Saturday, April 20, 2024
Homeបរិយាយឱកាស បង្កើត​ចោរ

ឱកាស បង្កើត​ចោរ

សុភាសិតបារាំង១ឃ្លា ចែងថា “ឱកាសបង្កើតចោរ” (L’occasion fait le larron) ចាត់ទុកជាកញ្ចក់ឆ្លុះមើលស្ថានការណ៍សង្គម ពោលគឺមិនថាប្រទេសណាជាប្រទេសណានោះទេ បើមានភាពកករល្អក់ ជាឱកាសនាំឱ្យកើតចោរកម្ម។ គ្មាន ប្រទេសណា សង្គមណាដែលគ្មានចោរនោះទេ គ្រាន់តែច្រើនឬតិចប៉ុណ្ណោះ ប៉ុន្តែ សម្រាប់កម្ពុជា មានសុខសន្តិភាពពេញលេញ ចុះហេតុអ្វីថ្ងៃណាក៏ឃើញទូរទស្សន៍ ឬសារព័ត៌មានចុះផ្សាយពីចោរលួច ចោរប្លន់? ដែល “នគរធំ” សូមលើកសុភាសិត “ឱកាស បង្កើតចោរ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “ឱកាស” មានន័យថា ចន្លោះ ពេលវេលា ពេលស្រួលធ្វើកិច្ចការអ្វីមួយ ទោះផ្លូវល្អក្តី អាក្រក់ក្តី។ បើកាល- ណាសង្គមមានភាពកករល្អក់ ចោរក៏កើតឡើង បង្ក្រាបមិនចេះអស់ ប៉ុន្តែ បើសង្គមរងថ្លា ចោរកម្មក៏រាបទាប ដោយមិនចាំបាច់ បង្ក្រាប។ នៅតាមហាងកាហ្វេនីមួយៗ ឱ្យតែព្រហាមឡើង ក៏មានតាៗញៀនកាហ្វេចូលរកកាហ្វេក្តៅ ភ្នែកសម្លឹងទូរទស្សន៍ ដែលចាក់ផ្សាយពីករណីសមត្ថកិច្ចបង្ក្រាបចោរ ជួនក៏អានកាសែត ដែលចេញថ្ងៃណាក៏ឃើញតែរឿងចោរដដែលៗ។ ចោរ ភាគច្រើន មានអាយុជាង២០ឆ្នាំ ខ្លះធ្លាប់ជាប់គុកពីរបីដង លុះចេញមកវិញ ក៏ធ្វើសកម្មភាពលើសដើម ជួនកាលភ្លាត់ស្នៀត ឱ្យប្រជាពលរដ្ឋស្ទាក់ចាប់បាននាំគ្នាព្រួតវាយ សល់តែដង្ហើមចង្រិត ចោរខ្លះត្រូវដំបង ឬដុំថ្មធ្ងន់ពេកក៏ស្លាប់ទៅ គឺក្ស័យ ដោយតុលាការរាស្ត្រកាត់ទោសប្រហារជីវិត ខណៈដែលរដ្ឋធម្មនុញ្ញ បានលុបបំបាត់ទោសប្រហារជីវិត។ ចោរទាំងនោះ មាន ច្រើនប្រភេទ ដូចជាចោរប្លន់បាញ់ប្រហារយកម៉ូតូ ឬប្លន់ទូមាស ចោរកាច់កម៉ូតូ ចោរឆ្កឹះសោផ្ទះ ចោរវះកាបូប ចោរឆក់- ទូរស័ព្ទ ជាដើម។ ថ្ងៃណាក៏ប៉ូលិសចាប់ចោរបានដែរ ដោយមានការថតចាក់ផ្សាយក្នុងទូរទស្សន៍ សារព័ត៌មាន វិទ្យុ ធ្វើឱ្យ ពន្ធនាគារព្រៃស និងពន្ធនាគារតាមខេត្តនានា កាន់តែចង្អៀតទៅៗ។

