Sunday, September 22, 2024
Homeបរិយាយទឹក​អូរ​ហូរ​ដល់​សមុទ្រ​នឹង​ប្រៃ

ទឹក​អូរ​ហូរ​ដល់​សមុទ្រ​នឹង​ប្រៃ

ពុទ្ធភាសិត១ឃ្លា ជាភាសាបាលី ដែលប្រែជាខេមរភាសាថា “ទឹកអូរហូរដល់សមុទ្រ នឹងក្លាយជាទឹកប្រៃ” មានអត្ថន័យ ជ្រាលជ្រៅណាស់ សម្រាប់យកមកប្រៀបធៀបនឹងចលនាអ្នកគាំទ្របក្សមួយ រត់ទៅចុះចូលបក្សមួយ។ កាលមិនទាន់ចុះ- ចូល ទឹកមាត់គាត់សាបទេ លុះបានកន្លែងថ្មីស្រួល ទឹកមាត់ក្លាយជាប្រៃ រើកកាយបកអាក្រាតកន្លែងចាស់ ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ទឹកអូរ” កើតឡើងដោយសារទឹកភ្លៀង ភាគច្រើនវាហូរតែក្នុងរដូវវស្សា ឯរដូវប្រាំងស្ងួតហួតហែងគ្មានទឹកមួយតំណក់ តែបើមានខ្លះ ក៏ដាច់ជាកង់ៗ មិនអាចហូរបាន។ បើដងអូរចំណុះព្រែក ឬស្ទឹង ក៏ហូរចាក់ទៅក្នុងព្រែក និងស្ទឹង ដែលមាន ទឹកសាបដូចគ្នា ធ្វើឱ្យទឹកអូរនោះ នៅតែសាបដដែល។ ដោយឡែក ដងអូរដែលចំណុះសមុទ្រ ភាគច្រើនទទួលទឹកភ្លៀងហូរ ធ្លាក់ពីលើភ្នំ ចុះទៅដល់ជ្រលង បង្កើតជាអូរ មានថ្មដាទាំងផ្ទាំងៗ ហូរបន្តធ្លាក់ទៅសមុទ្រ។ យើងឃើញអូរចំណុះសមុទ្របួនប្រាំ នៅក្រុងព្រះសីហនុ ខ្លះទៀតនៅស្រុកស្រែអំបិល កែវផុស តែងមានទឹកថ្លាឈ្វេង ជម្រៅត្រឹមចង្កេះ មើលឃើញបាតដីហូរ ចាក់ទៅសមុទ្រ។ ទឹកអូរ មានប្រភពពីភ្នំនេះ មានរសជាតិសាប និងផឹកឆ្ងាញ់ណាស់ សម្រាប់អ្នកដើរព្រៃ ច្រកដបយកទៅ ទុកផឹក ប៉ុន្តែពេលវាហូរទៅដល់ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ឬធ្លាក់ដល់ឆកកំពង់សោម ក៏ក្លាយជាទឹកប្រៃអស់រលីង។

បើយកពុទ្ធភាសិតនេះ មកប្រៀបធៀបនឹងតថភាពសង្គម យើងឃើញថា រាជរដ្ឋាភិបាល ប្រៀបបាននឹងសមុទ្រ ដែល មានទឹកប្រៃ។ ទឹកប្រៃនេះ សំដៅដល់ការអនុវត្តច្បាប់នីតិប្រតិបត្តិ ឱ្យមានប្រសិទ្ធភាព មានកងប្រដាប់អាវុធទាំង៣ប្រភេទ ជាជំនួយ។ រដ្ឋាភិបាល មិនអាចធ្វើបន្ធូរដៃជាមួយជនល្មើសបានឡើយ ចាំបាច់ត្រូវតែមានវិធានការ “ប្រៃដូចទឹកសមុទ្រ” ប៉ុន្តែ ទឹកសមុទ្រដែលប្រៃនោះ អាចយកទៅផលិតអំបិល សម្រាប់មនុស្សមួយនគរ យកទៅបង់សម្ល មិនមែនប្រៃអត់ប្រយាជន៍ នោះទេ។ កន្លងមកយើងឃើញថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានទឹកមាត់ប្រៃ ចង្អុលអីកើតហ្នឹង ថាសាលា បានសាលា ថាស្ពាន បានស្ពាន ជួនកាលសម្តេច ពន្លះរដ្ឋមន្ត្រីខ្លះដែលស្ពឹកស្រពន់ ឱ្យស្ទុះជើងបីជើងបួនទាំងយប់ ទៅធ្វើការតាមមុខ សញ្ញាក៏មាន។ ចំណែកមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មានទឹកមាត់ប្រៃមិនធម្មតាដែរ តែងតែទប់ទល់ វាយបកទៅលើ បក្សប្រឆាំង ការពារឆ្នេរសមុទ្រ មិនឱ្យមានអ្នករំលោភយកជាកម្មសិទ្ធិបាន។

