Saturday, April 20, 2024
Homeបរិយាយភ្លៀង​លាង​ខ្លាញ់

ភ្លៀង​លាង​ខ្លាញ់

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បានបញ្ចប់ទៅហើយ ដោយបន្សល់ទុកខ្លាញ់ជ្រូកជាប់នឹងស្លឹកចេក ឬស្លឹកផ្អាវ ដោយសារ អ្នកហូបនំអន្សមបោះចោល។ អ្នកខ្លះមានដៃប្រឡាក់ខ្លាញ់ ក៏យកក្រដាស ឬកន្ទបជូតដៃ បោះចោលរាត់រាយតាមបរិវេណ ផ្ទះ ឬចិញ្ចើមថ្នល់ សូម្បីតែវត្តអារាមក៏មានខ្លាញ់ប្រឡាក់ជណ្តើរទឹកស្រះ ឬតុកៅអី ជញ្ជាំងសាលាឆាន់ ព្រោះតែពុទ្ធបរិស័ទ យួរនំអន្សម ឬចង្ហាន់សម្បូរខ្លាញ់ជ្រូក យកដៃទៅជូត។ គ្រាន់តែពិធីសែនដូនតា បានចប់សព្វគ្រប់ នៅតាមភូមិខ្លះក៏មាន ភ្លៀងធ្លាក់គគុកគគាក់ ហូរនាំជាតិខ្លាញ់ទៅបាត់អស់ ដែលមិនខុសពីរឿងនយោបាយ កំពុងឈានដល់ដំណាក់កាល “ភ្លៀងលាង ខ្លាញ់” នេះឯង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០១៦ នេះ ទោះបីជា “សត្វដូនតា” មិនសូវឮយំដូចឆ្នាំមុនៗ ក៏កូនចៅបានធ្វើបុណ្យ ឧទ្ទិសកុសលជូនបុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំង៧សន្តាន បានអធិកអធម សមស្របទៅតាមមាគ៌ា- ព្រះពុទ្ធសាសនា។ ពពួកប្រេតទាំងឡាយ ដែលមានកម្មស្តើង ក៏បានឡើងមកទទួលក្រយាហារបូជាឆ្អែតស្កប់ស្កល់ មុននឹង វិលត្រឡប់ទៅកន្លែងដើមវិញ ដោយមិនភ្លេចប្រទានពរស័ព្ទសាធុការដល់កូនចៅ ឱ្យបានសេចក្តីសុខសប្បាយចម្រុងចម្រើន គ្រប់គ្នា។ ទឹកភ្លៀងក៏បង្អុរចុះមក នាំភាពត្រជាក់ត្រជំ ហូរយកជាតិខ្លាញ់ឱ្យជ្រាបទៅក្នុងដី ឬរសាត់ចូលស្ទឹង ទន្លេ សមុទ្រ ផ្តល់ សុភមង្គលដល់ប្រជារាស្ត្រខ្មែរដែលស្គាល់បុណ្យបាប។