តើមានកត្តារួមផ្សំអ្វីខ្លះ ដែលជា “ឱកាស បង្កើតចោរ”? សំណួរនេះ មានប្រទាក់គ្នាលើគ្រប់វិស័យទាំងអស់ ជារួមមាន នយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ វិស័យទាំង៥នេះ ដូចកងចក្រព្រះវិស្ណុ ដែលមានកាំ៥ អាចចោលទៅ ត្រូវរាហូអសុរិន្ទ ឱ្យដាច់ក្បាលចេញពីខ្លួនបាន ប៉ុន្តែ វិស័យទាំង៥ របស់ប្រទេសនីមួយៗ មិនមុតដូចកងចក្រព្រះវិស្ណុ នោះ ទេ។ ឆាកនយោបាយសព្វថ្ងៃ ទោះបីជាមន្ត្រីរាជរដ្ឋាភិបាល អះអាងថា គ្មានបញ្ហាអ្វី ឬថា កម្ពុជា គ្មានវិបត្តិនយោបាយអ្វីទេ ប៉ុន្តែ វិបត្តិមានតែក្នុងចង្កោមមន្ត្រីបក្សប្រឆាំង ១ក្រុមក្តី ក៏អ្នកតាមដានមើលឃើញថា អរិភាពរវាងបក្សកាន់អំណាច និង បក្សប្រឆាំង ឆ្លើយឆ្លងទ្រគោះបោះបោកឱ្យគ្នាមិនឈប់នោះ ចាត់ទុកថា ជាវិបត្តិមួយ។ រីឯការឡើងបុណ្យស័ក្តិមិនស្មើភាពគ្នា ដែលមន្ត្រីយោធាចាស់ៗខ្លះធ្វើការជាង៣០ឆ្នាំ ឡើងផ្កាយមិនរួចនឹងគេ ឬថា ចាញ់ក្មេងៗស្រករក្រោយ ជាពិសេស ករណី បក្សប្រឆាំង ចោទប្រកាន់ថា កងយោធពលខេមរភូមិន្ទ ខ្វះអព្យាក្រឹតភាពនោះ ក៏ចាត់ទុកថា ជាវិបត្តិខាងវិស័យយោធា។ ចំណែក ការបណ្តែតបណ្តោយឱ្យទំនិញគេចពន្ធ ហូរចូលស្រុកខ្មែរ ក៏ដូចជាផលិតផលស្រូវកសិករខ្មែរធ្លាក់ថ្លៃ រហូតដល់មានការតវ៉ា នោះ ចាត់ទុកថា ជាវិបត្តិសេដ្ឋកិច្ច។ ដោយឡែក ការពិនិត្យព្យាបាលជំងឺមិនស្មើភាពគ្នា បណ្តាលឱ្យអ្នកក្ររង់ចាំស្លាប់ ដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់ ឯអ្នកមានលុយចេញទៅព្យាបាលនៅបរទេសនោះ ចាត់ទុកថា ជាវិបត្តិសង្គមកិច្ច។ ករណីខ្សែភាពយន្តបរទេសវាយលុក បណ្តាលឱ្យយុវវ័យភ្លើតភ្លើនតាមគេ រហូតភ្លេចល្ខោនបាសាក់ យីកេ ឬសិល្បៈបុរាណ ខ្មែរនោះ ចាត់ទុកថា វិស័យវប្បធម៌មានវិបត្តិ។ ដូច្នេះ វិស័យទាំង៥នេះ ការបើមានវិបត្តិ កករល្អក់ បណ្តាលឱ្យមានអនា- ធិបតេយ្យ ជា “ឱកាសបង្កើតចោរ”។

តាមពិត នេះ “គ្រាន់តែជាការចាត់ទុក” ពុំមែនជា “វិបត្តិ” នោះទេ ដោយហេតុថា សព្វថ្ងៃ រាជរដ្ឋាភិបាល ប្រឹងប្រែង ខ្លាំងណាស់ក្នុងការទល់ទ្រវិស័យទាំង៥ ឱ្យមានលំនឹង។ ការព្យាយាមអូសទាញតំណាងរាស្ត្របក្សប្រឆាំង ឱ្យដើរចូលសភា, ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីពីអព្យាក្រឹតភាពរបស់កងទ័ពជាតិ, ការបំផុសចលនាមហាជនឱ្យជួយទិញ ស្រូវកសិករ, ការព្រមានដកបុណ្យស័ក្តិគ្រូពេទ្យដែលខ្វះសីលធម៌ វិជ្ជាជីវៈ ក៏ដូចជា ក្រើនរំលឹកអ្នកនិពន្ធ សិល្បករ ឱ្យជួយ ទល់ទ្រវប្បធម៌ខ្មែរ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ទោះយ៉ាងណា ពាក្យថា “ឱកាស” មានន័យថា “ចន្លោះប្រហោង” បើអ៊ីចឹង ទោះជារាជរដ្ឋាភិបាល ប្រឹងប្រែងយ៉ាងណា ក៏នៅតែមានប្រហោង នាំឱ្យមាន “ជាន់ថ្នាក់របស់មនុស្ស” ពីបុរាណ គេហៅថា “វណ្ណៈ” ដោយបែងចែកមនុស្សជាវណ្ណៈក្សត្រ វណ្ណៈព្រាហ្មណ៍ វណ្ណៈអ្នកជំនួញ និងវណ្ណៈខ្ញុំគេ។

