ប្រធានគ្រប់គ្រងបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា អះអាងថា Tiger Street Football 2020 មណ្ឌលបាត់ដំបង គឺជាមណ្ឌលដែលមានក្រុមចូលរួមច្រើនជាងគេ។
លោកទុយ វិច្ឆិកា ប្រធានបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៍មាន និងប្រជុំចាប់ពូលការប្រកួត Tiger Street Football 2020 នៅមណ្ឌលបាត់ដំបង នៅសណ្ឋាគារស្ទឹងសង្កែ នារសៀលថ្ងៃទី៣០ ខែមករា ថា មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football 2020 គឺជាមណ្ឌលដែលមានចំនួនក្រុមចូលរួមប្រកួតច្រើនជាងគេដែលមានរហូតដល់ទៅ១២៤ក្រុម ខណៈដែលឆ្នាំ២០១៩កន្លងទៅមណ្ឌលនេះមានក្រុមចូលរួមប្រកួតតែ៩៦ក្រុមប៉ុណ្ណោះ។

ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលបាត់ដំបងនេះ គឺមាន៤ខេត្តចូលរួម ដូចជា ខេត្តប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបង (ម្ចាស់ផ្ទះ) ដោយធ្វើការប្រកួតរយៈពេល៣ថ្ងៃចំរាញ់យក១០ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ និងទី១ ខែមិនា ឆ្នាំ២០២០។
លោកអះអាងថា ដោយសាតែចំនួនក្រុមមានចំនួនច្រើន ការប្រកួតរយៈពេល៣ថ្ងៃនេះ គឺចាប់ផ្តើមពីព្រឹកទល់យប់ ដោយក្រុមចំនួន១២០ធ្វើការប្រកួត ជម្រុះដំណាក់កាលទី១ រីឯ៤ក្រុមចាប់ឆ្នោតបានឈរជើង និងចូលរួមប្រកួតដំណាក់កាលទី២ រួចបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ រកក្រុមជើងឯកប្រចាំមណ្ឌល។

នាយកផ្នែកលក់ស្រាបៀរ Tiger (CBL) ប្រចាំនៅបាត់ដំបង បានលើកឡើងថា នេះគឺជាមោទនភាពមួយរបស់ខេត្តបាត់ដំបង ដែលពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនក្រុមចូលរួមចេះតែកើនឡើងរហូត ដែលអាចសបញ្ជាក់ឲ្យឃើញថា ការរីកចំរើនផ្នែកវិស័យបាល់ទាត់នៅបាត់ដំបង កាន់តែមានសកម្មភាពផុសផុលខ្លាំង ហើយក្នុងនាមជានាយកផ្នែកលក់ប្រចាំបាត់ដំបង ចង់ឃើញក្រុមបាត់ដំបង គ្រងដំណែងជើងឯកប្រចាំមណ្ឌល និងបន្តទៅគ្រងដំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ទៀត។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានស្នើឲ្យក្រុមបាល់ទាត់ចូលរួមប្រកួតទាំងអស់សូមចូលរួមប្រកួតដោយក្រមសីលធម៌ខ្ពស់ ចេះយោគយលអធ្យាយស្រាយគ្នា ប្រកួតដោយសាមគ្គីភាព និងមិត្តភាព ព្រោះថា ការប្រកួតលើទីលាន គឺប្រជែងតែសមត្ថភាពនិងទេពកោសល្យប៉ុណ្ណោះ ដើម្បីរកឈ្នះចាញ់។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ មានក្រុមចូលរួមប្រកួតចំនួន១២៤ក្រុម ប្រកួតនៅទីលានកីឡដ្ឋានវាលបែកចាន មានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ទើបញ្ចប់ការប្រកួត និងជ្រើសរើសយក១០ក្រុមឡើងទៅប្រវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ សម្រាប់ក្រុមដែលមានប្រាក់រង្វាន់លើកទឹកចិត្ត ពោលមានតែ៤ក្រុមទេ គឺក្រុមលេខ១ ប្រចាំមណ្ឌលទទួលបានក្រុមឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមឈ្នះលេខ២ ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមឈ្នះលេខ៣ ទទួលបានប្រាក់រង្វាន់៥០០ដុល្លារ ក្រុមឈ្នះលេខ៤ ទទួលបានប្រាក់រង្វាន់២០០ដុល្លារ។ ចំពោះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