Wednesday, May 1, 2024
Homeតារាខ្មែរព្រាប សុវត្ថិ នៅតែធ្វើឱ្យផលិតកម្មថោន ដេកស្តាយក្រោយ?

ព្រាប សុវត្ថិ នៅតែធ្វើឱ្យផលិតកម្មថោន ដេកស្តាយក្រោយ?

ព្រាប សុវត្ថិ ស្ទើរតែក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ទៅហើយ កាលពីឆ្នាំមុន ប៉ុន្តែភ្លាមៗនោះ ហង្សមាស សុំចរចាយកតារាសំខាន់របស់ខ្លួនទៅវិញ។

អំឡុងពេលនោះ លោកករុណា ពេជ្រ ជាអ្នកគ្រប់គ្រងនៅថោន ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងដោយមិនសំដៅទៅលើតារាណាម្នាក់ទេថា “មានតារាខ្លះបានចុះកុងត្រាជាមួយថោន ទៅហើយ តែដោយសារមានការយោគយល់គ្នា អ៊ីចឹងក៏ព្រមឱ្យគាត់ទៅវិញទៅ។ ថោន មិនចង់មានរឿងជាមួយអ្នកណាទេ”។

ថ្វីត្បិតតែអតីតអ្នកគ្រប់គ្រងផលិតកម្មថោន នេះ មិននិយាយឈ្មោះចំថាជាតារារូបណាក៏ដោយ ប៉ុន្តែគេដឹងថា តារាចម្រៀងដែលល្បីល្បាញ ហើយស្ទើរតែក្លាយទៅជាតារាថោន នោះ គឺជាលោកព្រាប សុវត្ថិ។

ទោះជាយ៉ាងណា កាលនោះអ្នកយកព័ត៌មានយើងធ្លាប់ទូរស័ព្ទទៅលោកព្រាប សុវត្ថិ ប៉ុន្តែត្រូវបានតារាល្បីជាង២ទសវត្សនៅហង្សមាស រូបនេះ មិននិយាយអ្វីទាំងអស់ទាក់ទងរឿងគេថា លោកប៊ិះចេញពីហង្សមាស ចូលថោន ចុងក្រោយត្រូវប្តូរចិត្តវិញនោះ។ ព្រាប សុវត្ថិ ធ្លាប់បង្វិលសំណួរឱ្យទៅសួរថ្នាក់ដឹកនាំហង្សមាស វិញម្តង។

លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា គ្មានរឿងដែលព្រាប សុវត្ថិ ចង់ចេញពីហង្សមាស មិនដូចការលេចឮទាំងនោះឡើយ។

តាមព័ត៌មានថា ដោយមើលឃើញព្រាប សុវត្ថិ នៅតែរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញដូចពេលនេះ ទើបធ្វើឱ្យថោន មានការសោកស្តាយដែលមិនបានឃាត់លោកទុកឱ្យនៅថោន ហើយបណ្តោយឱ្យលោកទៅទ្រនំចាស់ឡើងវិញ។

ប្រភពពីតារាថោន ម្នាក់ ដែលជិតស្និទ្ធជាមួយថៅកែផលិតកម្មនេះ បង្ហើបឱ្យដឹងថា ថោន ចង់ឱ្យ ព្រាប សុវត្ថិ ចាប់ដៃគូច្រៀងជាមួយមាស សុខសោភា ព្រោះអ្នកទាំង២ពិតជាស័ក្តិសមគ្នា ព្រោះសុទ្ធតែខ្លាំងៗដូចគ្នា ហើយព្រាប សុវត្ថិ ក៏ពេញចិត្តនឹងច្រៀងជាមួយសោភា ដែរ ប៉ុន្តែភ្លាមៗនោះ ហង្សមាស ឆ្លាតបានចរចាយកលោកទៅវិញ ទើបធ្វើឱ្យពេលនេះ សោភា នៅតែពិបាករកដៃគូច្រៀង ដែលស័ក្តិសមគ្នាជាមួយនាងនៅផលិតកម្មថោន។

ប្រភពនោះបន្ថែមថា ពេលនេះឱកាសដែលថោន ចង់ទាញយកព្រាប សុវត្ថិ ជាថ្មីម្តងទៀត គឺគ្មានទៀតទេ ព្រោះព្រាប សុវត្ថិ អាចនឹងច្រៀងនៅហង្សមាស រហូតដល់ចូលនិវត្តន៍តែម្តង ព្រោះថៅកែហង្សមាស បានជូនកាដូទៅលោកវិញ តាមរយៈការផ្តល់ឱ្យកូនប្រុសទាំង៣របស់លោកច្រៀងនៅផលិតកម្មធំមួយនេះដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀង ដូចតារាផ្សេងៗទៀតឡើយ។ ប្រភពនោះយល់ថា នេះជាចំណុចដែលថៅកែហង្សមាស ចងជើងព្រាប សុវត្ថិ មិនឱ្យទៅណារួចពី ផលិតកម្មនេះឡើយ។

ព្រាប សុវត្ថិ នៅតែរក្សាតំណែងជាតារាចម្រៀងឈានមុខគេនៅផលិតកម្មរស្មីហង្សមាស ដដែល គិតត្រឹមឆ្នាំ២០១៩នេះ បើទោះជាកូនប្រុសទាំង៣របស់លោក គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ ពេញកំលោះអស់និងច្រៀងផលិតកម្មជាមួយលោក ហើយអតីតតារាចម្រៀងសាន់ដេ ខេមរៈ សិរីមន្ត ចូលមករួមទ្រនំជាមួយលោកក្តី ក៏ព្រាប សុវត្ថិ នៅតែឈរលើគេដដែល។

យ៉ាងណា គេថា “រលកក្រោយច្រាន  រលកមុន” ហេតុនេះហើយ បើសិនជាព្រាប សុវត្ថិ មិនមានអ្វីថ្មីៗទេ តំណែងនោះនឹងប្រឈមការបាត់បង់គ្រប់ពេលបាន។

ប៉ុន្តែព្រាប សុវត្ថិ ហាក់មិនខ្វល់ខ្វាយរឿងប្រឈមរបូតតំណែងធំនោះទេ ទើបមួយរយៈចុងក្រោយ នេះ លោកកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ កាន់តែខ្លាំងជាងមុនទៅទៀត គឺមិនចាញ់គូស្នេហ៍យុវវ័យឡើយ៕

RELATED ARTICLES