បច្ចុប្បន្ន មនុស្សក្នុងសង្គមគ្មានវណ្ណៈទេ ប៉ុន្តែ មានជាន់ថ្នាក់ ចែកជាអ្នកមាន អ្នកក្រ អ្នកទ័ល។ គឺអ្នកទ័លនេះឯង ដែល ឆក់ឱកាសចន្លោះប្រហោង ទៅធ្វើចោរប្លន់ម៉ូតូ ឆក់ទូរស័ព្ទ គាស់ផ្ទះ ប្រឈមនឹងគុកច្រវាក់ ឬការកាត់ទោសពីតុលាការរាស្ត្រ ឱ្យដេកដួលកណ្តាលផ្លូវ។ ជួនកាល អ្នកមានក៏ធ្វើចោរដែរ តែជាប្រភេទចោរជាន់ខ្ពស់ លួចលុយក្រុមហ៊ុន ឬកេងបន្លំតាម ល្បិចកិច្ចកលយ៉ាងប៉ិនប្រសប់។ មន្ត្រីពុករលួយ ក៏ជាចោរដែរ តាមរយៈការកិបកេងថវិកាជាតិ លួចលក់ទ្រព្យសម្បត្តិសាធារណៈ ជាដើម។ បណ្ឌិតក៏ចេះលួចដែរ ខណៈដែលសង្គមជ្រើសយកតែអ្នកចេះដឹងឱ្យចូលបម្រើការងាររដ្ឋ ដូច្នេះ បណ្ឌិតខ្លះ ក៏បែក គំនិតលួចយោបល់គេ មកធ្វើជាយោបល់ខ្លួន ឬលួចសៀវភៅក្បួនច្បាប់នានា ដើម្បីបង្កើនចំណេះដឹងជាប្រយោជន៍ផ្ទាល់ខ្លួន។

ចោរមាន៣ប្រភេទ គឺចោរប្លន់ ចោរលួច និងចោរកេង។ “ចោរប្លន់” ទោះជាកាចសាហាវយ៉ាងណា ក៏ប៉ូលិសអាចបង្ក្រាប បាន។ ឯ “ចោរលួច” ទោះជាចេះប្រើល្បិចយ៉ាងណា ក៏គង់ភ្លាត់ស្នៀតដើរចូលគុក។ ប៉ុន្តែ “ចោរកេង” ពិបាកចាត់ការណាស់ ព្រោះគេយកពីមុខ ដូចជាស៊ីភ្នែកជញ្ជីង ស៊ីកម្រៃជើងសា ប្រាក់ទឹកតែ សំណូកសំណែន ជាដើម។ នៅប្រទេសស៊ុយអែដ ដាណឺម៉ាក ជប៉ុន ដែលជាប់លេខថា ជាប្រទេសស្អាតស្អំ មិនពុករលួយនោះ ប្រជាពលរដ្ឋគេដេកយប់មិនបាច់បិទទ្វារក៏បាន ដែរ ព្រោះគ្មានចោរ។ ផ្ទុយទៅវិញ ជនជាតិជប៉ុនម្នាក់ ជិះកង់ធ្វើដំណើរទេសចរណ៍មកដល់ភ្នំពេញ ត្រូវចោរលួចកង់បាត់ ទម្រាំតែប៉ូលិសស្រាវជ្រាវរកឃើញកង់ជូនគាត់វិញ ខ្មែរយើងបានខ្មាសគេមិនតិចទេ។ យើងមិនអាចបន្ទោសជនជាតិជប៉ុននោះ ថា “មិនចេះប្រយ័ត្ន” បានឡើយ ព្រោះស្រុកជប៉ុន ដេកមិនបាច់បិទទ្វារផង លុះគាត់ចូលមកដល់ស្រុកខ្មែរ មានទៅនឹកឃើញ រឿងចោរឯណា? លុះបាត់កង់ ទើបដឹងថា ស្រុកខ្មែរមានចោរ។