ដោយឡែក បក្សប្រឆាំង ប្រៀបបាននឹងទឹកអូរ ដែលកើតពីទឹកភ្លៀង មានរសជាតិសាប ព្រោះគ្មានអំណាច ទោះជា វោហារសាស្ត្រខ្លាំងពូកែយ៉ាងណា ក៏មិនប្រៃដូចរាជរដ្ឋាភិបាល ឬបក្សកាន់អំណាច។ បើគេទប់ទឹកអូរឱ្យជាប់ អាចបង្កើតជា អាងស្តុកទឹក ទុកប្រើប្រាស់ស្រោចស្រពស្រែចម្ការ ខួបប្រាំង ខួបវស្សាបាន ប៉ុន្តែ បើមិនទប់ទេនោះ ទឹកអូរនឹងហូរហួស ទៅសមុទ្រ ក្លាយជាទឹកប្រៃមិនខានឡើយ។ យ៉ាងណាមិញ មន្ត្រីបក្សប្រឆាំង ឬសកម្មជនបក្សប្រឆាំងមួយចំនួន ដែលរត់ ទៅចុះចូលបក្សកាន់អំណាច គឺមិនខុសពីទឹកអូរ ហូរដល់សមុទ្រ។ កាលនៅរួមរស់ជាមួយបក្សប្រឆាំង គាត់មិនសូវមាន សកម្មភាពអ្វីទេ ទាំងវោហារក៏មានកម្រិត លុះចូលទៅដល់ទីតាំងថ្មី ពាក្យសម្តីក៏ប្រែប្រួលក្លាយជាប្រៃ តាមរយៈការវាយ- ប្រហារ ឆ្លើយតប បកអាក្រាតពុតត្បុតអតីតមេដឹកនាំរបស់ខ្លួន ដូចអ្វីដែលយើងឃើញសព្វថ្ងៃ។

