តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងកម្មវិធីមួយកាលពីថ្ងៃទី១២ ខែតុលា នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានប្អូនស្រីនាងកាន់ដៃអមជាប់ជានិច្ច ព្រោះតែសុគន្ធកញ្ញា កាន់តែមានផ្ទៃពោះធំទៅៗហើយ។
ភ្ញៀវជាច្រើនបានសង្ស័យតារាចម្រៀងហង្សមាស រូបនេះ មានផ្ទៃពោះកូនភ្លោះ ព្រោះថា ពោះនាងធំខ្លាំងពេក ប៉ុន្តែសុគន្ធកញ្ញា ថានាងមានកូនប្រុសតែមួយទេ ហើយកូននាងមិនទាន់ទាំងកើតផង តែនាងបានដាក់ឈ្មោះក្រៅរួចទៅហើយ គឺ “ឆាលី” (Charlie)។
ឱក សុគន្ធកញ្ញា បានប្រាប់អ្នកយកព័ត៌មានយើងថា សុខភាពនាងនិងកូនក្នុងផ្ទៃរបស់នាងល្អធម្មតាទេ ហើយនាងនឹងសម្រាលកូនក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែមិនទាន់ប្រាកដថានឹងសម្រាលកូនក្នុងស្រុកឬក្រៅស្រុកនោះទេ។

ឱក សុគន្ធកញ្ញា បានឡើងលើឆាកទាំងពោះធំ ហើយនាងច្រៀងបទ “Sorry មួយលានដង” ដោយនាងច្រៀងមិនសូវមានសំឡេងខ្លាំងដូចកាលពីមុនទេ ព្រោះផ្ទៃពោះកាន់តែរីកធំពេកដង្ហើមខ្លីជាង។
ភ្ញៀវជាច្រើនបានទះដៃស្វាគមន៍លើកទឹកចិត្តដល់នាង ហើយគ្រាន់តែច្រៀងចប់ភ្លាម សុគន្ធកញ្ញា បានចុះពីលើឆាក ត្រូវប្អូនស្រីនាងដឹកដៃអមដំណើរនាងរហូតឡើងលើរថយន្តតែម្តង។

តាមព័ត៌មានថា ឱក សុគន្ធកញ្ញា មិនទទួលការច្រៀងសម្តែងជាច្រើនកម្មវិធីមក ហើយតាំងពីនាងមានផ្ទៃពោះ៦ខែម៉្លេះ ព្រោះពិបាកធ្វើដំណើរ ហើយរាំមិនកើត។
ដោយឡែក ការឡើងឆាកថ្មីៗនេះ ដោយសាតែសុគន្ធកញ្ញា បានចុះកុងត្រាជាមួយក្រុមហ៊ុននោះតាំងពីឆ្នាំមុន ហើយក្នុងនាមនាងជាទូតសុច្ឆន្ទៈ ហេតុនេះហើយបានជាសុគន្ធកញ្ញា ត្រូវបានម្ចាស់កម្មវិធីតម្រូវឱ្យនាងច្រៀងទាំងជិតសម្រាលកូនបែបនេះ។
ចំណែកស្វាមីរបស់សុគន្ធកញ្ញា លោកសុខលី វិញ ជាញឹកញាប់គេឃើញលោកតែងតែជូនភរិយាទៅ តាមកម្មវិធីមួយចំនួន ព្រោះខ្លាចសុគន្ធកញ្ញា ពិបាកក្នុងការធ្វើដំណើរទាំងពោះធំនេះ។

មិត្តភក្តិរបស់សុគន្ធកញ្ញា បានច្រណែនតារាចម្រៀងរូបនេះថា ពេលនេះនាងមិនត្រឹមតែមានសំណាងក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាស នោះទេ ប៉ុន្តែថែមទាំងត្រូវប្តីកាន់តែថ្នាក់ថ្នមខ្លាំងឡើងៗពេលដែលពោះធំនេះទៀត អ៊ីចឹងហើយបានជាពួកគេចាត់ទុកថា សុគន្ធកញ្ញា ជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្តងនៅឆ្នាំ២០១៩ នេះ។
ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាជាង៨ឆ្នាំមក។ នាងជាតារាចម្រៀងតែម្នាក់គត់ដែលក្លាយទៅជាសមាជិកគ្រួសារអ្នកជំនួញធំ លោកឧកញ៉ាអ៊ឹង ឆៃងួន នាយកក្រុម-ហ៊ុនហង្សមាស ទើបពេលរៀបការភ្លាម យក កូនភ្លែតតែម្តង។

មហាជនជាច្រើនរង់ចាំមើលថា តើក្រោយពេលមានប្តីនិងកូននេះ សុគន្ធកញ្ញា នៅតែជាតារាចម្រៀងស្រីឈានមុខគេនៅផលិតកម្មរស្មីហង្សមាស តទៅទៀត ឬមួយក៏ប្រឈមការពិបាកស្តារមុខមាត់ឡើងវិញដូចតារាមួយចំនួនទៀតដែលឱ្យតែមានប្តីនិងកូន ហើយត្រូវតែពិបាកស្តារមុខមាត់ដូចតែគ្នានោះ ?

លោកមុិញ សុធីវណ្ណ ធ្លាប់និយាយថា តារាចម្រៀងមានប្តីនិងកូនគឺមិនប៉ះពាល់ដល់ការធ្លាក់កូដក្នុងអាជីពនោះទេ ព្រោះមនុស្សណាក៏ត្រូវតែមានគូដែរ។
លោកថា Beyonc’e មានប្តីនិងកូន កាន់តែល្បី អ៊ីចឹងសុគន្ធកញ្ញា វិញនៅល្បីទៀតឬអត់នោះ គឺនៅលើហង្សមាស តែមួយគត់ជាអ្នកកំណត់ ព្រោះផលិតកម្មនេះចង់ឱ្យតារារបស់ផលិតកម្មគេល្បីមួយ ណាក៏បានដែរ៕