លោកខ្លាំងឡើងៗ នៅពេលដែលនាងជិតដល់ថ្ងៃសម្រាលកូននេះ ទើបធ្វើឲ្យតារាជាច្រើន រួមទាំងមហាជនមួយចំនួនផង បានច្រណែនសុគន្ធកញ្ញា មិនតិចទេ ដោយចាត់ទុកថា នាងពិតជាតារាមានសំណាង ព្រោះបានប្ដីជាប្អូនថៅកែហង្សមាស ហើយបុរសនោះពូកែថ្នាក់ថ្នមនាងថែមទៀតផង ពិសេសគឺពេលនាងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាល ដែលស្រ្ដីទូទៅតែងតែត្រូវការប្ដីនៅក្បែរកាយានោះ ប្ដីសុគន្ធកញ្ញា ទោះជារវល់យ៉ាងណាក៏ត្រូវជូននាងទៅពេទ្យពិនិត្យផ្ទៃពោះដែរ។

ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយពេលនេះ នាងពពោះកូនប្រុសអាយុជាង៧ខែហើយ ដែលតាមគម្រោងនាងនឹងសម្រាលនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ចុងឆ្នាំនេះ។
សុគន្ធកញ្ញា និងប្ដីបានព្រមព្រៀងគ្នាដាក់ឈ្មោះកូនប្រុសដោយហៅក្រៅថា ”ឆលី” ប៉ុន្តែឈ្មោះពេញនាងថាមិនទាន់សន្មត់ដាក់ម៉េចឡើយ។

គេកត់សម្គាល់ថា តាំងពីកូនក្នុងផ្ទៃពោះសុគន្ធកញ្ញា មានអាយុជាង៦ខែម្ល៉េះ ដែលប្អូនថ្លៃថៅកែហង្សមាស រូបនេះ បានផ្អាកការច្រៀងរាំទាំងស្រុង គឺនៅតែការទៅចូលរួមជាតារាកិត្តិយសតាមបណ្ដារកម្មវិធីផ្សេងៗ ពិសេសផលិតផលទាក់ទងទារក និងការធ្វើជាគណៈកម្មការ X Factor Cambodia ដែលគ្រប់គ្រងដោយប្ដីនាងប៉ុណ្ណោះ។

សុគន្ធកញ្ញា បានអះអាងថា នាងនឹងនៅលេងសិល្បៈរហូតដល់ថ្ងៃសម្រាលកូនតែម្ដង ប៉ុន្ដែតាមសភាពជាក់សម្ដែង ពេលនេះផ្ទៃពោះរបស់នាង រីកកាន់តែធំទៅហើយ ឲ្យច្រៀងរាំម៉េចនិងកើត ទើបចុងក្រោយនេះ ស្វាមីរបស់នាងមិនអនុញ្ញាតឲ្យនាងទទួលការច្រៀងសម្ដែងទៀតឡើយ។

ប្រភពបានឲ្យដឹងថា សុគន្ធកញ្ញា អាចនឹងចាប់កាន់ក្បាលមីក្រូអុកឡុកឆាកតន្រ្ដីឡើងវិញ នៅដើមឆ្នាំ២០២០ ពោលគឺក្រោយពេលដែលនាងសម្រាលកូន ហើយសម្រាកបានរឹងដៃរឹងជើង ទើបនាងវិលរកអាជីពចាស់ស្ដារមុខមាត់ឡើងវិញ។

គេជឿថា ឱក សុគន្ធកញ្ញា នឹងជ្រើសរើសយកការសម្រាលកូនប្រុសនេះ អាចនៅប្រទេសថៃ ឬសិង្ហបុរី ជាមិនខាន ព្រោះតាំងពីមានផ្ទៃពោះមក នាងតែងតែទៅពិនិត្យសុខភាពជាប្រចាំនៅមន្ទីពេទ្យក្រៅស្រុកទាំង២នេះ៕