តើមានវិធីណា ដើម្បីកុំឱ្យចោរកើតច្រើន? សំណួរនេះ យើងមានចម្លើយខ្លះៗថា ៖

១-ទប់ស្កាត់ជនអន្តោប្រវេសន៍ឱ្យម៉ឺងម៉ាត់ ២-ដោះស្រាយបញ្ហាការងារដល់យុវជន ៣-បង្ក្រាបបនល្បែងគ្រប់ប្រភេទ ឱ្យអស់ ៤-ទប់ស្កាត់បោសសម្អាតមេឈ្មួញគ្រឿងញៀន ៥-កាត់បន្ថយគម្លាតពីគ្នា រវាងអ្នកមាន និងអ្នកក្រ ៦-បង្រៀន មនុស្សឱ្យមានជំនាញ ប្រសើរជាងចែកអំណោយ៘

សព្វថ្ងៃមានការរិះគន់ថា “ប៉ូលិសច្រើន ចោរច្រើន” ប៉ុន្តែ បន្ទោសប៉ូលិស ក៏មិនសមដែរ បើកាលណាយុវជនអត់ការងារ ធ្វើ ល្បែងស៊ីសងកើតគ្រប់ទីកន្លែង ខណៈដែលថ្នាំញៀនវាយលុកខ្លាំង គ្រាន់តែ “ភូមិត្រពាំងឈូក” នៅភ្នំពេញ បង្ក្រាបដូច វែកចក តើបន្ទោសអ្នកណា? …គួរតែបន្ទោសអាជ្ញាធរដែនដី មិនបង្ក្រាបអ្នកលក់គ្រឿងញៀន បែរជាបង្ក្រាបអ្នកមកទិញ ទៅវិញ…ទុកអ្នកលក់ចិញ្ចឹមឆ្នាំង! បើកាលណាសង្គមសម្បូរដោយចោរជាន់ខ្ពស់ ឬ “ចោរកង” ធ្វើឱ្យចោរមិនចេះកេង ឬគ្មានសមត្ថភាពកេងដូចគេ ចេះរបៀបលួចប្លន់ចៀសមិនផុត។ ចោរទាំង៣ប្រភេទនេះ វាកើតឯងៗ គ្មានគ្រូបង្រៀនទេ ដូច កាលពីជំនាន់អាណានិគមបារាំង ចោរកើតព្រោងព្រាត សូម្បីតែខោទ្រនាប់ហាលមិនប្រយ័ត្ន ក៏ចោរលួចដែរ លុះដល់ស្រុក បានឯករាជ្យ ចោរក៏ស្វាងទៅឯងៗ ដោយមិនចាំបាច់បង្ក្រាប។

សរុបទៅ “ឱកាស បង្កើតចោរ” គឺពុំមែនជាកំហុសរដ្ឋាភិបាលនោះទេ ប៉ុន្តែ វាជាកត្តារួមផ្សំ បណ្តាលមកពីវិស័យទាំង៥ មានចន្លោះប្រហោងនេះឯង។ មន្ត្រីរដ្ឋាភិបាល ធ្លាប់ស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយថា មិនគួរចុះផ្សាយរឿងចោរកម្មនោះទេ ជាពិសេស រូបភាពចោរដែលប៉ូលិសបាញ់ស្លាប់ ឬត្រូវប្រជាពលរដ្ឋកាត់ទោស ព្រោះជារឿងកិក្តិយសរបស់ជាតិ។ ធម្មតា “ពាក្យ ពិតរែងស្លែង” ដូច្នេះ បើមិនចង់ឱ្យបណ្តាញព័ត៌មានចុះផ្សាយរឿងចោរ លុះត្រាតែសមត្ថកិច្ចរាជរដ្ឋាភិបាល ជាពិសេស អង្គភាព ប្រឆាំងអំពើពុករលួយចាប់ “ចោរកេង” ឱ្យអស់ ព្រោះចោរប្រភេទនេះជាដើមចមនាំឱ្យកើតចោរលួច និងចោរប្លន់៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES