Sunday, November 24, 2024
Homeកីឡាជាតិកែវ សុខផេង ស៊ុតបាល់មិនចូល គេលាបពណ៌កូនយួន លោកជុំ កុសល ថា...

កែវ សុខផេង ស៊ុតបាល់មិនចូល គេលាបពណ៌កូនយួន លោកជុំ កុសល ថា…

ភ្នំពេញ ៖ ក្រោយពេលកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដែលកម្ពុជា ចាញ់វៀតណាម ០-៤ នោះមក ស្រាប់តែមានការចោទប្រកាន់លាបពណ៌ទៅលើកីឡាកររូបនេះ ថាជាជនជាតិយួន ។

យោងតាមសមាគមវៀតណាម-កម្ពុជា បានបង្ហាញឯកសារមួយច្បាប់ កាលពីយប់ថ្ងៃទី០៧ធ្នូ ចំពេលការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយថាកីឡាករជម្រើសជាតិ និងជាខ្សែប្រយុទ្ធរបស់កម្ពុជា កែវ សុខផេង ពាក់អាវលេខ១៤ ជាកូនបង្កើតរបស់ជនជាតិវៀតណាម ដែលបានរស់នៅនិងសិក្សានៅប្រទេសវៀតណាម។

ប្រភពដដែលនោះបានអះអាងថា កែវ សុខផេង អាយុ២៧ឆ្នាំ មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិវៀតណាម រស់នៅខេត្តតៃនិញ ជាប់ព្រំដែនកម្ពុជា។ កែវ សុខផេង បានរស់នៅប្រទេសវៀតណាម រហូតដល់រៀនថ្នាក់ទី៩ ដូច្នេះសុខផេង អាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងវៀតណាម។

លោកជុំ កុសល

ជុំវិញការចោទប្រកាន់និងការអះអាងខាងលើនេះ កែវ សុខផេង បានបង្ហោះសារកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន”។

សុខផេង បន្តថា “ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិុការណ៍សុីហ្គេមលើកទី៣០នេះ។

យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!

សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា!”។

ដោយឡែក កែវ សុខផេង បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ថា “បេះដូងខ្ញុំនៅទីនេះ! កម្លាំងកាយចិត្ត និងឆន្ទៈរបស់ខ្ញុំ គឺដើម្បីកម្ពុជា ទាំងអស់គ្នា ដើម្បីកម្ពុជា”។

ទោះជាយ៉ាងណា លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រសិនបើកែវ សុខផេង ជាជនជាតិវៀតណាមសុទ្ធក៏ដោយ ឱ្យតែគាត់មានសញ្ជាតិកម្ពុជា គាត់គឺជាពលរដ្ឋកម្ពុជា ស្របច្បាប់ និងមានសិទ្ធិពេញលេងឱ្យជម្រើសជាតិកម្ពុជា”។

លោកជុំ កុសល បានសរសេរក្នុងគណនី និងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០១៩ ថា “ប្រសិនបើគាត់ជាជនជាតិវៀតណាមសុទ្ធក៏ដោយ ឱ្យតែគាត់មានសញ្ជាតិកម្ពុជា គាត់គឺជាពលរដ្ឋកម្ពុជា ស្របច្បាប់ និងមានសិទ្ធិលេងឱ្យជម្រើសជាតិកម្ពុជា។ ក្នុងពិភពលោកនេះ កីឡាករជម្រើសជាតិនៃប្រទេសនីមួយៗ កម្រមានជនជាតិដើមសុទ្ធណាស់ សំខាន់ឱ្យតែមានសញ្ជាតិ គឺគេមានសិទ្ធិលេងហើយ កុំឆ្ងល់”។

លោកជុំ កុសល បន្តថា “សូមក្រលេកមើលក្រុមជម្រើសជាតិហុងកុង ៥០ភាគរយ គឺជាជនជាតិអឺរ៉ុប ដែល មានសញ្ជាតិហុងកុង។ ឯក្រុមជម្រើសជាតិកម្ពុជាយើង មិនទាន់មានកីឡាករបរទេសសញ្ជាតិ កម្ពជា ណាម្នាក់នៅឡើយទេ។ ចុះបើត្រឹមកែវ សុខផេង គេមានឪពុកជាខ្មែរ ម្តាយវៀតណាម ហើយគេកើតនៅកម្ពុជា រស់នៅកម្ពុជា ជាពលរដ្ឋកម្ពុជា ហេតុអីក៏គេលេងជម្រើសជាតិ កម្ពុជា មិនបាន?”។

ចុងក្រោយ លោកជុំ កុសល បន្ថែមថា “បើអ្នកជាខ្មែរ ស្រលាញ់បាល់ទាត់ខ្មែរ អ្នកគួរតែកោតសរសើរគាត់ លើកទឹកចិត្តនិងគាំទ្រគាត់ ដែលគាត់បានខំប្រឹងអស់សមត្ថភាពក្នុងការជួយបាល់ទាត់កម្ពុជា ឱ្យល្បីល្បាញបានប៉ុណ្ណេះ។ ប៉ុន្តែបើអ្នកទៅលង់លើយជឿគេហទំព័រ ឬហ្វេសបុកជនជាតិវៀតណាមណាដែលលើកយកប្រវត្តិកែវ សុខផេង មកចុះផ្សាយនេះ ហើយបង្ហាញភាពរើសអើងចំពោះគាត់ មានន័យថា អ្នកពិតជាល្ងង់ពេកហើយ”។

ចំណែកលោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការលាបពណ៌រើសអើងជាតិសាសន៍ ជាបទល្មើស ហើយគួរឱ្យសោកស្តាយបំផុត ដែលថ្មីៗនេះមានការផ្សព្វផ្សាយលាបពណ៌មកលើកីឡាករបាល់ទាត់កែវ សុខផេង ថាជាជនបរទេស។

លោកមុត ចន្ថា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា “ការលាបពណ៌រើសអើងជាតិសាសន៍ ជាបទល្មើស! គួរឱ្យសោកស្តាយបំផុតដែលថ្មីៗនេះ មានការផ្សព្វផ្សាយលាបពណ៌មកលើកីឡាករបាល់ទាត់ ប្អូនប្រុសកែវ សុខ- ផេង ថាជាជនបរទេស”។

លោកមុត ចន្ថា បន្តថា “នេះជាទង្វើបំបាក់ស្មារតីទឹកចិត្តកីឡាករក្នុងអំពើទុច្ចរិត បម្រើឱ្យអ្នកដទៃ។ បើសិនជាការលាបពណ៌ចោទប្រកាន់លាបពណ៌រើសអើងជាតិសាសន៍ នៅតែបន្តនៅក្នុងសង្គមខ្មែរ តទៅទៀតនឹងធ្វើឱ្យសង្គមជាតិបែកបាក់។ អ្នកដែលលាបពណ៌ រើសអើងជាតិសាសន៍ គួរដឹងថា នេះគឺជាការប្រឆាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ជំនួយការលោកកឹម សុខា បន្ថែមថា “យើងមានមោទនភាពចំពោះប្អូនកែវ សុខផេង និងកីឡាករក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U22 ដែលបានយកជ័យជម្នះ បានឈានដល់វគ្គកណ្តាលផ្តាច់ ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០។ ការប្រកួតកីឡា គឺមានឈ្នះមានចាញ់ ដែលនេះជារឿងធម្មតា។ សូមខិតខំបន្តទៀត ដើម្បីមោទនភាពជាតិ។

ក្នុងនាមជាខ្មែរ យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះកីឡាករ កីឡាការិនី ដែលដណ្តើមបានមោទនភាពជូនជាតិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០៕

RELATED ARTICLES