Thursday, April 25, 2024
Homeព័ត៌មានជាតិភរិយា​លោក​បណ្ឌិត​កែម ឡី សម្រាល​កូន​ប្រុស​ទី៥ តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ ថ្ងៃទី​១៧ តុលា

ភរិយា​លោក​បណ្ឌិត​កែម ឡី សម្រាល​កូន​ប្រុស​ទី៥ តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ ថ្ងៃទី​១៧ តុលា

ភ្នំពេញ ៖ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានសម្រាលកូនប្រុសទី៥ របស់ ខ្លួនហើយ នៅក្រៅប្រទេស កាលពីល្ងាចថ្ងៃ អាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១៦ ខណៈដែល អ្នកស្រីបានចេញទៅក្រៅប្រទេស និងកំពុង រៀបចំសុំសិទ្ធិ ជ្រកកោននៅប្រទេសទី៣ (អូស្ត្រាលី)

ជាមួយគ្នានេះ ចៅក្រមស៊ើបសួរនៃសាលា ដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះ លើកទី២ អញ្ជើញអ្នកស្រីប៊ូ រចនា ឱ្យចូលខ្លួន ទៅបំភ្លឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្នុង ឋានៈជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ឃាតកម្មលើស្វាមីអ្នកស្រី ផងដែរ។

kem-lay1

តាមប្រភពពីមិត្តភក្តិជិតស្និទ្ធនឹងក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី បានឱ្យដឹងថា កូនប្រុស ទី៥របស់លោកបណ្ឌិតកែម ឡី បានសម្រាល កាលពីវេលាម៉ោង៥និង០២នាទី ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៦ មានទម្ងន់២,៧គីឡូក្រាម និង ត្រូវបានអ្នកស្រីប៊ូ រចនា ជាម្តាយបានដាក់ឈ្មោះ កែមឡី វីរៈបុត្រ។ ដោយឡែកអ្នកស្រីប៊ូ រចនា ក្រោយសម្រាល គឺមានសុខភាពល្អធម្មតា។

ទាក់ទងការសម្រាលកូនរបស់អ្នកស្រីប៊ូ រចនា នេះ លោកសម រង្សី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ លោក កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ថា “បន្ទាប់ពីលោកបណ្ឌិតកែម ឡី បានស្លាប់ ដោយការធ្វើឃាតនៅចំកណ្តាលទីក្រុងភ្នំពេញ អស់រយៈពេលជិត៣ខែ ដោយបន្សល់ទុកនៅ កូនប្រុសជាទីស្រលាញ់ចំនួន៤រូប ព្រមទាំងភរិយា កំពុងមានផ្ទៃពោះជិតគ្រប់ខែទៀត។ នាល្ងាច ថ្ងៃនេះ ភរិយាលោកបណ្ឌិតកែម ឡី ក៏សម្រាល បានកូនប្រុសជាទីស្រលាញ់១រូបទៀត ដែលមាន ឈ្មោះកែមឡី វីរៈបុត្រ ដែលមានទម្ងន់២,៧ គីឡូក្រាម នៅឯមន្ទីរពេទ្យក្រៅប្រទេស”។

kem-lay2

គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត កាល់តិច  ស្តុបបូកគោ។ មកដល់ពេលនេះ មានរយៈពេល ៣ខែហើយ ដែលលោកកែម ឡី ត្រូវបានបាញ់ សម្លាប់។ ចំណែកជនសង្ស័យជាឃាតករ ទោះ បីមានការបញ្ជាក់នូវសាវតារជាតិថា ឈ្មោះ អឿត អាង ក៏ជននេះនៅតែសារភាពដដែល ជាដដែលថា ខ្លួនឈ្មោះជួប សម្លាប់ និងបាញ់ សម្លាប់លោកកែម ឡី ដោយសារបញ្ហាជំពាក់ ប្រាក់ មិនសង។

ទាក់ទងទៅនឹងករណីឃាតកម្មទៅលើ លោកបណ្ឌិតកែម ឡី នេះដែរ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ លើកទី២ អញ្ជើញអ្នកស្រីប៊ូ រចនា ភរិយា លោកបណ្ឌិតកែម ឡី ឱ្យចូលបំភ្លឺនៅចំពោះមុខ តុលាការ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ   ២០១៦ ក្នុងឋានៈជៅដើមបណ្តឹងរដ្ឋប្បវេណី។

យោងតាមដីកាកោះលើកទី២ របស់សាលា ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ និងចុះហត្ថលេខាដោយលោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា “យើងសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ

អញ្ជើញឈ្មោះប៊ូ រចនា ភេទស្រី អាយុ ៣៤ឆ្នាំ ជាដើមបណ្តឹងរដ្ឋប្បវេណី លំនៅសព្វថ្ងៃ ផ្ទះលេខ ៨ពែៀ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យ ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ (បន្ទប់ “ធ” ជាន់ទី៤) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៤ៈ៣០នាទី ដើម្បីមកចូលរួម សាកសួរពីដំណើររឿង “ឃាតកម្មគិតទុកជាមុន  និងកាន់កាប់អាវុធខុសច្បាប់ដោយគ្មានការអនុញ្ញាត” ប្រព្រឹត្តនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះឱ្យបាន ទាន់ពេលវេលា និងយកលិខិតផ្សេងៗទាក់ទង នឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន”។

ពាក់ព័ន្ធទៅនឹងដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ក្រុមគ្រួសារអ្នកស្រី  ប៊ូ រចនា បានសម្តែងនូវការភ្ញាក់ផ្អើលនិងបញ្ជាក់ ថា គ្រួសារគាត់នៅមិនទាន់បានដាក់ពាក្យបណ្តឹង អ្វីនៅឡើយ ចំណែកដីកាកោះលើកទី១ ក៏មិន ទាន់បានទទួលដែរ ស្រាប់តែតុលាការចេញដីកា កោះលើកទី២។ យ៉ាងណា ក្រុមគ្រួសារអ្នកស្រី ប៊ូ រចនា បានបញ្ជាក់ថា ការកោះឱ្យចូលទៅ តុលាការ នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ អ្នកស្រីប៊ូ រចនា ទំនងជាមិនអាចចូលបានទេ ព្រោះទើបនឹងសម្រាលកូននៅក្រៅប្រទេស។

ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកសេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអ្នកស្រីប៊ូ រចនា ឱ្យចូល មកបំភ្លឺម្តងរួចមកហើយ កាលពីថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦ តែអ្នកស្រីប៊ូ រចនា មិនបាន ចូលតាមដីកាកោះនោះទេ ទើបចៅក្រមចេញ ដីកាកោះលើកទី២

RELATED ARTICLES