Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា មានសន្និធិបំណុលជិត៧,៦ប៊ីលានដុល្លារអាមេរិក

ប្រទេសកម្ពុជា មានសន្និធិបំណុលជិត៧,៦ប៊ីលានដុល្លារអាមេរិក

ប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅលើដំណើរផ្លូវនៃការអភិវឌ្ឍន៍ប្រទេស បានបន្តកើនឡើងនូវសន្និធិ បំណុលសរុបរហូតដល់ទៅចំនួនប្រមាណជិត៧,៦ប៊ីលានដុល្លារអាមេរិក គិតនៅត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ បើទោះបីមានការប្រកាសនៅក្នុងការបង្វែរការទូទាត់សងខ្លះៗជាបន្តបន្ទាប់នូវបំណុលនេះ រៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ…។

លយោងតាមព្រឹត្តិបត្រស្តីពី  “ស្ថិតិបំណុលសាធារណៈកម្ពុជា” ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា មានសន្និធិបំណុលសរុបប្រមាណជាជិត៧.៦ប៊ីលានដុល្លារអាមេរិក គិតនៅត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ បើទោះបីជារាជរដ្ឋាភិបាល បានប្រកាសពីការបង្វែរសងរំលួសនូវបំណុលខ្លះៗមួយចំនួនជាបន្តបន្ទាប់ ទៅកាន់ម្ចាស់ដើមវិញជារៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ។

ផ្អែកតាមព្រឹត្តិបត្រខាងលើនេះ គិតចាប់ពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នាំ២០១៩កន្លងទៅ កម្ពុជា មានសន្និធិបំណុលសរុបចំនួនប្រមាណជា៧៥៩៩លានដុល្លារអាមេរិក ក្នុងនោះក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ០,០៤ភាគរយ ត្រូវនឹងប្រមាណ២,៧៤លានដុល្លារ អាមេរិក និងក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ៩៩,៩៦ភាគរយ ត្រូវនឹងប្រមាណជា៧៥៩៦លានដុល្លារអាមេរិក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈដែលកម្ពុជា កំពុងតែមាននៅពេលនេះ គឺមាន “ចីរភាព” និងមាន “ហានិភ័យកម្រិតទាប” ពុំមានអ្វីគួរឱ្យព្រួយបារម្ភឡើយ ហើយថា លទ្ធផលនេះសូម្បីតែស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ តួយ៉ាងដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម ក៏មានការវាយតម្លៃនិងទទួលស្គាល់ដូចគ្នានេះដែរ។

គួររំលឹកថា  គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងការខ្ចីឥណទានសម្បទាន ជាមួយនិងដៃគូអភិវឌ្ឍន៍នានា មានទឹកប្រាក់ សរុបចំនួនប្រមាណ១២,៦៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្តប់ប្រមាណ៨៦,៧៧ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងៗទៀត មានចំនួនប្រមាណ១៣,២៣ភាគរយ ប៉ុន្តែរហូតមកដល់ដំណាច់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ ជាក់ស្តែងសរុបបានតែចំនួនប្រមាណ៨,០៨ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ៦៣,៩៤ភាគរយ នៃទំហំឥណទានសរុបដែលបានចុះកិច្ចព្រមព្រៀងខ្ចីតែប៉ុណ្ណោះ ក្នុងនោះ ៨៥,៩០ភាគរយ ត្រូវបានប្រើប្រាស់ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង១៤,១០ ភាគរយទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងៗ។

ទន្ទឹមជាមួយនឹងការដកសាច់ប្រាក់យកមក​ប្រើប្រាស់នៅក្នុងរយៈពេលដូចគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានធ្វើការទូទាត់នូវសេវាបំណុលជូនដល់ដៃគូអភិវឌ្ឍន៍របស់ខ្លួន នូវទឹកប្រាក់ចំនួនប្រមាណ១,៦៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ១,២ ភាគរយ ត្រូវនឹងប្រមាណ២០,២៩លានដុល្លារអាមេរិក (ប្រាក់ដើម១៧,២១លានដុល្លារ ការប្រាក់៣,០៨លានដុល្លារ) និងក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ៩៨,៨ភាគរយ ត្រូវនឹងប្រមាណ ១,៦៧ប៊ីលានដុល្លារអាមេរិក (ប្រាក់ដើម១,០៣ប៊ីលានដុល្លារ ការប្រាក់និងកម្រៃផ្សេងៗចំនួន៦៣៦,៤៨លានដុល្លារអាមេរិក)។

ថ្វីបើការដកសាច់ប្រាក់កម្ចីយកមកប្រើប្រាស់ជាក់ស្តែង នៅមានចំនួនតិចជាងកញ្ចប់ទឹកប្រាក់ដែល បានចុះហត្ថលេខាខ្ចី ហើយការសងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ ក៏ មតិសាធារណៈមួយចំនួន រួមទាំងសង្គមស៊ីវិលផង បានសម្តែងការព្រួយបារម្ភថា កម្ពុជា អាចនឹងជំពាក់​គេវណ្ឌកនៅក្រោមបំណុលនេះ ខណៈដែលមានការសង្ស័យថា មានការប្រើប្រាស់ទឹកប្រាក់កម្ចីខុសគោលដៅ និងពុករលួយ ជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ដែលកំពុងបោះជំហានឈានឡើងពីការមានប្រាក់ចំណូលទាប ឆ្ពោះទៅរកការមានប្រាក់ចំណូលធម្យមកម្រិតទាប បាននិងកំពុងប្រឈមទៅនឹងការកើនឡើងនូវប្រាក់បំណុលជាមួយបរទេស កាន់តែមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស គឺនៅក្នុងឆ្នាំដែលសកលលោកកំពុងមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមការព្យាករស្តីពីសន្និធិបំណុល ដែលបង្ហាញដោយព្រឹត្តិបត្រខាងលើ បានឱ្យដឹងថា នៅក្នុង ឆ្នាំ២០២០នេះ កម្ពុជា នឹងមានសន្និធិបំណុលសរុបចំនួន៨,៤២ប៊ីលានដុល្លារអាមេរិក  ឆ្នាំ២០២១, ចំនួន៩,៣០ប៊ីលានដុល្លារ ឆ្នាំ២០២២, ចំនួន១០,៣០ប៊ីលានដុល្លារ ឆ្នាំ២០២៣, ចំនួន១១,៥០ប៊ីលានដុល្លារ និងឆ្នាំ២០២៤ មានចំនួនប្រមាណ១២,៩០ប៊ីលានដុល្លារអាមេរិក។

កាលពីពេលកន្លងទៅ  លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ធ្លាប់បាន មានប្រសាសន៍ឱ្យដឹងជារឿយៗថា “រាជរដ្ឋាភិបាលកម្ពុជា នៅតែមានលទ្ធភាពក្នុងការខ្ចីប្រាក់ថ្មីៗបន្ថែមទៀតនៅក្នុងពេលខាងមុខ ពីព្រោះថា ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅមាន“ ចីរភាព និងហានិភ័យកម្រិតទាប ” នៅឡើយ។

នៅក្នុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងការខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ១២៨៨,២៧លានដុល្លារអាមេរិក ប្ញប្រមាណជា៩២៧,០១លានអេសដេអ៊ែរ ស្មើនឹង៦៦,២២ភាគរយ នៃពិតានដែលច្បាប់បានអនុញ្ញាត ១៤០០លានអេសដេអ៊ែរ ក្នុងនោះ ក្របខណ្ឌទ្វេភាគី រួមមានដូចជា ប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង ឥណ្ឌា ថៃ និងម៉ាឡេស៊ី ជាដើម មានចំនួន៤៨,៥៥ភាគរយ ត្រូវនឹងប្រមាណ៦២៥,៤៨លានដុល្លារអាមេរិក និងក្របខណ្ឌពហុភាគី រួមមានដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម មូលនិធិអភិវឌ្ឍន៍ន័រឌីក និងមូលនិធិអូប៉ិច សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ជាដើម មានចំនួនប្រមាណ៥១,៤៥ភាគរយ ត្រូវនឹងប្រមាណ ៦៦២,៧៩លានដុល្លារអាមេរិក។

យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ បានប្រកាន់ភ្ជាប់នូវគោលការណ៍ គន្លឹះទាំង៥ ក្នុងនោះរួមមាន ១-ខ្ចីឥណទានក្នុងទំហំ សមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាច ទ្រាំទ្របាន ២-ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ប្ញលក្ខខណ្ឌអនុគ្រោះខ្ពស់ ៣-ខ្ចីសម្រាប់តែវិស័យ អាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ប្ញផលិតភាព ផលិតកម្ម ៤-ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ បំផុត និងទី៥-ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារនិងគុណភាពខ្ពស់ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី  ពិសេសធានាបាននូវចីរភាព សេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះ៕   ជុន សុផល

RELATED ARTICLES