Thursday, May 9, 2024
Homeព័ត៌មានជាតិរដូវ​ភ្ជុំ លោក​សម រង្ស៊ី បន្ត​បាញ់​បក្ស កាន់​អំណាច លោក​កឹម សុខា អំពាវ​នាវ​

រដូវ​ភ្ជុំ លោក​សម រង្ស៊ី បន្ត​បាញ់​បក្ស កាន់​អំណាច លោក​កឹម សុខា អំពាវ​នាវ​

ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នេះ ខណៈដែលប្រធានគណបក្សកាន៉អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសសុំ ឈប់ប្រើសារនយោបាយឆ្លើយឆ្លងវាយប្រហារ គ្នា (បាញ់ពាក្យសម្តី) ព្រមទាំងថ្លែងថា កំពុង រង់ចាំមើលអ្នកណាបាញ់មុននោះ ប្រធានគណបក្ស ប្រឆាំង លោកសម រង្ស៊ី បានយកវេទិកាជួបជុំ យុវជន បន្តវាយប្រហារទៅលើគណបក្សកាន់ អំណាច ថា មេដឹកនាំបច្ចុប្បន្នដែលកាន់អំណាច រាប់សិបឆ្នាំ ធ្វើឱ្យមានអំពើពុករលួយ ហើយ ក្រាញអំណាចរហូតដល់ចូលមឈូស។ ចំណែក លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បែរជាអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សប្រឆាំង កុំប្រើពាក្យវាយប្រហារ នាំឱ្យ ប៉ះពាល់ដល់បរិយាកាសនៃពីធីបុណ្យភ្ជុំប្រពៃណី ជាតិខ្មែរ។

នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មាន ការរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំជាមួយចលនាយុវជនគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់បក្ស ប្រឆាំង ជាច្រើនរូបទៀត។

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស បានថ្លែងតាមប្រព័ន្ធអ៊ីនធើរណេតក្សយផេទៅកាន់យុវជនបក្សប្រឆាំងថា នៅស្រុកខ្មែរ អ្នកកាន់អំណាចចង់កាន់អំណាចមួយជីវិត ក្រាញ អំណាច ខ្លះចង់កាន់តំណែងរហូតដល់ចូលមឈូស ហើយខ្លះទិញសញ្ញាបត្រក្លែងក្លាយមកអួតបន្លំ។

លោកសម រង្ស៊ី បានមានប្រសាសន៍នៅ  ពេលនោះថាទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែល មានតំណែង កាន់តំណែងនោះមួយជីវិត ពីព្រោះ ឱ្យតែមានខ្សែ មានបក្ខពួកនៅក្នុងជួរគណបក្ស កាន់អំណាច គឺនៅក្រាញអំណាច។ តំណែងខ្លះ ដល់អាយុ៦០ ទៅ៧០ហើយ នៅតែចង់កាន់ តំណែង ហ្នឹងដល់ចូលមឈូសទៀតក៏មិនដឹង ដែរ។ មេដឹកនាំ យើងមួយចំនួនទៅទិញ សញ្ញាបត្រក្លែងក្លាយ យកមកអួតយកមកបន្លំ វាមិនត្រឹមត្រូវ! ត្រូវតែឱ្យអ្នកដែលមានសញ្ញាបត្រពិតប្រាកដ

ក្រៅពីបានថ្លែងយ៉ាងដូច្នេះ លោកសម រង្ស៊ី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃគ្រប់ព្រះអង្គ ទៅចុះឈ្មោះបោះឆ្នោត និង ចូលរួមបោះឆ្នោត ដើម្បីជ្រើសមេដឹកនាំប្រទេស ដែលផ្តល់សេចក្តីសុខពិតប្រាកដ។

លោកសម រង្ស៊ី បានសរសរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ថាខ្ញុំព្រះករុណា សូមនិមន្តព្រះសង្ឃគ្រប់អង្គ ទៅចុះព្រះនាមបោះឆ្នោតនៅពេលនេះ (មុន ថ្ងៃ២៩ វិច្ឆិកា ២០១៦) ដើម្បីចូលរួមក្នុងការ បោះឆ្នោត ឆ្នាំ២០១៧ និង២០១៨។ ព្រះសង្ឃ ក៏ជាពលរដ្ឋដូចខ្មែរគ្រប់រូប ហើយត្រូវមានសិទ្ធិ  និងកាតព្វកិច្ចដូចពលរដ្ឋដទៃទៀត ក្នុងការ ចូលរួមសម្រេចវាសនាប្រទេសជាតិយើង ដោយ ជ្រើសរើសមេដឹកនាំប្រទេសប្រកបដោយគុណធម៌ និងសីលធម៌ ដែលអាចផ្តល់សេចក្តីសុខ និង សុភមង្គល ជូនដល់ប្រជារាស្ត្រខ្មែរ   

គួរបញ្ជាក់ដែរថា ការចាប់ផ្តើមប្រើសម្តី វាយប្រហារសាជាថ្មីមកលើគណបក្សកាន់អំណាច ពីសំណាក់លោកសម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើឡើង  ក្រោយពេលដែលសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីចែកសញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ថា សភាពការណ៍ បច្ចុប្បន្នស្ងប់ស្ងាត់ ហើយរពឹងថានឹងមានការ ស្ងប់ស្ងាត់បែបនេះ ដើម្បីយកពេលនាំគ្នាទៅវត្ត ធ្វើបុណ្យ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ នៅពេលនោះថាបើអ៊ីចឹង ខ្ញុំរង់ចាំមើលថា តើរដូវបុណ្យភ្ចុំបិណ្យនេះ តើអ្នកណាបាញ់អ្នក ណាមុន? ព្រោះធម្មតា ខ្ញុំចង់ឱ្យសភាពការណ៍ វាស្ងប់ស្ងាត់ មិនចង់ឱ្យមានការឆ្លើយឆ្លងគ្នា ព្រោះ ចាំមើលបទឈប់បាញ់មួយនេះ អ្នកណាផ្តើម មុន បើវាកំពុងតែស្ងាត់អ៊ីចឹង។ អ៊ីចឹង ថ្ងៃហ្នឹង ខ្ញុំអត់មាននិយាយរឿងនយោបាយទេ តាំងពី ម្សិលមក ខ្ញុំអត់មាននិយាយរឿងនយោបាយ ទេ ក្តៅត្រជាក់អីយ៉ាងម៉េចទេ ឥឡូវកំពុងតែ រង់ចាំមើលថា តើអ្នកណាបាញ់មុន? កំពុងតែ ស្ងាត់អ៊ីចឹង ល្អហើយៗនាំគ្នាទៅវត្ត

ដោយឡែក ស្របពេលដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្តបាញ់ ពាក្យសម្តីវាយប្រហារលើបក្សកាន់អំណាចមុន នោះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បែរជាបានអំពាវនាវថា ដើម្បីកុំឱ្យ ប៉ះពាល់ដល់បរិយាកាសនៃការប្រារឰពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ថ្នាក់ដឹកនាំ និង សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវចៀសវាង ការប្រើអំពើហិង្សាប្រើពាក្យអសុរោះ ឬពាក្យ វាយប្រហារគ្នា។

លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦ ថា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នេះគឺជាថ្ងៃបិណ្ឌទី៩ នៃបុណ្យភ្ជុំបិណ្ឌ។

ខ្ញុំ កឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សាជាថ្មី ម្តងទៀត ខ្ញុំសូមបួងសួងឱ្យក្រុមគ្រួសារខ្មែរ គ្រប់រូបបានជួបជុំគ្នាដោយសប្បាយរីករាយ  និងក៏សូមឱ្យគ្រួសារនយោបាយខ្មែរបានជួបជុំ គ្នាដោះស្រាយបញ្ហាជាតិនិងប្រជាពលរដ្ឋខ្មែរ ជាមួយគ្នាផងដែរ។

ក្នុងឱកាសនេះដែរ ដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបុណ្យ ទានជូនបុព្វការីជនផងនោះ ខ្ញុំសូមអំពាវនាវ សាជាថ្មីម្តងទៀត ជាពិសេសដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ សូមចៀសវាងការប្រើអំពើហិង្សា ឬពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នា ដែល នាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យ ប្រពៃណីជាតិនេះ និងប៉ះពាល់ដល់បរិយាកាស នយោបាយយូរអង្វែងទៅមុខទៀតផង

ទោះបីយ៉ាងណា ថ្លែងនៅក្នុងពិធីជួប សំណេះសំណាលជាមួយុវជននោះ លោកកឹម សុខា បានបញ្ជាក់សង្កត់ធ្ងន់ថា លោកជឿថា យុវជនមិនត្រូវការអ្នកបន្លាច គំរាមកំហែង បំភិតបំភ័យពួកគាត់នោះទេ ហើយយុវជនក៏ មិនខ្លាចដែរ។ ផ្ទុយទៅវិញ យុវជនត្រូវការសិទ្ធិ សេរីភាព និងសេចក្តីស្រលាញ់ពីឪពុកម្តាយ ក៏ ដូចជាពីមេដឹកនាំខ្លួនផងដែរ។ មេដឹកនាំល្អ គឺ ជាមេដឹកនាំដែលធ្វើឱ្យប្រជាពលដ្ឋគោរពស្រលាញ់ មិនមែនជាមេដឹកនាំដែលធ្វើឱ្យប្រជាពលដ្ឋខ្លាច នោះទេ។

លោកកឹម សុខា បានមានប្រសាសន៍ថារូបភាពនយោបាយនេះជាកត្តាសំខាន់ណាស់ សម្រាបការឆ្លុះបញ្ចាំងអំពីចក្ខុវិស័យនៃគណបក្ស នីមួយៗ។ តើយើងរូបភាពគណបក្សសង្គ្រោះជាតិ ដែលខុសពីគណបក្សដទៃយ៉ាងម៉េច? គណបក្សសង្គ្រោះជាតិ មានគុណតម្លៃរបស់ខ្លួន  គឺនៅលើបញ្ហាផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ គោរពនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។  អ៊ីចឹងបានគេឆ្ងល់ថា ម៉េចក៏ប្រជាពលរដ្ឋឆ្នាំ២០១៣ នេះ មកគាំទ្រសង្គ្រោះជាតិខ្លាំងម៉្លេះ? ហើយ អ្នកណាដែលលើកមកគាំទ្រសង្គ្រោះជាតិខ្លាំង ជាងគេ កាលពីឆ្នាំ២០១៣នេះ? គឺយុវជន ហេតុម៉េចបានយុវជនមកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានគុណតម្លៃ ផ្តល់ទៅលើសិទ្ធិ និង សេរីភាព ពីព្រោះយុវជនត្រូវការសេរីភាព ត្រូវ ការសិទ្ធិពេលលេញរបស់គេ គឺអត់ចង់នៅក្រោម ការភ៏យខ្លាចទេ។ គ្មាននរណាចង់បានសេរីភាព ជាងយុវជនទេ ដល់គណបក្សសង្គ្រោះជាតិ មាន គុណតម្លៃអ៊ីចឹងទៅ ស៊ីជាមួយយុវជនតែម្តង យុវជនក្រោកមកគាំទ្រតែម្តង។ នេះជាអ្វីមួយ ដែលជាតម្លៃដែលអ្នកណាក៏ធ្វើមិនបានដែរនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា គណបក្សណាក៏ធ្វើ អត់បានដូចដែរ ដោយសារគណបក្សសង្គ្រោះជាតិ ផ្តល់នូវតម្លៃទៅលើសិទ្ធិនិងសេរីភាពរបស់ មនុស្សគ្រប់រូបទាំងអស់។ រូបភាពនយោបាយ នេះ ច្បាស់ណាស់ គឺច្បាស់ក្រឡែត ដែលជាគុណតម្លៃ ពីព្រោះអីយុវជនអត់ចូលចិត្តឱ្យគេបន្លាច ខ្លួនទេ អត់ចូលចិត្តឱ្យគេគាបសង្កត់ទេ អត់ ចូលចិត្តឱ្យគេគំរាមកំហែងទេ អ្នកទាំងឡាយ ណាដែលធ្វើនយោបាយយកយុវជនមកហើយ  គំរាមកំហែង បំភិតបំភ័យ រករឿងឈ្លោះកាប់ចាក់ បាញ់បោះ អ្នកហ្នឹងគឺយុវជនទាត់ចោល ហើយ ខ្ញុំជឿអ៊ីចឹង។ អត់ចូលចិត្តឱ្យគេបន្លាចខ្លួន តែយុវជនជាអ្នកដែលអង់អាចក្លាហានជាងគេ  ដែលអត់ខ្លាចនូវការគំរាមកំហែងនោះទេ។ ចំណុចគុណតម្លៃរបស់គណបក្សសង្គ្រោះជាតិ មួយទៀត គឺអហិង្សា។ គណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាអីក៏ដោយ ដោយអហិង្សា ដោយសន្តិវិធី នេះហើយដែលធ្វើឱ្យយុវជន មើលឃើញអនាគតរបស់ខ្លួនថា ខ្លួននឹងរស់នៅ ទៅក្នុងអនាគត ក្រោមការដឹកនាំរបស់គណបក្សណាក៏ដោយ សង្គមហ្នឹង គឺថាជាសង្គម អហិង្សា គឺចង់បានអាហ្នឹង។ បើយើងស្គាល់ចិត្ត យុវជនច្បាស់ កុំចង់ប្រើអ្វីដែលពីអតីតកាល  ដែលយករំពាត់មកវ៉ៃយុវជនឱ្យខ្លាចទៀត អស់ ហើយ ហួសសម័យខ្លាចហើយ។ យុវជនត្រូវការក្តីស្រលាញ់អំពីអ្នកដឹកនាំ ក្តីមេត្តាអំពីអ្នកដឹកនាំ។ ក្តីស្រលាញ់ គឺការរៀបចំពីអនាគតឱ្យ គាត់។ អ្នកដឹកនាំដែលល្អ មិនមែនអ្នកដឹកនាំ ដែលធ្វើឱ្យគេខ្លាចទេ អ្នកដឹកនាំដែលល្អ គឺអ្នក ដឹកនាំដែលធ្វើឱ្យគេគោរព។ សេចក្តីគោរព ដែលកើតមកពីសេចក្តីស្រលាញ់ ដូចម្តាយឪពុក យើងអ៊ីចឹង យើងស្រលាញ់គាត់ គាត់ស្រលាញ់ យើង យើងគោរពគាត់ ហើយបើគ្រាន់តែខ្លាច គាត់ ខ្លាចតែនឹងមុខទេ ខាងក្រោយលួចប្រូ តែបើសិនគាត់មកផ្តល់ក្តីស្រលាញ់ឱ្យ គឺយើង គឺគោរព គឺអត់ទេ នៅមុខក៏ធ្វើអ៊ីចឹង នៅក្រោយ ខ្នងគាត់ ក៏អ៊ីចឹងដែរ។ នេះអ្វីដែលយើងចង់បាន ឱ្យយុវជន អ៊ីចឹងយើងចង់ឱ្យយុវជនយើងហ្នឹង ទទួលបានក្តីស្រលាញ់ពីអ្នកនយោបាយ ពីអ្នក ដឹកនាំ

ដោយ ៖ កុលបុត្រ

RELATED ARTICLES