Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីផ្ទុះភ្លើងប្រចណ្ឌប្រពន្ធ ដុតផ្ទះឆេះហ្មត់

ប្តីផ្ទុះភ្លើងប្រចណ្ឌប្រពន្ធ ដុតផ្ទះឆេះហ្មត់

ខេត្តតាកែវ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោក ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ទោះប្រពន្ធបកស្រាយ យ៉ាងណា ក៏មិនព្រមស្តាប់ ទើបកើតជាជម្លោះ តឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីក្តៅចិត្ត ទប់កំហឹងមិនបាន ក៏យកដែកកេះដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះគ្មានសល់ ។

ករណីប្តីស្រវឹងប្រចណ្ឌប្រពន្ធខ្លាំង រហូត ដល់ដុតផ្ទះចោលនោះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ព្រៃស្នួល ឃុំរវៀង ស្រុកសំរោង។

ជនបង្កដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯងឆេះហ្មត់ មានឈ្មោះសៀន សុផល អាយុ៣៥ ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះអ៊ុយ សាបាន អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនបង្កហេតុ ជាប្តីបានចេញទៅផឹកស្រាជាមួយអ្នកភូមិ រហូតដល់ស្រវឹងធ្លាក់ភ្នែក លុះត្រឡប់មកដល់ផ្ទះវិញ ក៏ផ្ទុះភ្លើងប្រចណ្ឌរករឿងឈ្លោះប្រកែកជាមួយ ប្រពន្ធ ហើយទោះជាប្រពន្ធព្យាយាមពន្យល់ ប្រាប់ថា ខ្លួនមិនដែលក្បត់ចិត្តប្តីយ៉ាងណា ក៏ប្តី ដែលកំពុងស្រវឹង មិនព្រមជឿសោះ និងថែម ទាំងផ្ទុះកំហឹងកាន់តែខ្លាំង រហូតដល់ទ្រាំមិនបាន ក៏ធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

លោកវរសេនីយ៍ទោ មឿង សារុន អធិការ នគរបាលស្រុកសំរោង បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីគ្រោះអគ្គិភ័យ សមត្ថកិច្ច បានចុះអន្តរាគមន៍ភ្លាមៗដែរ តែគួរឱ្យស្តាយ ភ្លើងបានឆេះបំផ្លាញផ្ទះទាំងស្រុងទៅហើយ។ ក្រោយពីសាកសួរដឹងពីមូលហេតុថា បង្កឡើង ដោយបុរសជាប្តីកើតចិត្តប្រចណ្ឌប្រពន្ធ បែរ ជាដុតផ្ទះខ្លួនឯងចោល សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួន ជនបង្កហេតុ យកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ឈ្មោះសៀន សុផល បានសារភាពថា រូបគេ ពិតជាបានដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះហ្មត់ ពិតមែន មូលហេតុ ក៏ព្រោះតែរូបគេផឹកស្រា ស្រវឹងខ្លាំងពេក ម៉្យាងប្រចណ្ឌនឹងប្រពន្ធរបស់ ខ្លួនទៀតផង។

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”

ដោយ៖ វណ្ណ វុធ

RELATED ARTICLES