ទោះយ៉ាងណា ការធ្វើបុណ្យភ្ជុំ សម្រាប់តែឧទ្ទិសដល់បុព្វការីជនដែលកើតជាប្រេតប៉ុណ្ណោះ ប៉ុន្តែ ចំពោះ “ប្រេតតៃរោក” គ្មានអ្នកណាអាចជួយបានឡើយ។ ប្រេតតៃរោក ក្លាយមកពីពាក្យថា “ប្រេតតិរោក” (តិរ៉ោក) សំដៅដល់មនុស្សនៅរស់ កំពុងសាងអំពើអាក្រក់ ពុករលួយ ជិះជាន់ កេងប្រវ័ញ្ចោនះឯង។ តិរោក ក្លាយមកពីធម៌សូត្រឈ្មោះ “តិរោកុឌ្ឌសូត្រ” ដែល ជាធម៌សម្រាប់សូត្រឧទ្ទិសកុសលដល់ប្រេត ប៉ុន្តែ ខ្មែរបុរាណហៅកាត់ឱ្យខ្លីថា ធម៌តិរោក និងហៅមនុស្សពាលថា “ប្រេត តិរោក” ឬ “ប្រេតតៃរោក” នេះឯង។ ប្រេតនេះ ប្រឡាក់ខ្លាញ់រងើម ឬអាចហៅថា “មនុស្សមុខខ្លាញ់” ក៏បាន ទោះជាមាន ភ្លៀងធំយ៉ាងណា ក៏មិនអាចលាងខ្លាញ់ពីខ្លួនប្រេតមនុស្ស ឬ “មនុស្សបេតោ” នេះបានដែរ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ យើងកត់សម្គាល់បានថា អ្នកនយោបាយគ្រប់និន្នាការ នាំគ្នាចូលវត្តអារាម ធ្វើបុណ្យភ្ជុំតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដោយកាត់បន្ថយការវាយប្រហារគ្នាដោយពាក្យសម្តី។ ជម្លោះនយោបាយ បង្កប់ពាក្យពេចន៍អសុរោះ មិនខុសពីខ្លាញ់ជាប់ខ្លួននោះឡើយ ហើយបើចង់ឱ្យខ្លាញ់អសុរោះនេះលែងប្រឡាក់តទៅទៀត មានតែការយោគយល់គ្នា ជាភាតរភាព ចូលធ្វើការរួមគ្នា ដោះស្រាយបញ្ហាជាតិ។ អ្នកនយោបាយណាដែលមានខ្លាញ់ជាប់ខ្លួនខ្លាំងជាងគេ ស្របពេល ដែលការចុះឈ្មោះបោះឆ្នោត កំពុងប្រព្រឹត្តទៅយ៉ាងរលូននោះ គួរព្យាយាមសង្រួមកាយវាចាចិត្តឱ្យល្អ ដើម្បីជម្រះជាតិខ្លាញ់ ឱ្យអស់។ ជាពិសេស បេក្ខជនមេឃុំ-ចៅសង្កាត់ ដែលត្រូវចូលប្រកួតលើសង្វៀនប្រជាធិបតេយ្យ នាឆ្នាំ២០១៧ ខាងមុខ នេះ ត្រូវប្រយ័ត្នខ្លាញ់ជាប់ដៃ ក្រែងរអិលតោងកៅអីមិនជាប់។ សព្វថ្ងៃ មេឃុំ-ចៅសង្កាត់ចាស់ ស្ទើរតែទាំងអស់ សុទ្ធតែជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាអ្នកចាត់ចែងជំរុញពិធីបុណ្យភ្ជុំបិណ្ឌ តាមវត្តអារាមនីមួយៗ នៅក្នុងឃុំ សង្កាត់របស់គាត់ ឱ្យមានភាពរលូន។ ដូច្នេះ ដៃរបស់គាត់ច្បាស់ជាកាន់នាំអន្សមជាប់ខ្លាញ់មិនខាន ចាំបាច់ត្រូវលាងនឹងទឹក ភ្លៀង ពោលគឺកសាងខ្លួនឱ្យប្រជារាស្ត្រមើលឃើញច្បាស់។ ការប្រឡាក់ប្រឡូសនឹងលុយក្រោមតុ លុយទឹកតែ បន្តិចបន្តួច នោះ មិនខុសពីដៃប្រឡាក់ខ្លាញ់នំអន្សមនោះឡើយ ហើយកុំអាងទឹកម៉ាស៊ីនដុសសាប៊ូ វាមិនឈ្នះលាងនឹងទឹកភ្លៀង សំដៅ ដល់មេត្តា ករុណា ចំពោះរាស្ត្រក្រីក្រនោះទេ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ខែជូនគ្រូបង្រៀន មន្ត្រីរាជការ ចាត់ទុកថា ជា “ភ្លៀងលាង ខ្លាញ់” នេះឯង ដែលអាចធ្វើឱ្យបក្សកាន់អំណាច ចំណេញនយោបាយ ខណៈដែលបក្សប្រឆាំង ដើរចូលសភា បញ្ចប់ពហិការ។ ជម្លោះនយោបាយមុនពេលភ្ជុំបិណ្ឌ មានលក្ខណៈគួរឱ្យបារម្ភ ដោយសារតែភាគីម្ខាងគំរាមធ្វើមហាបាតុកម្ម ឯភាគីម្ខាងទៀត ព្រមានធ្វើការបង្ក្រាបដោយកងប្រដាប់អាវុធ។ មានន័យថា ភាគីទាំង២ ប្រឡាក់ខ្លាញ់ដូចគ្នា លុះបានធ្វើបុណ្យរាប់បាត្រ ឧទ្ទិសកុសលដល់បុព្វការីជន ធ្វើឱ្យចិត្តចង់ឈ្នះគ្នានោះស្ងប់ទៅវិញ។ ដូច្នេះ គ្មានអ្វីប្រសើរជាងសេចក្តីស្ងប់នោះទេ ដូចពុទ្ធភា- សិតថា “នត្ថិ សន្តិ បរំ សុខំ” (សេចក្តីសុខអ្វីស្មើនឹងសេចក្តីស្ងប់មិនខាន)។ សេចក្តីសុខស្ងប់នេះ គឺជា “ភ្លៀងលាងខ្លាញ់” នេះឯង សម្រាប់អ្នកនយោបាយយកទៅអនុវត្ត ដើម្បីនាំមកនូវសុខុមាលភាពសង្គម។

នៅពេលនេះ អ្នកនយោបាយជាន់ខ្ពស់ កំពុងបន្ទន់ឥរិយាបថរកគ្នា គួរឱ្យកត់សម្គាល់ ប៉ុន្តែ អ្វីដែលនៅសេសសល់ គឺ មន្ត្រីជាន់ទាបដែលប្រឡាក់ខ្លាញ់ខ្លាំង មិនព្រមងូតទឹកភ្លៀង។ អ្នកកាប់បំផ្លាញព្រៃឈើ ជួញឈើ វាតយកដីរដ្ឋ រំលោភបំពាន លើរាស្ត្រទន់ខ្សោយ កិបកេងទ្រព្យសម្បត្តិសាធារណៈ (ឥឡូវឮថាលក់ទៀតហើយ សាលាខណ្ឌទួលគោក) បក្ខពួកគ្រួសារ និយមជាដើម កំពុងជាប់ឈ្មោះថា ជា “ប្រេតតៃរោក” ដូចអ្វីដែលយើងលើកឡើងខាងលើ។ ប្រេតប្រភេទនេះ កម្មក្រាស់ បំផុត ទោះជាទឹកភ្លៀង១០០មេ ក៏លាងមិនជ្រះខ្លាញ់ជាប់ខ្លួនដែរ ហើយកាលបើអស់អាយុសង្ខារ ទៅនឹងទៅកើតជាប្រេត មែនទែន មានមាត់ស្រួចដូចម្ជុល ស៊ីតែខ្ទុះនិងឈាម ស្រេក ឃ្លាន រកទីបំផុតគ្មាន។

ទោះយ៉ាងណា ក៏មានអ្នកវិភាគខ្លះ បញ្ចោញទស្សនៈថា អ្នកនយោបាយបង្អង់ការផ្លោងពាក្យសម្តីដាក់គ្នាតែក្នុងអំឡុង ពេលបុណ្យទានធំៗប៉ុណ្ណោះ លុះពិធីបុណ្យចប់សព្វគ្រប់ ក៏បន្តបាញ់ផ្លោងដាក់គ្នាដដែល។ ស្របពេលដែលការបោះឆ្នោតជ្រើស មេឃុំ-ចៅសង្កាត់ ជិតចូលមកដល់នោះ ច្បាស់ជាចៀសមិនផុតពីការដៀមដាមគ្នា ជ្រុលមាត់ជ្រុលពាក្យធ្ងន់ៗមិនខានឡើយ។ បើពិតជាដូច្នេះមែន យើងក៏មានសំណូមពរថា បើត្រឹមរិះគន់កែលម្អគ្នាក្នុងរដ្ឋសភា នោះវាអត់បញ្ហាអ្វីទេ ព្រោះតំណាងរាស្ត្រ មានសិទ្ធិកោះហៅរដ្ឋមន្ត្រី មកសួរនាំ ប៉ុន្តែ សំណួរនោះ ក៏ត្រូវប្រកបដោយសីលធម៌ លើកតម្កើងផលប្រយោជន៍ជាតិជាធំ។ ធម្មតាអ្នកឆ្លើយ ច្បាស់ជាត្រូវអ្នកសួរចោទប្រកាន់ថា “ប្រឡាក់ខ្លាញ់នំអន្សមភ្ជុំ” ចៀសមិនរួចទេ ប៉ុន្តែ អ្នកសួរក៏ប្រឡាក់ ខ្លាញ់ខ្លះៗដែរ ព្រោះបានធ្វើបុណ្យភ្ជុំដូចគ្នា ហេតុនេះ គួរតែមានការយោគយល់គ្នា ដើម្បីបញ្ចៀសអរិភាព។

សរុបទៅ “ភ្លៀងលាងខ្លាញ់” គ្រាន់តែជាឧបមានវិធី ប្រៀបធៀបពិធីបុណ្យភ្ជុំបិណ្ឌ ប្រឡាក់ខ្លាញ់ ទៅនឹងឆាកនយោ- បាយរកាំរកូសតែប៉ុណ្ណោះ។ គ្មានអ្វីធំជាងចិត្តសន្តោស អត់ធ្មត់ យោគយល់គ្នានោះទេ ពោលគឺ អ្នកនយោបាយណា បុគ្គល ណាក៏មានគុណវិបត្តិដែរ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ លុះត្រាតែព្យាយាមលាងជម្រះគុណវិបត្តិទាំងនោះចេញ ទើបប្រជា- ពលរដ្ឋផ្តល់ការគាំទ្រតាមរយៈសន្លឹកឆ្នោត៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES