ខេត្ដត្បូងឃ្មុំ៖ សកម្មជនបក្សសង្រ្គោះជាតិម្នាក់ ប្រចាំនៅស្រុកត្បូងឃ្មុំ ត្រូវជនមិនស្គាល់មុខ លបកាប់ពីក្រោយរយះក្បាលជាពីរ បណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុ ខណៈជនរងគ្រោះ ដើរកាត់ទឹកភ្លៀងត្រឡប់មកពីលេងផ្ទះបងប្រុសទាំងយប់ ដែលមានចម្ងាយពីផ្ទះជនរងគ្រោះ ៥០ម៉ែត្រ ។
ហេតុការណ៍អំពើឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោងប្រមាណ២២យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិខ្ទំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។
ប្រភពព័ត៌មានពីលោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មុំ បានប្រាប់នគរធំឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឃិន អ៊ាប អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានតួនាទីជាសកម្មជនបក្សសង្រ្គោះជាតិ ។
ប្រភពដដែលបន្ដថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកបានដឹកនាំកម្លាំងចុះទៅពិនិត្យកន្លែងកើតហេតុ និងឲ្យនគរបាលជំនាញពិនិត្យសាកសព និងសាកសួរក្រុមគ្រួសារជនរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ និងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ក្រោយពិនិត្យសពរួច នគរបាលបានប្រគល់ឲ្យទៅក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕
ដោយ៖ សុភ័ណ្ឌ