ការរៀបចំប្រដាល់នៅថ្ងៃបើកឆាកនោះ គ្រាន់តែជាការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុកជាមួយក្នុងស្រុក និងកីឡាករក្នុងស្រុកជាមួយបរទេសប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃទី៣ ខែវិច្ឆិកា កីឡាករដែលឡើងប្រកួតទាំងអស់មិនត្រឹមតែប្រកួតអន្ដរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបរកួតព្រឹត្តិការណ៍ Khmer Fight ដែលជាការប្រកួតអន្ដរជាតិកក្រើកសង្វៀនតែម្ដង។

លោកសេង កដិកា អ្នករៀបចំការប្រកួត បាននិយាយថា ដោយសារខេត្តកំពង់ស្ពឺ រៀបចំពិធីបុណ្យអុំទូក ចំពេលដែលប៉ុស្ដិ៍លេខ៥ គ្រោងធ្វើព្រឹត្តិការណ៍ Khmer Fight លើកទី៣ ទើបប៉ុស្ដិ៍លេខ៥ ចាប់ដៃជាមួយខេត្តតែម្ដង ដែលការប្រកួតក្នុងព្រឹត្តិការណ៍នេះ ថ្ងៃទី១ជាការប្រកួតមិត្តភាពកីឡាករជាតិនិងជាតិ , កីឡាករជាតិ និងបរទេស, ចំណែកថ្ងៃទី២ គឺជាការប្រកួតរវាងកីឡាករមកពីច្រើនប្រទេស មកប្រកួតដណ្ដើមយកក្រឌីតនៅកម្ពុជា។

លោកកដិកា បន្ថែមថា ព្រឹត្តិការណ៍ Khmer Fight មិនខុសពីការប្រកួតអន្ដរជាតិកន្លងមកទេ គឺគ្រាន់តែ Khmer Fight តម្រូវឲ្យកីឡាករបរទេសដែលមកប្រកួតត្រូវតែប្រើក្បាច់ប្រដាល់សេរី ឬក្បាច់គុណបុរាណខ្មែរ ប្រកួតតែ៣ទឹក និងត្រូវតាមគោលការណ៍របស់គណកម្មាការខ្មែរ ដែលដូចគ្នានឹងកម្ពុជា ទៅប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយបរទេស ហើយត្រូវគោរពតាមគោលការណ៍គេដូចគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២និង៣ ខែវិច្ឆិកា នៅកណ្ដាលក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ មានការប្រារព្ធពិធីបុណ្យអុំទូក អមដោយការតាំងពិព័រណ៌ផងដែរ។

អ្វីដែលកាន់តែទាក់ទាញថែមទៀតនោះ ពិធីនោះមានទីលានប្រដាល់អន្ដរជាតិរបស់ប៉ុស្ដិ៍លេខ៥ រៀបចំនៅបរិវេណកីឡាខេត្ត ដែលបើកការប្រកួតកាលពីថ្ងៃទី២ ខែវិច្ឆិកានោះ មានទស្សនាយ៉ាងច្រើនកុះករ។

ពិធីនោះក៏មានការចូលរួមពីលោកតែម ម៉ឺន ប្រធានសហព័ន្ធ និងគណៈអភិបាលខេត្តកំពង់ស្ពឺ ផងដែរ៕

