Friday, April 26, 2024
Homeព័ត៌មានជាតិតំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​សុំ​ធានា មេឃុំ​ស៊ាង ចែត នៅ​ក្រៅ​ឃុំ

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​សុំ​ធានា មេឃុំ​ស៊ាង ចែត នៅ​ក្រៅ​ឃុំ

ភ្នំពេញ ៖ តំណាងរាស្ត្រ២រូប គឺលោកសុន ឆ័យ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង លោកឡុង រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានធ្វើលិខិតគោរពជូនលោកប្រធាន សាលាដំបូងរាជធានីភ្នំពេញ ស្នើធានាលោក ស៊ាង ចែត មេឃុំគណបក្សសម រង្ស៊ី ដែល កំពុងជាប់ពន្ធនាគារព្រៃស ទាក់ទងនឹងសំណុំ រឿងលោកកឹម សុខា ជាមួយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ឱ្យបាននៅក្រៅឃុំ។

លិខិតរបស់តំណាងរាងស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកសុន ឆ័យ និងលោក ឡុង រី បានជម្រាបជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ថាកម្មវត្ថុ ៖ សុំធានាលើ ឈ្មោះស៊ាង ចែត បាននៅក្រៅឃុំជាបណ្តោះអាសន្ន ។

យោង ៖ មាត្រា៣៨ និងមាត្រា៧៧ រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា។

បទចោទមកលើស៊ាង ចែត ជាបទមជ្ឈិម ហើយលោកស៊ាង ចែត កំពុងតែមានជំងឺប្រចាំកាយ។

តបតាមកម្មវត្ថុខាង និងយោងខាងលើ យើងខ្ញុំជាអ្នកតំណាងរាស្ត្រ សូមជម្រាបលោក ប្រធានជ្រាបថា លោកស៊ាង ចែត ត្រូវបាន តុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន អស់រយៈពេលជាច្រើនខែហើយ មក ដល់ពេលនេះ គាត់កុំពុងមានជំងឺប្រចាំកាយ ដែលត្រូវចេញទៅសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យ។

យើងខ្ញុំជាតំណាងរាស្ត្រ សុំធានាលើឈ្មោះ ស៊ាង ចែត មិនឱ្យរត់គេច មិនឱ្យចេញក្រៅប្រទេស និងឱ្យចូលខ្លួនតាមការកោះហៅរបស់តុលាការ គ្រប់ពេលវេលា ក្រោយពីតុលាការអនុញ្ញាតឱ្យ ឈ្មោះស៊ាង ចែត បាននៅក្រៅឃុំបណ្តោះអាសន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បី ជាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងដើម្បី ប្រយោជន៍លោកស៊ាង ចែត បានទៅព្យាបាល ជំងឺប្រចាំកាយរបស់គាត់ សូមលោកប្រធាន អនុញ្ញាតតាមសំណើដោយអនុគ្រោះ

គួរបញ្ជាក់ថា លិខិតខាងលើនេះ បានធ្វើ ឡើងក្រោយពេលដែលលោកសុន ឆ័យ និង លោកឡុង រី បានដឹកនាំតំណាងរាស្ត្រមួយចំនួន ទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្ស សង្គ្រោះជាតិ នៅពន្ធនាគារព្រៃស ក្នុងនោះមាន លោកស៊ាង ចែត ផងដែរ។

លោកស៊ាង ចែត មេឃុំស្រក ខេត្តកំពង់ចាម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រីឱម យិនទៀង ចុះធ្វើការសាកសួរ និងឃាត់ខ្លួន បញ្ជូនទៅ តុលាការ បន្ទាប់ពីរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងលុយ៥០០ដុល្លារ ក្នុងសំណុំរឿងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាមួយ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ (សូកលុយដល់ ស្រីមុំ៥០០ដុល្លារ)។ នៅក្នុងសំណុំរឿងនេះ លោកស៊ាង ចែត ជាអ្នកទោសម្នាក់ ក្នុងចំណោម មនុស្ស៥នាក់ទៀត រួមមានមន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រីគ..ប មួយរូប។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការស្នើរបស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សុំលោក ស៊ាង ចែត នៅក្រៅឃុំនេះ មិនទាន់ដឹងថា មាន ការឆ្លើយតបពីសាលាដំបូងរាជធានីភ្នំពេញ យ៉ាង ណានៅឡើយទេ ខណៈដែលអ្នកដែលអ្នកនាំ ពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា មិនអាចទាក់ទងសុំយោបល់បានទេ កាល ពីម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES