Saturday, April 20, 2024
Homeព័ត៌មានជាតិរូប​សំណាក​លោក​បណ្ឌិត​កែម ឡី ហែ​ទៅ​តម្កល់​នៅ​ផ្នូរ​សព​ថ្ងៃ​១៦ តុលា

រូប​សំណាក​លោក​បណ្ឌិត​កែម ឡី ហែ​ទៅ​តម្កល់​នៅ​ផ្នូរ​សព​ថ្ងៃ​១៦ តុលា

ភ្នំពេញ ៖ គណៈកម្មការរៀបចំបុណ្យខួប គម្រប់១០០ថ្ងៃ របស់លោកបណ្ឌិតកែម ឡី បាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំ បុណ្យនេះ រយៈពេល៤ថ្ងៃ នៅរាជធានីភ្នពេញ និងនៅខេត្តតាកែវ នាខែតុលា ខាងមុខ។ ក្នុង នោះ រូបសំណាករបស់លោកបណ្ឌិតកែម ឡី  ធ្វើពីស្ពាន់ នឹងត្រូវដង្ហែទៅកាន់តម្កល់នៅឯផ្នូរ សពលោកបណ្ឌិតកែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦។

សេចក្តីប្រកាសព័ត៌មានស្តីពីបុណ្យគម្រប់ ១០០ថ្ងៃ លោកបណ្ឌិតកែម ឡី ដែលចេញដោយ គណៈកម្មការបុណ្យ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា “គណៈកម្មការៀបចំ បុណ្យខួបគម្រប់១០០ថ្ងៃ សពរបស់លោក បណ្ឌិតកែម ឡី សូមជម្រាបជូនដល់បងប្អូន ជនរួមជាតិ ឱ្យបានជ្រាបថា បុណ្យខួបគម្រប់ ១០០ថ្ងៃ នឹងប្រារឰធ្វើនៅរាជធានីភ្នំពេញ និង ខេត្តតាកែវ រយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្ត ទៅដូចខាងក្រោម ៖

-ថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០១៦ កម្មវិធី បុណ្យនៅរាជធានីភ្នំពេញ

-ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ ដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ទៅកាន់បូជនីយដ្ឋាននៃសពនៅខេត្តតាកែវ

-ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៦ ពីធីវេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីបុណ្យនឹងប្រារឰធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនាដោយមានតាំងពិព័រណ៍រូបថត  ចាក់ផ្សាយឡើងវិញនូវបទវិភាគបញ្ហាសង្គមផ្សេងៗ និងដង្ហែរូបសំណាករបស់លោកបណ្ឌិតកែម ឡី ទៅតម្កល់នៅបូជនីយដ្ឋាននៃសពនៅខេត្តតាកែវ។ ដើម្បីឱ្យកម្មវិធីបុណ្យអាចប្រព្រឹត្តធ្វើទៅបាន គណៈកម្មការបុណ្យ សូមអំពាវនាដល់សាធារណជន ៖

-មេត្តាផ្តល់ឯកសារដែលពាក់ព័ន្ធនឹងការ វិភាគខាងលើ ទៅគណៈកម្មការបុណ្យ តាមរយៈ សារអេឡិចត្រូនិក (អ៊ីមែល) ៖ kemley.analyst@gmail.com

-មេត្តាផ្តល់ទីកន្លែង ឬជួលទីកន្លែង ក្នុង រាជធានីភ្នំពេញ ឱ្យគណៈកម្មការ ដើម្បីប្រារឰ បុណ្យខួបគម្រប់១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី ដោយអនុគ្រោះ។

គណៈកម្មការបុណ្យ សូមថ្លែងអំណរគុណទុក ជាមុន ចំពោះការគាំទ្រនិងសហការរបស់ជនរួមជាតិទាំងអស់ ដើម្បីជាការតបស្នងសងគុណ ចំពោះលោកបណ្ឌិតកែម ឡី ដែលបានលះបង់ ជីវិត ដើម្បីជាតិមាតុភូមិ”។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក សៅ កុសល តំណាងគណៈកម្មការបុណ្យ បាន បញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ថា សម្រាប់ទីតាំងនៅ ខេត្តតាកែវ នៃការប្រារឰពិធី មិនជាការលំបាក ទេ ព្រោះជាទីកន្លែងកំណើតរបស់លោកបណ្ឌិត កែម ឡី។ ប៉ុន្តែសម្រាប់ទីតាំងនៅរាជធានីភ្នំពេញ មានការពិបាកបន្តិច ព្រោះព្រះចៅអធិការវត្ត ពោធិយារាម ហៅវត្តចាស់ មិនអាចអនុញ្ញាត ឱ្យរៀបចំនៅទីអារាមនេះដូចកាលរៀបចំបុណ្យ តម្កល់សពនិងបុណ្យ៧ថ្ងៃសពលោក បណ្ឌិតកែម ឡី កាលពី២ខែមុននោះទេ ដោយព្រះអង្គមាន ការភ័យខ្លាច។ ប៉ុន្តែមិនថ្វីទេ គណៈបុណ្យសង្ឃឹម ថា នឹងមានការផ្តល់ទីតាំងពីសប្បុរសជន ខណៈ ដែលមានសប្បុរសជនមួយចំនួនឆ្លើយតបមកដែរ តែមិនទាន់សម្រេចរង់ចាំជូនដំណឹងនៅមុនពិធី បុណ្យប្រមាណ២សប្តាហ៍។ ចំពោះរូបសំណាក ដែលត្រូវដង្ហែទៅនោះជារូបសំណាកដែលរៀបចំ ចាត់ចែងធ្វើដោយគណៈកម្មការបុណ្យមិនមែន ជារូបសំណាករបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើសុំយកទៅតម្កល់នៅទីលានប្រជាធិបតេយ្យនោះទេ ប៉ុន្តែគណៈកម្មការក៏ស្វាគមន៍ ទទួលយករូបសំណាករបស់លោកបណ្ឌិតកែម ឡី ទាំងអស់ សម្រាប់អ្នកដែលចង់ផ្តល់ឱ្យ ហើយ មិនអាចរកកន្លែងតម្កល់បានមានតែយកទៅតម្កល់ នៅបូជនីយដ្ឋាន (ផ្នូរសព)។

ខាងក្រោមនេះជាបទសម្ភាសរវាង “នគរធំ” ជាមួយលោកសៅ កុសល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ៖

នគរធំ ៖ ជម្រាបសួរលោកសៅ កុសល ! ក្នុងនាមគណៈកម្មការបុណ្យ តើលោកមានអ្វី បញ្ជាក់បន្ថែមលើសេចក្តីប្រកាសព័ត៌មានស្តីពី បុណ្យខួបគម្រប់១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី ?

លោកសៅ កុសល ៖ បាទ! ចង់អំពាវនាវ សុំឱ្យបងប្អូនជនរួមជាតិដែលបានទទួលព័ត៌មាន ហ្នឹងហើយ សូមមេត្តាជួយផ្តល់លទ្ធភាពមកតាម ដែលការអំពាវនាវរបស់គណៈកម្មការហ្នឹង ស្តី- ពីការផ្តល់ទីតាំង ឬឱ្យកន្លែងជួលសម្រាប់រោង ពិធីបុណ្យខួប១០០ថ្ងៃ ក៏ដូចជាផ្តល់នូវឯកសារ ផ្សេងៗដែលលោកបណ្ឌិតបានវិភាគកន្លងមក ទៅលើបញ្ហាសង្គមហ្នឹង ឬរូបថតអីអស់ហ្នឹង តាមរយៈអ៊ីមែលដែលដាក់ប្រកាសក្នុងសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មការហ្នឹង។

នគរធំ ៖ អ៊ីចឹងសម្រាប់ការរៀបចំនៅរាជធានីភ្នំពេញនោះ អាចនឹងរៀចំនៅកន្លែងណាដែរ? ហេតុអីមិនរៀបចំនៅវត្តចាស់ ទៀត?

លោកសៅ កុសល ៖ ឥឡូវនេះ ដូចឃើញ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការ ទៅសារព័ត៌មានទាំងអស់ដែរ ថាទីតាំងយើង បានសុំធ្វើនៅវត្តចាស់ និងវត្តផ្សេងៗ ប៉ុន្តែជា ការឆ្លើយមកវិញ ហាក់បីដូចជាយើងអត់មាន សង្ឃឹមថា ព្រះតេជគុណតាមវត្ត មិនអនុញ្ញាតឱ្យធ្វើ ទេ ដោយសារតែប្រហែលមានបញ្ហាផ្សេងៗ ក៏ ដូចជាការគំរាមកំហែងទៅលោកអីហ្នឹងបានជា លោកមិនអនុញ្ញាតឱ្យយើងធ្វើ។ អ៊ីចឹងយើង កំពុងតែអំពាវនាវរកកន្លែងពីសប្បុរសជន ឬ កន្លែងណាដែលសមស្របអាចឱ្យគណៈកម្មការ ជួលបាន យើងជួល ក្រោយពីហ្នឹង បានយើង ប្រកាសទីតាំងជាក់ស្ចែង ។

នគរធំ ៖ បានន័យថា ចំពោះទីតាំងនៅ រាជធានីភ្នំពេញនេះ ក្រៅពីទីអារាមផ្សេង សម្រាប់ វត្តចាស់ ដែលធ្លាប់ជាកន្លែងតម្កល់សពលោក បណ្ឌិតកែម ឡី នោះ ក៏មិនអនុញ្ញាតដែរមែនទេ?

លោកសៅ កុសល ៖ បាទ! ខ្ញុំបានទៅជួប ព្រះអង្គ កាលពីអាទិត្យមុនហ្នឹង ហើយទន្ទឹម នោះ លោកមិនត្រឹមមិនឱ្យទេ លោកថែមទាំង អង្វរខាងគណៈកម្មការថា សូមកុំធ្វើនៅកន្លែង លោកទៀត។ អ៊ីចឹងមូលហេតុដឹងហើយ លោក មិនបាច់មានថេរដីកាអីច្រើនទេ។ ប្រហែលជា មានការគំរាមកំហែងដល់ព្រះអង្គ បានជាលោក មិនអនុញ្ញាតឱ្យ ហើយខ្ញុំបានសួរមូលហេតុដែរ ហើយព្រះអង្គមានថេរដីកាថា មូលហេតុញោម ដឹងហើយ មិនបាច់លោកប្រាប់តទៅមុខទៀត ទេ។

នគរធំ ៖ តើសប្បុរសជន មានការឆ្លើយ តបខ្លះហើយឬនៅចំពោះការស្នើសុំទីតាំងនោះ?

លោកសៅ កុសល ៖ ឥឡូវនេះ យើងអត់ ទាន់ឃើញមានការឆ្លើយទេ ប៉ុន្តែសង្ឃឹមថា ស្អែក ខានស្អែក នឹងមានច្រើន ប៉ុន្តែជាក្រៅផ្លូវការ មាន គេឱ្យខ្លះដែរ ប៉ុន្តែយើងអត់ថាយកឬមិនយក ទេ គ្រាន់តែយើងកត់ត្រាទុក អ្នកណាដែលផ្តល់  កន្លែងហ្នឹងឱ្យ យើងនឹងមើល បើថាសមស្រប  យើងនឹងសុំការអនុញ្ញាតពីម្ចាស់ទីតាំង ដើម្បី ប្រារឰហ្នឹង ហើយយើងនឹងប្រកាសឱ្យដឹងមុន បុណ្យហ្នឹង យ៉ាងហោចណាស់ក៏មួយអាទិត្យដែរ។

នគរធំ ៖ ចំពោះរូបសំណាកដែលត្រូវដង្ហែ  នោះ ជារូបសំណាកដែលត្រូវប្រគល់ឱ្យតំណាង-រាស្ត្រគណបក្សសង្គ្រោះជាតិ មែនទេ?

លោកសៅ កុសល ៖ ខ្ញុំអត់ទាន់បាន ទទួលព័ត៌មានដែលខាងសង្គ្រោះជាតិប្រគល់ ឱ្យទេ ប៉ុន្តែយើងមានរូបសំណាករបស់គណៈ-កម្មការដែលកំពុងតែរៀបចំហើយ គឺយើងធ្វើ រូបសំណាកហ្នឹង២ មួយពីស្ពាន់ ហើយតាម អ្នកទទួលខុសត្រូវរឿងរូបសំណាកហ្នឹង បានឆ្លើយ ហើយថា នឹងធ្វើហើយទាន់ពេលកម្មវិធីបុណ្យ ហ្នឹង ប៉ុន្តែរូបសំណាកមួយដែលយើងធ្វើដែរ គឺ ធ្វើពីថ្មភ្នំហ្នឹង គឺយើងគិតថា មិនទាន់ពេលវេលា ទេ ប៉ុន្តែក្នុងផែនការ យើងត្រូវតែធ្វើឱ្យហើយរួច- រាល់ ដើម្បីយកទៅតម្កល់ដែរ។ រូបនេះគឺយក រូបភាពលោកបណ្ឌិតផ្ទាល់ ជាក់ស្តែង ទាំងទំហំ  ទាំងកម្ពស់។ គណៈកម្មការរៀបចំផ្ទាល់ ប៉ុន្តែ យើងអត់បដិសេធទេ អ្នកណាឱ្យ យើងទទួលយក ទាំងអស់ នេះជាអ្វីដែលគេគោរពស្រលាញ់លោក បណ្ឌិត។ យើងទទួលយក ហើយយកទៅដាក់ តាំងនៅកន្លែងណាដែលសមស្រប។ រូបសំណាក ហ្នឹង យើងយកទៅតម្កល់នៅកន្លែងសពលោក បណ្ឌិតទាំងអស់ បើយើងមានលទ្ធភាព រកទីតាំង កន្លែងណាដែលមហាជនចេញចូលច្រើន ។

នគរធំ ៖ តើគណៈកម្មការគាំទ្រ ឱ្យតម្កល់ រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលាន ប្រជាធិបតេយ្យ ឬទេ?

លោកសៅ កុសល ៖ នេះប្រហែលជាជំហាន លើកក្រោយ ដែលយើងនឹងត្រូវគិតថា រូបសំណាក យើងនឹងត្រូវដាក់នៅកន្លែងណាខ្លះ? នេះជាផែនការលើកក្រោយ ប៉ុន្តែឥឡូវនេះ យើងកំពុងតែ កសាងរូបសំណាកដែលធ្វើក្នុងកម្មវិធីបុណ្យខួប ១០០ថ្ងៃនេះ។ យើងនឹងទទួលយកទាំងអស់  ដើម្បីទុក ហើយនឹងរកកន្លែងសមរម្យ តម្កល់រូបសំណាកលោកបណ្ឌិតហ្នឹងនៅពេលក្រោយទៀត យើងតម្កល់ហ្នឹង ហើយបើឱ្យក្នុងពេលហ្នឹង យើង នឹងយកទៅតម្កល់ទាំងអស់ ហើយយើងនឹងយក ហែទៅតាកែវ ទាំងអស់។

គួរបញ្ជាក់ថា ទាក់ទងនឹងរូបសំណាកនេះ  តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តតាកែវ លោកអ៊ូ ចន្ទរ័ត្ន បានស្នើទៅសាលា- រាជធានីភ្នំពេញ តម្កល់នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតប ពីរដ្ឋបាលរាជធានីភ្នំពេញនៅឡើយ ខណៈដែល រូបសំណាក់ស្ពាន់នោះ បានសង់ជិតរួចរាល់មួយ រយភាគហើយ។

លោកអ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា ទោះយ៉ាងណា លោកបានត្រៀមប្រគល់រូបសំណាកនេះទៅឱ្យ គណៈកម្មការបុណ្យ នៅសប្តាហ៍ក្រោយនេះ។ ដូច្នេះរូបសំណាកនេះអាចនឹងត្រូវហែទៅជាមួយ រូបសំណាកដែលរៀបចំធ្វើដោយគណៈកម្មការ បុណ្យទៅតម្កល់ បណ្តោះអាសន្ននៅខេត្តតាកែវ រង់ចាំការឆ្លើយតបពីរដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES