Thursday, April 25, 2024
Homeព័ត៌មានជាតិលោក​សួន សេរីរដ្ឋា អំពាវ​នាវ​រក​ទុន ២០​ម៉ឺន​ដុល្លារ ធ្វើ​ឡ​សម្ងួត​ស្រូវ​៥​កន្លែង

លោក​សួន សេរីរដ្ឋា អំពាវ​នាវ​រក​ទុន ២០​ម៉ឺន​ដុល្លារ ធ្វើ​ឡ​សម្ងួត​ស្រូវ​៥​កន្លែង

ភ្នំពេញ ៖ លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានអំពាវនាវរកទុនចំនួន ២០ម៉ឺនដុល្លារ សម្រាប់ធ្វើឡសម្ងួតស្រូវ ចំនួន ៥កន្លែង ដើម្បីជួយសម្ងួតស្រូវកសិករ និងផ្តល់ លទ្ធភាពឱ្យកសិករបានស្តុកទុកស្រូវក្នុងជង្រុក របស់ខ្លួន ខណៈដែលសព្វថ្ងៃ កសិករកំពុងខ្វះខាតឡសម្ងួតស្រូវ និងប្រឈមវិបត្តិតម្លៃស្រូវ ធ្លាក់ចុះ។

លោកសួន សេរីរដ្ឋា បានបញ្ជាក់ឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៦ ថា នយោបាយរបស់ខ្ញុំ គឺ ការពារឆ្នាំងបាយរបស់ពលរដ្ឋ្ក !

ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកមានលទ្ធភាពក្នុងស្រុក ជួយរួមគ្នារំដោះទុក្ខកសិករខ្មែរ! ខ្ញុំត្រូវការប្រមូលទុន២០ម៉ឺនដុល្លារ ដើម្បីធ្វើឡ សម្ងួតស្រូវ ចំនួន៥កន្លែង ជួយសម្ងួតស្រូវកសិករ ឱ្យកសិករស្តុកស្រូវទុកក្នុងជង្រុកគ្រួសារខ្លួនឯង។ សូមបងប្អូនខ្មែរអ្នកមានលទ្ធភាពជួយគ្នាយើង រួមគ្នា ប្រាកដជាជួយរំដោះទុក្ខកសិករបាន។

ដើម្បីជួយរំដោះទុក្ខកសិករខ្មែរនៅពេល នេះ ខ្ញុំមើលឃើញថា មិនអាចគ្រាន់តែជួយទិញ ស្រូវកសិករ តែមួយមុខនោះទេ ពីព្រោះបញ្ហា ប្រឈមមុខនៅពេលនេះ ដែលធ្វើឱ្យផលស្រូវ របស់កសិករ ត្រូវឈ្មួញបណ្តាញយួនវាយបន្ថោក តាមចិត្តនោះ គឺស្រូវសើមគ្មានឡសម្ងួត។ បើ កសិករខ្មែរមិនលក់ស្រូវក្នុងតម្លៃថោកឱ្យពួកឈ្មួញបណ្តាញយួន ដែលមានឡសម្ងួតនេះ គឺ ខូចស្រូវអស់ លែងមានអ្នកទិញនោះ គឺមកពី កសិករគ្មានឡសម្ងួតស្រូវ។

ឈ្មួញបណ្តាញយួន ម្ចាស់រោងម៉ាស៊ីន ដែលគេមានឡសម្ងួត គេដំណើរការសម្ងួតតែ ស្រូវដែលគេទិញវាបានតម្លៃថោកប៉ុណ្ណោះ។ ហើយបើកសិករម្ចាស់ស្រូវខ្លួនឯង ចង់ជួលឡសម្ងួតស្រូវខ្លួនឯងទុក គឺមិនមានឡសម្ងួតគ្រប់គ្រាន់ និងតម្លៃថោកទេ។ ដូចនេះបើមានឡសម្ងួត ជួយសម្ងួតស្រូវឱ្យកសិករក្នុងតម្លៃថោក ហើយ បង្រៀនឱ្យពលកសិករធ្វើជង្រុកស្រូវគ្រួសារ អាចស្តុកទុកស្រូវស្ងួតជាលក្ខណៈគ្រួសារនោះ ពួកឈ្មួញបណ្តាញយួន ដែលមានរោងម៉ាស៊ីន  អាងមានឡសម្ងួត អាងមានឃ្លាំងស្តុកស្រូវ លែងហ៊ានមើលងាយកសិករ និងមិនអាចវាយ បន្ថោកផលស្រូវតាមអំពើចិត្ត ក្នុងរដូវប្រមូល ផលនេះបានទេ

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោកសួន សេរីរដ្ឋា បានអះអាង ថា លោកបានរកឃើញពីធាតុផ្សំដែលនាំឱ្យមាន ការទម្លាក់តម្លៃស្រូវ នោះមាន៤ចំណុចធំៗគឺ 

រោងម៉ាស៊ីនធំៗដែលមានខ្សែបណ្តាញ ពីក្រុមកូនចៅអ្នកធំ ដែលកាន់អំណាច និងដែល ទទួលបានលុយពីរដ្ឋាភិបាលមកទិញស្រូវនោះ គេមិនទិញស្រូវពីកសិករម្ចាស់ស្រែទេ បើមិន លក់ឱ្យបណ្តាញឈ្មួញកណ្តាលរបស់គេ។

កសិករច្រូតស្រូវហើយ ត្រូវការឡសម្ងួត តែរោងម៉ាស៊ីនដែលមានឡសម្ងួត ខ្សែស្រឡាយគណបក្សប្រជាជន ដែលកំពុងកាន់ អំណាចមិនទទួលស៊ីឈ្នួលសម្ងួតស្រូវឱ្យកសិករ ទេ បើមិនព្រមលក់ឱ្យពួកគេ ដែលពួកគេឱ្យថ្លៃ ត្រឹមតែ៦៥ម៉ឺនរៀល ក្នុង១តោនប៉ុណ្ណោះ។

គេទុកឱ្យស្រូវកសិករ ដាក់តម្រៀប ចោលតាមផ្លូវត្រូវភ្លៀង និងគ្មានឡសម្ងួត រហូត ដល់កសិករភ័យខ្លាចខូចអស់ ទើបគេមកថ្លឹង ទិញពេលយប់ ដោយវាយបន្ថោកតាមចិត្ត។

នៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង ដែលសម្បូរស្រូវ អង្ករផងដែរ គេ (បណ្តាញឈ្មួញយួន) នៅតែ បន្តដឹកនាំអង្ករយួនចូលមកលក់តាមអំពើចិត្ត៕

ដារិទ្ធ

RELATED ARTICLES