កាលពីសម័យសង្គ្រាម ក៏មានភាគីម្ខាង រត់ទៅចុះចូលភាគីម្ខាងយ៉ាងនេះដែរ តាមរយៈការអូសទាញរបស់កម្លាំងបង្កប់។ របបលន់ នល់ បានឃោសនាតាមវិទ្យុរៀងរាល់ថ្ងៃ អំពាវនាវឱ្យខ្មែរក្រហម ឬប្រជាពលរដ្ឋដែលរស់នៅជាមួយខ្មែរក្រហម ចុះចូល។ អំឡុងឆ្នាំ១៩៧០-១៩៧២ ក៏មានប្រជាពលរដ្ឋរត់ចេញពីដីរំដោះ ចូលភ្នំពេញ ឬទីរួមខេត្តនានា ដែលកាលនោះ អាជ្ញាធរនៃរបបសាធារណរដ្ឋខ្មែរ បានជ្រើសតាំងអ្នកចុះចូលខ្លះ ចម្រាញ់យកតែអ្នកចេះដឹង មានពាក្យសម្តីថ្វីមាត់ ដូចជា គ្រូបង្រៀន សាស្ត្រាចារ្យ ឬអាចារ្យវត្ត ជាដើម ឱ្យធ្វើជា “ទីប្រឹក្សានយោបាយ”។ ជំនាន់នោះ គេហៅតាមភាសាបារាំង ថា “កុងសីយេរ ប៉ូលីទិក” 9ជៀនសេលិលរេ ភៀលិតិឆុបេ មានភារកិច្ចចេញឃោសនាតាមសមរភូមិនានា លើកសរសើររបបលន់ នល់ និងវាយប្រហារពួកកុម្មុយនិស្តថាជា “ខ្ញុំយួន”។ ទីប្រឹក្សានយោបាយទាំងនោះ គ្រងសម្លៀកបំពាក់ដូចទាហាន មានប្រាក់ខែ ចាយគ្រប់គ្រាន់ ពេលឃោសនាគ្មានតុកៅអី ឬវេទិកាអ្វីទេ ជួនកាលគាត់ឈរលើដំបូក និយាយបែកអូរហូរជាស្ទឹង ឱ្យទាហាន ដែលឈរជាជួរ និងប្រជាពលរដ្ឋឈរជាក្រុមបានស្តាប់។ ជាអកុសល ក្រោយរបបលន់ នល់ ដួលរលំ ទីប្រឹក្សានយោបាយ ទាំងនោះ ក៏ត្រូវកងឈ្លបខ្មែរក្រហម ចាប់យកទៅកាត់អណ្តាត វះយកថ្លើមស៊ី ដើម្បីសងសឹក ទោះជាបន្លំខ្លួនលាក់ប្រវត្តិ យ៉ាងណា ក៏នៅតែឈ្លបរកឃើញ។ ករណីនិស្សិតកុយ ប៉ិច ដែលបានដឹកនាំក្រុមនិស្សិតមហាវិទ្យាល័យច្បាប់ ធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ក៏មិនខុសពី “ទឹកអូរហូរដល់សមុទ្រ” នោះដែរ។ កាលនោះ បាតុកម្មផ្ទុះឡើងនៅវិមានឯករាជ្យ លើក បដាច្រូងច្រាងប្រឆាំងនឹងរដ្ឋាភិបាលសឺង ង៉ុកថាញ់ ដែលបាញ់សម្លាប់បាតុករ ប៉ុន្តែ ជាចុងក្រោយ មេបាតុករ កុយ ប៉ិច បាន ទៅចុះចូលរដ្ឋាភិបាល ថ្លែងសារតាមវិទ្យុ និងបានពាក់ស័ក្តិ៣ព្រងើយ។

ចូលមកដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មានការអំពាវនាវឱ្យភាគីខ្មែរក្រហម ខ្មែរសេរីកា ប៉ារ៉ា ម៉ូលីណាកា ចុះចូលយ៉ាងនេះដែរ ដែលជំនាន់នោះគេហៅថា “ចលនាខ្មាំង”។ មានន័យថា អ្នកប្រឆាំងរដ្ឋាភិបាល គឺជាខ្មាំង ប៉ុន្តែ ពេល ចុះចូល ក៏មានការលើកលែងទោស ផ្តល់បុណ្យស័ក្តិតាមជំនាញ ចំណេះដឹង។ អ្នកមកចុះចូលនោះ ក៏បញ្ចោញវោហារសាស្ត្រ វាយប្រហារអតីតមេដឹកនាំរបស់ខ្លួនយ៉ាងជូរចត់ ពោលគឺ ទឹកមាត់ធ្លាប់សាប ក៏ក្លាយជាប្រៃ។

ក្រឡេកមើលបច្ចុប្បន្នភាពវិញ ដោយសារមេដឹកនាំបក្សប្រឆាំង ចាញ់ប្រៀបបក្សកាន់អំណាច ក៏មានសកម្មជនបក្ស- ប្រឆាំងមួយចំនួន បានទៅចុះចូលបក្សកាន់អំណាច។ ដូចយើងលើកឡើងរួចមកហើយថា “ទឹកអូរហូរដល់សមុទ្រ នឹងក្លាយ ជាទឹកប្រៃ” យ៉ាងណាមិញ សកម្មជនទាំងនោះ ពីមុនមិនសូវមានវោហារសាស្ត្រអ្វីទេ លុះបានកន្លែងថ្មី ក៏ចាប់ផ្តើមវាយប្រហារ រិះគន់ បកអាក្រាតអតីតមេដឹកនាំរបស់ខ្លួនយ៉ាងជូរចត់។ នេះជារឿងធម្មតាសម្រាប់អ្នកចុះចូល គ្មានអ្វីប្លែកនោះទេ មិន ខុសពី “កុងសីយេរប៉ូលីទិក ឬទីប្រឹក្សានយោបាយ” កាលពីសម័យលន់ នល់។ បើមន្ត្រីរដ្ឋាភិបាល ទឹកមាត់ប្រៃយ៉ាងណា អ្នក ចុះចូលនោះក៏ប្រៃតាម ឬមានតែប្រៃជាងផង គឺវាយចំកន្លែងឈឺ អេះចំរមាស់ ព្រោះតែអ្នកចុះចូលនោះ ធ្លាប់ដឹងថា មេបក្ស ប្រឆាំង ឈឺកន្លែងណា? កើតស្រែង ឬកើតរមាស់កន្លែងណា?។ ផ្ទុយទៅវិញ អ្នកធ្លាប់គាំទ្របក្សកាន់អំណាច ពេលគេដក បុណ្យស័ក្តិ ដាក់ទណ្ឌកម្ម ឬបញ្ឈប់ពីការងារ ទោះជាមានគំនុំយ៉ាងណាក៏មិនហ៊ានទៅចុះចូលបក្សប្រឆាំង ឱ្យគេដឹងជាសាធារណៈ នោះដែរ បានត្រឹមសំងំស្ងៀមប៉ុណ្ណោះ។

