ភ្នំពេញ៖ កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬក្លឹបទ័ព បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងបានប្រកាសពីថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញឲ្យក្លឹបបាល់ទាត់មួយនេះកាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។

ពិធីនោះក៏បានប្រកាសថា ក្លឹបទ័ព នឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនដុល្លារ លើសកម្មភាពរបស់ខ្លួន។ ឈ្មោះថ្មីដែលក្លឹបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗឲ្យកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់និងពង្រឹងក្លឹប។

ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោកស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះបានយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពីអនុស្សារណៈ (MOU) រវាងនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិឲ្យនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០តទៅនោះផង។

លោកស៊ុប៉ាឆៃ វិរះពូជុង (Supachai Verapuchong) មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថាគឺជានាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសឲ្យដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីឲ្យក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពីប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជាពិសេសគឺកងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរយារមកហើយផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំនៅក្នុងក្រសួងការពារជាតិទាំងមូល។

លោកស៊ុប៉ាឆៃ វិរះពូជុង បន្ថែមថា លោកមានគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ដល់ក្លឹបទាំងមូល។

លោកខូវ ឆាយ អគ្គលេខាធិការសមាគម បានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់លោកអគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ នឹងជួយឲ្យក្លឹបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លឹបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។

ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លឹបនេះក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ៕