ដូច្នេះ យើងអាចរកចំណុចខ្សោយឃើញថា កាលណាទឹកអូរកំពុងហូរ មិនព្រមធ្វើទំនប់ ច្បាស់ជាសមុទ្រស្រូបយកអស់។ យ៉ាងណាមិញ ករណីមេបក្សប្រឆាំង ជាប់សម្ពាធតុលាការរើខ្លួនមិនរួចបែបនេះ អាចធ្វើឱ្យសកម្មជនមួយចំនួន ដែលមិនពេញ- ចិត្តនឹងការដឹកនាំរបស់មេកោយ សម្រេចចិត្តរកទ្រនំថ្មីទៀតមិនខានឡើយ។ កន្លងមកយើងឃើញមន្ត្រីបក្សសង្គ្រោះជាតិ ខ្លះ ទៅចុះចូលបក្សប្រជាជនកម្ពុជា ខ្លះទៀតទៅបង្កើតបក្សថ្មី ហើយពេលគាត់បានទ្រនំថ្មី ក៏ថ្កោលទោស បកអាក្រាតទ្រនំ ចាស់។ យុទ្ធសាស្ត្រនយោបាយឈ្នះ គេត្រូវការជាចាំបាច់នូវមនុស្សចុះចូលនេះឯង សូម្បីតែម្នាក់ ក៏មានប្រយោជន៍ដល់គេ ដែរ។ តួយ៉ាងមន្ត្រីទូតកូរ៉េខាងជើងម្នាក់ ដែលរដ្ឋាភិបាលលោកគីម ជុងអ៊ុន ចាត់តាំងឱ្យទៅប្រចាំការនៅបរទេស បែរជា នាំគ្រួសារទៅចុះចូលរដ្ឋាភិបាលកូរ៉េខាងត្បូង ដូចនាំផលប្រយោជន៍ទៅឱ្យលោកស្រី ផាក គឿនហេ។

សរុបទៅ “ទឹកអូរហូរដល់សមុទ្រនឹងប្រៃ” គឺសំដៅដល់អ្នកចុះចូលនេះឯង ដែលភាគីណាក៏ចង់បានដែរ។ សូម្បីបក្ស ទើបបង្កើតថ្មី ក៏ចង់បានអ្នកគាំទ្របក្សដទៃទៅចុះចូលបក្សខ្លួនដែរ ដើម្បីបានជាកម្លាំងជំរុញយុទ្ធសាស្ត្រនយោបាយយក ប្រៀបលើគេ។ ដូច្នេះ បើចង់មានប្រៀបលើគេ ត្រូវតែរកមធ្យោបាយអូសទាញអ្នកចុះចូលតាមវិធីផ្សេងៗ យកមកជួយ ឃោសនាបញ្ចុះបញ្ចូលមហាជន។ ចំណែកភាគីម្ខាងទៀត បើមិនចង់ចាញ់ប្រៀបគេ ត្រូវធ្វើទំនប់ឱ្យជាប់ ក្រែងទឹកអូរវាហូរ ដល់សមុទ្រ ក្លាយជាទឹកប្រៃ ឬក្លាយជារលកសមុទ្រវាយផ្ទប់ច្រាំងចាស់៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES